អានតួអត្ថបទ
អង់គ្លេស-អន្តោប្រវេសន៍

អង់គ្លេស៖ ចៅហ្វាយក្រុង​ឡុងដ្រ៍ ​កាន់​សាសនាអ៊ីស្លាម ជាប់ឆ្នោត​ជាថ្មី អាណត្តិទី៣

​នៅប្រទេស​អង់គ្លេស ចៅហ្វាយក្រុង​ឡុងដ្រ៍ លោក សាឌិក ខាន់​​ ​​មកពី​គណបក្ស​ពលករ បានជាប់ឆ្នោត​ជាថ្មី សម្រាប់​អាណត្តិទី៣។ លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​និងក្រុង​ នៅចុងសប្តាហ៍​នេះ ​​បង្ហាញ​ឲ្យឃើញថា ​​គណបក្សពលករ បាន​យកឈ្នះគណ​​បក្សអភិរក្សនិយម​ ជាបក្ស​កាន់អំណាច នៅបណ្តា​ទី​ក្រុង​សំខាន់​ៗចំនួន​ជាង​១០ និង​បាន​ទទួល​អាសនៈក្រុមប្រឹក្សា ជាង​ ១៨០​ បន្ថែម។ សូម្បីតែមណ្ឌល​បោះឆ្នោត​របស់នាយករដ្ឋមន្ត្រី​អភិរក្សនិយម លោក រីស៊ី ស៊ូណាក់ ក៏ធ្លាក់​ក្នុង​ដៃបក្សពលករ ដែរ។​​​​ ជ័យជម្នះក្នុងការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នេះ ក៏​បាន​ធ្វើឲ្យ​គណបក្ស​ពលករ​កាន់តែ​រីកមុខ​រីកមាត់ ​ហើយ​និង​សង្ឃឹម​ឈានទៅរក​ការ​ឈ្នះឆ្នោត​ថ្នាក់ជាតិ ដែល​​នឹង​ខិត​ចូល​មកដល់​​។​ 

ចៅហ្វាយក្រុងឡុងដ្រ៍ កាន់សាសនាអ៊ីស្លាម ជាប់ឆ្នោតជាថ្មី អាណត្តិទី៣
ចៅហ្វាយក្រុងឡុងដ្រ៍ កាន់សាសនាអ៊ីស្លាម ជាប់ឆ្នោតជាថ្មី អាណត្តិទី៣ REUTERS - Chris J Ratcliffe
ផ្សាយពាណិជ្ជកម្ម

​ចូល​កាន់តំណែង​ចៅហ្វាយក្រុង​ឡុងដ្រ៍ តាំងតែពីឆ្នាំ២០១៦ លោក សាឌិក ខាន់ ជាអ្នក​កាន់សាសនា​អ៊ីស្លាម​ដំបូង​គេ​ ដែល​​ជាប់ឆ្នោត​​ជា​អភិបាល​ក្រុង​​ឡុងដ្រ៍​ ហើយជា​ចៅហ្វាយក្រុងទី១ ដែល​អាច​ជាប់ឆ្នោត​ផ្ទួនៗ៣អាណត្តិ។ ​ក្នុង​វ័យ​៥៣ឆ្នាំ លោក សាឌិក ខាន់ សម្តែង​មោទនភាព​ ថា​ជ័យ​ជម្នះការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ គ្រា​នេះ​​បង្ហាញ​ឲ្យថា គណ​បក្ស​​ពលករ​ នឹង​អាច​ឈ្នះ​ឆ្នោត​​ថ្នាក់ជាតិ​ថែមទៀត ផ្តួល​បក្ស​អភិរក្សនិយម​ ដើម្បី​ឡើង​កាន់​អំណាចរដ្ឋាភិបាល​ នៅ​ប៉ុន្មាន​ខែខាងមុខ​​។​​ ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​យ៉ាង​ខ្ជាប់ខ្ជួន​ លោក សាឌិក ខាន់ បាន​សរសើរម្ចាស់សំឡេងឆ្នោត​និងអ្នករស់នៅក្រុងឡុងដ្រ៍ ដែល​មាន​ដើមកំណើត​ចម្រុះគ្នា ហើយ​មិនរើសអើងប្រកាន់ពណ៌សម្បុរ​​។ ​លោក​អភិបាល​ក្រុង​​​សង្កត់​ធ្ងន់​ថា ប្រជាជន​ក្រុង​ឡុងដ្រ៍ ​មើលចំពោះភាព​ខុសគ្នា​ចម្រុះគ្នា ពុំឃើញថាជា​ចំណុច​ខ្សោយ​ទេ តែ​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​។​

ក្នុង​អាណត្តិ​ថ្មីនេះ ចៅហ្វាយក្រុង​ បាន​សន្យាពង្រឹង​សន្តិសុខ​សុវត្ថិភាព​ដល់​ប្រជាជន​ ហើយ​និង​កែ​ច្នៃទី​​ក្រុងឡុងដ្រ៍ ​ឲ្យ​មានភាព​បៃតងស្រស់​បំព្រង។ ធ្លាប់​ជាកូនអ្នកក្រ លោកស្គាល់​ភាព​លំបាក​។​ ក្នុង​កម្មវិធីនយោបាយ​របស់​អភិ​បាល​ក្រុង គឺ​សន្យា​ផ្តល់​អាហារ​ដោយ​ឥតគិតថ្លៃ​ ដល់​កូនក្មេង​នៅតាម​សាលា​រដ្ឋ ហើយ​និង​ជំរុញ​កម្មវិធី​សាង​សង់​លំនៅ​ដ្ឋាន​ថ្មី ៤ ម៉ឺ​នកន្លែង។ លោក សាឌិក ខាន់ ​ក៏​សន្យា​ទៀត​ថា នឹង​មិន​ឲ្យ​មាន​នរណា​ម្នាក់ អត់​ផ្ទះ​សម្បែង​ស្នាក់​នៅ​ឡើយ នា​​ឆ្នាំ២០៣០​។​

តាំងពីអាយុ​១៥ឆ្នាំមកម្ល៉េះ ដែល​ ​លោក សាឌិក ខាន់ បានឈាន​ចូល​ប្រលូក​ជីវិត​នយោបាយ​។ លោកបាន​​ចុះ​ឈ្មោះ​ចូលជាសមាជិក​បក្ស​ពលករ ក្រោមការដឹកនាំរបស់​លោកស្រី​នាយករដ្ឋមន្ត្រី ម៉ាហ្គារ៉េត តាច់ឈ័រ។ ​អ្នក​នយោបាយ​រូបនេះ ​​ជា​កូន​​ប្រុស​​របស់​អ្ន​កបើកឡាន​តាក់ស៊ី ដើម​កំណើត​ជន​ជាតិ​​ប៉ាគីស្ថាន ភៀសខ្លួន​មករស់​នៅ​អង់គ្លេស​ អំពុង​ទស្សវត្សរ៍​១៩៧០។ រស់នៅធំធាត់​ក្នុង​សង្កាត់ក្រីក្រ​ជាយ​រាជធានី​ឡុងដ្រ៍​ លោក​មានបងប្អូន ប្រុសទាំងអស់ ស្រីតែម្នាក់គត់​​។ លោក​រៀនសូត្រ​នៅសាលារដ្ឋ​ ក៏​ពុំ​មែន​នៅសាលា​ល្បីធំដុំ​ដូច​កូនអភិជន​ទេ​។​

មាឌ​តូច​ កម្ពស់​ក៏ទាប ត្រឹម​១ម៉ែត្រ​៦៥ តែលោក​​មនុស្ស​មាន​ប្រជាប្រិយ សម្បូរពាក្យពេចន៍​វោហារ​សាស្ត្រ​​។ ដោយសារតែ​ជាមនុស្ស​សម្តីបាន​ដូច្នេះហើយ ទើប​កាលពីវ័យ​​ក្មេង គ្រូៗ​​ផ្តល់​យោបល់​ជំរុញលើកទឹកចិត្ត​​ឲ្យលោក​​ចាប់​យកវិជ្ជា​ច្បាប់។ នៅឆ្នាំ២០០៥ លោក សាឌិក ខាន់ ​ ​បោះបង់អាជីព​ជា​អ្ន​ក​ច្បាប់​សិទ្ធិមនុស្ស ដ្បិតបាន​ជាប់ឆ្នោត​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ ហើយ​៣ឆ្នាំក្រោយ ក្លាយ​ជារដ្ឋមន្ត្រី​ទទួល​បន្ទុក​សហគមន៍ និង​១ឆ្នាំបន្ទាប់​មកទៀត ជារដ្ឋមន្ត្រី​ដឹកជញ្ជូន។ កាលណោះ លោក​ជាសមាជិកគណៈរដ្ឋមន្ត្រីតែម្នាក់គត់ ដែល​កាន់​សាសនា​អ៊ីស្លាម។​

គ្រានេះ គណបក្សពលកររបស់លោកចៅហ្វាយក្រុង​ឡុងដ្រ៍ ​ បានឈ្នះ​អាសនៈ​​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ ​និងក្រុង ចំនួន ១៨០ បន្ថែមទៀត​​ ខណៈពេល​ដែល គណបក្សអភិរក្សនិយម​ បាត់បង់​អាសនៈ​ក្រុមប្រឹក្សា ៤៧០ អាសនៈ ព្រ​មទាំង​បាត់បង់​តំណែង​ចៅហ្វាយ​ក្រុងធំៗ ចំនួន​ជាង​ ១០។ សូម្បីតែ​មណ្ឌល​បោះឆ្នោត​របស់​នាយករដ្ឋមន្ត្រី​ ក៏​ចាញ់ក្នុង​ដៃ​បក្ស​ពលករ​ដែរ។ បរាជ័យ​របស់​បក្ស​អភិរក្ស​និយម គ្រានេះ​ កាន់តែ​ស្តែងអំពី​ការប្រឆាំងមិន​សប្បាយ​នឹង​​កម្មវិធី​នយោបាយពន្ធ​ដារ ហើយ​និង​​នយោបាយ​​ចាប់ប​ណ្តេញជនអន្តោប្រវេស៍ របស់រដ្ឋាភិបាល​អង់គ្លេស​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ