អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម តើ​​អូតង់អាច​ធ្វើ​អ្វី​បាន​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ២៥ ឧសភា​នេះ ប្រមុខ​រដ្ឋ​ រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ ទាំង​២៨ ត្រូវជួបជុំ​គ្នា​​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ ដោយ​មា​ន​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ចូល​រួម​ជា​លើក​ទី​មួយ។ ជំនួប​ប្រជុំឆ្នាំ​នេះ​​ប្រព្រឹត្ត​ទៅ​តែ​បី​ថ្ងៃ​ក្រោយ​ភេរវកម្ម​នៅ​អង់គ្លេស និង​ក្នុង​បរិបទ​នៃ​កា​រប្តូរ​ផ្លាស់​​មេ​ដឹកនាំ​ធំៗ​ជា​ច្រើន​រូប។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សំណួរ​ជា​កំពុង​ចោទ​ឡើង ថាតើ​អូតង់​អាច​ធ្វើ​ខ្លះ​ប្រឆាំង​នឹង​ភេរវកម្ម ? ប្រទេស​ជា​សមាជិក​អាច​រួបរួម​គ្នា​បាន​ប៉ុណ្ណា ?

ទង់ជាតិ​អាមេរិក​និង​អូតង់ នៅ​ព្រុចសែល ប្រទេសប៊ែលហ្សិក
ទង់ជាតិ​អាមេរិក​និង​អូតង់ នៅ​ព្រុចសែល ប្រទេសប៊ែលហ្សិក REUTERS/Yves Herman/File Photo
ផ្សាយពាណិជ្ជកម្ម

ជំនួបប្រជុំ​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន ! ព្រោះ​បរិបទ​អន្តរជាតិ​ប្តូរ​ផ្លាស់​ច្រើន​ណាស់ ! អាមេរិក​មាន​ប្រធានាធិបតីថ្មី ជា​លោក ដូណាល់ ត្រាំ អង់គ្លេស​មាននាយក​រដ្ឋមន្ត្រី​ថ្មី ជា​អ្នក​ដឹកនាំ​ប្រទេស​ដើរ​ចេញ​ពី​អឺរ៉ុប​ ​លោកស្រី តេរ៉េសហ្សា ម៉េ  ឯ​បារាំង​ក៏​មាន​ប្រធានាធិបតី​ថ្មី​វ័យ​ក្មេង ដែល​ស្រលាញ់​គាំទ្រ​បំផុត​អឺរ៉ុប ... ​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច ជាបិតា​ប្រជាធិបតេយ្យ​ធំៗ ទំនង​ជា​ត្រូវ​ការ​ពេល​បន្តិច​ ក្នុង​ការ​បង្ហាញ​មាន​​ជំហរ​របស់​ខ្លួន ប៉ុន្តែ​សំណុំ​រឿង​ខ្លះ មិន​អាច​រង់ចាំ​បាន​ទេ ឧទាហរណ៍​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។

ពីរ​ថ្ងៃ​ក្រោយ​ភេរវកម្ម​នៅ​​ Manchester ប្រទេស​អង់គ្លេស​ សំណួរ​ស្តី​អំពី​ការ​ចូល​រួម​ចំណែក​របស់​​​អូតង់​​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម បាន​ចោទ​ឡើងជាង​ពេល​ណា​ទាំង​អស់​។ អង់គ្លេស​និង​សហរដ្ឋ​អាមេរិក ចង់​ឱ្យ​អង្គការ​មួយ​នេះ​ចូល​រួម​ចំណែក​យ៉ាង​ពេញ​លេញ មាន​ចំណែក​មួយ​ភាគ​តែ​ម្តង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

ប៉ុន្តែ​តើ​អូតង់​ត្រៀម​ខ្លួន​បាន​ប៉ុណ្ណា ? ​ អូតង់ ឬ​ណាតូ សម្ព័ន្ធ​អាត្លង់ទិក​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩ ដើម្បី​​ប្រឈម​នឹង​ការ​វាត​ទីរបស់​សហភាព​សូវៀត កំពុង​តែស្វែង​រក​ការ​​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​អន្តរជាតិប្រកប​ដោយអស្ថិរភាព​​​ បង្ក​ឡើង​ដោយ​​ជម្លោះ​ថ្មីៗ។ អូតង់​ខ្លួន​​ឯង​ក៏​កំពុង​រង់​ចាំ​ពាក្យ​ច្បាស់​លាស់​គ្រលាស់​ចេញ​ពី​មាត់​លោក ដូណាល់ ត្រាំ ថា​តើ​​​អាមេរិកមា​ន​សាមគ្គីភាព​ជាមួយ​សមាជិក​ប៉ុណ្ណា ?​

តាំង​ពី​ឡើង​កាន់​តំណែង​មក លោក​ប្រធានាធិបតី​អាមេរិក​មិន​ដែល​បាន​​បញ្ជាក់​ជំហរ​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​អូតង់​ទេ។ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អូតង់​ក៏​មិន​ទាន់​ត្រូវ​បាន​តែង​តាំងផង ! លោក​ត្រាំ ទំនង​ជា​នឹង​និយាយ​តិចតួច​​បំផុត នៅ​ក្នុង​ជំនួប​ប្រជុំ​នេះ​ ដើម្បី​បញ្ចៀស​កំហុស​។ លោក​ត្រាំ​មាន​តែ​ពាក្យ​មួយ​មាត់​គត់​ គឺ​ ចាត់​ទុក​អូតង់​ជា​អង្គការ​ប្រើការ​មិន​កើត ចង់​ដក​ខ្លួន​ចេញ​ប្រសិន​បើ​សមាជិក​ផ្សេង​ទៀត មិន​ព្រម​បង្កើន​ថវិកាយោធា​​ជួយ​អង្គការ​ទេ។ សម្រាប់​លោក​ត្រាំ បើ​គេ​ចង់​ឱ្យ​អូតង់​មាន​មធ្យោបាយច្រើន​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹងភេរវនិយម អឺរ៉ុប​ត្រូវ​តែ​ចាក់​លុយ​ថែម​​ក្នុង​វិស័យ​យោធា។

​បង្កើន​ថវិកា​យ៉ាង​ហោច​ណាស់ ឱ្យបាន​​២%​នៃ​ទ្រព្យ​ធន​ជាតិ ដូច​ដែល​អូតង់​ធ្លាប់​បាន​សម្រេច​កាលពី​ឆ្នាំ​២០១៤​ ​បាន​ធ្វើ​ឱ្យ​អូតង់​ប្រមូល​ប្រាក់​បាន​ប្រមាណ​១០ពាន់​លាន​អឺរ៉ូ​បន្ថែម គិត​មក​ទល់​ឆ្នាំ​២០១៦។ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ ៧​ទៅ​១០​ប្រទេស​ជា​សមាជិក​អូតង់​ផ្សេង​ទៀត ក៏​នឹង​ត្រូវ​សម្រេច​បាននូវ​កម្មវត្ថុ​ថវិកា​នេះ​បាន​ដែរ។​ ការ​នេះ​ជា​សញ្ញា​វិជ្ជមាន​លួង​ចិត្ត​​អាមេរិកបាន​បន្តិច​ដែរ។ តែ​អាល្លឺម៉ង់​​បដិសេធ​មិន​គោរព​ពាក្យ​សន្យា​បង្កើន​ថវិកា​យោធា​ឱ្យ​ដល់​២%​ទេ  ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស។ ចំណែក​បារាំង​វិញ ក៏​មិន​ព្រម​ដែរ ព្រោះ​មិន​ដឹង​ថា​អូតង់​ចាត់​ចែង​ចំណូល​បន្ថែម​នោះ​យ៉ាងណា។ ​ម្យ៉ាង​ទៀត បារាំង​មាន​បន្ទុក​ធ្ងន់​ស្រាប់​មាន​ប្រតិបត្តិការ​យោធា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​នៅ​បរទេស​ស្រាប់​ទៅ​ហើយ។ ​បារាំងជាមួយ​សមាជិក​ផ្សេង​ទៀត ​មើល​មិន​ឃើញ​អំពី​ប្រយោជន៍​អ្វី​ ដែល​អូតង់​ត្រូវ​បន្ថែម​តួនាទី​ចេញ​ប្រយុទ្ធ​ប្រឆាំង​នឹងភេរវកម្ម​ទៀត​នោះ​ទេ។
​​
នៅទីបំផុត ការ​ណាត់​ជួប​គ្នា របស់​សមាជិក​ទាំង​២៨​របស់​អង្គការ​អូតង់​ត្រូវ​ជួប​ជុំ​គ្នា​នៅ​ព្រុចសែល​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ មិន​ត្រូវ​បាន​ចាត់​ទុក​​ជា​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ ហើយ​ក៏​មិន​មែន​ជា​ជំនួប​ពិសេស​អ្វី​ដែរ គឺ​មាន​ទម្រង់​ត្រឹម​តែ​ជា​កិច្ចប្រជុំ​ដ៏​សាមញ្ញ​មួយ ដែល​នឹង​គ្មាន​សេចក្តី​សម្រេច​​អ្វី​ជា​ដុំ​កំភួន​ឡើយ។ ខុស​ពី​ទម្លាប់​រាល់​ឆ្នាំ នឹង​គ្មាន​ទេ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ការ​ប្រជុំ​ត្រៀម​តាំង​ពី​ពីរ​បី​ថ្ងៃ​មុន​មិនអាច​​ជំនះ​ភាព​ចម្រូង​ចម្រាស​គ្នា​បាន​ឡើយ។ ហើយ​ក៏​គ្មាន​សោះ​ដែរ​វិធានការ​ច្បាស់​លាស់​ ត្រៀម​សម្រាប់​បើកប្រជុំ​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រោះ​​គ្មាន​ការ​ព្រមព្រៀង​គ្នា​។ ការ​ជួបប្រជុំ​គ្នា​ អាច​ត្រឹម​បើក​ឱកាស​ឱ្យ​មេដឹកនាំ​ទើប​ជាប់​ឆ្នោត​ថ្មីៗ បាន​ស្គាល់​គ្នា​ បាន​ផ្តោះប្តូរ​កិច្ចសន្ទនា​ទ្វេភាគី​រវាង​ប្រមុខ​ដឹកនាំ​ថ្មី ដូច​គ្នា ឬ​មេ​ដឹកនាំ​ថ្មី​ជាមួយ​ថ្នាក់​ដឹកនាំ​ចាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ