អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំរំ​ជនអន្តោប្រវេសន៍​កាឡេ គាស់​ហើយ​ នឹង​កើត​វិញ​ មែនឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​ជម្លៀស​អន្តោប្រវេសន៍ នៅ​តំបន់​កាឡេ ភាគ​ខាង​ជើង​ប្រទេស​បារាំង​ដើម្បី​​រង់​ចាំ​លួច​ឆ្លង​ព្រំដែន​ទៅ​អង់គ្លេស បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ចន្ទ​ទី ២៤ តុលា និង​គាស់​រំលើង​ជំរំ​អនាធិបតេយ្យ​មួយ​ឱ្យ​អស់​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។ ជា​ទូទៅ ការ​ដឹក​ជម្លៀស​ជន​អន្តោប្រវេសន៍​ចេញ ​បាន​ប្រព្រឹត្ត​ទៅ ដូច​ការ​គ្រោង​ទុក ប៉ុន្តែ​សម្រែក​រិះគន់​មាន​មក​ពី​គ្រប់​ទិសទី ជាពិសេស​មក​ពី​ប្រទេស​ជិត​ខាង​ក្នុង​អឺរ៉ុប​ដូចគ្នា។ ការ​បោស​សំអាត​មិន​ទាន់​បាន​ពាក់​កណ្តាល​​ផង គំនិត​សង្ស័យ​បាន​ផុស​ឡើង​រួច​ជា​ស្រេច ថា​ជំរំ​បែប​នេះ​នឹង​អាច​កើត​ឡើងជា​ថ្មី។

ជន​អន្តោប្រវេសន៍​ត្រៀម​ឡើង​ឡាន​ក្រុង​ចេញ​ពី​ជំរំកាឡេ​ទៅ​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន​ នៅ​តំបន់​ផ្សេងនៃ​ប្រទេស​បារាំង
ជន​អន្តោប្រវេសន៍​ត្រៀម​ឡើង​ឡាន​ក្រុង​ចេញ​ពី​ជំរំកាឡេ​ទៅ​មជ្ឈមណ្ឌល​ទទួល​ជនភៀស​ខ្លួន​ នៅ​តំបន់​ផ្សេងនៃ​ប្រទេស​បារាំង REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​កកើត​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​ចិត្ត​គាស់​រំលើង​ជំរំ​អន្តោប្រវេសន៍​ខុស​ច្បាប់​កាឡេ  ដែល​ស្ទើរ​ក្លាយ​ជា​ភូមិ​ដ៏ធំ​និង​​រខេករខាក​បំផុត​​មួយរបស់​បារាំងទៅ​ហើយ​។

ជា​សរុប​អន្តោប្រវេសន៍​ប្រមាណ​ជាង ៦៥០០​នាក់ (ដែល​ភាគ​ច្រើន​ជា​អាហ្វហ្កានីស្ថាន សូម៉ាលី អេរីត្រេ ស៊ូដង់ ស៊ីរី ឬ​អ៊ីរ៉ាក់) នឹង​ត្រូវ​បំបែក​ទៅ​កាន់​មជ្ឈមណ្ឌល​ទទួល​​និង​តម្រង់​ទិស​ជន​ភៀស​ខ្លួន នៅ​តាម​ខេត្ត​ក្រុង​ផ្សេងៗ​ពេញ​ផ្ទៃ​ប្រទេស​បារាំង ទៅ​តាម​អាយុ និង​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ជន​អន្តោប្រវេសន៍​ម្នាក់ៗ។ ចំពោះ​ក្មេង​មិន​ទាន់​ពេញ​វ័យ ប៉ារីស​បាន​ស្នើ​ក្រុង​ឡុងដ៍​ឱ្យ​ទទួល​​ពួក​គេ​យក​ទៅ​រស់​ជុំ​ជាមួយ​គ្រួសារ។ ឯ​មនុស្ស​ធំ ត្រូវ​រិះរក​មធ្យោបាយ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ ឬ​សេដ្ឋកិច្ច​ ... ពី​កន្លែង​ស្នាក់​នៅថ្មី !

 
ប្រជាជនម្ចាស់​ស្រុក បានស្គាល់​​ភាព​ធូរ​ស្បើយ​​ក្នុង​ចិត្ត​ នឹង​ការ​គាស់​រំលើង​ជំរំ​នេះ ប៉ុន្តែ​​​សម្រាប់​ ​អង្គការ​មនុស្ស​ធម៌ផ្សេងៗ និង​​អ្នក​វិភាគបរទេស​វិញ យល់​ខុសៗ​គ្នា។ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង គេ​រាប់​ឃើញមាន​ការ​បញ្ជូនជន​អន្តោប្រវេសន៍​ ២ពាន់​៨​នាក់ ​ទៅ​កាន់​មជ្ឈមណ្ឌល​ផ្សេង។

ទន្ទឹម​នឹង​ពេល​​ដែល​​អាជ្ញាធរ​បារាំង​បាន​សម្តែង​សេចក្តី​ក្លាហាន បញ្ចេញ​សកម្មភាព​ជាក់ស្តែង​គាស់រំលើង​ជំរំ​កាឡេ​ ​ការ​ព្រួ​យ​បារម្ភ​អំពី​ផល​វិបាក​នៅ​ថ្ងៃ​ក្រោយក៏​បាន​ដុះ​ដាល​ឡើង​ស្ទើរ​ពី​គ្រប់​មជ្ឈដ្ឋាន ចោទ​សួរ​ថា​តើ​ជំរំ​អន្តោប្រវេសន៍​ពិត​ជា​ត្រូវ​រលាយ​បាត់​រូប​រហូត​មែន​ឬ ? គ្មាន​នរណា​ហ៊ាន​ឆ្លើយ​ថា​ ប្រាកដ​ទេ ! ព្រោះ​សូម្បី​តែ​ជន​អន្តោប្រវេសន៍​កាឡេ​ផ្ទាល់ ដែល​បើ​ទោះ​បី​ជា​សុខ​ចិត្ត​ជម្លៀស​ខ្លួន​តាម​បញ្ជា​របស់​អាជ្ញាធរ​មែន តែ​ត្រៀម​ខ្លួន​នឹង​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ចាំ​រត់​ឆ្លង​ទៅ​អង់គ្លេស​ឱ្យ​ទាល់​តែ​បាន។

ប្រតិបត្តិការ​ជម្លៀសនេះ ត្រូវ​មាន​​រយៈ​ពេល​មួយ​សប្តាហ៍ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ក្រោម​ការ​ត្រួត​ពិនិត្យ​ការពារ​សំណាក់​កង​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់ និងបាន​ទទួល​ចំណាប់​អារម្មណ៍​ថ្នាក់​អន្តរជាតិ​តែ​ម្តង ជាមួយ​នឹង​​វត្តមាន​អ្នកកាសែត ជិត​៧០០​នាក់ មក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក។ ព្រោះ​ថា​វិបត្តិ​អន្តោប្រវេសន៍​នៅកាឡេ នេះ​មិន​មែន​ជា​វិបត្តិ​របស់​បារាំង​ម្នាក់​ឯង​ឡើយ។ ប្រវត្តិ​មាន​វែង​ឆ្ងាយ​អាច​សរសេរ​ជា​ប្រលោម​លោក​បាន និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​នយោបាយ​អន្តោប្រវេសន៍​របស់​អឺរ៉ុប​ទាំង​មូល។
 

ជនអន្តោប្រវេសន៍​មួយ​ចំនួន​ត្រៀម​ខ្លួន​រស់​តាម​ចិញ្ចើម​ថ្នល់ បើ​ជំរំ​ត្រូវ​បំបែក
ជនអន្តោប្រវេសន៍​មួយ​ចំនួន​ត្រៀម​ខ្លួន​រស់​តាម​ចិញ្ចើម​ថ្នល់ បើ​ជំរំ​ត្រូវ​បំបែក REUTERS/Pascal Rossignol

សម្រាប់​អង់គ្លេស ប្រទេស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​អន្តោប្រវេសន៍​កាឡេ​នេះ ព្រឹត្តិការណ៍​ជម្លៀស​អន្តោប្រវេសន៍​បាន​ក្លាយ​ជា​ប្រធានបទសំខាន់ ឡើង​​​ទំព័រ​មុខ​ស្ទើរ​លើ​គ្រប់​កាសែត សម្តែង​ការ​ព្រួយ​បារម្ភចំពោះ​ផលវិបាក​នៃ​ការ​បំបែក​ជំរំ។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ទេ នឹង​មាន​ជំរំ​អន្តោប្រវេសន៍​ថ្មី​កើត​ឡើង​ទៀត ព្រោះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស ជន​អន្តោប្រវេសន៍​នៅ​កាឡេ​ទាំង​អស់ មាន​កម្មវត្ថុ​តែ​មួយ​គឺ​ចង់​ទៅ​ជ្រក​កោន​នៅ​អង់គ្លេស។ ថ្វី​បើ​ពេល​នេះ​ពួក​គេ​ព្រម​ចាក​ចេញ​ដោយ​ស្រួល​តាម​សំណើ​ប៉ូលិស​បារាំង ប៉ុន្តែ​មិនយូរ​មិន​ឆាប់ទេ​ ​ពួក​គេ​នឹង​វិល​ត្រលប់​មក​កាឡេ​ដើម្បី​លួច​​រត់​ទៅ​អង់គ្លេស​នៅ​ថ្ងៃ​ក្រោយនោះ ជាក់​ជា​មិន​ខាន។ ​សារព័ត៌មាន​អង់គ្លេស​ខ្លះ​ទៀត​បាន​បង្ហាញ​ភាព​អៀន​ខ្មាស​ចំពោះ​ទង្វើ​របស់​អង់គ្លេស ក្នុង​ការ​ប្រើ​លុយ​សម្រាប់​ទិញ​ប្រតិបត្តិការ​ជម្លៀស​អន្តោប្រវេសន៍​ឱ្យឆ្ងាយ​​ពី​ដៃ​ជើង ពី​ភ្នែក។ កាឡេ ជា​ភាព​ខ្មាស​អៀន​របស់​មនុស្សជាតិ !

អាល្លឺម៉ង់​ដែល​កំពុង​រង​វិបត្តិ​អន្តោប្រវេសន៍​ដែរ ខ្លះ​ធ្វើ​ការ​រិះគន់​ខ្លាំង​ៗ​ប្រតិបត្តិការ​គាស់​រំលើង​ជំរំ​អន្តោប្រវេសន៍​នេះ ដោយ​បន្ទោស​នយោបាយ​ខ្ជិល​ច្រអូស​របស់​បារាំង​ថា បាន​ធ្មេញ​ភ្នែក ធ្វើ​មិន​ដឹង​មិន​ឮ មិន​រក​ដំណោះស្រាយ​ពី​ដំបូង​ភ្លាម ទុក​រហូត​ទាល់​តែ​ធំ​ ធ្ងន់ធ្ងរ​ស្ទើរ​ក្លាយ​ជា​ជំងឺ​មហារីក​ទៅ​ហើយ។ នេះ​ហើយ​ជា​លទ្ធផល​នៃ​នយោបាយ​អន្តោប្រវេសន៍​របស់​អឺរ៉ុប។ ខ្លះ​ទៀត គ្មាន​ទំនុក​ចិត្ត​លើ​ការ​គាស់​រំលើង​ជំរំ​កាឡេ​ថា​ជា​ដំណោះស្រាយ​​ឡើយ។ ជំរំ​លួច​លាក់ និង​រស់​តាម​ផ្លូវ​អាច​នឹង​កកើតឡើង​ ​យ៉ាង​អនាធិបតេយ្យ​ នៅ​​កាឡេ តាម​ក្រោយ។ តែ​ទោះ​ជា​បាន​រិះគន់ក្តី​ ក៏​អាល្លឺម៉ង់​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ទទួល​យក​ជន​អន្តោប្រវេសន៍​​កាឡេ​ខ្លះ ប្រសិន​បើ​អាជ្ញាធរ​បារាំង​ធ្វើ​ការ​ស្នើ​សុំ និង​ត្រៀម​ខ្លួន​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ជន​អន្តោប្រវេសន៍កាឡេ​ទាំង​នោះទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ