អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អារ៉ាប៊ីសាអូឌីតចង់​ក្លាយ​ជា​សមាជិក​ក្រុមប្រទេស​និយាយភាសាបារាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​​ក្រុមប្រទេស​និយាយ​ភាសា​បារាំង La Francophonie លើកទី​១៧ ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៧ វិច្ឆិកា ដោយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ ជាពិសេស​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ព្រមទាំង​បាន​ព្រមព្រៀង​គ្នា​លើក​បេក្ខភាព​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ទៅ​ពិភាក្សា​នៅ​ក្នុង​ជំនួប​លើក​ក្រោយ​ នៅ​រវាង​ពីរ​ឆ្នាំទៀត។ ហេតុអ្វី​ប្រទេស​អារ៉ាប​ដូចយ៉ាង​អារ៉ាប៊ីសាអូឌីត ចង់​ចូល​ក្នុង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ? ហេតុអ្វី​បេក្ខ​ភាព​នេះ ត្រូវ​ពន្យារ​ពេល​ពិចារណា ?

រូប​ថត​ជួបជុំ​សមាជិក​អង្កការ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ក្នុង​ជំនួប​លើក​ទី​១៦​នៅប្រទេស​ម៉ាដាហ្កាស្កា
រូប​ថត​ជួបជុំ​សមាជិក​អង្កការ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ក្នុង​ជំនួប​លើក​ទី​១៦​នៅប្រទេស​ម៉ាដាហ្កាស្កា STEPHANE DE SAKUTIN / AFP
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ ​ប្រទេសជា​សមាជិកអង្គការ​​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ឬ​ហៅ​ដោយ​ខ្លី​ថា ហ្វ្រង់កូហ្វូនី​ តែង​ជួបប្រជុំ​គ្នាជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង។ ជំនួប​កំពូល​បែប​ពហុភាគី ​​​ដល់​ទៅ​ជាង​៨០​ប្រទេស​យ៉ាង​នេះ តែងតែ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​បង្កប់​ ​ប្រយោជន៍​នយោបាយ និង​សេដ្ឋកិច្ច​ មិន​លែង​ឡើយ។ យ៉ាងណា​មិញ នៅ​ក្នុង​ជំនួប​លើក​ទី​១៦ អង្គការ​ក៏​ត្រូវ​ពិនិត្យ​ពិចារណា​លើ​បេក្ខភាព​សុំ​ចូល​ជា​សមាជិក​ថ្មី ! ​បេក្ខភាព​ថ្មី​ដែល​ខ្លះ​សុំ​ចូល​ជា​សមាជិក​ ខ្លះ​ត្រឹម​ប្រទេសសង្កេតការណ៍ តែប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ទទួល​ចំណាប់​អារម្មណ៍​ប្លែក​ពី​គេ។

អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​ជា​ស្ថាប័ន​ដែល​ប្រមូល​ផ្តុំប្រទេស​​មានប្រវត្តិ​​ -មានប្រើភាសា​បារាំង និងចេះ​​គោរព​តម្លៃ​វប្បធម៌​ សន្តិភាព  ប្រជាធិបតេយ្យ ... បើ​ស្តាប់​ទៅ​លើ​និយម​ន័យ​ដើម អារ៉ាប៊ីសាអូឌីត គ្មាន​ចំណង​វប្បធម៌​ ប្រវត្តិ​សាស្ត្រ​អ្វី​ទាក់​ទង​នឹង​អង្គការ​​និយាយ​ភាសា​បារាំង​សោះ ប៉ុន្តែ​ការ​ដាក់​បេក្ខភាព​សុំ​ចូល​ជា​សមាជិក​​អង្គការ មិនមែន​ជា​ភ្ញាក់​ផ្អើល​ ចម្លែក​ខ្លាំង​ឡើយ​នៅ​ពេល​នេះ។

អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំៗ​ឡើង​។ នៅ​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ អង្គការ​បាន​ពង្រីក​ខ្លួន និង​បញ្ចូល​សមាជិកថ្មីៗ​ជា​ច្រើន ក្នុង​ថានៈ​ជា​សមាជិក​រង ឬ​ជា​សមាជិក​សង្កេតការណ៍។ ជា​ឧទាហរណ៍​ជាក់ស្តែង សូម្បី​តែ​ប្រទេស​ដែល​មាន​ប្រើ/និយាយ​ភាសា​បារាំងយ៉ាង​តិច​តួច​បំផុត ដូច​ជា​ម៉ិចស៊ិក ហ្កាណា អេស្តូនី ឬ​ថៃ ក៏​បាន​ក្លាយ​ជា​សមាជិក​រង​របស់​អង្គការ​រួច​ទៅ​ហើយ។ នៅ​ឆ្នាំ​នេះ អង្គការ​បាន​ត្រៀម​ទទួល​សមាជិក​ថ្មី​ពីរ​ទៀត ក្នុង​ថានៈ​ជា​សមាជិក​សង្កេត​ការណ៍ គឺ អាហ្សង់ទីន និង​កូរ៉េខាង​ត្បូង។

តាំងពី​ឆ្នាំ​១៩៩០​មក​ ពោល​គឺ​ក្រោយ​ការ​ដួល​រំលំ​ជញ្ជាំង​ប៊ែរឡាំង អង្គការ​ហ្វ្រង់កូហ្វូនី បាន​ស្គាល់​ការ​រីក​លូត​លាស់ខ្លាំង ព្រោះ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត អឺរ៉ុប​កណ្តាល និង​តំបន់​បាល់កង់ ត្រូវការ​បង្ហាញ​ឯករាជភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ បានមក​សុំមួយ​ម្តងៗ​ បន្តបន្ទាប់​គ្នា​​​ ដើម្បី​បាន​ក្លាយ​ជា​​​សមាជិក​អង្គការ​ហ្វង់កូហ្វូនី​ ដ៏​មាន​ឥទ្ធិពល​ សម្រាប់​បង្ខិត​ខ្លួន​ឱ្យ​បាន​ចូល​កៀក​ប្រទេស​បារាំង និង​សហភាព​អឺរ៉ុប។ ប្រទេស​អេមៀរ៉ាអារ៉ាប់​រួម ក៏​បាន​ក្លាយ​ជា​សមាជិក​សង្កេតការណ៍ អង្គការ​រួច​ទៅ​ហើយ​ដែរ នៅ​ឆ្នាំ​២០១០ និង​នៅ​ឆ្នាំ​២០១២ សម្រាប់​កាតា ក្នុង​​នាម​សមាជិក​រង។ បើ​​​ដូច្នេះ​  រឿងអ្វី​អារ៉ាប៊ីសាអូឌីត ត្រូវ​នៅ​ក្រៅ​សង្វៀង​ម្នាក់ឯង ?​​

អារ៉ាប៊ីសាអូឌីត បាន​ដាក់​ពាក្យ​ដាក់​បេក្ខភាព​ចូល​ជា​សមាជិក​អង្គការ​ បាន​យ៉ាង​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ហើយ​។ អារ៉ាប៊ីសាអូឌីត បាន​ថែម​ទាំង​អួតអាង​អំពី​ឆន្ទៈ​ អនុគ្រោះ​ដល់​ការ​អភិវឌ្ឍន៍​បម្រើបម្រាស់​ភាសា​បារាំង។​ កំរិត​និ​ងបរិមាណ​នៃ​ការ​ប្រើប្រាស់​ភាសា​បារាំង មិន​សំខាន់​ទេ នៅ​ពេល​ចុះ​ឈ្មោះ​ដាក់​បេក្ខភាព តែ​សំខាន់​ត្រូវ​បង្ហាញ​អំពី​​ការ​គោរព​ផលប្រយោជន៍​ និង​តម្លៃ​ពិត​របស់​អង្គការ។ ត្រង់​​ចំណុច​នេះ ​អារ៉ាប៊ីសាអូឌីត​បាន​លម្អិត​ ដោយ​មាន​ផ្តល់​តួលេខ​យ៉ាង​ច្បាស់​លាស់អំពី​ចំនួន​សាលា​រៀន មហាវិទ្យាល័យ និង​ចំនួន​សិស្ស​រៀន​ភាសា​បារាំង​នៅ​ក្នុង​រាជាណាចក្រ​ទៀត។

ប៉ុន្តែ​ការ​និយាយ​និង​ប្រើ​ភាសា​បារាំង​មួយ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ! ថ្វី​បើ​លក្ខខណ្ឌ​របស់​អង្គការ​​ក្នុង​ការ​គោរព​តម្លៃ​មនុស្ស​មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង- សមាជិក​ខ្លះ​ប្រកាន់​របប​ផ្តាច់ការ​មែន តែ​អង្គការ​ប្រឹង​ធ្វើ​​សកម្មភាពគ្រប់យ៉ាង​ដើម្បី​ "​​​សមភាព” ​រវាង​ស្ត្រី​និង​បុរស។ ស​​មភាព​បុរស​និង​ស្ត្រី ដែល​ជា​រនាំង​មួយ​ខ្ទាស់​អារ៉ាប៊ីសាអូឌីត មិន​ឆ្លង​ចូល​ក្នុង​រង្វង់អង្គការ​បាន​ឡើយ។

នៅ​អារ៉ាប៊ីសាអូឌីត ស្ត្រី​គ្មាន​សិទ្ធិ ជា​មនុស្ស​ពេញ​វ័យ​ម្នាក់​ឡើយ ! ស្ត្រី​ត្រូវ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​បុរស​ មិន​ថា​ប្រុស​នេះ ជា​ស្វាមី ជា​បង​ឬ​ប្អូន ឬ​ជា​កូន​ឡើយ។ នៅ​ក្នុង​សំណុំ​បែបបទ​​ចុះ​ឈ្មោះ អារ៉ាប៊ីសាអូឌីត បាន​ត្រឹម​សរសេរ​ពីរ​បី​ឃ្លា​ថា “នឹង​ប្រុង​ប្រយ័ត្ន​ចំពោះ​លក្ខខណ្ឌ​ជីវិត​របស់​ស្ត្រី” ! តែ​​ពាក្យ​នេះ​ពិត​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​គណៈកម្មការ​ទទួល​យក​សមាជិកភាព​អារ៉ាប៊ីសាអូឌីត​​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត អគ្គលេខា​អង្គការ​ហ្វ្រង់កូហ្វីនី គឺ​ជា​ស្ត្រី​ភេទ និង​ជា​អ្នកការពារ​​ស្ត្រី​ផង គាត់​ពិត​ជា​ពិបាក​ទទួល​ស្វាគមន៍​អារ៉ាប៊ីសាអូឌីត ខ្លាំងណាស់ ក្នុង​កាលៈទេសៈ​បែប​នេះ។ សម្រេចសម្រួច អង្គការ​បាន​រក​ឃើញ​ច្រក​ចេញ​មួយ ដែ​លព្រមព្រៀង​រួម​គ្នា គឺ​លើក​សេចក្តី​សម្រេច​ចិត្ត​អំពី​បេក្ខភាព​អារ៉ាប៊ីសាអូឌីតទៅ​ពេល​ក្រោយ​ ដោយ​មូលហេតុ​សំណុំ​បែបបទ។​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ