លោកដូណាល់ ត្រាំ និងលោកអេម៉ានុយអែល ម៉ាក្រុងស្នើឲ្យមានកិច្ចព្រមព្រៀងថ្មីស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់
ថ្ងៃពុធ ទី២៥ មេសានេះជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងនៅសហរដ្ឋអាមេរិក។ នាឱកាសកិច្ចសន្ទនាក្នុងសេតវិមាននៅថ្ងៃអង្គារ ទី២៤ មេសា សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បានក្លាយជាប្រធានបទអាទិភាព ហើយលោកម៉ាក្រុង និងលោកត្រាំហាក់បានយល់ស្របគ្នាក្នុងការស្វែងរកកិច្ចព្រមព្រៀងថ្មីជំនួសឲ្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីពាក់កណ្តាលឆ្នាំ ២០១៥។ សំណើនេះបានធ្វើឡើង ចំពេលដែលលោកដូណាល់ ត្រាំត្រូវសម្រេចដក ឬមិនដកអាមេរិកចេញពីកិច្ចព្រមព្រៀងដែលមានស្រាប់នៅថ្ងៃទី១២ ឧសភាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៧
នាកិច្ចសន្ទនាដំបូងរវាងលោកដូណាល់ ត្រាំ និងលោកអេម៉ានុយអែល ម៉ាក្រុងនៅក្នុងការិយាល័យរាងទ្រវែងរបស់លោកដូណាល់ ត្រាំក្នុងសេតវិមាន ភាពមិនចុះសម្រុងគ្នាលើសំណុំរឿងអ៊ីរ៉ង់បានកើតមានភ្លាមៗនៅចំពោះមុខកាំមេរ៉ារបស់ក្រុមអ្នកកាសែត។ លោកត្រាំបានចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលចុះហត្ថលេខានាពាក់កណ្តាលឆ្នាំ ២០១៥ ថាជាកិច្ចព្រមព្រៀងល្ងង់ និងគួរឲ្យអស់សំណើច។ តែនៅ ២ម៉ោងក្រោយមក ពោលនាសន្និសីទកាសែតរួមគ្នា លោកម៉ាក្រុងបានស្នើឲ្យមានច្រកចេញមួយដែលលោកហៅថា កិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងថ្មី។
« ទោះបីជាលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនឹងសម្រេចយ៉ាងម៉េចក៏ដោយ ចាប់ពីពេលនេះតទៅ ខ្ញុំចង់ឲ្យយើងធ្វើការរួមគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីដោយផ្អែកលើ ៤ចំណុច ទី១ ពិនិត្យមើលឡើងវិញលើខ្លឹមសារនៃកិច្ចព្រមព្រៀងដែលមានស្រាប់ ទី២ ពិនិត្យលើសកម្មភាពនុយក្លេអ៊ែរនៅក្រោយឆ្នាំ ២០២៥ ទី៣ ពិនិត្យមើលលើឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់ និងទី៤ ចរចាលើសកម្មភាពគ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ »។
ចំណែកលោកដូណាល់ ត្រាំហាក់មិនបានសម្តែងឲ្យឃើញនូវឆន្ទៈក្នុងការផ្តើមកិច្ចចរចាតាមសំណើរបស់លោកម៉ាក្រុង និងបែរជាបានបន្តប្រើសម្តីគំរាមខ្លាំងៗដាក់អ៊ីរ៉ង់។ « គ្មាននរណាម្នាក់ដឹងពីអ្វីដែលខ្ញុំនឹងសម្រេចនៅថ្ងៃទី១២ ឧសភាខាងមុខទេ តែយើងនឹងបានឃើញ ហើយយើងក៏នឹងបានឃើញផងដែរប្រសិនបើខ្ញុំធ្វើអ្វីដូចដែលអ្នកខ្លះកំពុងរង់ចាំ និងរំពឹងទុក ហើយវាពិតជាអាចមានកិច្ចព្រមព្រៀងថ្មីមួយដែលរឹងមាំ។ ប៉ុន្តែខ្ញុំអាចនិយាយបានថា បើអ៊ីរ៉ង់គំរាមយើង ទោះក្នុងផ្លូវ និងក្រោមរូបភាពណាក៏ដោយ ពួកគេនឹងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងន់ដែលកម្រមានប្រទេសណាបានទទួលណាស់ »។
គេនៅមិនទាន់ដឹងថា តើក្រុមប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខានាពាក់កណ្តាលឆ្នាំ ២០១៥ យល់យ៉ាងម៉េចពីសំណើឲ្យមានកិច្ចព្រមព្រៀងថ្មីរបស់លោកម៉ាក្រុង និងលោកត្រាំពេលនេះទេ។ តែកន្លងមក មានប្រទេសហត្ថលេខីខ្លះហាក់បានបដិសេធយ៉ាងដាច់អហង្ការ និងចោទសួរថា តើវាចាំបាច់អីដែលត្រូវរកកិច្ចព្រមព្រៀងថ្មី ហើយថា គេមិនគួរលាយឡំគ្នារវាងនុយក្លេអ៊ែរ និងរឿងផ្សេងទេ។ ចំណែកអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ៗនៅថ្ងៃពុធ ទី២៥ មេសានេះថា ខ្លួនមិនទទួលយក និងមិនទទួលស្គាល់កិច្ចព្រមព្រៀងថ្មីណាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ