តើអាមេរិកពិតជាហ៊ានដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៨
នៅថ្ងៃចន្ទទី ១០កញ្ញា អាមេរិកតាមរយៈទីប្រឹក្សាសន្តិសុខជាតិ លោកចន បុលតុន បានគំរាមដាក់ទណ្ឌកម្មតុលាការព្រហ្មទណ្ឌអន្តរជាតិ បើសិន តុលាការអន្តរជាតិ ICC ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ហ៊ានចាត់វិធានការផ្លូវច្បាប់ប្រឆាំងជនជាតិ អាមេរិក ឬ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ពាក្យគំរាមកំហែងរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ បានលឺឡើង នៅក្នុងពេលលោកបុលតុន និយាយពីការការពាររដ្ឋធម្មនុញ្ញ ហើយនិងអធិបតេយ្យភាពរបស់អាមេរិកពីការគំរាមកំហែងពីខាងក្រៅ។ ហេតុអ្វី បានជាអាមេរិកគំរាមសម្លុត ដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលនេះ?
សម្រាប់កាសែតក្នុងស្រុកអាមេរិក ដូចជា Washington Post ពាក្យសម្លុតគំរាមរបស់លោកចន បុលតុន ទៅលើស្ថាប័នតុលាការអន្តរជាតិ ICC នៅទីក្រុងឡាអេ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ លោកចន បុលតុន ជាសត្រូវសួរពូជ ប្រឆាំងដាច់ខាតនឹងវត្តមានរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ តាំងពីថ្ងៃដែលគេបង្កើតតុលាការនេះម្ល៉េះ គឺកាលពីឆ្នាំ ២០០២។ កាលណោះ លោកចន បុលតុនស្កប់ចិត្តមែនទែន នៅពេលរដ្ឋបាល លោកប៊ូស ដែលលោកធ្លាប់បានចូលរួមធ្វើការជាមួយ បានបដិសេធមិនផ្តល់សច្ចាប័ន ចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
តាំងពីដើមរៀងមក អាមេរិក ហើយនិងតុលាការព្រហ្មទណ្ឌអន្តរជាតិមានទំនាក់ទំនងដ៏ស្មុគស្មាញនឹងគ្នា។ នៅឆ្នាំ ២០០២ រដ្ឋបាលរបស់លោកប៊ូស ដែលទើបបើកសង្រ្គាមនៅ ទឹកដីអាហ្វហ្កានីស្ថាន នៅឆ្នាំ ២០០១ បានសម្រេចចិត្តមិនចូលរួមក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសារតែបារម្ភ ខ្លាចថា ទាហានអាមេរិកាំង ដែលធ្វើប្រតិបត្តិការនៅអាហ្វហ្កានីស្ថាន ត្រូវជាប់ក្នុងសំណាញ់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមាននាទី បើកការជំនុំជម្រះលើឧក្រិដ្ឋជនសង្រ្គាម អ្នកទទួលខុសត្រូវលើការសម្លាប់ប្រល័យពូជសាសន៍ជាដើម។
ការបារម្ភរបស់រដ្ឋាភិបាលអាមេរិកបានកើតមានពិតមែន ព្រោះថា កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី អេហ្វាទូ បេនសូដាបានថ្លែងថា មានមូលដ្ឋានជាក់លាក់ ដែលធ្វើឲ្យគេជឿថា មានឧក្រិដ្ឋកម្មសង្រ្គាម កើតឡើងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ លោកស្រីរដ្ឋអាជ្ញា បានដាក់ពាក្យស្នើសុំឲ្យតុលាការបើកការស៊ើបអង្កេត មួយ នៅបន្ទាប់ពីរបាយការណ៍ប្រចាំឆ្នាំ ដែលលោកស្រីបានដឹកនាំធ្វើ រកឃើញថា ទាហានអាមេរិក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA ពួកឧទ្ទាមតាលីបង់ និងទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ជាជនដៃដល់ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើអ្នកទោស នៅក្នុងទឹកដីអាហ្វហ្កានីស្ថាន។
កន្លងមក អាមេរិកធ្លាប់បានទាត់ចោលមិនទទួលស្គាល់របាយការណ៍ និងសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ នេះជាលើកទី១ ដែលអាមេរិក តាមរយៈ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ បាននិយាយសម្លុតដាក់ទណ្ឌកម្មលើតុលាការ ព្រហ្មទណ្ឌអន្តរជាតិ។ សម្រាប់លោកបុលតុន តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការដែលមិនស្របច្បាប់ និងដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខជាតិអាមេរិក។ គេវាយតម្លៃថា លោកចន បុលតុ បាននិយាយរិះគន់ប្រព័ន្ធតុលាការអន្តរជាតិនៅពេលនេះ ដោយសារតែហេតុផលសំខាន់ពីរ។ ទី១ គឺការស្នើសុំរបស់រដ្ឋអាជ្ញាដែលចង់ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើករណីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចមានជាប់ពាក់ព័ន្ធទាហានអាមេរិក។ ទី២ គឺករណីដែលប៉ាឡេស្ទីន គ្រោងនឹងដាក់ពាក្យប្តឹងអ៊ីស្រាអែល ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងតំបន់ត្រួតត្រារបស់អ៊ីស្រាអែល នៅជេរូសាឡឹមខាងកើត។
នៅក្នុងវេទិការបស់ក្រុមអ្នកច្បាប់ កាលពីថ្ងៃចន្ទ លោកចន បុលតុនបានថ្លែងថា អាមេរិកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងប្រជាជនរបស់ប្រទេសសម្ព័ន្ធមិត្ត ទល់នឹងការប្តឹងដ៏អយុត្តិធម៌របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ក្រៅតែពីគំរាមមិនសហការ មិនផ្តល់ជំនួយដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោកចន បុលតុន ដែលចិញ្ចឹមចិត្តស្អប់ ប្រឆាំងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅបានគំរាមចាប់ខ្លួនក្នុងទឹកដីអាមេរិក ហើយនិងបង្កកទ្រព្យសម្បត្តិរបស់ រាល់មន្រ្តីតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុមហ៊ុន ឬអង្គការ សមាគមទាំងឡាយណាដែលសហការជាមួយ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងដំណើរការស៊ើបអង្កេតប្រឆាំងនឹងកងទ័ពអាមេរិក។ ការបញ្ជាក់គំាំទ្រជំហររបស់លោកចន បុលតុន ពីសំណាក់អ្នកនាំពាក្យរបស់សេតវិមាន នៅថ្ងៃចន្ទបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ ពីជំហរ ជាតិនិយម និងការពារផលប្រយោជន៍អាមេរិកមុនគេបង្អស់របស់លោកដូណាល់ ត្រាំ។
នៅថ្ងៃចន្ទ ប្រធានផ្នែកច្បាប់របស់អង្គការការពារសិទ្ធិមនុស្ស Human Rights Watchបាននិយាយប្រាប់ទីភ្នាក់ងារបារាំង AFP ថា ប្រសាសន៍របស់លោកចន បុលតុនបានស្តែងឲ្យឃើញពីព្រងើយកន្តើយ មិនគោរពដល់ជនរងគ្រោះដោយសារឧក្រិដ្ឋកម្ម សម្លាប់មនុស្សរង្គាល។ តាមមន្រ្តីរបស់អង្គការ Human Rights Watch សំដីរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបង្ហាញឲ្យគេដឹងផងដែរថា អាមេរិកការពារក្រុមរំលោភសិទ្ធិមនុស្ស ជាជាងគាំទ្រតុលាការអន្តរជាតិ ដែលអព្យាក្រឹត្យ។
ចង់ ឬមិនចង់ ពាក្យគំរាមកំហែងចង់ដាក់ទណ្ឌកម្មពីសំណាក់អាមេរិក កំពុងធ្វើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិរងការដាក់សម្ពាធកាន់តែខ្លាំង។ កន្លងមក តុលាការICC ត្រូវបានគេចោទប្រកាន់ថា ធ្វើសកម្មភាព ចាប់កំហុសតែប្រទេសក្រីក្រ ជាពិសេស ប្រទេសនៅតំបន់អាហ្វ្រិកតែប៉ុណ្ណោះ។ នៅពេលរដ្ឋអាជ្ញាប្រកាសថា បានដាក់ពាក្យស្នើឲ្យតុលាការបើកការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន ដែលអាចមានទាហានអាមេរិក ជាប់ពាក់ព័ន្ធ តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ បានទទួលការកោតសរសើរមកវិញ ក្នុងហេតុផលថា តុលាការមិនមែនមានអំណាចកាត់ទោសតែប្រទេសតូចតាច ក្រីក្រតែប៉ុណ្ណោះទេ ប៉ុន្តែ អាចរករឿង ស៊ើបអង្កេត បើកសវនាការប្រឆាំង នឹងប្រទេសមហាអំណាច ដូចជាអាមេរិកផងដែរ។ តើតុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវសម្រេចចិត្តយ៉ាងណា? ម្ខាងដើម្បីកេរ្តិ៍ឈ្មោះ និងធានាអព្យាក្រឹត្យ ផ្តល់យុត្តិធម៌ ក្នុងនាមជាតុលាការអន្តរជាតិ និងម្ខាងទៀត ត្រូវរងប្រឈមនឹងការដាក់ទណ្ឌកម្ម ពិន័យពីអាមេរិកដែលជាមហាអំណាចធំជាងគេលើលោក។ បើសិនតុលាការICC សុខចិត្តចុះចាញ់តាមការសម្លុតគំរាម របស់អាមេរិក ពោលគឺលះបង់ចោលការស៊ើបអង្កេតប្រឆាំងនឹងទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន នោះ ហើយជាទីអវសានទាំងស្រុងរបស់តុលាការ ដែលជា ក្តីប៉ងប្រាថ្នារបស់លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីជាតិនិយមអាមេរិក លោកដូណាល់ ត្រាំ។ ប៉ុន្តែ នៅថ្ងៃ ចន្ទ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ខ្លួនអនុវត្តទៅតាមតែនីតិវិធីច្បាប់ ដែលមានចែងនៅក្នុងសន្ធិសញ្ញាក្រុងរ៉ូមតែប៉ុណ្ណោះ និងថា តុលាការនៅតែបន្តការស៊ើបអង្កេត ដោយឯករាជ្យ និងមិនលំអៀង ដោយមិនព្រមចុះញ៉ម ចុះចាញ់នឹងការគំរាមកំហែងពីភាគីណាមួយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ