អានតួអត្ថបទ
បារាំង

សភា​​បារាំង​​​ពិភាក្សា​គ្នា​ពីការ​ទទួល​ស្គាល់​​ប៉ាឡេស្ទីន​ជា​រដ្ឋ​ពេញ​សិទ្ធិ

នៅ​ថ្ងៃ​សុក្រ​ទី​២៨ ​វិច្ឆិកា​នេះ រដ្ឋសភា​បារំាង​ ដោយ​មាន​ការ​ស្នើរសុំ​ពី​សំណាក់​តំណាង​រាស្រ្ត​ មក​ពី​គណបក្ស​សង្គម​និយម បាន​ចាប់ផ្តើម​ធ្វើ​ការ​ពិភាក្សា​គ្នា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​មួយ​ នៅ​ថ្ងៃ ២ ធ្នូ ដើម្បី​ទទួល​ស្គាល់​ដែនដី​ប៉ាឡេស្ទីន​ ជា​ប្រទេស​ពេញ​សិទ្ធិ មាន​ឯករាជ្យ​បរិបូរណ៍។ ទោះ​បី​យ៉ាង​ណា បើ​សភា​បោះឆ្នោត​យល់​ព្រម​មែន ការ​ទទួល​ស្គាល់​នេះ​ គ្រាន់​តែ​ជា​ការ​ទទួល​ស្គាល់​ជា​និមិត្ត​រូប​ប៉ុណ្ណោះ វា​មិន​បាន​ប៉ះពាល់​ ដល់​គោល​ជំហរ​របស់​រដ្ឋាភិបាល​បារាំង​ឡើយ។

ក្រុមបាតុករ​លើក​ទង់ជាតិ​​ប៉ាឡេស្ទីន នៅ​ក្នុង​ញូយ៉ក ទាមទារ​ឲ្យ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​​ជា​រដ្ឋ​​ពេញ​សិទ្ធិ.
ក្រុមបាតុករ​លើក​ទង់ជាតិ​​ប៉ាឡេស្ទីន នៅ​ក្នុង​ញូយ៉ក ទាមទារ​ឲ្យ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​​ជា​រដ្ឋ​​ពេញ​សិទ្ធិ. REUTERS/Jonathan Alcorn
ផ្សាយពាណិជ្ជកម្ម

វា​ជា​ការ​ទទួល​ស្គាល់​ជា​និមិត្តរូប​មែន​ពិត ប៉ុន្តែ​ការ​ទទួល​ស្គាល់​នេះ មាន​តម្លៃ​ខ្លាំងណាស់​ សំរាប់​ប្រជាជន​ប៉ាឡេស្ទីន​រាប់​លាន​អ្នក ដែល​ទន្ទឹង​រងចាំ​សន្តិភាព​ អស់​ពេល​ជា​យូរ​មក​ហើយ។ ប្រជាជន​ប៉ាឡេស្ទីន ​នឹង​មាន​សង្ឃឹម​ថា បារាំង​និង​ប្រជាជាតិ​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ នឹង​មិន​ទុក ​ប៉ាឡេស្ទីន​ចោល​ទេ។

ជា​ការ​ពិត​ណាស់ ​ការ​ពិភាក្សា​គ្នា​របស់​តំណាង​រាស្រ្ត​ក្នុង​សភា​បារំាង ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី ២៨ វិច្ឆិកា​នេះ​ មិន​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់​ស្រួល​នោះ​ទេ។ ក្នុង​ចំណោម​អ្នក​នយោបាយ​បារាំង​ មក​ពី​គ្រប់​គណបក្ស ​មាន​ការ​ខ្វែង​គំនិត​គ្នា អ្នក​ខ្លះ​យល់​ថា​ទង្វើ​នេះ​វា​នឹង​មិន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ ​ក្រៅ​តែ​ពី​បង្ក​ការ​ថ្នាក់ថ្នាំង​ចិត្ត​ជាមួយ​អ៊ីស្រាអែល ហើយ​ចាក់​អ៊ីស្រាអែល​ ឲ្យ​កាន់​តែ​ខឹង។ តែ​តាម​មតិ​អ្នក​ខ្លះ​វិញ​យល់​ថា ទោះ​បី​ការ​ទទួល​ស្គាល់​នេះ​មាន​លក្ខណៈ​ ជា​និមិត្ត​រូប​មែន​ពិត ប៉ុន្តែ​វា​សរ​បង្ហាញ​អំពី​ឆន្ទៈ​របស់​ស្ថាប័ន​រដ្ឋសភា​បារាំង ដែល​ឈរ​លើ​គោលការណ៍​តែ​មួយ គឺ​ចង់ឃើញ​ដែនដី​​ប៉ាឡេស្ទីន ក្លាយ​ជា​ប្រទេស​ពេញលេញ​ដូច​គេ​ដូច​ឯង ហើយ​សង្គ្រាម​កាន់កាប់​ទឹកដី​ ជាមួយ​អ៊ីស្រាអែល នឹង​ត្រូវ​បញ្ចប់។ រដ្ឋសភា​ធ្វើ​នេះ គ្រាន់តែ​ជា​ការ​អញ្ជើញ​ប៉ុណ្ណោះ គោល​ជំហរ​យ៉ាងណា គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​បារំាង​ផ្ទាល់​ ជា​អ្នក​សម្រេច។

សូម​បញ្ជាក់​ថា ស៊ុយអែដ​ជា​ប្រទេស​ទីមួយ​នៅ​អឺរ៉ុប​ ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​រដ្ឋ​ឯករាជ្យ។ ភ្លាមៗ​អ៊ីស្រាអែល បាន​ដក​ទូត​ចេញ​ពី​ស៊ុយអែដ។ សភា​អង់គ្លេស និង​ អេស្ប៉ាញ​ ក៏​បាន​ធ្វើ​ការ​សម្រេចចិត្ត​រួម​មួយ​ដែរ ក្នុង​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ ជា​ប្រទេស​ពេញ​សិទ្ធិ។ ទង្វើ​របស់​សភា​បារាំង​នា​ពេល​នេះ បាន​បញ្ឆេះ​កំហឹង​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង ​ហើយ​បាន​តិះដៀល​បារាំង​ថា មិន​ព្រម​បើក​ភ្នែក​មើល វិបត្តិ​នៅ​តំបន់​មជ្ឈឹម​បូព៌ា ​យក​ពេល​មក​ចំណាយ​ចោល​លើ​រឿង​ឥត​ប្រយោជន៍។ អ៊ីស្រាអែល​រិះគន់ តំណាង​រាស្រ្ត​បារំាង​ថា ​កាន់​តែ​ជើង​ប៉ាឡេស្ទីន ហើយ​ពេល​ដែល​ពួក​ភេរវករ​ប៉ាឡេស្ទីន​ ចូល​ទៅ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​៤នាក់​ នៅ​ក្នុង​វិហារ​ស៊ីណាហ្គក ​យ៉ាង​ស្រស់ៗ ​ម្តេច​មិន​លើក​ឡើង​មក​និយាយ​ផង?

រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​១២៣​ហើយ​ ដែល​ទទួល​ស្គាល់​ដែនដី​ប៉ាឡេស្ទីន​ជា​ប្រទេស​ពេញសិទ្ធិ។ ចាប់​តាំង​ពី​ឆ្នាំ​២០១២ ​មក ​ប៉ាឡេស្ទីន​ក្លាយ​ជា​ប្រទេស​សង្កេតការណ៍​នៅ​អង្គការ​សហប្រជាជាតិ ​តែ​មិនមែន​ជា​សមាជិក​ពេញ​សិទ្ធិ​ទេ។ លោក ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​បារាំង​នឹង​លៃលក​ធ្វើ​យ៉ាង​ណា ដាក់ស្នើ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត​រួម​មួយ​ ជា​ផ្លូវការ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន នៅ​ឆ្នាំ​២០១៦​យ៉ាង​យូរ បើសិន​ជា​ភាគី​ទាំង​ពីរ អ៊ីស្រាអែល-ប៉ាឡែស្ទីន នៅ​តែ ​មិន​ស្រុះស្រួល​គ្នា​តាម​រយៈ​ការ​ចរចា។

គោល​ជំហរ​របស់​សភា និង​រដ្ឋាភិបាល​បារាំង​នា​ពេល​នេះ ​បង្ហាញ​ថា​ ​បារាំង​ចង់​ដើរ​តួនាទី​នាំមុខ​ក្នុង​ការ​ស្វែងរក​សន្តិភាព​រវាង ​អ៊ីស្រាអែល​-​ប៉ាឡែស្ទីន ​ជំនួស​ឲ្យ​សហរដ្ឋ​អាមេរិក ដែល​បាន​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ពេល​នេះ បើ​សិន​ជា​មាន​ការ​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​អាមេរិក ​ក៏​ប្រហែល​ជា​នឹង​មិន​បោះឆ្នោត​វ៉េតូ​ទេ​មើល​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ