អានតួអត្ថបទ
RSF-បារាំង

RSF៖​ចំនួន​អ្នកកាសែត​ស្លាប់​ក្នុង​លោក​មាន​ចំនួន ៥៧នាក់​ក្នុង​ឆ្នាំ ២០១៦

នៅ​ថ្ងៃ​ចន្ទ ទី១៩ ធ្នូ​នេះ អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន (Reporters sans frontières) ហៅ​កាត់ RSF បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ ស្តីពី​ចំនួន​អ្នកកាសែត​ស្លាប់​ក្នុង​លោក។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នកកាសែត​ស្លាប់​ក្នុង​ឆ្នាំ ២០១៦ មាន​ចំនួន ៥៧នាក់ ក្នុង​នោះ​មាន​ស្រ្តី៥នាក់ ពោល​តិច​ជាង​ឆ្នាំ ២០១៥ ដែល​មាន​ស្លាប់ ៦៧នាក់។ តាម RSF ដដែល ស៊ីរី​ជា​ប្រទេស​ដែល​មាន​អ្នកកាសែត​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៦។

លោក Christophe Deloire នាយក​អង្គការ​ Reporters Sans Frontières (RSF)
លោក Christophe Deloire នាយក​អង្គការ​ Reporters Sans Frontières (RSF) RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​អ្នកកាសែត​ស្លាប់​ចំនួន ១៩នាក់​ក្នុង​ឆ្នាំ ២០១៦ ស៊ីរី​ត្រូវ​បាន​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​ចាត់​ទុក​ជា​ប្រទេស​ឋាននរក​សម្រាប់​អ្នក​កាសែត។ បន្ទាប់​មក មាន​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​មាន​អ្នកកាសែត​ស្លាប់​ចំនួន ១០នាក់ ម៉ិកស៊ិក​ស្លាប់​ចំនួន ៩នាក់ អ៊ីរ៉ាក់​ចំនួន ៧នាក់ និង​ប្រទេស​យេម៉ែន​ស្លាប់​ចំនួន ៥នាក់។ តាម​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន ចំនួន​អ្នកកាសែត​ស្លាប់​តិច​ក្នុង​ឆ្នាំ ២០១៦ ក៏​ដោយសារ​ថា មាន​អ្នកកាសែត​កាន់​តែ​ច្រើន​ឡើងៗ​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដែល​​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អ្នកកាសែត ដូច​ជា​ស៊ីរី អ៊ីរ៉ាក់ ឬ​មួយ​លីប៊ី​ជា​ដើម។

អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​អ្នកកាសែត​ស្លាប់​ទាំង ៥៧នាក់​ក្នុង​ឆ្នាំ ២០១៦ មាន​៣ភាគ៤ ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ក្នុង​នាម​ជា​អ្នកកាសែត ហើយ​មាន​២ភាគ៣​ត្រូវ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​តំបន់​ជម្លោះ។ តួលេខ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​អំពើហិង្សា​ប្រឆាំង​អ្នកកាសែត​ដោយ​ចេតនា និង​បរាជ័យ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ស្ថានប័ន​អន្តរជាតិ​មួយ​ដើម្បី​គាំពារ​អ្នកកាសែត។ បើ​គិត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នកកាសែត​ស្លាប់​យ៉ាង​តិច ៧៥០នាក់។

ចំនួន​អ្នកកាសែត​ស្លាប់​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៥ តែ​ចំនួន​អ្នកកាសែត​ជាប់​ឃុំឃាំង​ក្នុង​ឆ្នាំ ២០១៦ បាន​កើន ២២% បើ​ធៀប​នឹង​ឆ្នាំ ២០១៥។ ក្រៅ​ពី​ចំនួន​អ្នកកាសែត​ស្លាប់ និង​ជាប់​ឃុំឃាំង អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នកកាសែត​ជាប់​ជា​ចំណាប់ខ្មាំង​ក្នុង​ឆ្នាំ ២០១៦ ធៀប​នឹង​ឆ្នាំ ២០១៥ ពោល​ធ្លាក់​ពី ៦១នាក់​មក​នៅ​ត្រឹម ៥២នាក់។ ម្យ៉ាង​ទៀត ចំនួន​អ្នកកាសែត​ជាប់​ជា​ចំណាប់ខ្មាំង​ក្នុង​ឆ្នាំ ២០១៦ មាន​ច្រើន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ពិសេស​នៅ​ស៊ីរី យេម៉ែន និង​នៅ​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ