ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៧
ទីក្រុងហែលស៊ិនគី របស់ប្រទេសហ្វាំងឡង់ និងទីក្រុងសិង្ហបុរី សុទ្ធតែជាទីក្រុងដែលប្រជាជនទទួលបានប្រាក់ឈ្នួលច្រើនបំផុត។ ក៏ប៉ុន្តែ សម្រាប់កម្រិតតុល្យភាពរវាងការងារ និងជីវិតឯកជន គេអង្កេតឃើញថា ទីក្រុងហែលស៊ិន ស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុតទីមួយ ខណៈទីក្រុងសិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទីពីរ។ នេះបើយោងតាមការសិក្សាថ្មីមួយលើទីក្រុងទាំង៤០ ក្នុងបណ្តាប្រទេសផ្សេងៗលើពិភពលោក។
“តុល្យភាពការងារ និងជីវិត” ឬជាភាសាបរទេស “Work-Life Balance” គឺជាការថ្លឹងរវាងពេលវេលា និងកម្លាំង ដែលមនុស្សម្នាក់បានចំណាយលើការងារ ជីវិតឯកជន គ្រួសារ និងសង្គម។ វាក្យសព្ទនេះទើបតែមានដើមកំណើត កំលុងពេលថ្មីៗនេះ ព្រោះថា វាត្រូវគេលើកយកមកប្រើប្រាស់ដំបូង នៅចក្រភពអង់គ្លេស កំលុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយ នៅសហរដ្ឋអាមេរិក កំលុងទសវត្សរ៍ឆ្នាំ១៩៨០។
មានការងារធ្វើ មិនប្រាកដថាអាចអនុញ្ញាតឱ្យមនុស្សម្នាក់ទទួលបានភាពរីករាយ និងភាពពេញចិត្ត ក្នុងជីវិតនោះទេ។ ផ្អែកតាមរបាយការណ៍របស់អង្គការILO ស្ដីពី ទស្សនវិស័យការងារ និងសង្គមក្នុងពិភពលោកឆ្នាំ២០១៩ នៅក្នុងប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ការងារភាគច្រើនទទួលប្រាក់ឈ្នួលទាប ជួនកាលមានជួនកាលអត់ និងមានភាពផុយស្រួយខ្លាំង។ អាជីពការងារខ្លះ អនុញ្ញាតឱ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ សម្រាប់ទាំងជីវិតការងារ និងជីវិតឯកជន។ ក៏មានការងារខ្លះផ្សេងទៀតផងដែរ ដែលទាមទារឱ្យបុគ្គលិករបស់ខ្លួន ត្រូវចំណាយពេលស្ទើរតែទាំងស្រុងក្នុងមួយថ្ងៃៗ សម្រាប់ការងារ ប៉ុន្តែគ្មានពេលសម្រាប់ការកំសាន្ត និងសម្រាប់គ្រួសារ។
យោងតាមការសិក្សាថ្មីមួយ ចេញផ្សាយក្នុងឆ្នាំ២០១៩នេះ ដោយស្ថាប័ន Tech Company Kisi បង្ហាញឱ្យឃើញថា ទីក្រុងហែលស៊ិនគី របស់ប្រទេសហ្វាំងឡង់ ទីក្រុងMunich របស់ប្រទេសអាល្លឺម៉ង់ និង ទីក្រុងអូស្លូ របស់ប្រទេសន័រវែស ជាទីក្រុងដ៏ល្អបំផុត នៅក្នុងពិភពលោក សម្រាប់ តុល្យភាពការងារ និងជីវិត។ ផ្ទុយទៅវិញ ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ទីក្រុងសិង្ហបុរី ទីក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក និង ទីក្រុងគូឡាឡាំងពួ របស់ប្រទេសម៉ាឡេស៊ី ស្ថិតក្នុងចំណោមទីក្រុងដែលបុគ្គលិកត្រូវធ្វើការងារច្រើនបំផុត។
ការសិក្សាប្រៀបធៀប តួលេខពាក់ព័ន្ធនឹងកត្តាផ្សេងៗដែលរួមចំណែកធ្វើឱ្យមានតុល្យភាពការងារ និងជីវិត។ ទីមួយ កត្តាផ្សេងៗដែលត្រូវរាប់បញ្ចូលក្នុងការវិភាគ មានដូចជា ចំនួនម៉ោងធ្វើការជាមធ្យមក្នុងមួយសប្តាហ៍ ចំនួនអប្បរមានៃថ្ងៃឈប់សម្រាក ចំនួនពេលវេលាជាមធ្យមដើម្បីធ្វើដំណើរទៅធ្វើការ សមភាពយេនឌ័រ និង កម្រិតសុភមង្គល។ ទីពីរ កត្តាផ្សេងៗ រួមបញ្ចូល អាំងតង់ស៊ីតេការងារ ការគាំពារពីស្ថាប័ន ច្បាប់ និងភាពរស់រវើកនៅក្នុងទីក្រុងនីមួយៗ។ ការសិក្សាផ្តោតតែលើទីក្រុងចំនួន៤០ប៉ុណ្ណោះជុំវិញពិភពលោក ដើម្បីស្វែងយល់អំពី ភាពជោគជ័យនៃទីក្រុងទាំងនោះ ក្នុងការលើកកម្ពស់តុល្យភាពការងារ និងជីវិត ចំពោះប្រជាពលរដ្ឋរបស់ពួកគេ។
ជាក់ស្ដែង វាមិនមែនជារឿងចៃដន្យនោះទេ សម្រាប់ប្រទេសហ្វាំងឡង់ និងប្រទេសន័រវែស ព្រោះថា ប្រទេសទាំងពីរនេះ ក៏ស្ថិតក្នុងចំណាត់ថ្នាក់កំពូលផងដែរ ក្នុងភាពជាប្រទេសដែលមានសុភមង្គលបំផុតលើពិភពលោក យោងតាមរបាយការណ៍សុភមង្គលពិភពលោក។
នៅទីក្រុងហែលស៊ិនគី ដែលជារដ្ឋធានីប៉ែកខាងត្បូងនៃប្រទេសហ្វាំងឡង់ បុគ្គលិកធ្វើការងារតែប្រហែល៤០ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ មនុស្សម្នាក់អាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់វិស្សមកាលរបស់ខ្លួន រហូតដល់៣០ថ្ងៃ ប៉ុន្តែនៅតែទទួលបានប្រាក់ឈ្នួល។ សម្រាប់ មាតាមានទារក គេអនុញ្ញាតឱ្យឈប់សម្រាករហូតដល់ ១១២៧ថ្ងៃ ឬស្មើនឹងជាងបីឆ្នាំ។ ទីក្រុងហែលស៊ិនគី ក៏ស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ផងដែរ នៅពេលដែលគេនិយាយដល់ ការចំណាយសាធារណៈសម្រាប់ការគាំពារសង្គម និងសមភាពយេនឌ័រ។
ងាកមកមើលប្រទេសនៅតំបន់អាស៊ីវិញ បច្ចុប្បន្ន សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកមានបំផុតលើពិភពលោក វាស់វែងដោយចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បុរីរដ្ឋមួយនេះ ស្ថិតក្នុងចំណោមប្រទេសទាំងដប់ ដែលមានកម្រិតតុល្យភាពការងារ និងជីវិតទាបបំផុត។ ទីក្រុងសិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទីពីរ ក្នុងចំណោមទីក្រុងទាំង៤០នៃការសិក្សា។
នៅសិង្ហបុរី ក្នុងចំណោមប្រជាជនសរុប មានយ៉ាងហោចណាស់២៣ភាគរយ ធ្វើការច្រើនជាង ៤៨ម៉ោងក្នុងមួយសប្តាហ៍ ហើយបុគ្គលិកចាប់ផ្តើមចូលបម្រើការងារប្រចាំថ្ងៃរបស់ពួកគេ ជាមធ្យម នៅម៉ោង៩.៣៤នាទីព្រឹក។ បុគ្គលិកបម្រើការងារជាមធ្យម ចំនួន៤៤,៦ម៉ោង ក្នុងមួយសប្តាហ៍ តាមពីក្រោយទីក្រុងតែមួយគត់ គឺទីក្រុងគូឡាឡាំងពួ របស់ប្រទេសម៉ាឡេស៊ីដែលបុគ្គលិកធ្វើការរហូតដល់៤៦ម៉ោងក្នុងមួយសប្តាហ៍។ សម្រាប់ថ្ងៃឈប់សម្រាកវិញ បុគ្គលិកសិង្ហបុរីម្នាក់ៗ ត្រូវអនុញ្ញាតឱ្យមានសិទ្ធិឈប់សម្រាក យ៉ាងហោចណាស់៧ថ្ងៃ ហើយ ជាមធ្យម ពួកគេចំណាយពេល ប្រមាណ១៤ថ្ងៃ សម្រាប់ពេលវេលាវិស្សមកាល។
សរុបជារួម បើបីទោះជាប្រជាពលរដ្ឋសិង្ហបុរីរកចំណូលបានច្រើន ក៏ពួកគេត្រូវចំណាយពេលវេលា និងកម្លាំងច្រើនផងដែរ ដើម្បីធ្វើការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ