អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សហភាព​អឺរ៉ុប​មាននីតិវិធី​ដាក់​ពិន័យ​​សមាជិកប្រព្រឹត្តខុស​​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាប់​មាន​ចែង តែ​ពុំ​ធ្លាប់​មាន​ទេ ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សមាជិក​ក្នុង​សហភាព​អឺរ៉ុប។ បន្ទាប់​ពី​បាន​ទុក​ពេល​មួយ​សប្តាហ៍​ឱ្យ​ប៉ូឡូញ​ពិចារណា​​មក​​ ប៉ូឡូញ​បាន​សម្រេច​បញ្ឈប់​គម្រោង​កំណែទម្រង់ដ៏​ចម្រូង​ចម្រាស​​​របស់​ខ្លួន កាលពី​ដើម​សប្តាហ៍​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​​នៅ​ថ្ងៃពុធ​ទី ២៦​កក្កដា ២០១៧ នេះ​ គណៈកម្មការ​អឺរ៉ុប​បាន​បង្ហើប​បង្ហាញ​ផែន​ការ​ដាក់​ទណ្ឌកម្ម​ប៉ូឡូញ ប្រសិន​បើ​សមាជិក​មួយ​នេះ​នៅ​​រឹង​ទទឹងល្មើស​បម្រាម​សហភាព។ តើ​សហភាព​អឺរ៉ុប​មាន​នីតិវិធី​ព្រមាន​សមាជិក​ធ្វើ​ខុស​យ៉ាងដូច​ម្តេច​ខ្លះ ?

បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុម័ត​កំណែទម្រង់ប្រព័ន្ធ​តុលាការ​នៅ​ប៉ូឡូញ​
បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុម័ត​កំណែទម្រង់ប្រព័ន្ធ​តុលាការ​នៅ​ប៉ូឡូញ​ REUTERS/Agencja Gazeta/Dawid Zuchowicz
ផ្សាយពាណិជ្ជកម្ម

អំណាច​ប្រតិបត្តិ​អឺរ៉ុប បាន​លើកព្រលយ​ឱ្យ​ដឹង​តាំង​ពី​តែ​ថ្ងៃ​ទី ១៩​កក្កដា​មក​ម្ល៉េះ​ អំពី​លទ្ធភាព​ដាក់​ឱ្យ​ដំណើរការ​នីតិវិធី​​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​​ប៉ូឡូញ ដែល​មាន​ចែក​ក្នុង​មាត្រា​៧ ​ពី​បទ​ប្រព្រឹត្ត​ខ្លួន​ប្រឆាំង​នឹង​ច្បាប់​របស់​សហភាព​អឺរ៉ុប ទៅ​រំលោភ​បំពាន​ឯករាជ្យ​ភាព​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស។

ប៉ូឡូញ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អភិរក្ស​និយម​ជ្រុល បាន​ស្នើ និង​អនុម័ត​ច្បាប់​​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធតុលាការ ដោយ​បើក​ផ្លូវ​ឱ្យ​មាន​ការ​​​ដក​ឬហូត​តំណែង​ចៅក្រម​បានផង និង​ចង់សភា​ជា​អ្នក​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ចៅក្រម​ផង ហើយ​ថែម​ធ្វើ​កំណែទម្រង់​ច្បាប់​​ពង្រឹង​​នយោបាយ​ឱ្យ​រដ្ឋាភិបាលមាន​អំណាច​​អាច​ត្រួត​ពិនិត្យតុលាការ​កំពូលបាន​ទៀត។​​

​កំណែទម្រង់​ច្បាប់​របស់​​ប៉ូឡូញ​បែប​នេះ ជា​ការ​​រំលោភ​ច្បាប់​ រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​របស់​សហភាព។ តុលាការ​ជា​ប្រព័ន្ធ​ឯករាជ្យ ! ​ហេតុដូច្នេះហើយ​បាន​ជា​អឺរ៉ុប​មិន​អាច​ឈរ​នៅ​ស្ងៀម​​បណ្តោយ​ឱ្យ​សមាជិក​ខ្លួន​ធ្វើ​អ្វី​ស្រេច​ចិត្ត ​​ ដោយ​បានចេញ​​គំរាម​ និង​ព្រមាន​យ៉ាង​ចំ ដោយ​ដាក់​ឱសានវាទ​ឱ្យ​មួយ​សប្តាហ៍។ ​ហើយ​មុន​នឹង​ចាប់​ផ្តើម​បើក​នីតិវិធី​ដាក់​ទណ្ឌកម្ម​ប៉ូឡូញ គណៈកម្មការ​អឺរ៉ុប បាន​ហៅ​ប៉ូឡូញ​មកជួប​​ជជែក តែ​​គួរ​ឱ្យ​សោក​ស្តាយ​ប៉ូឡូញ​មិន​មក។

តាម​ការ​ពិត​ ក្រោយ​ការ​គំរាម​របស់​អឺរ៉ុប មាន​​ការ​វិវឌ្ឍន៍​ ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ច្រើន​នៅ​ប៉ូឡូញ​ ! នៅទីបំផុត លោក ប្រធានាធិបតី Andrzej Duda ​ដែល​ប្រសូត​ចេញ​ពី​បក្ស​ស្តាំអភិរក្ស​​និយមបំផុត ​និង​ជា​បក្ស​កាន់​អំណាច បាន​ប្រើ​សិទ្ធិ​វ៉េតូ​ប្រធានាធិបតី​មិន​ចុះហត្ថលេខា​ផ្តល់​សុពលភាព​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​តុលាការ​ដ៏​ចម្រូង​ចម្រាស​ដែល​ព្រឹទ្ធ​សភា​ទើប​អនុម័ត​ទេ​​​ ក្រោម​ហេតុផល​​​ដើម្បី​ធានា​សន្តិភាព​ជាតិ​ ប្រឈម​នឹង​ចលនា​បាតុកម្ម​តាំងពី​ជា​ច្រើន​ថ្ងៃ។​ តែ​លោក​បាន​ចុះ​ហត្ថលេខា​​យល់ព្រម​ឱ្យ​មាន​កំណែទម្រង់​តែង​តាំង​ប្រធាន​តុលាការ​ផ្នែក​នីតិ​រួម​ ដោយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌។ គណបក្ស​អភិរក្ស​និយម​​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​បាន​សន្យា​មិន​ដក​ថយ​ឡើយ ព្រោះ​សំអាង​ថា​ប្រព័ន្ធ​តុលាការ​នៅ​ប៉ូឡូញ ពុក​រលួយ​ខ្លាំងណាស់។

ចំណែក​​សហភាព​អឺរ៉ុប​ ក៏​មិន​ព្រលែង​សម្ពាធ​ដែរ។ ក្រៅ​អំពី​សំណុំ​រឿង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការលើក​នេះ ប៉ូឡូញ​ក៏​បាន​ល្មើស​វិធាន​ច្បាប់​អឺរ៉ុប តាំង​ពី​ឆ្នាំ​២០១៦​មក តាម​រយ​ការ​ធ្វើ​​​កំណែទម្រង់​​តុលាការ​ធម្មនុញ្ញ។ ​ដំណើរការ​តម្រង់​ប៉ូឡូញ​កំពុ​ង​តែ​ចាប់​ផ្តើម។ មិន​ថា​លើក​មុន ឬ​លើក​នេះ​ទេ សហភាពអឺរ៉ុប​សុទ្ធ​​តែ​បាន​បើក​​ឱកាស​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ជា​មុនសិន ប៉ុន្តែ​ក្នុង​ករណី​បរាជ័យ​ សហភាព​អឺរ៉ុប​នឹង​ប្រើ​នីតិវិធី​ចុងក្រោយ ដាក់​ទណ្ឌកម្ម​​ប៉ូឡូញ។ នីតិវិធី​នេះ​ដែល​មាន​ចែក​ក្នុង​មាត្រា​៧​នៃ​សន្ធិសញ្ញា​អឺរ៉ុប ប្រៀប​បាន​នឹង​អាវុធ​នុយក្លេអ៊ែរ​​ប្រល័យ​លោក។

ខុស​ពី​ដំណើរ​ដាក់​ពិន័យ​ផ្សេងៗ​ទៀត ដែល​គេ​សង្កេត​ឃើញ​ធ្លាប់​មាន​ប្រើ​ញយ​ដង​ និង​ដែល​មាន​ត្រឹម​ជា​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ​នីតិវិធីនៃ​​មាត្រា​៧ ជា​ដំណើរការ​ដ៏​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​ខ្លាំង អាច​ឈាន​ដល់​ការ​ព្យួរ​សិទ្ធិសមាជិក​ប្រព្រឹត្តខុស​​ មិន​ឱ្យ​បោះឆ្នោត​នៅ​ពេល​ប្រជុំ​ក្រុមប្រឹក្សា​​សហភាព​។

គ្រាន់​តែ​ថា នីតិវិធី​បែប​នេះ​​ ដែល​ពុំ​ធ្លាប់​កើត​​មានឡើយ តាំង​ពី​សហភាព​អឺរ៉ុប​ប្រសូតមក អាច​ចេញ​រួចបាន​ ដរាប​ណា​តែ​សមាជិក​២៧​ប្រទេស​ផ្សេង​ទៀត បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទប៉ុណ្ណោះ។ ហើយ​ហុងគ្រី​ ដែល​អឺរ៉ុប​ចង់​បើក​នីតិវិធីដាក់ទោស​តាម​មាត្រា​៧​ដែរ​ បាន​ស្រែក​តាំង​ពី​ដំបូង​ភ្លាម​ថា​នឹង​ការ​ពារ​ប៉ូឡូញ នឹង​ប្រើ​សិទ្ធិ​ប្រឆាំង ដើម្បី​កុំ​ឱ្យ​សហភាព​អឺរ៉ុបមានសម្រេច​អ្វី​មួយ​ជា​ឯកច្ឆ័ន្ទ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ