អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​កម្ពុជា​អាច​ធ្វើអ្វី​​បាន​ខ្លះ​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ជា​អតិបរមា​ បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធEBA ​ពី​សហភាព​អឺរ៉ុប?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ដែល​សារពត៌មាន​ទាំង​ក្នុង​ស្រុក និង​បរទេស​ ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាពអឺរ៉ុប ហើយ​ថាតើ​កម្ពុជាអាច​នឹង​រង​ផល​ប៉ះពាល់​អ្វី​ខ្លះ​ពី​បញ្ហា​ប្រព័ន្ធ​​អនុគ្រោះពន្ធ​EBA គេ​ហាក់​មើលមិន​សូវ​ឃើញ​ពី​របាយការណ៍ ឬ​បទ​វិភាគដែល​​ពាក់ព័ន្ធចំពោះ​អ្វី​ដែល​កម្ពុជា​​អាចផ្លាស់ប្ដូរ​ខ្លួន​បាន​ ក្នុង​បរិបទសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអតិបរមា បើ​សិន​អ្វី​ដែល​សហភាពអឺរ៉ុបគំរាមបាន​​ក្លាយ​ជា​ការពិតមែន​នោះ។

កម្មការនីកាត់ដេរ
កម្មការនីកាត់ដេរ @សហការី
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​​រវាង​​កម្ពុជា​និង​​សហភាពអឺរ៉ុប​

សម្រាប់​ពេល​បច្ចុប្បន្ន​ កម្ពុជា​នាំចេញ​ទំនិញ​ ទៅកាន់​ទីផ្សារ​ធំបំផុត​ទីមួយរបស់​ពិភពលោក​ គឺ​សហភាពអឺរ៉ុប ក្នុង​ទំហំទឹកប្រាក់​ប្រមាណ ៥,៨ពាន់លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើ​​ជាង ៤០ភាគរយ ធៀប​នឹង​ចំណូល​ជាតិ​សរុបរបស់​ប្រទេស​កម្ពុជា។​

យោង​តាម​អ្នក​ជំនាញសេដ្ឋកិច្ច ការ​ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ​នាំចេញ​របស់​កម្ពុជា​ដែល​ហៅ​កាត់ថា EBA (Everything But Arms​) ឬ​ជា​ភាសាខ្មែរ “អ្វី​ៗ​ទាំងអស់​លើក​លែង​អាវុធ” បើ​សិន​ជា​វាអាច​កើត​ឡើង​មែននោះ​ ស្ថានភាពអាច​រុញច្រាន​​ឱ្យ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏ក្មេង​ខ្ចី​របស់​ប្រទេស​មួយ​នេះ​ មាន​ភាព​ផុយ​ស្រួយខ្លាំង។

ផល​ប៉ះពាល់​ភ្លាម​ៗ​គឺ ​សេដ្ឋកិច្ច​របស់កម្ពុជាអាច​ខាត​បង់​ទឹកប្រាក់​ប្រមាណ ៦០០ ទៅ​៧០០​ លានដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​វិស័យ​ដែល​រង​ផល​ប៉ះពាល់ដោយ​ផ្ទាល់​មុខ​គេ​​ រួម​មាន វិស័យកាត់ដេរ ការនាំ​ចេញស្ករ ម៉ាស៊ីនកិនស្រូវ និង​វិស័យ​កសិកម្ម​ផ្សេង​ទៀត​ដែល​មាន​ទំនិញ​នាំចេញទៅកាន់​ទីផ្សារអឺរ៉ុប។ ត្រឹម​តែ​វិស័យ​កាត់​ដេរ​មួយ វាតំណាង​ឱ្យ​ប្រមាណជាង ៧៤ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា។ ដូច្នេះ អាច​មានកម្មករ​រោងចក្រ​​ប្រមាណ ៨០ម៉ឺន​នាក់​ ដែលនឹង​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ខណៈវិស័យ​ផ្សេង​ៗទៀត ដូចជា វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ វិស័យ​ជួល​លំនៅដ្ឋាន ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​កម្មកររោង​ចក្រ និងគ្រួសារ​កម្ពុជា​យ៉ាង​ច្រើនដែល​ពឹង​ពាក់​លើ​សមាជិក​គ្រួសារ​ជាកម្មករ ក៏​នឹង​ត្រូវ​រងផលប៉ះពាល់​ផងដែរ ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល។

​ផល​អវិជ្ជមាន​ទាំង​នេះ​​អាច​រីករាលដាល​ដល់ភាព​ប្រកួត​ប្រជែង​ជារួម ដោយ​ទំនិញនាំ​ចេញ​​​របស់​កម្ពុជានឹង​មាន​តម្លៃ​ថ្លែ​ជាង​មុន​លើ​ទីផ្សារ​ពិភពលោក។ នៅទីបញ្ចប់​ អ្នក​ប្រើ​ប្រាស់​ និង​អ្នក​វិនិយោគ​អាចនឹង​ផ្លាស់ប្ដូរ​ទៅរក​ទីផ្សារថ្មី ពី​ប្រទេស​​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ជាង​កម្ពុជា អាច​ជាទីផ្សារវៀតណាម ឬ​បង់​ក្លា​ដែស។

យោង​តាម​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយស្វ័យ​ប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធEBAនេះ នៅអំឡុង​ឆ្នាំ ២០២១ ឬ ២០២៣ ដោយសារកម្ពុជាបានក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម។ យ៉ាងណា​មិញ ពីមុន​ពេល​នោះ​មកដល់ តើកម្ពុជាអាចធ្វើអ្វីបានខ្លះ តាម​ទ្រឹស្ដីសេដ្ឋកិច្ច ដើម្បីកាត់​បន្ថយ​ផល​ប៉ះពាល់ជាអតិបរមា បើគ្មានការអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប?

តាម​ទ្រឹស្ដីសេដ្ឋកិច្ច ​តើ​កម្ពុជា​អាច​ធ្វើ​អ្វីបាន​ខ្លះ​ដើម្បីប្រឈម​នឹង​បញ្ហា​នេះ?

ជម្រើស​ទីមួយ អាច​ធ្វើ​ឡើង ​ក្រោមរូបភាពនៃ​ការ​កាត់​បន្ថយ​ប្រាក់​ចំនេញ ​របស់​វិស័យ​ផ្សេង​ៗ​​ទាំងមូល។ ក៏ប៉ុ​ន្តែ បញ្ហា​នឹង​អាស្រ័យ​លើ​ប្រាក់​ចំនេញ​ប៉ុន្មាន​ដែល​គេ​អាច​កាត់​បន្ថយ ដើម្បីប៉ះប៉ូវ​ទំហំ​ទឹកប្រាក់​ដែល​ខាត​បង់ ​ដោយប្រព័ន្ធអនុគ្រោះពន្ធ និង​ថា​តើ​វិនិយោគគិន​​អាចទទួល​យក​បាន​ឬ​យ៉ាង​ណា ដោយ​សន្មត​ថា ​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​​ការ​ផលិត ​នៅ​ដដែល។

ជម្រើស​បន្ទាប់​ អាច​ធ្វើ​ឡើង ​ក្រោម​រូបភាព​នៃការបញ្ចុះ​ថ្លៃ​ដើម​នៃ​ការ​ផលិត ឬ​បង្កើន​ផលិតភាព​ តាម​រយៈការពង្រឹងស្ថាប័នសាធារណៈ បង្កើន​កម្រិតធនធានមនុស្ស កាត់​បន្ថយ​រនាំងរដ្ឋបាលមិនចាំបាច់ ការកាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​កម្មករ ឬ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​។ ក៏ប៉ុន្តែ ក្នុង​ពេលបច្ចុប្បន្ន កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ចំណាយ​​ថ្លៃដើមខ្ពស់​រួច​ទៅហើយ ដូច​ជាការ​ចំណាយ​លើ​អគ្គិសនី ធៀប​នឹង​ប្រទេស​ក្នុងតំបន់ ខណៈការ​បញ្ចុះប្រាក់​ឈ្នួលរបស់​កម្មករ​ទំនង​ជា​មិន​អាច​ទៅរួច​ទេ។ មួយវិញទៀត ទាក់ទងនឹង​ការ​ប្រើប្រាស់​ម៉ាស៊ី​ន​ស្វ័យ​ប្រវត្តិ បើ​ទោះ​ជាវា​អាច​បង្កើន​ផលិត​ភាព​ តែវា​ត្រូវ​ជំនួស​ដោយ​កម្លាំង​ពលកម្ម​មនុស្ស​ដែល​មាន​ស្រាប់ ហើយ​វាទាមទារ​ឱ្យ​មាន​​បុគ្គលិក​ជំនាញ​ដែល​អាច​គ្រប់គ្រង​ប្រើប្រាស់​ម៉ាស៊ីនស្វ័យ​ប្រវត្តិ​បាន។ យោង​តាម​របាយការណ៍​របស់​ធនាគារ​អភវិឌ្ឍអាស៊ី ការ​ប្រើប្រាស់​ម៉ាស៊ីន​​ស្វ័យ​ប្រវត្តិក្នុង​ប្រទេស​កម្ពុជា​ទំនង​ជា​ត្រូវ​ការ​រយៈពេល​ ១០ឆ្នាំ​ទៀត។

ជម្រើស​ផ្សេងពីនេះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើយ៉ាង​ណា​បង្កើន​ពិពិធកម្ម (ចំរុះកម្ម) របស់​ទំនិញ​ដែល​នាំ​ចេញ។ នេះសំដៅដល់​ការ​ផលិត​ទំនិញ​ដែល​មាន​បរិមាណ​ដូចគ្នា តែ​លក់​បាន​ថ្លៃជាងមុន។ តាម​បទ​ពិសោធន៍របស់​ប្រទេស​ដទៃ តួយ៉ាង​ប្រទេស​ចិន វា​ត្រូវ​ការ​ពេល​ច្រើន អាច​រហូត​ដល់​រាប់សិប​ឆ្នាំ រួម​ទាំង ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​សាលា​ពហុបច្ចេកវិទ្យា និង​ការ​បង្កើន​មូល​ធនជាសាវន្ត​ផងដែរ។​

ជម្រើស​ផ្សេងមួយទៀត អាច​ធ្វើ​ឡើង ​ក្រោម​រូបភាពនៃ​ការ​ស្វែង​រក​ទីផ្សា​ថ្មី ​ដើម្បី​នាំ​ចេញ​ទំនិញ​ដែល​កម្ពុជា​កំពុង​ផលិត។ តាម​អ្នក​ជំនាញ ​ក្រៅ​ពីផ្សារ​អឺរ៉ុបនិង​អាមេរិក គេ​មើល​មិន​ឃើញថាមាន​ទីផ្សារ​ណា ​ក្រៅ​តែពី​ទីផ្សារ​ប្រទេស​ចិន​នោះ​ទេ។ សម្រាប់​ពេល​បច្ចុប្បន្ន​ កម្ពុជា​នាំចេញទំនិញ​ទៅ​ប្រទេស​ចិន ​តែប្រហែល ៥ភាគរយប៉ុណ្ណោះ ធៀបនឹង​ចំណូល​ជាតិ​សរុប។ ក៏ប៉ុន្តែ​ ចិន​ជា​ប្រទេស​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ការ​នាំចេញ​ផងដែរ។ ស្របពេល​ជាមួយគ្នា​ ប្រទេស​យក្ស​មួយ​នេះ​កំពុង​ប្រឈម​ស្រាប់ជាមួយបញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​​។ ដូច្នេះ​ ការ​បង្កើន​ការ​នាំ​ចូល​ទំនិញបន្ថែម​ពី​ប្រទេស​កម្ពុជានឹងត្រូវ​ទាម​ទារ​នូវ​ល័ក្ខខ័ណ្ឌ​ចរចា​ពិសេសណាមួយ​កើត​ឡើង។

ជម្រើស​មួយ​ទៀត អាច​ធ្វើ​ឡើង​ក្រោម​រូបភាព កា​រផ្តល់​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល ​ក្នុង​រយៈពេលណាមួយ​។ ជាឧទាហរណ៍ រដ្ឋបញ្ចេញ​ថវិការ ៦០០ ទៅ ៧០០ លានដុល្លារ​អាមេរិក​​​ក្នុង​មួយ​ឆ្នាំ ដើម្បីរក្សា ភាព​ប្រកួត​ប្រជែង​ពាណិជ្ជកម្មរបស់​កម្ពុជាលើ​ទីផ្សារ​អន្តរជាតិ​ ដោយ​សន្មត​ថា​អ្វីៗផ្សេងៗនៅ​ដដែល។ ក៏ប៉ុន្តែ សំនួរ​បន្ទាប់​ដែល​នឹង​ត្រូវ​ចោទសួរ​ តើ​រដ្ឋាភិបាល​បាន​លុយ​មក​ពីណា? ក្នុង​ទ្រឹស្ដី គេ​អាច​ធ្វើ​បានតាម​រយៈការ​បង្កើន​ពន្ធលើ​វិស័យ​ផ្សេងៗ ដូចជា ​ពន្ធលើការ​ប្រើប្រាស់​ ឬ​ពន្ធ​លើ​វិស័យ​អចលទ្រព្យ​ជា​ដើម។​ នេះវា​មាន​ន័យថា គេយក​លុយ​ពីហោប៉ៅ​ម្ខាង ​ទៅដាក់ហោប៉ៅម្ខាង​ទៀត ឬ​យក​ពីហោប៉ៅ​អ្នក​នេះ ទៅដាក់​ក្នុង​ហោប៉ៅអ្នកផ្សេង​។ ផងដែរ គេ​ក៏​អាច​ធ្វើ​ឡើង​​តាម​រយៈ ការ​​បង្កើន​​បំណុល​សាធារណៈ។ ប៉ុន្តែ បំណុល​បច្ចុប្បន្នរបស់​កម្ពុជា​មាន​ប្រមាណជាង ៣៥ភាគរយរួចទៅហើយ ធៀប​ជាមួយ​នឹង​ផលិត​ផលក្នុងស្រុក​​​សរុប (GDP) ឬ​ ៥៤,៤​ភាគ​រយ ធៀប​ជាមួយ​នឹង​ផលិត​ផលជា​តិ​​សរុប (GNP)។ ចិន​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​តំណាង​ប្រហែល ៥០ភាគរយ​នៃ​បំណុល​សរុប។

សរុបជារួម​ ផ្អែក​តាម​ទ្រឹស្ដី​សេដ្ឋកិច្ច​ គ្មាន​ជម្រើស​ណាមួយ ​មាន​ភាព​ងាយ​ស្រួ​ល​នោះ​ទេ សម្រាប់​កម្ពុជា ជាពិសេសការ​អនុវត្ត​ក្នុង​រយៈពេល​ខ្លី។ ទោះ​ជាយ៉ាងណា ជម្រើស​ល្អ​បំផុត ​តាម​ន័យសេដ្ឋកិច្ច​ អាចនឹង​មិន​ត្រូវបាន​ជ្រើសរើស បើ​ល័ក្ខខ័ណ្ខ​ពិសេសណាមួយ​ផ្សេង​ទៀត ដូចជា​ជម្រើស​នយោបាយ ​មាន​ឧត្តមភាព​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ