អានតួអត្ថបទ
បារាំង-ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម

បារាំង​ធ្វើ​មាតុភូមិនិវត្ត​កុមារកំព្រា​ដែល​មាន​ឪពុកម្តាយជា​​ទាហាន​ជីហាត​នៅ​ស៊ីរី

ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ធ្វើ​មាតុភូមិនិវត្ត កុមារ​១២​នាក់ ដែល​ជា​កូនកំព្រា របស់​ឪពុកម្តាយ​ពួកជីហាត។ ជាមួយ​កុមារ​កំព្រា​បារាំង ដែល​មកដល់​ទីក្រុង ប៉ារីស កាលពី​ថ្ងៃ​ចន្ទ មានផងដែរ កុមារ​កំព្រា​ហូឡង់​ពីរនាក់ទៀត ដែល​​យន្តហោះ​បារាំង​បាន​ជួយដឹក​យក​មកប្រគល់​ឲ្យ​ស្ថានទូតហូឡង់ ប្រចាំ​ក្រុង​ប៉ារីស។ មាតុភូមិនិវត្ត​របស់​កុមារ ដែល​មាន​ឪពុកម្តាយ​ចេញទៅ​ប្រយុទ្ធ​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ធ្វើឡើង នៅក្រោយ​សង្គមស៊ីវិល ការពារ​សិទ្ធិកុមារ ទាមទារ ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ទៅលើ​រដ្ឋាភិបាល​បារាំង។ 

យន្ត​Airbus A400M ដែល​ដឹក​កុមារ​កំព្រាបារាំង ១២នាក់​ពី​ស៊ីរី​នៅថ្ងៃ​ចន្ទទី ១០​មិថុនា ២០១៩
យន្ត​Airbus A400M ដែល​ដឹក​កុមារ​កំព្រាបារាំង ១២នាក់​ពី​ស៊ីរី​នៅថ្ងៃ​ចន្ទទី ១០​មិថុនា ២០១៩ ©Geoffroy VAN DER HASSELT / AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដឹក​កុមារ​កំព្រា​បារាំង ទាំង​១២នាក់ ហើយ​និង​កុមារ​ហូឡង់ ២នាក់ បាន​មក​ដល់​ទីក្រុង​ប៉ារីស នៅ​ព្រឹកថ្ងៃ​ចន្ទ។ នេះ​ជា​លើកទី​២ ដែល​អាជ្ញាធរ​បារាំង ធ្វើ​មាតុភូមិ​កុមារ​ដែល​មាន​ឪពុកម្តាយ​បារាំង ចេញទៅ​ប្រយុទ្ធ​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ កុមារ​បារាំង ១២​នាក់ ដែល​មាន​អាយុ​ច្រើន​បំផុត ១០​ឆ្នាំ ជា​កុមារ​កំព្រា រស់នៅ​ឯកោរ និង​វេទនា ដែល​មួយចំនួន មានជម្ងឺ ហើយ​និង​ខ្វះអារូបត្ថម្ភ នៅក្នុង​ជំរំ​បណ្តោះអាសន្ន គ្រប់គ្រង​ដោយ​ពួកទាហាន​គួកឌីស្ថាន ស៊ីរី។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​បារាំង។

ទៅតាម​នីតិវិធីច្បាប់ កុមារ​កំព្រា ដែល​មាន​ឪពុកម្តាយ​ជា​ទាហាន​ប្រយុទ្ធ​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ត្រូវ​បញ្ជូន​ទៅឲ្យ​ទីភ្នាក់ងារ​ការពារ​កុមារ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋអាជ្ញា​បារាំង។ តាម​ក្រសួងការបរទេស​បារាំង កុមារ​កំព្រា​ដែល​ធ្វើ​មាតុភូមិនិវត្ត​ពី​ទឹកដី​ស៊ីរី ត្រូវ​ទទួល​ការពិនិត្យ​សុខភាព ស៊ីជម្រៅ ជា​មុនសិន មុន​នឹង​ប្រគល់​ទៅ​ឲ្យ​ទីភ្នាក់ងារ​សង្គម​ដែល​ជាអ្នកទទួល​ខុសត្រូវ​មើលថែ។

ចាប់តាំង​ពី​ការដួលរំលំ​រដ្ឋធានី ទីតាំង​ចុងក្រោយ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម សហគមន៍​អន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ដែល​មាន​ជនជាតិ​របស់ខ្លួន​ចេញ​ទៅប្រយុទ្ធ ធ្វើ​សង្រ្គាម​នៅ​ស៊ីរី ត្រូវ​ឈឺក្បាល នឹង​រឿង​មាតុភូមិនិវត្ត​គ្រួសារ​របស់​ពួកជីហាត បរទេស។ គេ​វាយតម្លៃ​ថា នៅក្នុង​ចំណោម​ជនជាតិ​បរទេស ប្រមាណ ១២ ០០០ មកពី​ប្រទេស​យ៉ាងតិច ៤០ ដែល​កំពុង ជាប់​ក្នុង​ជំរំឃុំខ្លួន​របស់​ពួកទាហាន​គួកឌីស្ថាន ស៊ីរី មាន​ក្រុមគ្រួសារ​ជីហាត​ដើមកំណើត​បារាំង ជិត​៥០០​នាក់ ដែល​ភាគច្រើន​ជា​កុមារ។ កងកម្លាំង​គួកឌីស្ថាន ដែល​ទើប​វាយ​យក​ឈ្នះ​ទាំងស្រុង​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម កាលពី​ខែ​មីនា​កន្លងទៅ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដើមកំណើត​របស់​ទាហាន​ជីហាត​ទទួល​យកជនជាតិ​របស់​ខ្លួនវិញ ដោយសារ​កង្វះ​មធ្យោបាយ។

នៅ​ប្រទេស​បារាំង នៅ​ក្រោយ ស្ទាក់ស្ទើរ មិន​ចង់​ទទួល​គ្រួសារ​របស់​ពួកជីហាត ដើមកំណើត​បារាំង និង​ដោយសារ​សម្ពាធ​និង​មតិរិះគន់​របស់​សង្គមស៊ីវិល រដ្ឋាភិបាល​ក្រុង​ប៉ារីស កាលពី​ខែ​មីនា​កន្លងទៅ បានសុខចិត្ត​ធ្វើ​មាតុភូមិនិវត្ត​លើក​ទី១ កុមារ​កំព្រា​៥នាក់ កាលពី​ខែ​មីនា។

រហូតមកដល់​ពេលនេះ បារាំង​បដិសេធ​មិនទទួល​យក ជនជាតិ​របស់ខ្លួន ដែល​ចេញទៅប្រយុទ្ធ​ក្នុង​ជួរក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាមនោះទេ។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បារាំង បាន​លើកឡើង​ពីការធ្វើ​មាតុភូមិនិវត្ត​របស់​កុមារ​ដើមកំណើត​បារាំង មួយករណី​ម្តងៗ គឺ​មិន​ទាំងអស់​ក្នុង​ពេល​តែមួយ​នោះទេ។ នៅ​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​បារាំង​លើកឡើង​ពី​លទ្ធភាព​នៃ​ការធ្វើ​មាតុភូមិ​លើកទី៣​ របស់​កុមារដែល​មាន​ឪពុកម្តាយ បារាំង ធ្វើ​ជា​ជីហាត នៅប្រទេស​ស៊ីរី។ មេធាវី​របស់​ក្រុមគ្រួសារ​បារាំង ដែល​ទាមទារ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​មាតុភូមិនិវត្ត កូនចៅ​ពី​ស៊ីរី បាន​ស្វាគម​ចំណាត់ការ​របស់​រដ្ឋាភិបាល បារាំង ប៉ុន្តែ នៅតែ​សោកស្តាយ ចំពោះ​ជំហរ​យឺតយ៉ាវ របស់​រដ្ឋាភិបាល នៅពេល​កុមារ​បារាំង​ប្រមាណ ២០០​នាក់​ផ្សេងទៀត ដែល កំពុង ប្រឈម​នឹង​ជម្ងឺ​បាក់ស្បាត ហើយ​និង​គ្រោះថ្នាក់​ដល់​ជីវិត ជារៀងរាល់​ថ្ងៃ នៅ​ក្នុង​ជំរំ ក្នុងទឹកដី​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ