អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លទ្ធផល ទស្សនកិច្ច៨ថ្ងៃ នៃប្រមុខរដ្ឋាភិបាលឥណ្ឌា ក្នុងលំហអតីតសហភាពសូវៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១៣កក្កដា​កន្លងទៅ បាន​ចប់​ជាស្រេចបាច់ ដំណើរ​ទស្សនកិច្ច​វែងឆ្ងាយ អស់ ៨ថ្ងៃ​ជាប់ នៃ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នៅតាម ៤​រដ្ឋ​ឯករាជ្យ នៃតំបន់​អាស៊ី កណ្តាល និង នៅប្រទេស​រុស្ស៊ី ដែលសុទ្ធតែ​ជា​សមាជិក​ស្ថាបនិក នៃ”អង្គការ​សហប្រតិបត្តិការ ក្រុង​សៀងហៃ” OCS ដែល​ក្នុងជំនួបកំពូល​ខ្លួន មួយសប្តាហ៍​មុន នៅរុស្ស៊ី បាន​សម្រេច​ចាប់ផ្តើម របៀបរបប​ទទួល ឥណ្ឌា និង ប៉ាគីស្ថាន នៅអាស៊ី​ខាងត្បូង ឲ្យចូលជា​សមាជិក​ពេញ​សិទ្ធិ​របស់ អង្គការនេះ ព្រម ទាំងបាន ទទួលស្គាល់ ប្រទេស​កម្ពុជា ជាដៃគូសន្ទនា​របស់ OCS។ 

ប្រធានាធិបតី កាហ្សាក់ស្ថាន​និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី
ប្រធានាធិបតី កាហ្សាក់ស្ថាន​និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី © REUTERS/Mukhtar Kholdorbekov
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹកថា “អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ” OCS ដែលប្រសូត​មក ក្នុង​ឆ្នាំ២០០១ និងដែលមាន ៦​ប្រទេស​ជា​សមាជិក​ស្ថាបនិក គឺ ចិន រុស្ស៊ី និង ៤​ប្រទេស​តំបន់ អាស៊ីកណ្តាល និយាយ​ឲ្យចំ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន បាន តាំង​គោលដៅ​មួយជា គន្លឹះរបស់​ខ្លួន គឺ រក្សា និង​ពង្រឹង​សន្តិភាព សន្តិសុខ និងស្ថិរភាព នៅតំបន់ តាមផ្លូវ​ប្រយុទ្ធ​រួមគ្នា ទល់នឹង ភេរវនិយម ទល់នឹង និន្នាការ​ផ្តាច់ទឹកដី​និយម ជ្រុលនិយម ហើយ ប្រឈម​នឹង ចរាចរណ៍​ខុសច្បាប់នៃ គ្រឿងញៀន និងអាវុធ ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ល។

 
ក្នុង​ជំនួបកំពូល OCS នៅក្រុងរុស្ស៊ី អ៊ូហ្វា  ថ្ងៃ១០កក្កដា លោកពូទីន ជាប្រធានាធិបតី ប្រទេស ម្ចាស់ផ្ទះ បានថ្លែង​ថា ជំនួបនេះ​បាន​សម្រេច​ចាប់ផ្តើម​របៀបរបប​ទទួល ឥណ្ឌា និង ប៉ាគីស្ថាន ដែលជារដ្ឋ-សង្កេតការណ៍​របស់ OCS ឲ្យក្លាយ​ទៅជា សមាជិកពេញលក្ខណៈរបស់ អង្គការនេះ ហើយ ក្នុងជំនួប​កំពូលវា លើកក្រោយ ក្នុងឆ្នាំ២០១៦ នៅ​អ៊ូសបេគីស្ថាន ប្រទេស​ទាំងពីរនេះ  នៅអាស៊ីខាងត្បូង នឹងត្រូវ​ប្រកាសជា សមាជិក​ពេញសិទ្ធិ​តែម្តង របស់ OCS។ លោកពូទីន ក៏បានប្រកាស​ថា ចាប់ពីថ្ងៃ១០​កក្កដាទៅ មាន ៤ប្រទេស​ថ្មី ក្នុងនោះ គឺ អារមេនី អាស៊ែបែហ្សន់ កម្ពុជា និង ណេប៉ាល់ ត្រូវ OCS ទទួលស្គាល់​ជាដៃគូសន្ទនា របស់ខ្លួន បន្ថែមទៅលើ សេរីលង្កា និង តួកគី។ មិនតែប៉ុណ្ណោះ នៅមាន អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន ម៉ុងហ្គោលី និង បេឡារុស ជា​រដ្ឋ-សង្កេតការណ៍ របស់ OCS។

មិនមែនចៃដន្យទេ ដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងថា គាត់បាន ជ្រើសយក ទឹកដី​អ៊ូសបេគីស្ថាន ជាដំណាក់ទី១ នៃទស្សនកិច្ចគាត់ តាមតំបន់​អាស៊ី​កណ្តាល ពីព្រោះឥណ្ឌា ចាត់ទុក​អ៊ូសបេគីស្ថាន ថា មាន​ន័យ​សំខាន់ មិនគ្រាន់តែ​ក្នុងបរិបទ តំបន់នេះ ប៉ុណ្ណោះទេ តែក៏ ក្នុងបរិបទ​ទ្វីបអាស៊ី​ទាំងមូល។ ជាលទ្ធផល នៃកិច្ចចរចា ជាមួយលោក ប្រធានាធិបតី អ៊ូសបេគីស្ថាន Islam Karimov មានចុះបាន ឯកសារឆ្ពោះទៅពង្រីក​ការផ្លាស់ប្តូរ វិស័យ​ទេសចរណ៍ និងកម្មវិធី​សហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌ សម្រាប់ ឆ្នាំ២០១៥-២០១៧។ ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ចនោះ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏បាន​សម្ពោធ សហគ្រាស​ចម្រុះ ឥណ្ឌា-អ៊ូសបេក ខាង ផលិត ជីអាសូត។

បន្ទាប់មក លោក ប្រមុខ​រដ្ឋាភិបាលឥណ្ឌា បានបន្ត​ដំណើរ​ទស្សនកិច្ច នៅ​កាហ្សាក់ស្ថាន ដែល តាមសម្តី​លោកប្រធានាធិបតី Noursultan Nazarbayev ជាដៃគូ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច​ធំជាងគេ របស់ឥណ្ឌា នៅតំបន់​អាស៊ីកណ្តាល ដោយ​ក្នុងឆ្នាំ២០១៤កន្លងទៅ ទំហំផ្តោះប្តូរ​ពាណិជ្ជកម្ម បានមានទឹកប្រាក់ដល់ ១.៣០០លានដុល្លារ ឫ ២ដង ច្រើនជាង ក្នុងឆ្នាំ២០១៣។ ឥណ្ឌា និង កាហ្សាក់ស្ថាន សហការគ្នា ក្នុងវិស័យ ឧស្សាហកម្ម​ប្រេង និងឧស្ម័ន ថាមពល​បរមាណូ កសិកម្ម និង ផលិតកម្ម​ថ្នាំ​ឱសថ។ បច្ចុប្បន្ន មានសហគ្រាសចម្រុះ ឥណ្ឌា-កាហ្សាក់ ចំនួន៤៩២ ដំណើរ ការ នៅលើដែនដី​កាហ្សាក់ស្ថាន។ ជាសក្ខីកម្ម នៃ​សហប្រតិបត្តិ​ការរីក​ផុសផុល ក្នុងវិស័យ ថាមពល គឺការចុះបាន​កិច្ចសន្យា ដែល​ប្រមើល ឲ្យភាគី​កាហ្សាក់ លក់ទៅ​ឲ្យ​ឥណ្ឌា នូវ ធាតុ Uranium បរិមាណ ៥.០០០តោន ពីឆ្នាំ២០១៥ ដល់ ២០១៩។

តមកទៀត ជាលទ្ធផល​នៃ​ទស្សនកិច្ចនៅ កៀហ្ស៊ីស៊ីស្ថាន មានចុះ​បានកិច្ចព្រមព្រៀង​ពីរច្បាប់ គឺ មួយ ស្តីអំពី​សហប្រតិបត្តិការ​ក្នុងវិស័យ​យោធា និង មួយទៀត ស្តីអំពី សហប្រតិបត្តិការ ក្នុង វិស័យ វប្បធម៌ សិល្បៈ  យុវជន កីឡា និង ប្រព័ន្ធផ្សព្វផ្សាយ។ លោក Narendra Modi បាន​ស្នើ ឲ្យ​តាក់តែង​ឡើងជា យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍សហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ច ឥណ្ឌា-កៀរហ្ស៊ីស។ លោកប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន Almazbek Atambayev ពី​ចំណែក​ខ្លួន បាន ថ្លែង អំណរគុណ​ទៅភាគី​ឥណ្ឌា ចំពោះ ការបំពាក់​បរិក្ខារ​ពេទ្យ ដល់មន្ទីរពេទ្យ​យោធា នៅ កៀរហ្ស៊ីស៊ីស្ថាន  និងបានគាំទ្រ​ដល់សំណើ​ឥណ្ឌា ឲ្យពង្រីក​សមាសភាព​នៃ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប.។

ចំណែក​ទស្សនកិច្ច លោកនាយក​រដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅ តាហ្ស៊ីគីស្ថាន គឺជា ទស្សនកិច្ច​ថ្នាក់រដ្ឋ។ បន្ទាប់ពី​កិច្ចចរចា ជាមួយភ្ញៀវ​ជាន់ខ្ពស់​ឥណ្ឌា លោកប្រធានាធិបតី Emomali Rakhmon ថ្លែងថា តាហ្ស៊ីគីស្ថាន និង ឥណ្ឌា បានព្រមព្រៀង​គ្នា សកម្ម​ក្រុម​ការងារ ទ្វេភាគី ខាងសហប្រតិបត្តិការ​វិស័យយោធា តាមទិសដៅ ប្រឈមនឹង ភេរវនិយម ជាពិសេស ក្នុងផ្ទៃ នៃការដកចេញពី អាហ្វហ្កានីស្ថាន គឺកងកម្លាំងនៃសម្ព័ន្ធអន្តរជាតិ ខាង​ប្រយុទ្ធ​ទល់នឹង អកុសល​នេះ និង​ខាងទ្រទ្រង់​សន្តិភាពនៅ អាហ្វហ្កានីស្ថាន។

ដោយរំលឹកថា នៅ តាហ្ស៊ីគីស្ថាន មានតំបន់សេដ្ឋកិច្ចសេរី ដល់ទៅ ៤តំបន់ ដំណើរការ លោកប្រធានាធិបតី​ប្រទេសនេះ អំពាវនាវ ពួកវិនិយោគិន​ឥណ្ឌា ឲ្យ​បញ្ចូលទុន មក​ក្នុងវិស័យ ជីក​រ៉ែ ឧស្សាហកម្ម ហេដ្ឋា​រចនាសម្ព័ន្ធ វារីអគ្គសនី កសិកម្ម ទេសចរណ៍។

ជាលទ្ធផល កិច្ចចរចា ឥណ្ឌា-តាហ្ស៊ីក ជាន់ថ្នាក់កំពូល មានចុះបាន​កិច្ចព្រមព្រៀង ស្តី​អំពីការ បង្កើត មន្ទីរពិសោធ​កុំព្យូទ័រ ប្រចាំ នៅតាម​សាលារៀន តាហ្ស៊ីគីស្ថាន និងមាន​ចុះបាន “កម្មវិធី​នៃ សហប្រតិបត្តិការ រវាងក្រសួង​វប្បធម៌​ប្រទេស​ទាំងពីរ សម្រាប់ឆ្នាំ ២០១៦-២០១៨”។

ករណី​ដាច់ដោយ​ឡែក គឺទស្សនកិច្ច នៅសាធារណរដ្ឋ តួគ្មេនីស្ថាន នៅតំបន់​អាស៊ី​កណ្តាល​ដែរ ប៉ុន្តែ មិនមែន​ស្ថិតនៅក្នុង ”អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ” OCS ទេ។ ប្រធានបទ​មួយ ដ៏​ចម្បងនៃ​កិច្ចចរចា របស់ លោកនាយក​រដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាមួយ​លោកប្រមុខរដ្ឋ តួគ្មេនីស្ថាន Berdyk Muhamedov គឺជុំវិញ​ការបំពេញតាម គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ខ្នាតធំ ខាង​សង់ឡើងជា ខ្សែបំពង់​បង្ហូរ​ឧស្ម័ន បែកចេញ​ពី តួគ្មេនីស្ថាន  ដែលសម្បូណ៌​ឧស្ម័ន​ធម្មជាតិ ភ្ជាប់​ទៅនឹង​ប្រទេសឥណ្ឌា ដោយ​ឆ្លងកាត់តាម ដែនដី អាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន។ បំពង់នេះ មានប្រវែង ១.៧៥០គ.ម. អាច​បង្ហូរ​ក្នុង១ឆ្នាំៗ ឧស្ម័ន​បរិមាណ ៣៣.០០០លានមស្ថាបនកម្មនេះ តម្រូវ​ឲ្យ​ចំណាយ​ប្រមាណ ៧.៩០០​លានដុល្លារ។ វាត្រូវ​ចាប់ផ្តើម​ដំណើរការ គឺ នៅឆ្នាំ២០១៨។

ទាក់ទង​នឹង​បញ្ហា​ថាមពលដែរ ពេល លោក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi វត្តមាន នៅ រុស្ស៊ី ចូលរួម ក្នុង​ជំនួបកំពូល OCS  គណៈប្រតិភូ​ឥណ្ឌា​ដែលអមដំណើរ​គាត់ បានចុះកិច្ច ព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី RosNeft ដែល​ប្រមើល លក់ប្រេង​ឆៅ រុស្ស៊ី ទៅឥណ្ឌា សម្រាប់អំឡុងពេល ១០ឆ្នាំទៅមុខ ដោយ​ ផ្តល់ទៅ មួយឆ្នាំៗ  ១០លានតោន គិតជាសរុប គឺ ១០០លានតោន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ