នុយក្លេអ៊ែរអ៊ីរ៉ង់៖ក្រោយការដកខ្លួនរបស់អាមេរិក អឺរ៉ុបកំពុងប្រឈមនឹងបញ្ហាដែលខ្លួនត្រូវដោះស្រាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២០
តាំងពីលោកដូណាល់ ត្រាំបានឡើងកាន់តំណែងប្រធានាធិបតីអាមេរិកមក ទំនាក់ទំនងរវាងអាមេរិក និងដែគូអឺរ៉ុបកំពុងជួបប្រទះនូវភាពរកាំរកូសមិនចេះចប់ មិនចេះហើយ។ ភាពរកាំរកូសដែលបានកើតចេញពីជំហររបស់លោកត្រាំជាមួយពិភពលោក និយាយជារួម និងជាមួយអឺរ៉ុប និយាយដោយឡែក។ នៅពេលដែលអឺរ៉ុបកំពុងព្យាយាមរួមសាមគ្គីគ្នាដើម្បីប្រយោជន៍ពិភពលោកជាធំ អាមេរិកក្នុងជំនាន់លោកត្រាំមិនញញើតនឹងគិតប្រយោជន៍អាមេរិកជាចម្បងក្រោមគោលការណ៍ « America First »។ ក្រោយការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃទី៨ ឧសភា ទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបនឹងរឹតតែស្មុគស្មាញថែមទៀត។
ពេញមួយឆ្នាំនៃការកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោកដូណាល់ ត្រាំ អឺរ៉ុបបានទទួលរងការទះកំផ្លៀងពីអាមេរិកមិនតិចដងទេ។ កំផ្លៀងទី១ ទាក់ទងនឹងអង្គការអូតង់ដែលអឺរ៉ុបបានចំណាយពេលយូរទំរាំអាចនិយាយជំនះលោកត្រាំឲ្យគោរពមាត្រាទី៥ របស់ស្ថាប័នមួយនេះដែលចែងថា ក្រុមប្រទេសសមាជិកនឹងត្រូវចូលអន្តរាគមន៍ជួយប្រទេសសមាជិកផ្សេងដែលរងការវាយប្រហារ។ បន្ទាប់មក លោកត្រាំក៏បានទាមទារឲ្យសមាជិកផ្សេង ពិសេសអឺរ៉ុបចូលរួមបង់វិភាគទានឲ្យបានច្រើនជាងនេះ ឬក៏យ៉ាងហោចណាស់ឲ្យស្មើនឹងអាមេរិកដែរ។
កំផ្លៀងទី២ ទាក់ទងនឹងបញ្ហាអាកាសធាតុដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស។ កំផ្លៀងទី៣ ទាក់ទងនឹងពាណិជ្ជកម្មដែលលោកត្រាំព្រមានដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមអឺរ៉ុបនាំចូលអាមេរិក និងដែលអឺរ៉ុបកំពុងរង់ចាំឲ្យលោកត្រាំលុបចោលវិញ។ ចំណែកកំផ្លៀងទី៤ ដែលជាកំផ្លៀងចុងក្រោយពេលនេះ គឺការដែលលោកត្រាំបានសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាដោយសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូកនឹងប្រទេសអាល្លឺម៉ង់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។
ពិតណាស់ថា អឺរ៉ុបឆ្អែតឆ្អន់នឹងនយោបាយរបស់លោកត្រាំជារឿងមួយ តែរឿងដែលសំខាន់ជាងនេះ និងដែលគ្រប់គ្នាមិនអាចមើលរំលងបាននោះ គឺការដែលលោកត្រាំកំពុងបង្វិលពិភពលោកទាំងមូលដូចជាការបង្វិលអាប៉ោងនៅក្នុងចានមួយ ព្រោះចង់ឬមិនចង់ ជម្រើសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយនេះជាការរំលោភលើគោលការណ៍មួយជាសារវន្តនៃច្បាប់អន្តរជាតិ។ ប្រសិនបើអាមេរិកដែលជាប្រទេសមហាអំណាចមួយ និងតែងតាំងខ្លួនជាបិតាពិភពលោកមិនគោរពនូវអ្វីដែលខ្លួនបានពាក្យសន្យា តើធ្វើដូចម្តេចទើបឲ្យអ្នកផ្សេងជឿទុកចិត្តបានថា កិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀតអាចនឹងធានាបាននូវសន្តិសុខរួមសម្រាប់ពិភពលោក។
បើគិតតាំងពីឆ្នាំ ២០០៣ ដែលអាមេរិក រួមជាមួយសម្ព័ន្ធមិត្តអង់គ្លេសបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់មក ទំនាក់ទំនងរវាងអន្តរអាត់ត្លង់ទិកមិនដែលស្គាល់ភាពតានតឹងដូចសព្វថ្ងៃនេះទេ នោះបើទោះបីជាបារាំង និងអាល្លឺម៉ង់ធ្លាប់បានចេញមុខប្រឆាំង និងមិនចូលរួមនៅក្នុងសង្រ្គាមពេលនោះក៏ដោយ។ ឥឡូវនេះ និងក្រោយពីបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោកដូណាល់ ត្រាំក៏បានប្រកាសដាក់ទណ្ឌកម្មជាថ្មីខ្លាំងជាងមុនប្រឆាំងនឹងអ៊ីរ៉ង់។ ចំណាត់ការរបស់លោកត្រាំពេលនេះបានបង្ខំឲ្យក្រុមហ៊ុន រោងចក្របរទេសដែលកំពុងបោះទុនរកស៊ីនៅអ៊ីរ៉ង់រូសរាន់ប្រញិបប្រញាប់ដកខ្លួនចេញពីអ៊ីរ៉ង់វិញ។ បើពុំនោះសោតទេ ពួកគេនឹងទទួលរងការធ្វើទុក្ខបុកម្នេញ។
នៅក្នុងករណីនេះ អឺរ៉ុបមានជម្រើសតែពីរគត់ ឬមួយដើរតាមជំហរ និងការចង្អុលបង្ហាញរបស់លោកត្រាំ ឬមួយសុខចិត្តឲ្យក្រុមហ៊ុន រោងចក្ររបស់ខ្លួនទទួលរងការពិន័យពីរដ្ឋបាលរបស់លោកត្រាំ។ តែបើតាមមើលទៅ ប្រទេសមហាអំណាចអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេសហាក់មិនចង់ទុកបណ្តោយឲ្យអាមេរិករបស់លោកត្រាំបង្វិលក្បាលស្រេចនឹងចិត្តទៀតឡើយ។ ប៉ារីស ប៊ែរឡាំង និងឡុងដ៏ហាក់បានប្តេជ្ញាចិត្តបន្តរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមកទល់ពេលនេះ ភាគីអ៊ីរ៉ង់បានគោរពយ៉ាងត្រឹមត្រូវ។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់រ៉ូហានីក៏បានបញ្ជាក់ពីការមិនបោះបង់ចោលកិច្ចព្រមព្រៀងនោះដែរ សម្រាប់ពេលនេះ។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់លោកត្រាំបាន និងកំពុងធ្វើឲ្យអឺរ៉ុបស្ថិតក្នុងផ្លូវទាល់មួយដែលចៀសមិនរួចពីរកផ្លូវថ្មីដើម្បីចេញទេ។ នៅក្នុងន័យនេះ មានថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនបានបន្តបញ្ចេញប្រតិកម្មដូចគ្នាថា វាល្មមដល់ពេលដែលអឺរ៉ុបត្រូវពឹងលើសមត្ថភាពខ្លួនឯងក្នុងរឿងសេដ្ឋកិច្ចដើម្បីការពារប្រយោជន៍អឺរ៉ុបប្រឈមនឹងការគំរាមរបស់លោកត្រាំដែលចង់ដាក់ទណ្ឌកម្មលើក្រុមហ៊ុន រោងចក្របរទេសដែលកំពុងរកស៊ីនៅអ៊ីរ៉ង់។ ថ្មីៗនេះនៅក្នុងជំនួបលោកប្រធានាធិបតីបារាំងម៉ាក្រុង លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់អង់ហ្កឺឡា មែរកិលចង់បានអឺរ៉ុបខ្លាំង និងរួបរួម។ តាមលោកស្រីមែរកិល ពេលវេលាដែលយើងពឹងពាក់លើអាមេរិកឲ្យជួយការពារយើងបានបិទបញ្ចប់ហើយ និងថា អឺរ៉ុបត្រូវតែគិតគូរជោគវាសនាអនាគតរបស់ខ្លួនដោយខ្លួនឯង។
មែនទែនទៅ អ្វីដែលលោកស្រីមែរកិលបាននិយាយនេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជាលើកទី១ ដែរ។ លោកស្រីធ្លាប់បាននិយាយយ៉ាងដូច្នេះនៅក្រោយកិច្ចប្រជុំក្នុងក្របខណ្ឌអង្គការអូតង់ និងក្របខណ្ឌនៃក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច G៧ ក្នុងឆ្នាំ ២០១៧។ តាំងពីពេលនោះមក ទ្រឹស្តីនៅតែជាទ្រឹស្តីដោយមិនទាន់មានការអនុវត្តជាក់ស្តែងឡើយ។ ពិតណាស់ អឺរ៉ុបមានសក្តានុពល និងលទ្ធភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឍ និងពង្រឹងដោយខ្លួនឯងនៅក្នុងវិស័យយោធា សេដ្ឋកិច្ច និងការទូត។ ចុះហេតុអ្វីបានជាអឺរ៉ុបចេះតែភ័យស្លន់ស្លោនៅពេលដែលអាមេរិក ឬប្រទេសផ្សេងឈប់សហការណ៍ជាមួយ?។
គ្មានអ្វីពិបាកយល់ទេ គឺមកពីអឺរ៉ុបខ្វះការសាមគ្គីគ្នាជាធ្លុងមួយ ព្រោះចូរកុំភ្លេចថា ក្រោយការដកខ្លួនរបស់អង់គ្លេស អឺរ៉ុបនៅមានសមាជិក ២៧ប្រទេសទៀត ហើយដើម្បីសម្រេចអ្វីមួយ អឺរ៉ុបត្រូវការកុងសង់ស៊ុសពីគ្រប់ប្រទេសសមាជិកទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ