អានតួអត្ថបទ
បារាំង-ដើមបូព៌ា

បារាំង៖​លោក​ឡូរ៉ង់ ហ្វាប៊ីយូស​ចង់​ជំរុញ​ការ​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឲ្យ​បាន​ឆាប់

នៅ​ក្នុង​ប្រទេស​បារាំង លោក​រដ្ឋមន្រ្តី​ការបរទេស​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី២៩ មករា​ថា បារាំង​នឹង​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​គម្រោង​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​រវាង​អ៊ីសា្រអែល និង​ប៉ាឡេស្ទីន។ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​ឯណោះ អ្នក​តំណាង​ការទូត​ប៉ាឡេស្ទីន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ថា ភាគី​ប៉ាឡេស្ទីន​បាន​ប្រឹងប្រែង​ខ្លួន​ឯង​ដោយ​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្តើម​ដោះស្រាយ​វិបត្តិ​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​រវាង​ប៉ាឡេស្ទីន និង​អ៊ីសា្រអែល។

លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស
លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ពិធី​ជូនពរ​ឆ្នាំ​ថ្មី ២០១៦ ដល់​មន្រ្តីការទូត​បរទេស​ប្រចាំ​ក្រុង​ប៉ារីស​ដែល​លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​ប្រកាស​ឲ្យ​ដឹង​ថា បារាំង​មាន​ឆន្ទៈ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​បន្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ពិសេស​ឈាន​ទៅ​បង្កើត​ឲ្យ​បាន​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​ក្នុង​តំបន់​តែ​មួយ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ឡូរ៉ង ហ្វាប៊ីយូស​ក៏​បាន​សម្តែង​ការ​ខកចិត្ត និង​សោកស្តាយ​ចំពោះ​ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​របស់​អ៊ីសា្រអែល​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ដែរ។

លោក​ប្រមុខ​ការទូត​បារាំង​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​នៃ​ការ​រៀបចំ​សន្និសីទអន្តរជាតិ​នោះ​ទេ តែ​គ្រាន់​បាន​បញ្ជាក់​ថា សន្និសីទ​អន្តរជាតិ​នឹង​ត្រូវ​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និង​ភាគី​ដៃគូ ពិសេស​អាមេរិក អឺរ៉ុប និង​ក្រុម​ប្រទេស​អារ៉ាប់។ លោក​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​បន្ថែម​ថា បើ​គំនិត​ផ្តួចផ្តើម​របស់​បារាំង​ទទួល​បរាជ័យ បារាំង​នឹង​ចេញ​មុខ​ទទួល​ខុសត្រូវ និង​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន។

ទន្ទឹម​គ្នា​នោះ លោក​ឡូរ៉ង់ ហ្វាប៊ីយូស​មិន​ភ្លេច​គូស​បញ្ជាក់​ពី​សន្តិសុខ​សម្រាប់​អ៊ីស្រាអែល​ដែល​លោក​យល់​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន តែ​លោក​បាន​ឆ្លៀត​បន្ថែម​ថា គេ​មិន​អាច​ទទួល​បាន​សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌​បាន​ទេ។ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក គំនិត​ផ្តល់​សន្ទុះ​បង្កើត​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​រីយ៉ាដ មែនស៊ូ អ្នកតំណាង​ការទូត​ប៉ាឡេស្ទីន​ប្រចំា​អង្គការ​សហប្រជាជាតិ​ដែរ។ លោក​មែនស៊ូ​បាន​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ផ្តើម​ដោះស្រាយ​ជម្លោះ​នៅ​ដើមបូព៌ា​ដោយ​អនុម័ត​ក្នុង​ជំហាន​ដំបូង​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ថ្កោលទោស​ការ​ធ្វើ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត លោក​មែនស៊ូ​បាន​បញ្ជាក់​ថា ភាគី​ប៉ាឡេស្ទីន​មិន​ចង់​ឃើញ​ឆ្នាំ ២០១៦ ជា​ឆ្នាំ​ដែល​នឹង​គ្មាន​អ្វី​កើត​ឡើង និង​គ្មាន​សម្រេច​បាន​អ្វី​នោះ​ទេ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ