អានតួអត្ថបទ
ស៊ីរី

រុស្ស៊ី​ស្នើ​ឲ្យ​មាន​កិច្ចចរចា​រវាង​ពួក​គួដឌីស្ថាន​ស៊ីរី និង​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ

នៅ​ថ្ងៃ​អាទិត្យ ទី១៧ កុម្ភៈ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergueï Verchinine បាន​យល់​ឃើញ​ថា ពួក​គួដឌីស្ថានស៊ីរី​គួរ​តែ​មាន​កិច្ចចរចា​ជាមួយ​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ចំណាប់​អារម្មណ៍​របស់​លោក Verchinine បាន​ធ្វើ​ឡើង​ពី​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​ដែល​លោក​បាន​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ។ តាម​លោក Verchinine ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ត្រូវ​ផ្តើម​ចេញ​ពី​ការ​ជជែក​គ្នា​រវាង​ក្រុមអ្នកតំណាង​គួដឌីស្ថានស៊ីរី និង​របប​ក្រុង​ដាម៉ាស់ ព្រោះ​ប្រជាជន​គួដឌីស្ថាន​ស៊ីរី​ក៏​ជា​ប្រជាជន​ស៊ីរី​ដែរ។

ពីឆ្វេង​ទៅ​ស្តាំ រដ្ឋមន្រ្តី​ការពារជាតិ​ស្តីទី​​អាមេរិក​លោក ​Patrick M. Shanahan សមភាគី​អាល្លឺម៉ង់​លោកស្រី​ Ursula von der Leyen និង​​សមភាគី​តួកគី​លោក Hulusi Akar
ពីឆ្វេង​ទៅ​ស្តាំ រដ្ឋមន្រ្តី​ការពារជាតិ​ស្តីទី​​អាមេរិក​លោក ​Patrick M. Shanahan សមភាគី​អាល្លឺម៉ង់​លោកស្រី​ Ursula von der Leyen និង​​សមភាគី​តួកគី​លោក Hulusi Akar AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​ក្រុមអ្នកតំណាង​គួដឌីស្ថានស៊ីរី និង​របបស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​ពី​ភាគី​រុស្ស៊ី​បាន​ធ្លាក់​មក ចំ​ពេល​ដែល​សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​ដក​កម្លាំងទ័ព​ចេញ​ពី​ទឹកដី​ស៊ីរី។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង គឺ​វាសនា​របស់​ពួក​គួដឌីស្ថានស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​អង្គការរដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។ តែ​ក្រោម​ភ្នែកច្រមុះ​របស់​ប្រទេស​តួកគី​ក្បែរខាង​ស៊ីរី ពួក​គួដឌីស្ថានស៊ីរី​បាន​ស្ថិត​ក្នុង​កន្ត្រក​តែ​មួយ​ជាមួយ​ពួក​គួដឌីស្ថាន​នៃ​ចលនា​ឧទ្ទាម PKK ក្នុង​ទឹកដី​តួកគី។ ចំណែក​នៅ​ក្នុង​ទឹកដី​ស៊ីរី ពួក​គួដឌីស្ថានស៊ីរី​ក៏​ត្រូវ​បាន​របប​ទីក្រុង​ដាម៉ាស់​ចាត់​ទុក​ជា​សត្រូវ​ដែរ។

អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​លោក Sergueï Verchinine បាន​យល់​ឃើញ​ថា ដំណោះស្រាយ​ដ៏​ប្រសើរ​សម្រាប់​អនាគត​ពួក​គួដឌីស្ថានស៊ីរី គឺ​ការ​ផ្តើម​កិច្ចចរចា​រវាង​ពួក​នេះ និង​របប​ក្រុង​ដាម៉ាស់។ សម្រាប់​លោក Verchinine ប្រជាជន​គួដឌីស្ថានស៊ីរី​ក៏​ជា​ប្រជាជន​ស៊ីរី​ដែរ។ តែ​សំណើ​របស់​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​រុស្ស៊ី​រូប​នេះ​ធ្លាប់​ត្រូវ​បាន​អាមេរិក បារាំង រួម​ទាំង​អាល្លឺម៉ង់​ច្រានចោល​ក្នុង​ថ្ងៃ​សុក្រ ទី១៥ កុម្ភៈ។ ចំណែក​ភាគី​តួកគី​តាម​រយៈ​ប្រមុខ​ការពារជាតិ​លោក Hulusi Akar បាន​រម្លឹក​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី១៧ កុម្ភៈ​ពី​ទីក្រុង​មុយនិច ទឹកដី​អាល្លឺម៉ង់​ថា ក្តីបារម្ភ​របស់​តួកគី​នៅ​មុន និង​នៅ​ក្រោយ​ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី​គ្មាន​ផ្លាស់ប្តូរ​ទេ គឺ​សន្តិសុខ​នៅ​តាម​ព្រំដែន រួច​បញ្ជាក់​ត្រង់ៗ​ថា ពួក​គួដឌីស្ថានស៊ីរី​ស្ថិត​ក្នុង​ចង្កោម​ភេរវនិយម​ដែល​ត្រូវ​កំចាត់។

អាមេរិក​តាម​រយៈ​ប្រេសិតពិសេស​សម្រាប់​ស៊ីរី​លោក James Jeffrey បាន​ឆ្លើយ​នឹង​លោក Akar វិញ​ថា លោក​យល់​ពី​ក្តីបារម្ភ​របស់​សម្ព័ន្ធមិត្ត​តួកគី តែ​អាមេរិក​ក៏​មិន​ចង់​ឃើញ​កម្លាំងប្រជាធិបតេយ្យស៊ីរី និង​កម្លាំង​គួដឌីស្ថានស៊ីរី​ដែល​បាន​រួម​កម្លាំង​ជាមួយ​អាមេរិក​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទទួល​រងគ្រោះថ្នាក់​ដែរ។ លោក James Jeffrey បាន​បន្ថែម​ថា ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់ការ ហើយ​អាមេរិក​នឹង​បន្ត​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដដែល។ ចំណែក​បារាំង​តាម​រយៈ​ប្រមុខ​ការពារជាតិ​លោកស្រី Florence Parly បាន​សង្កត់​ធ្ងន់​ថា ពួក​គួដឌីស្ថានស៊ីរី​មិន​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​ថ្មី​នៅ​ក្នុង​ជម្លោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ