អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រកួតបាល់ទាត់ពិភពលោក ដែលបានប្រព្រឹត្តទៅ ជិត១ ខែហើយ ក្នុងប្រទេសរុស្ស៊ី ជា ប្រទេសម្ចាស់ផ្ទះ ឈានដល់ដំណាក់ផ្តាច់ព្រ័ត្រ ដោយថ្ងៃសៅរ៍ ទី ១៤ កក្កដា នៅឯកីឡាដ្ឋាន ក្រុង Saint-Petersbourg ក្រុមជម្រើសបែលហ្ស៊ិក នឹងជល់ជាមួយ ក្រុមជម្រើសអង់គ្លេស ដើម្បីប្រកួត ទទួល មេដាយសំរឹទ្ធ ហើយនៅថ្ងៃអាទិត្យទី ១៥ កក្កដា ជានាទីកំពូលនៃ World Cup-2018 គឺនៅពហុកីឡាដ្ឋាន រដ្ឋធានីមូស្គូតែម្តង ដែលត្រូវតទល់គ្នា រវាង ក្រុមជម្រើសបារាំង និង ក្រុមជម្រើសក្រូអាស៊ី ដើម្បីវែកញែក ឲ្យ ឃើញ សខ្មៅ តើនរណាដែលនឹងដណ្តើមបាន ពានរង្វាន់ពិភពលោក ​ឬ​មេដាយមាស និង តើនរណា ដែលទទួល បានមេដាយប្រាក់។ ជាការកត់សម្គាល់ សម្រាប់ក្រូអាស៊ីដែលមានបណ្តាជនតែ ៤ លាន ២ សែននាក់ ជា អតីតសាធារណរដ្ឋមួយ នៃអតីតសហព័ន្ធយូហ្គោស្លាវី គឺជាលើកទី១ ក្នុងប្រវត្តិខ្លួន ដែលចេះ ឈានដល់ វគ្គផ្តាច់ព្រ័ត្រ ខុសពី បារាំង ដែលធ្លាប់ជាជើងឯកពិភពលោក ឆ្នាំ ១៩៩៨ និង ជាជើងឯកអឺរ៉ុប ពីរលើកទៅផង ក្នុងឆ្នាំ ១៩៨៤ និង ឆ្នាំ ២០០០។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលបានអញ្ជើញ មកទស្សនា ដោយផ្ទាល់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងបារាំងនិង បែលហ្ស៊ីក កាលពីថ្ងៃ ១០ កក្កដា ក៏ នឹងវត្តមានជាថ្មី ក្នុងវគ្គផ្តាច់ព្រ័ត្តថ្ងៃមុខ ហើយតាមវិមានក្រេមឡាំងប្រកាសឲ្យដឹង ពេលនោះ មានគ្រោង ប្រព្រឹត្តទៅ ជំនួបរបស់គាត់ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ពហុកីឡាដ្ឋានជាតិ Loujniki ក្នុង​ទីក្រុង​មូស្កូ ប្រទេស​រុស្ស៊ី
ពហុកីឡាដ្ឋានជាតិ Loujniki ក្នុង​ទីក្រុង​មូស្កូ ប្រទេស​រុស្ស៊ី Centre de presse du gouvernement russe à Moscou/wikimedia.org
ផ្សាយពាណិជ្ជកម្ម

គេសង្កេតឃើញថា ដូចប្រធានាធិបតីបារាំងអញ្ចឹង មានថ្នាក់ដឹកនាំប្រទេសមួយចំនួន បានអញ្ជើញ មកមានមុខដោយផ្ទាល់ នៅតាមកីឡាដ្ឋាន នៃក្រុងរុស្ស៊ីប្លែកៗ ជាទីដែលក្រុមជម្រើសបាល់ទាត់ប្រទេសគេ ចូលរួមប្រកួត បែបយ៉ាង ព្រះចៅអារ៉ាប៊ីសាអ៊ូឌីត ស្តេចអេស្ប៉ាញ ប្រធានាធិបតិព័រទុយហ្កាល់ ប្រធានាធិបតី សេណេហ្កាល់ ប្រធានាធិបតីនីហ្សេរីយ៉ា ព្រះអង្គម្ចាស់ក្សត្រីជប៉ុន ចំណែក លោកស្រីប្រធានាធិបតីក្រូអាស៊ី បានវត្តមានដល់ទៅពីរលើក ក្នុងវគ្គ ១ភាគ៨ ផង ក្នុងវគ្គ ១ភាគ៤ ផង ជាទីដែលក្រុមប្រទេសគាត់ទាត់ ឈ្នះ រុស្ស៊ី ហើយឈានដល់ដំណាក់ ពាក់កណ្តាលផ្តាច់ព្រ័ត្រ បើគិតក្នុង ២៨ ឆ្នាំចុងក្រោយ រួចនៅពេល ដែល លោកស្រីប្រធានាធិបតីនេះ ជាប់ដៃចូលរួមក្នុងកិច្ចប្រជុំកំពូល បក្សសម្ព័ន្ធអូតង់ នៅក្រុងព្រុចសែលថ្ងៃ ១១ កក្កដា គឺ លោកនាយករដ្ឋមន្ត្រីគាត់ ដែលបានវត្តមាន ដើម្បីគាំទ្រ ដល់ ក្រុមជម្រើសជាតិខ្លួន ហើយ ការគាំទ្រ នេះ ហុចមកនូវផ្លែផ្កាដូចចិត្តមែន ដោយ ក្រូអាស៊ីទាត់ឈ្នះ អង់គ្លេស ២ ទល់នឹង ១ រួច ឈាន បានដល់ ដំណាក់ផ្តាច់ព្រ័ត្រ តែម្តង ជាលើកទីដំបូងបង្អស់ ដើម្បីទៅជល់នឹងបារាំងនៅថ្ងៃ ១៥ កក្កដា។

ដោយដឹងគុណរុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះទទួលគេសែនរាក់ទាក់ ពួកអ្នកគាំទ្រជាតិក្រូអាស៊ី រាប់ពាន់នាក់ បាន ចងសន្ធឹង ផ្ទាំងបដាប្រវែងដល់ទៅ ៥០ ម៉ែត្រ សរសេរដោយអក្សរធំៗថា “ សូមអរគុណប្រទេសរុស្ស៊ី “ នៅ ពីលើ ទីលានដែលមានឈ្មោះថា “ ទីលានវិជ័យ “ រួចបន្ទាប់មក ពួកគេបានយាត្រាជារលកខ្មួលខ្មាញ់ ទាំង ជ្រោងលើកឡើងផ្ទាំងបដានេះ នៅតាមមហាវិថីក្រុងមូស្គូ។ ខុសពី ក្រុងឡុងដ្រ៏ ដែលរវល់តែខ្មោចចូលក្នុងរឿងចោទរុស្ស៊ី ថាបំពុលអ្នកស្រុកអង់គ្លេស ដោយធាតុពុល គីមី ឈ្មោះ Novitchok ជាថ្មីទៀត ហើយ ធ្វើសោះអង្គើយនឹងជោគជ័យក្រុមជម្រើសខ្លួនដែល ជាលើក ទី១ ចេះឈានដល់វគ្គពាក់កណ្តាលកផ្តាច់ព្រ័ត្រ គិតតាំងពីឆ្នាំ ១៩៩០ មក ពួកអ្នកគាំទ្រអង់គ្លេសលើកនេះ មានគ្នា ដល់ទៅ ១០.០០ នាក់ គឺ ៥ ដងច្រើនជាងកាលពីប៉ុន្មានថ្ងៃមុន ខំធ្វើដំណើរមកគាំទ្រ ក្រុមបាល់ ទាត់ខ្លួន ហើយតាមសំដីគេ ក្នុង៣ខែចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស តែងនិយាយអាក្រក់ គ្មាន ឈប់អំពី ប្រទេសរុស្ស៊ី ដែលក្រោយពីពួកគេមកឃើញនឹងភ្នែកផ្ទាល់ គឺផ្ទុយស្រឡះនឹងអ្វីៗដែលគេតែង បានឮ នៅឯ ស្រុកគេ។

គួរនិយាយថា ដោយផ្គើនឲ្យការចោទប្រកាន់ដែលនាំឲ្យធុញទ្រាន់ទៅហើយ ពី ខាងក្រុងឡុងដ្រ៏ នៅតាម Bar រុស្ស៊ី មានឆ្នៃជា Cocktail ក្រោមឈ្មោះថា Novitchok នោះឯង ពេញនិយម ដោយ ពួកអ្នកគាំទ្រ មកពីប្រទេសប្លែកៗ។ ជាការកត់សម្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តលើកនេះ ធ្លាក់ខ្លួនអភ័ព្វ មិនអាចចូលរួមទេ គឺ ក្រុមជម្រើសដ៏ ល្បីៗ មកពី ទ្វីបអាមេរិកឡាទីន បែបយ៉ាង ក្រុមប្រេស៊ីលជាជើងឯកពិភពលោក ដល់ទៅ ៥ ដង អាហ្សង់ទីន ជើងឯកពិភពលោក ២ ដង ជើងឯកអូឡាំពិក ២ដង និងទទួលបានពានរង្វាន់ទ្វីបអាមេរិក ១៤ ដង អ៊ុយរុយហ្កាយ ជើងឯកពិភពលោក ២ ដង ជើងឯកអូឡាំពិក ២ ដង និងបានពានរង្វាន់ទ្វីបអាមេរិក ១៥ ដង ។ បើនិយាយពី អឺរ៉ុប គួរឲ្យតូចចិត្តរកលេខដាក់គ្មាន គឺក្រុមជម្រើសអាល្លឺម៉ង់ ជាជើងឯកពិភព លោក ដល់ទៅ ៤ ដង លើកចុងក្រោយគឺនៅប្រេស៊ីល ៤ ឆ្នាំមុន និង ជើងឯកអឺរ៉ុប ៣ ដង ប៉ុន្តែក្នុងការ ប្រកួត លើកនេះ បែរទៅជាមិនអាចចេញរួចពីពូលរបស់ខ្លួន ទៅកាន់វគ្គ ១ភាគ៨ ទៅផង។

រីឯ ក្នុងចំណោម ក្រុម ជម្រើសពីរ ដែលឆើតជាងគេនៃទ្វីបអាស៊ី គឺ កូរ៉េខាងត្បូង និង ជប៉ុន មានតែជប៉ុន ដែលចេះឈានបាន ដល់ វគ្គ ១ ភាគ ៨។ ពីខាងទ្វីបអាហ្វ្រិក សេណេហ្កាល់ នីហ្ស៊េរីយ៉ា ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប មិនបាន ឈាន ដល់វគ្គ ១ ភាគ ៨ ផ្តាច់ព្រ័ត្រទៅផង។ ករណីរុស្ស៊ី បើមុនការចាប់ផ្តើម World Cup លើកនេះ ក្រុមជម្រើសរុស្ស៊ី ត្រូវបាន សហព័ន្ធអន្តរជាតិនៃ សមាគមន៍បាល់ទាត់ជាតិ ហៅថា FIFA ផ្តល់ឲ្យក្នុង លំដាប់ថ្នាក់ទី ៧០ ពីក្នុងចំណោម ២១១ ក្រុមជម្រើស លើពិភពលោក នោះ ក្រោយពីរុស្ស៊ី ចេះដណ្តើមបាន ជ័យជំនះជាបន្តបន្ទាប់រហូតដល់ចូល ប្រកួតក្នុង ដំណាក់ ១ ភាគ៤ ផ្តាច់ព្រ័ត្រ លំដាប់ថ្នាក់នេះ ត្រូវបាន FIFA ដំឡើងពី លេខទី ៧០ រហូតឡើងដល់ទី ៣០ ទៅហើយ។ អំពីទំហំប្រាក់រង្វាន់ ដែល FIFA នឹងផ្តល់ឲ្យក្រុមជម្រើសទាំង ៣២ ដែលបានចូលប្រកួតតាំងពីដើមទី។ តាម កាណាល់ Sport-24 ទឹកប្រាក់សរុប គឺ ៤០០ លានដុល្លារ ឬ ៤២ លានដុល្លារច្រើនជាង ៤ឆ្នាំ មុន។ លើក នេះ ក្រុមជើងឯកនឹងទទួលបាន ៣៨ លានដុល្លារ។ ក្រុមជម្រើសនីមួយៗ នឹងទទួលបាន ១ លានដុល្លារ។ ព្រមជាមួយនេះ តាមដែល Associated Press ផ្សាយ ពួកអ្នកទាត់បាល់នៃក្រុមជម្រើសមកពីទ្វីបអាហ្វ្រិក ពោលគឺ អេហ្ស៊ីប ទុយនីស៊ី សេណេហ្កាល់ នីហ្ស៊េរីយ៉ា ម៉ារ៉ុក នឹងទទួលពី FIFA មួយក្រុមៗ គឺ ២ លាន ដុល្លារ។

ក្រុមណាដែលចេះទាត់បានចេញពី ពូលខ្លួន ទទួល ៤ លានដុល្លារបន្ថែមទៀត និង ៤ លានដុល្លារ ទៀត ពេលឈានឡើងដល់មួយដំណាក់ថ្មីទៀត។ ជាការប្រៀបធៀប ក្នុង World Cup-2014 នៅប្រេស៊ីល ក្រុមជម្រើសអាល្លឺម៉ង់ ដែលចេះដណ្តើមបាន ពានរង្វាន់ពិភពលោក បានទទួលពី FIFA គឺ ៣៥ លានដុល្លារ ហើយក្រុមអាហ្សង់ទីន ដែលជាប់លេខ២ បាន ទទួល ២៥ លានដុល្លារ ចំណែក ក្រុមហូឡង់ ដែលជាប់លេខ៣ បានទទួល ២២ លានដុល្លារ។ ថ្ងៃសៅរ៍ ទី១៤ កក្កដា ការប្រកួតដើម្បីដណ្តើមមេដាយសំរឹទ្ធ នឹងប្រព្រឹត្តទៅ នៅកីឡាដ្ឋានក្រុង Saint-Petersbourg ចំណុះទស្សនិកជន បាន ៦៧.០០០​ នាក់។ រួចថ្ងៃ ១៥ កក្កដា ជាថ្ងៃបិទបញ្ចប់ World Cup-2018 ការ ប្រកួតនឹងប្រព្រឹត្តទៅ នៅពហុកីឡាដ្ឋានរដ្ឋធានីមូស្គូតែម្តង ដែលចំណុះទស្សនិកជន បាន ៨១.០០០ នាក់ ហើយដែលសំបុត្រចូលមើល ថ្លៃជាផ្លូវការគឺ ៤៥៥ ដុល្លារ សម្រាប់ជនបរទេស និង ១១៨ ដុល្លារ សម្រាប់ ពលរដ្ឋរុស្ស៊ី ជា ម្ចាស់ផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ