អាមេនី ៖ នាយករដ្ឋមន្ត្រីលាលែងពីតំណែង វិបត្តិនយោបាយនឹងបិទបញ្ចប់ ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៦
ជាង១០ថ្ងៃមកហើយដែលពលរដ្ឋអាមេនីនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់ដំណែងរបស់នាយករដ្ឋមន្ត្រីថ្មី ដែលជាអតីតប្រធានាធិបតីដឹកនាំប្រទេសរយៈពេល១០ឆ្នាំ។ ប្រឈមនឹងសន្ទុះនៃកម្លាំងបាតុកម្ម លោក Serge Sarkissian បានប្រកាសលាលែងចេញពីតំណែង នៅយប់មិញ ក្រោមសម្រែកអំណររបស់ប្រជាពលរដ្ឋ។ ប្រឹងធ្វើគ្រប់យ៉ាងដើម្បីរក្សាអំណាច តែទីបំផុតបែរសុខចិត្តដើរចេញដោយសម្រួលទៅវិញ ? តើមកពីមូលហេតុអ្វី ? តើអាមេនីមានស្ថានភាពយ៉ាងណា ? ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីជាការបិទបញ្ចប់វិបត្តិឬ ?
នៅតំបន់ភ្នំកូកាស ជាប្រទេសតូចមានប្រជាជនប្រមាណ២,៩លាននាក់ មានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ង់ តួកគី ហ្សកហ្ស៊ី អាស៊ែប៉ៃហ្សង់ និងធ្លាប់ជាអតីតសាធារណរដ្ឋមួយរបស់សហភាពសូវៀត តាំងពីជាង១០ថ្ងៃមក ពលរដ្ឋអាមេនី បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងភាពក្រីក្រ និងអំពើពុករលួយក្នុងប្រទេស និងជាពិសេសប្រឆាំងនឹងការក្រាញកាន់អំណាចរបស់អតីតប្រធានាធិបតី Serge Sarkissian ដែលនៅពេលផុតអាណត្តិនិងអស់សិទ្ធិជាប្រមុខរដ្ឋ ក៏ប្តូរច្បាប់និងតែងតាំងខ្លួនឯងមកជានាយករដ្ឋមន្ត្រីវិញ។ ការកាន់អំណាចដ៏វែងនិងយូរបែបនេះពុំធ្លាប់មានកើតឡើងនៅអាមេនីទេ។
ច្បាប់រដ្ឋធម្មនុញ្ញអាមេនី បានហាមឃាត់មិនឱ្យប្រធានាធិបតីកាន់អំណាចលើសពីពីរអាណត្តិទេ ! ប៉ុន្តែលោក Serge Sarkissian កាលនៅជាប្រធានាធិបតី (តាំងពី២០០៨-២០១៨) បានកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស កាលពីឆ្នាំ២០១៥ ផ្ទេរអំណាចគ្រប់គ្រងប្រទេសទៅឱ្យនាយករដ្ឋមន្ត្រី ឯតួនាទីប្រធានាធិបតីក្លាយជាតួនាទីកិត្តិយសវិញ។ តាមគំរូរបស់លោកពូទីន បញ្ចប់អាណត្តិទីពីរជាប្រធានាធិបតីភ្លាម លោក Serge Sarkissian ក៏ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី និងមានអំណាចពេញដៃទៀត នៅថ្ងៃទី១៧មេសា ! មានន័យថាអាមេនីមានមនុស្សដដែលជាអ្នកដឹកនាំប្រទេសជាគម្រប់បីអាណត្តិជាប់គ្នា។ ជាស្ថានភាពដែលអាមេនីមិនធ្លាប់ជួបប្រទះឡើយ និងអាចទទួលយកបានទេ ! សម្រាប់អ្នកវិភាគ អាមេនីមិនចង់រស់ដូចបណ្តាប្រទេសនៅតំបន់អាស៊ី ទីដែលប្រធានាធិបតីផ្តាច់ការកាន់អំណាចមួយជីវិតជារឿងធម្មតាទេ។
ម្យ៉ាងវិញទៀតក្រៅអំពីប្រឆាំងនឹងការក្រាញអំណាច ក្រោមការគ្រប់គ្រង១០ឆ្នាំ របស់ Serge Sarkissian ស្ថានភាពសេដ្ឋកិច្ចដុនដាប ភាពក្រីក្រកើនឡើង ២៧,៦% នៅឆ្នាំ ២០០៨ ទល់នឹង២៩,៨%នៅឆ្នាំ២០១៦។ នេះបើតាមតួលេខផ្តល់ដោយធនាគារពិភពលោក។ ចំណូលជាតិសរុបវិញសម្រាប់ប្រជាពលរដ្ឋម្នាក់ៗវិញ នៅនឹងត្រឹម ៣៧៧០ដុល្លារដដែល តាំងពី១០មក។ ចំណែកអំពើពុករលួយបានស៊ីរ៉ូងផ្ទៃក្នុង មានតាំងពីនៅក្នុងជួរប៉ូលិស ដល់តុលាការ សូម្បីតែគ្រូបង្រៀនក៏ទាមទារកាដូពីសិស្ស! នេះបើតាមការរៀបរាប់របស់សាក្សីជាបាតុករនិងជាអ្នកអត់ការងារធ្វើម្នាក់។ ស្ថានភាពបែបនេះបានជំរុញឱ្យប្រជាពលរដ្ឋកាន់តែគាំទ្រចលនាបាតុកម្មរបស់មេបក្សប្រឆាំង។ ជាបាតុកម្មប្រឆាំងនឹងរបៀបដឹកនាំនិងការស្រលាញ់អំណាចរបស់លោក Sarkissian គ្មានពាក់ព័ន្ធនឹងបរិបទភូមិសាស្ត្រនយោបាយទេ ! និងមិនត្រូវបានដឹកមុខដើម្បីប្រយោជន៍អាមេរិក សហភាពអឺរ៉ុបឬរុស្ស៊ីទេ គឺដើម្បីប្រយោជន៍អាមេនីតែមួយគត់។ នេះបើតាមការអះអាងរបស់មេដឹកនាំចលនាបាតុកម្ម។ ហើយក៏គ្មានបាតុករណាម្នាក់ចោទលោកSarkissian ពីបទនិយមរុស្ស៊ីទេ ដូចចលនាប៉ះបោរនៅអ៊ុយក្រែនឡើយ។
ជាការកត់សម្គាល់ដែរ ស្ថានភាពនៅអាមេនីបានទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុតពីសំណាក់រុស្ស៊ី ដែលមានមូលដ្ឋានយោធាផ្ទុកកម្លាំងឈរជើង៤ពាន់នាក់នៅអាមេនី។ ទទួលឯករាជ្យនៅឆ្នាំ១៩៩១ អាមេនីជាសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខរួម នៃក្រុមអតីតសហភាពសូវៀត រំពឹងស្ទើរគ្រប់យ៉ាងលើរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី ពូទីនបានសម្តែងការសរសើរលោក Serge Sarkissian ដែលបានជាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ ប៉ុន្តែរុស្ស៊ីស្ងាត់មាត់ឈឹងក្រោយការលែងរបស់នាយករដ្ឋមន្ត្រី។ ម៉ូស្គូបង្ហាញការប្រុងប្រយ័ត្នខ្លាំង ដោយក៏មិនចង់ឃើញស្ថានភាពអាមេនីធ្លាក់ចុះដុនដាបជាងនេះទៀតដែរ។ ការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី Karapetian ដែលជាសម្ព័ន្ធមិត្តរបស់លោក Serge Sarkissian ជានាយករដ្ឋមន្ត្រីស្តីទី ក៏ជាតំណាងភាពធូរស្បើយមួយរបស់រុស្ស៊ី។
រុស្ស៊ីមិនចង់ឃើញតែមួយគឺវត្តមានរបស់មេដឹកនាំចលនាបាតុកម្ម លោកNikol Pachinian។ ជាអតីតអ្នកកាសែត ធ្លាប់ជាមេកើយដឹកនាំធ្វើបាតុកម្មយ៉ាងហិង្សា កាលពីឆ្នាំ២០០៨ និងធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីឆ្នាំ២០១០ លោក Nikol Pachinian បានក្លាយជាសមាជិកសភានៅឆ្នាំ២០១៧។ បានវោហា ក្លាហានមុះមុត លោកPachinian បានបង្កើនមិទ្ទិញ ចុះមូលដ្ឋាន និងកំពុងក្លាយជាប្រមុខដឹកនាំបក្សប្រឆាំងដ៏សំខាន់ ទទួលបានការគាំទ្រពីយុវជនកាន់តែខ្លាំងឡើងៗ។ នៅកណ្តាលហ្វូងបាតុករដែលអបអរការលាលែងចេញពីតំណែងរបស់លោក Serge Sarkissian លោកPachinian ប្រកាសចូលចរចាជាមួយនាយករដ្ឋមន្ត្រីស្តីទី ដើម្បីធានារ៉ាប់រងការផ្ទេរអំណាចមកឱ្យប្រជាពលរដ្ឋ។
ប៉ុន្តែចលនាប្រឆាំងដែលបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនហាក់ដូចជាមិនទាន់ស្ងប់ចិត្ត ត្រឹមតែការប្តូរផ្លាស់មេដឹកនាំទេ ព្រោះការប្តូរផ្លាស់ក្បាលម៉ាស៊ីនដឹកនាំ មិនមែនជាការប្តូររបបទេ ! លោក Serge Sarkissian ចេញពីតំណែងមែន តែបក្សរបស់លោកនៅមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ! ឯការទាមទាររបស់ពួកគេក្នុងការលុបបំបាត់អំពើពុករលួយ ភាពក្រីក្រ នៅលាត្រដាងលើតុចរចានៅឡើយ។ ហើយអ្វីដែលនៅជាចម្ងល់នៅឡើយគឺវត្តមានរបស់យោធាដែលមកភ្ជាប់ខ្លួនជាមួយបាតុករ ? តើជាចលនាដែលផុះកើតឡើយដោយឯងៗ ឬក៏មានការរៀបចំ ? បើជាការរៀបចំ តើមកពីខាងណា ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ