អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​ថា នឹង​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម បើសិន​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តីការបរទេស នៅ​ថ្ងៃ​សៅរ៍ទី ២១​មេសា បាន​គំរាម​ថា នឹង​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម យ៉ាងស្វាហាប់ បើសិន​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មាន​វត្តមាន​នៅទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម នៅក្នុង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​សន្តិភាព ប្រមុខការបរទេស​អ៊ីរ៉ង់ លោក​ហ្សាវ៉ាដ ហ្សារីហ្វ បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា អ៊ីរ៉ង់ មិន​ចង់មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ ប៉ុន្តែ បើសិន​លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដូច​ការគំរាម​មែន នោះ អ៊ីរ៉ង់ ក៏​នឹង​ឆ្លើយតប​វិញ ជាមួយ​នឹង​​ការផលិត ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ដែល​ជា​គន្លឹះសំខាន់ សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ។ 

រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក​ហ្សាវ៉ាដ ហ្សារីហ្
រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក​ហ្សាវ៉ាដ ហ្សារីហ្ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អ៊ីរ៉ង់ប្រើ​ពាក្យ​គំរាម​ចង់​ចម្រើន​សារធាតុ អ៊ុយរ៉ានីញ៉ូម នៅ​បី​សប្តាហ៍មុន ដែល​លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ត្រូវ​សម្រេច​ចិត្ត​សា​ជាថ្មី ថា តើ​ត្រូវ​បន្ត ព្យួរ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ឬ​ក៏​ត្រូវ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

កាលពី​ខែ​មករា នៅពេល​ដែល​លោក​ត្រូវ​ជូន​ដំនឹង​ទៅសភា​អាមេរិក ពី​ជំហរ​របស់​រដ្ឋាភិបាល​ លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​នៅ​មិនទាន់​សម្រេចចិត្ត​ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ លោក​ចង់​ទុក​ពេល​ចុងក្រោយ ឲ្យ​ប្រទេស​ហត្ថលេខី​ផ្សេងទៀត ដូចជា​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ទៅ​សើរើ ចរចា​ឡើងវិញ ជាមួយ អ៊ីរ៉ង់​ពី​លក្ខខណ្ឌ​មួយចំនួន ដែលលោក​ដូណាល់ ត្រាំ វាយតម្លៃថា ធូររលុង និង​ផ្តល់​ឱកាស​ឲ្យ​អ៊ីរ៉ង់​អាច​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ។

សូមអាន៖ អឺរ៉ុប​និង​អ៊ីរ៉ង់​រួមគ្នា​ជាធ្លុង​មួយ ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ទៅ​តាម​កិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់​យល់ព្រម​ផ្អាក​ មិន​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម រហូត​ដល់​ឆ្នាំ ២០២៥ ប៉ុន្តែ អាមេរិក​របស់​លោកដូណាល់ ត្រាំ ចង់ឲ្យ​អ៊ីរ៉ង់​ឈប់​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម ជារៀងរហូត។ លោក​ដូណាល់ ត្រាំ បាន​និយាយទុកពេល​ឲ្យមហាអំណាច​នៅ អឺរ៉ុប ដាក់សម្ពាធ លើ​អ៊ីរ៉ង់ មុន​នឹង​លោក​ត្រូវ​សម្រេចចិត្ត នៅ​ថ្ងៃទី​១២​ឧសភា​ខាងមុខនេះ។ ប្រទេស​ហត្ថលេខី​ផ្សេងទៀត ដូចជា​បារាំង ចិន រុស្ស៊ី អាល្លឺម៉ង់ និង​អង់គ្លេស វិញ បាន​ព្រមាន​រួចហើយ ពី​គ្រោះថ្នាក់ រលាយ​បាត់​កិច្ច​ព្រមព្រៀង ដែល​ជួយ​ធានា មិន​ឲ្យ​អ៊ីរ៉ង់​បង្កើតកម្មវិធី​ផលិត​នុយក្លេអ៊ែរ​យោធា។

នៅថ្ងៃ​ចន្ទ ទី ២៣ មេសា​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សហរដ្ឋអាមេរិក។ គេ​វាយតម្លៃថា លោកអេម៉ានុយអែល ម៉ាក្រុង ដែលនឹងជួប​លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ ​អាច​នឹង​បញ្ចុះបញ្ចូល សាជាថ្មី លោកដូណាល់ ត្រាំ កុំ​ឲ្យ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ លោក​ដូណាល់ ត្រាំ ប្រហែល​ជា​នឹង​ត្រូវ​និយាយ​ពីរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ម្តងទៀត ជាមួយ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃសុក្រ សប្តាហ៍ក្រោយ។

 

រដ្ឋមន្រ្តី​ការបរទេស៖ អ៊ីរ៉ង​មិនអាច​គោរព​កិច្ចព្រមព្រៀង​តែម្នាក់ឯងនោះទេ

នៅថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់បាន​បញ្ជាក់​ បើសិន​លោកដូណាល់ ត្រាំ ប្រកាស​ជាផ្លូវការ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង នោះ អ៊ីរ៉ង់ ក៏​មិន​អាច​នៅ​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​តែ​ម្នាក់​ឯង​ដែរ។ អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​សកម្មភាព ចម្រើនសារធាតុ​អ៊ុយរ៉ានីញ៉ូម របស់​ខ្លួន​ឡើងវិញ។ គេ​មិនដឹងថា ដោយ​ប្រើពាក្យ​គំរាម​បែបនេះ តើ​ប្រមុខ​ការបរទេស​អ៊ីរ៉ង់កំពុង​ចង់​មាន​ន័យថា អ៊ីរ៉ង់​នឹង​ត្រលប់​ទៅ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​កម្រិតខ្ពស់ ដែល​អាច​គេ​ប្រើ​សម្រាប់កម្មវិធី​នុយក្លេអ៊ែរ​យោធា​ដែរ​ឬ​ក៏​យ៉ាង​នោះ​ទេ។

តាម​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥ អ៊ីរ៉ង់ មាន​សិទ្ធិ​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម​ត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះ​សម្រាប់​សកម្មភាព នុយក្លេអ៊ែរ​ស៊ីវិល ដូចជា​ផលិត​ថាមពល​អគ្គិសនី​ជាដើម។ ក្រុមប្រទេស​លោកខាងលិច បាន​ហាមឃាត់​អ៊ីរ៉ង់ មិនឲ្យ​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម កម្រិត ចាប់​ពី​២០​ភាគរយឡើង ព្រោះថា អ៊ុយរ៉ានីញ៉ូម ចម្រើន​ចាប់​ពី​កម្រិត​​២០ រហូត​ដល់​៨០ភាគរយ​អាច​គេ​យក​ទៅប្រើ​សម្រាប់​ផលិត​បាន​គ្រាប់បែក​នុយក្លេអ៊ែរ។ នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ អ៊ីរ៉ង់ ត្រូវ​បញ្ជូន​សារធាតុ​អ៊ុយរ៉ានីញ៉ូម ទៅ​ចម្រើន​នៅ​បរទេស គឺ​មិន​អាច​មាន​សិទ្ធិ​ធ្វើ​នៅ​ក្នុង​ស្រុក​នោះ​ទេ។

សម្រាប់​អ្នកជំនាញរុស្ស៊ី ទោះជា​អ៊ីរ៉ង់​គំរាម​ថា នឹង​ត្រលប់​ទៅ​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម យ៉ាងសកម្ម ប៉ុន្តែ គេ​មិន​ជឿថា អ៊ីរ៉ង់​នឹង​អាច​មាន​សមត្ថភាព ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​កម្រិត​ខ្ពស់​ជាង ២០ភាគរយ ដោយ​ខ្លួន​ឯងនៅពេល​នេះទេ។ អ៊ីរ៉ង់​ត្រូវការ​ពេលវេលា​យូរ​ទៀត​ដើម្បី​មាន​សមត្ថភាព​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

 

គេ​មិនអាច​រក​បាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​អាមេរិក?

នៅក្រោយ​ការចរចា​អស់​២ឆ្នាំ ជាមួយ អ៊ីរ៉ង់ សហគមន៍​អន្តរជាតិ​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​នៅក្នុង​នោះ អ៊ីរ៉ង់​បាន​យល់ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់ខ្លួន ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ហើយ​និង​អាមេរិក។ ប៉ុន្តែ  អាមេរិក​របស់​លោកដូណាល់ ត្រាំ​វិញ បាន​គំរាម​រាល់​លើក​ថា នឹង​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើសិន​គេ​មិន​សើរើ​កិច្ចព្រមព្រៀង ដែល​លោកដូណាល់​ត្រាំ ចោទថា លំអៀង ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​អ៊ីរ៉ង់។

តាំង​ពី​មុន​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ អរិភាព រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​លោកចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ដ៏អាក្រក់។ ប៉ុន្តែ ប៉ុន្មាន​ដង​មក​ហើយ គឺ​រាល់​លើក​ដែល​លោក​ត្រូវ​ជូនដំណឹង​ទៅ​សភា អាមេរិក ពី​រឿងអ៊ីរ៉ង់​គោរព កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ លោកដូណាល់ ត្រាំ មិន​បាន​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ដូចពាក្យ​គំរាម​នោះទេ។

ប៉ុន្តែ នៅ​ថ្ងៃ​ទី ១២​ឧសភា ខាងមុខ គេ​បារម្ភ​ថា លោកដូណាល់ ត្រាំ អាច​ចិត្ត​ដាច់ សម្រេច ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប៉ុន្តែ មុន​នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ លោក​ដូណាល់ ត្រាំ បាន​ទាមទារ​ថា បើសិន​គេ​មិនអាច​សើរើ​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥ នោះ ប្រទេស​ហត្ថលេខី​ផ្សេងទៀត ក៏​ត្រូវ​តែ​ចរចា​ជាមួយ អ៊ីរ៉ង់ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​បំពេញបន្ថែម ដែលនៅក្នុង​នោះ អ៊ីរ៉ង់ ត្រូវ​តែ​បញ្ឈប់​កម្មវិធី​ផលិត​មីស៊ីល​ដែល​គ្រោះថ្នាក់​ដល់​អ៊ីស្រាអែល សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែល​មិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ស្លាប់ បាត់រូបរាង បាន​យល់ស្រប​ជាមួយ​​អាមេរិក ​ដោយ បាន​បញ្ចេញ​សំឡេង​រិះគន់ ខ្លាំងៗ អ៊ីរ៉ង់ ក្នុង​រឿង​បាញ់​សាកល្បង​មីស៊ីល ហើយ​និង​អន្តរាគមន៍​យោធា​របស់​អ៊ីរ៉ង់ នៅក្នុង​ជម្លោះ​សង្រ្គាម​ស៊ីវិល​នៅក្នុង​តំបន់​ដើមបូព៌ា សព្វថ្ងៃ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ការប៉ុនប៉ង​របស់​ថ្នាក់ដឹកនាំ​បរទេស ដើម្បី​បញ្ចុះបញ្ចូល​លោកដូណាល់ ត្រាំ គឺជាការខាតបង់​ពេលវេលា។ ដោយដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង អន្តរជាតិ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​គេ​បាត់​ជំនឿ ទុកចិត្ត​លើ​រដ្ឋាភិបាល​អាមេរិក ហើយ​និង​អាច​អន្តរាយ​ដល់​ការចរចា ផ្សេងៗ​ទៀត​ដូចជា ជំនួប​កំពូល​អាមេរិក និង​កូរ៉េខាងជើង ជាដើម។ ប្រមុខការបរទេស​អ៊ីរ៉ង់ បាន​និយាយថា ដោយ​ដកអាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង នោះ​លោកដូណាល់ ត្រាំចង់​បង្ហាញ​សារ​មួយថា គេ​មិនអាចធ្វើ​កិច្ចព្រមព្រៀង ម៉ត់ចត់​ណាមួយ ជាមួយ​អាមេរិកនោះទេ ព្រោះថា នៅទីបំផុត អាមេរិក​តែង​គិតថា អ្វី​ដែល​ខ្លួន​ធ្វើ​គឺ​ត្រូវ ចំណែក​អ្នកដទៃ​ធ្វើ​គឺ​តែងតែ​ខុស មិនល្អ ដែល​គេ​អាច​ចរចា សើរើ​ឡើងវិញ គ្រប់ពេលវេលា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ