ដើម្បីទប់នឹងឥទ្ធិពលរបស់ចិន បារាំងផ្តើមទៅបបោសអង្អែលជីប៊ូទីដែលជាដៃគូយុទ្ធសាស្រ្ត និងប្រវត្តិសាស្រ្តរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០០
លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងផ្តើមទស្សនកិច្ចមួយជុំទ្វីបអាហ្រ្វិកដោយចាប់ផ្តើមនៅក្នុងប្រទេសជីប៊ូទីរយៈពេល ២ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអង្គារ ទី១២ មីនា។ បន្ទាប់មក លោកម៉ាក្រុងនឹងបន្តទស្សនកិច្ចនៅក្នុងប្រទេសអាហ្រ្វិកពីរទៀត គឺអេត្យូពី និងកេនយ៉ា។ គួររម្លឹកថា ជីប៊ូទីបានស្ថិតក្រោមអាណានិគមបារាំង និងទើបទទួលឯករាជ្យពីបារាំងក្នុងឆ្នាំ ១៩៧៧។ បច្ចុប្បន្ន បារាំងមានមូលដ្ឋានទ័ព និងបានចុះកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសជីប៊ូទី។ តែអ្វីជាការកត់សម្គាល់ ប្រទេសអាហ្រ្វិកមួយនេះកំពុងមានអារម្មណ៍ត្រូវបានអតីតចៅហ្វាយរបស់ខ្លួនបំភ្លេចចោល និងកំពុងចោទជាសំណួរថា តើខ្លួននៅជាដៃគូយុទ្ធសាស្រ្ត និងប្រវត្តិសាស្រ្តរបស់បារាំងទៀត ឬយ៉ាងណា?។
ជាប្រទេសដៃគូយុទ្ធសាស្រ្ត និងប្រវត្តិសាស្រ្តរបស់បារាំងមែន តែគេត្រូវរង់ចាំដល់ទៅ ៩ឆ្នាំទើបឃើញប្រធានាធិបតីបារាំងម្នាក់ដាក់ជើងជាន់ទឹកដីជីប៊ូទី។ ប្រធានាធិបតីបារាំងចុងក្រោយដែលបានទៅទស្សនកិច្ចនៅជីប៊ូទីកាលពី ៩ឆ្នាំមុន គឺលោកនីកូឡា សាកូហ្ស៊ី។ ៩ឆ្នាំក្រោយមក បរិបទនៅក្នុងលោក និយាយជារួម និងនៅក្នុងប្រទេសជីប៊ូទី និយាយដោយឡែកមានការប្រែប្រួលច្រើនណាស់។ ជាការពិត ក្នុងនាមជាអតីតមហាអំណាចអាណានិគម និងក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ប្រវត្តិសាស្រ្ត បារាំងបានបន្តរក្សាមូលដ្ឋានទ័ព និងទើបបន្តកិច្ចព្រមព្រៀងការពារជាតិក្នុងឆ្នាំ ២០១១ ជាមួយជីប៊ូទី។ តែគេមិនត្រូវភ្លេចនិយាយទេថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអាហ្រ្វិកមួយនេះបានបើកទ្វារទទួលឲ្យប្រទេសផ្សេងសង់មូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន។
ក្រោយមហាភេរវកម្មថ្ងៃ១១ កញ្ញា ២០០១ អាមេរិកបានបង្កើតមូលដ្ឋានទ័ពនៅជីប៊ូទីក្នុងឆ្នាំ២០០២ បន្តដោយប្រទេសជប៉ុនក្នុងឆ្នាំ ២០១១ និងប្រទេសអារ៉ាប៊ីសាអូឌីតដែលបានចុះកិច្ចព្រមព្រៀងជាមួយជីប៊ូទីក្នុងឆ្នាំ ២០១៧។ ក្រៅពីនោះ នៅមានប្រទេសអឺរ៉ុបផ្សេងទៀតដូចជាអ៊ីតាលី អាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ។ តែអ្វីដែលបារាំងកំពុងបារម្ភខ្លាំង គឺកំណើនឥទ្ធិពលរបស់ចិននៅក្នុងអតីតប្រទេសកូនចៅរបស់ខ្លួនមួយនេះ។ ចូរកុំភ្លេចថា ចិនបានសង់មូលដ្ឋានទ័ពលើកទី១ នៅបរទេសលើទឹកដីជីប៊ូទីក្នុងឆ្នាំ ២០១៧ ដែលអាចទទួលទាហានឲ្យស្នាក់នៅដល់ ១០ ០០០នាក់ និងគ្រោងសង់មួយទៀតនាពេលខាងមុខ។ តែទន្ទឹមនឹងមានមូលដ្ឋានទ័ព ចិនបានប្រើទឹកលុយជារូបភាពប្រាក់កម្ចី និងជំនួយឥតសំណងដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជីប៊ូទី ពិសេសកំពង់ផែ។
ជីប៊ូទីដែលមានផ្ទៃក្រឡាដីតែ ២៣ ០០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅមិនដល់ ៩០០ ០០០ម៉ឺននាក់ផងមានប្រភពចំណូលតិចតួច និងពឹងផ្អែកលើអ្នកដទៃ។ តែម្ចាស់បំណុលធំជាងគេរបស់ជីប៊ូទីមិនមែនបារាំង អាមេរិក ឬជប៉ុនទេ តែចិន ព្រោះប្រាក់បំណុលទាំងអស់របស់ជីប៊ូទី មានដល់ទៅ ២ភាគ៣ ឯណោះដែលជីប៊ូទីជំពាក់ចិន និងដល់ពេលដែលជីប៊ូទីចាប់ផ្តើមសងចិនបណ្តើរៗហើយ។ សំណួរដែលគ្រប់គ្នាកំពុងចោទពេលនេះគឺថា តើរដ្ឋអំណាចជីប៊ូទីត្រូវរកលុយសងចិនតាមរបៀបណា។ ក្រុមអ្នកវិភាគបានមើលឃើញថា នៅក្នុងន័យនេះ និងក្នុងលក្ខខណ្ឌនេះ ជីប៊ូទីគ្មានជម្រើសអ្វីក្រៅពីប្រគល់ទៅឲ្យចិនកាន់កាប់មួយភាគ ឬទាំងស្រុងលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។
តើការដែលជីប៊ូទីបានឈានមកដល់ដំណាក់ការនេះជាកំហុសរបស់បារាំងដែលជាអតីតមហាអំណាចអាណានិគម ឬមួយក៏ជាកំហុសរបស់ជីប៊ូទី?។ បារាំងមិនបានឆ្លើយត្រង់នឹងសំណួរនេះទេ តែវិមានអេលីហ្សេបានគូសបញ្ជាក់ថា គោលដៅនៃទស្សនកិច្ចរបស់លោកម៉ាក្រុងគឺដើម្បីពង្រឹងភាពជាដៃគូជាមួយជីប៊ូទី ពិសេសក្នុងសំណុំរឿងសេដ្ឋកិច្ច និងវិនិយោគ។ ចំណែករដ្ឋអំណាចជីប៊ូទីបានឆ្លើយដោយមិនអល់អែកថា គឺបារាំងដែលបានបំភ្លេចខ្លួនចោលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសបន្ទាប់ពីប្រទេសជិតខាងពីរនៅក្នុងតំបន់ គឺអេត្យូពី និងអេរីត្រេបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាក្នុងឆ្នាំ ២០១៨។
ទីក្រុងជីប៊ូទីបានមើលឃើញ និងហាក់បានប្រឈមនឹងរូបភាពភូមិសាស្រ្តនយោបាយផ្លាស់ប្តូរដោយសារការបង្រួបបង្រួមរវាងប្រទេសអេត្យូពី និងប្រទេសអេរីត្រេ។ អ្វីដែលជីប៊ូទីខកចិត្តខ្លាំងជាងគេមិនមែនការត្រូវគ្នាឡើងវិញរវាងអេត្យូពី និងអេរីត្រេទេ តែដោយសារតែជម្លោះដីធ្លីរវាងខ្លួន និងប្រទេសអេរីត្រេនៅមិនទាន់បានដោះស្រាយ រួមទាំងចោទសួរពីកន្លែងពិតប្រាកដដែលខ្លួនត្រូវឈរនៅក្នុងតំបន់។ អារម្មណ៍បំភ្លេចជីប៊ូទីពីបារាំងធ្លាប់ត្រូវបានសារភាពផ្ទាល់មាត់ពីលោកប្រធានាធិបតីជីប៊ូទីអ៊ីស្មាអែល អូម៉ារហ្គេឡេនៅក្នុងបទសម្ភាសន៍មួយឲ្យទស្សនាវដ្តីយុវជនអាហ្រ្វិកកាលពីឆ្នាំ ២០១៥។ ចំណាប់អារម្មណ៍ដូចគ្នានេះក៏មានពីមន្រ្តីការទូតបារាំងម្នាក់ប្រចាំតំបន់ដែលបញ្ជាក់ថា បារាំងបានទុកចោលអតីតកូនចៅរបស់ខ្លួនឲ្យអ្នកផ្សេងមើលថៃ ពិសេសចិន។
ថ្មីៗកន្លងទៅទៀត ពោលនាទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាបារាំងនៅជីប៊ូទីក្នុងខែឧសភា ឆ្នាំ ២០១៨ ពួកគេបានសង្កេតឃើញពីការប្រជែងកម្លាំងរបស់មហាអំណាចបរទេសនៅក្នុងប្រទេសជីប៊ូទី ពិសេសពីប្រទេសចិនក្នុងពេលដែលបារាំងមិនសូវអើពើ។ អ្វីដែលជីប៊ូទីកំពុងរង់ចាំ និងចង់ឮពីបបូរមាត់លោកម៉ាក្រុងនាវត្តមានលើទឹកដីជីប៊ូទីពេលនេះគឺថា តើបារាំងនៅតែគិត និងមានជំហរគាំទ្រឥតងាករ៉េចំពោះជីប៊ូទីដូចពីមុនទៀត ឬយ៉ាងណា?។ ទីក្រុងជីប៊ូទីបានសារភាពថា បើទីក្រុងប៉ារីសមិនបោះបង់ខ្លួនចោលទេ នោះខ្លួនក៏មិនរត់រកអ្នកដទៃដែរ។ ចំណែកទីក្រុងប៉ារីសបានដឹងច្បាស់ណាស់ចំពោះបញ្ហានេះ និងហាក់បានភ្ញាក់ខ្លួនដោយចង់យកត្រឡប់វិញនូវតួនាទីជាប្រវត្តិសាស្រ្តរបស់ខ្លួននៅជីប៊ូទី។
ការដែលលោកម៉ាក្រុងបាននាំទៅជាមួយនូវប្រធានក្រុមហ៊ុន សហគ្រាសបារាំងជាសក្ខីកម្មបញ្ជាក់ថា បារាំងលែងចង់ទុកជីប៊ូទីឲ្យនៅតទល់មួយទល់មួយជាមួយចិនទៀតឡើយ។ ក្រុមអ្នកវិភាគបានសម្លឹងឃើញយុទ្ធសាស្រ្តនៅក្នុងវិស័យ ៣ ដែលបារាំងត្រូវពង្រឹងនៅជីប៊ូទី វិស័យសេដ្ឋកិច្ចតាមរយៈបង្កើនការវិនិយោគ វិស័យវប្បធម៌តាមរយៈអង្គការនៃក្រុមប្រទេសប្រើភាសាបារាំង និងវិស័យយោធា។ ចំណែកជីប៊ូទីក៏ចង់មានទំនាក់ទំនងចម្រុះដោយមិនចង់ពឹងផ្អែកតែលើចិនមួយទៀតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ