អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេលដែលលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គ្រោងជួបទាំងលំបាក ក្នុងជាន់ថ្នាក់កំពូល ជាមួយ សមភាគីអាមេរិកាំង លោក ដូណាល់ ត្រាំ និង មានសង្ឃឹមតិចណាស់ ដើម្បីឲ្យបស្ចិមលោក ខ័ណ្ឌបញ្ចប់ ទណ្ឌកម្ម ប្រឆាំងមូស្គូ ចំណែករូបគាត់ផ្ទាល់ ត្រូវមតិភាគច្រើននៅលោកខាងលិច ចាត់ទុកជា បុគ្គលដែលគេមិនចូលចិត្ត ការប្រកួតបាល់ទាត់ដើម្បីពានរង្វាន់ពិភពលោក ដែលរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះទទួល ពីថ្ងៃ ១៤ មិថុនា ដល់ ១៥ កក្កដា គឺមានន័យជា ការស្វាគមន៍មកកាន់ប្រទេសគាត់។

សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី
សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់លោកពូទីន ការចាត់ចែងព្រឹត្តិការណ៍ពិភពលោកនេះ គឺជាការបញ្ជូនទៅកាន់ពិភពលោក និង ប្រជាជនរុស្ស៊ីផ្ទាល់ នូវសារជាទីគាប់ចិត្ត ពីព្រោះទោះបីបស្ចិមលោកខំប្រឹងប្រែងចាប់ហ្វ្រាំង ទប់ យ៉ាងណាក្តី ក៏ ប្រទេសរុស្ស៊ី នៅតែសម្រេចបានជ័យជំនះ ហើយមានឥទ្ធិពលឡើងវិញ លើក្រឡាដែល តម្រៀបទុកជាស្រេច ក្នុងលោក។ តាមមតិ លោក Serguei Medvedev សាស្ត្រាចារ្យនៃ សាលាសេដ្ឋកិច្ចជាន់ខ្ពស់ក្រុងមូស្គូ សម្រាប់លោកប្រធានាធិបតីពូទីន ការចាត់ចែងបានដូចចិត្តជា World Cup-២០១៨ គឺសឲ្យឃើញពី បរាជ័យ នៃទណ្ឌកម្មនិងការខំខ្នះខ្នែងរបស់បស្ចិមលោក ដើម្បី បង្ខាំងរុស្ស៊ីឲ្យនៅឯកោលើឆាកអន្តរជាតិ ដ្បិត ចង់ ឬ មិនចង់ នៅតែមាន ទស្សនិកជនពីគ្រប់ទិសទីលើផែនដី មកមើលដោយផ្ទាល់ភ្នែក ការប្រកួតដើម្បី ដណ្តើមពានរង្វាន់ពិភពលោក។

ទណ្ឌកម្មនោះ ត្រូវបានបស្ចិមលោក ដាក់ទល់នឹងមូស្គូភ្លាមភ្លែត ក្រោយពី រុស្ស៊ី បានភ្ជាប់យកទឹកដីគ្រីមេ ក្នុងឆ្នាំ ២០១៤ ដោយផ្តាច់វាចេញពីរដ្ឋអ៊ុយក្រែន។ ការប្រកួតដើម្បីពានរង្វាន់ពិភពលោកខាងបាល់ទាត់ ដែលបានចាប់ផ្តើមថ្ងៃ ១៤ មិថុនា ហើយដែលនឹង ពន្យារទៅ រហូតដល់ថ្ងៃ ១៥ កក្កដា នៅលើដែនដីរុស្ស៊ី គឺជាតឹកតាងថ្មី ដែលថា ការប៉ុនប៉ងបស្ចិមលោក បង្ខាំងប្រទេសរុស្ស៊ី ឲ្យនៅឯកោ បានធ្លាក់ក្នុងបរាជ័យទៅហើយ យោបល់នេះ លើកឡើងពេលថ្មីៗ ដោយ តំណាងជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី ក្នុងលក្ខណៈអនាមិក ទាំងចំអកឲ្យថា បើការបង្ខាំងឲ្យនៅឯកោ គឺយ៉ាងនេះទេតើ នោះ យើងស្គាល់ហើយ រសជាតិវា។

មុខមាត់ប្រទេស

លើទំព័រកាសែត Sobesednik អ្នកនិពន្ធដៀលត្មះ លោក Dmitri Bykov បានគូសបញ្ជាក់ពេលថ្មីៗថា លោកពូទីនត្រូវការឲ្យមុខមាត់គាត់បានត្រដែតលើឆាកអន្តរជាតិ ហើយអ្វីដែលគាត់បានធ្វើ គឺនៅតាម ទិសដៅនេះ។ អ្នកនិពន្ធនេះ បន្ថែមថា លោកពូទីនចង់ឲ្យគេនិយាយពីរុស្ស៊ី ដូចក្នុងសម័យសូវៀត គេតែង និយាយអំពីការលេង Hoskey លើទឹកកក រង្វង់ឆ្នាំ ១៩៩០ អញ្ចឹង។ កាលណោះ ក្រុម Hockey សូវៀត ត្រូវគេឲ្យឈ្មោះថា “មហាម៉ាស៊ីនក្រហម“ ដែលនរណាក៏ខ្លាចដែរ ប៉ុន្តែធ្វើឲ្យគេស្ងើច។ ពូទីនមិនចង់ឲ្យគេស្រឡាញ់យើងឡើយ។

ប៉ុន្មានខែចុងក្រោយ បណ្តាតំណាងរដ្ឋាភិបាល នាំគ្នាត្អូញត្អែរ អំពីការឃុបឃិតបស្ចិមលោក ដែលតម្រង់ មកបន្តុះបង្អាប់បង្ខូចឈ្មោះ World Cup-២០១៨ នៅរុស្ស៊ី មកពីការចោទប្រកាន់ដែលបញ្ឆេះឡើងដោយ ភាពតានតឹងជាមួយក្រុងឡុងដ៏ ក្រោយពីមានការប៉ុនប៉ងធ្វើឃាតអតីតភ្នាក់ងារឈ្លបការណ៍រុស្ស៊ី ដែលតែង បាន លួចយកការណ៍ឲ្យអង់គ្លេស គឺ លោក Serguei Skripal ការបំពុលរូបគាត់បានប្រព្រឹត្តទៅក្នុងតំបន់ ខាងត្បូងអង់គ្លេស កាលពីដើមខែមិនាឆ្នាំនេះ។

ដោយយល់ថា លោកពូទីន ប្រើ World Cup-២០១៨ ដើម្បីកែឲ្យល្អឡើងមុខមាត់ប្រទេសរុស្ស៊ី ដូច Hitler បានប្រើកីឡាអូឡាំពិកឆ្នាំ១៩៣៦ នៅប្រទេសអាល្លឺម៉ង់ក្រោមរបប Nazi លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Boris Jonhson បានលើកយកមកបង្ហាញតឹកតាង លើកឡើងដោយរុស្ស៊ីថា បស្ចិមលោក មានចេតនាខ្ជីខ្ជា ចំពោះមហាបុណ្យកីឡានៅរុស្ស៊ី។ ដរាបណាដែល រលកឃោសនាប្រឆាំងរុស្ស៊ី កាន់តែខ្លាំងក្លា ដរាបនោះមានមនុស្សកាន់តែច្រើនឡើង នឹងភ្ញាក់ផ្អើលពុំខាន ពេលគេមកឃើញការប្រកួតនេះ ដែលគ្មានឯណា របងលួសបន្លានៅតាមកីឡាដ្ឋាន សេចក្តីនេះ ថ្លែងដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី។

រំអុកដោយ ភាពធំសំបើម

ការភ្ជាប់យកទឹកដីគ្រីមេ ក្នុងឆ្នាំ ២០១៤ និងការគាំទ្រដល់ពួកផ្តាច់ទឹកដីរុស្ស៊ីនិយមនៅតំបន់ ដុនបាស់ បែកខាងកើតអ៊ុយក្រែន អន្តរាគមន៍ទៅក្នុងជម្លោះនៅស៊ីរី ដោយស្ថិតនៅខាងប្រធានាធិបតី អាសាដ ការជាប់ក្នុងក្តីមន្ទិលសង្ស័យថាបានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតី នៅសរអា ឆ្នាំ ២០១៦ អស់ទាំងនេះ បានធ្វើឲ្យរុស្ស៊ីបាក់មុខបាក់មាត់ ទោះបីមូស្គូ បានទទួលក្នុងឆ្នាំ ២០១០ នូវសិទ្ធិ សម្រាប់ ចាត់ចែង ការប្រកួតកីឡាបាល់ទាត់ពិភពលោកលើកនេះ ក៏ដោយ។

ពួកមន្ត្រីទទួលខុសត្រូវនៃលោកខាងលិច បានទាមទារ ឲ្យដកការប្រកួតនេះ ចេញពីប្រទេសរុស្ស៊ី ប៉ុន្តែ មិន សម្រេចដូចចិត្ត។ រុស្ស៊ីក៏ជាប់ចោទក្នុងការអនុវត្តន៍ ប្រព័ន្ធប្រើថ្នាំលើកកម្លាំងពួកអ្នកកីឡាខ្លួន ពេល ចាត់ចែង កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៤ នៅក្រុង Sotchi ។ មួយថ្ងៃមុនបើកការប្រកួត World Cup-២០១៨ លោកប្រធានាធិបតីពូទីន បានសំដែងអំណរគុណ ទៅ កាន់ សហព័ន្ធអន្តរជាតិនៃសមាគមន៍បាល់ទាត់ជាតិ FIFA ចំពោះការមិនលាយឡំ កីឡា ទៅនឹង នយោបាយ។ ក្នុងអង្គសមាជរបស់សហព័ន្ធអន្តរជាតិនេះ នៅក្រុងមូស្គូ លោកពូទីន សង្កត់ធ្ងន់ថា ខ្ញុំចង់កត់សម្គាល់ជាពិសេស ពី ភក្តីភាព FIFA ចំពោះ គោលការណ៍ដែលថា កីឡា ស្ថិតនៅក្រៅ នយោបាយ។

តាមអ្នកនយោបាយវិទូ Andrei Kolesnikov មានអ្នកស្រុករុស្ស៊ីតិចណាស់ ដែលសង្ឃឹមថា World Cup-២០១៨ នឹងជួយផ្លាស់ប្តូរមុខមាត់ប្រទេសខ្លួន ពីព្រោះមុខមាត់នេះ បានរងធាតុពុលហួសហេតុទៅហើយ។ ក៏ប៉ុន្តែ World Cup-២០១៨ គឺស៊ីគ្នាយ៉ាងល្អ ជាមួយនឹងអាទិភាពមួយ នៃអាណត្តិទី៤ របស់លោកពូទីន ដែលជាប់ឆ្នោតជាថ្មី កាលពីខែមិនាកន្លងទៅ ដែលនៅទីបំផុតគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ។ កីឡាដ្ឋានថ្មីៗមានសង់ឡើង Stades ផ្លូវថ្នល់ ទីក្រុងបែបយ៉ាងមូស្គូ ក៏ដូចជាបណ្តាញផ្លូវដែក សុទ្ធតែ ត្រូវបានកែឲ្យទំនើប។ ប្រាកដណាស់ដែលលោកពូទីន ចង់បន្សល់ទុកស្នាមរបស់គាត់។ គាត់រំអុកដោយភាពធំសំបើម នេះជា យោបល់លោក Serguei Medvedev សាស្ត្រាចារ្យនៃ សាលាសេដ្ខកិច្ចជាន់ខ្ពស់ក្រុងមូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ