អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​ថ្មី​​ក្រោម​ឈ្មោះ​ថា "សហរដ្ឋ​រុស្ស៊ី-បេឡារុស” អាយុ​បាន​១៥​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

១៥​ឆ្នាំ​មុន ថ្ងៃ​៨​ធ្នូ​ឆ្នាំ ១៩៩៩ រដ្ឋ​ឯករាជ្យ​ថ្មី​ពីរ​នៃ​អតីត​សហភាព​សូវៀត ពោល​គឺ​សហព័ន្ធ​រុស្ស៊ី និង​ សាធារណរដ្ឋ​បេឡារុស បាន​ចុះ​នឹង​គ្នា សន្ធិសញ្ញា​ស្តី​អំពី​ការបង្កើត​ឡើង ជា​រដ្ឋ​សហភាព​ថ្មី ដែល​មាន​ឈ្មោះ​ថា “សហរដ្ឋ​រុស្ស៊ី-បេឡារុស”។ សន្ធិសញ្ញានេះ បាន​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃ​២៦​មករា​ឆ្នាំ​២០០០​មក ក្រោយ​ពី​វា​បាន​ទទួល​ការ​ឲ្យ​សច្ចាប័ន​ដោយ​រដ្ឋសភា ប្រទេស​ទាំងពីរ។ ​តើ​សហរដ្ឋ​ថ្មី​នេះ ​ចេះ​សម្រេច​បាន​នូវ​គោលដៅ​ភូមិសាស្ត្រ-​នយោបាយ ត្រឹម​កម្រិត​ណា​ដែរ?

ប្រធានាធិបតី​បេឡារុស លោក Alexandre Loukachenko ពេល​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី​បួន ខែ​មករា ២០១៤
ប្រធានាធិបតី​បេឡារុស លោក Alexandre Loukachenko ពេល​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី​បួន ខែ​មករា ២០១៤ Reuters/Sergei Grits
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា ថ្ងៃ៨ធ្នូឆ្នាំ ១៩៩៩ នោះ ត្រូវ​បាន​ចុះ​ហត្ថ​លេខា ដោយ ៖ ម្ខាង គឺ ប្រធានាធិបតី​ទី​១ នៃ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី លោក Boris Yeltsin ដែល​៣​សប្តាហ៍​ក្រោយ​មក នៅ​ថ្ងៃ ៣១​ធ្នូ​ឆ្នាំ​នោះ​ឯង បាន​លា​ចេញ​ពី​អំណាច ហើយ​ផ្ទេរ​តំណែង​នេះ​មក លោក​ពូទីន កាលណោះ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ស្តី​ទី។ និង​ម្ខាងទៀត គឺ លោក Alexandre Loukachenko ប្រធានាធិបតី​ទី​១​របស់​បេឡារុស​ ចាប់ពី ឆ្នាំ​១៩៩៤ មក ដ្បិត​មុន​គាត់​ នៅ​បេឡារុស គឺ​ប្រធាន​រដ្ឋសភា​ដែល​បាន​បំពេញ​តួនាទី​កំពូល។

 
សន្ធិសញ្ញាចែងថា អង្គការ​ដឹកនាំ​រដ្ឋ​សហភាពគឺ ឧត្តម​ក្រុម​ប្រឹក្សា​រដ្ឋ និង ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី៖
-ឧត្តម​ក្រុមប្រឹក្សា​រដ្ឋ ផ្សំ​ឡើង​ពី​ប្រមុខ​រដ្ឋ រដ្ឋសភា និង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។ ចាប់ពី​ឆ្នាំ ២០០០​មក ក្រុម​ប្រឹក្សា​នេះ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​បេឡារុស Loukachenko។ សរុប​ទៅ ក្រុម​ប្រឹក្សា​បាន​រួម​ប្រជុំ ១៧​លើក​ហើយ។

-ចំណែក​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី ផ្សំ​ឡើង​ពី​ប្រមុខ​រដ្ឋាភិបាល និង​សមាជិក​មួយ​ចំនួន​នៃ​រដ្ឋាភិបាល ប្រទេស​ទាំងពីរ។ ចាប់ពីឆ្នាំ​២០១២​មក ក្រុមប្រឹក្សា​នេះ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក​ឌ្មីទ្រី មេដវេដេវ។ សរុបទៅ មាន​រួម​ប្រជុំ​ចំនួន ៤១​លើក​ហើយ។​​ 

គោលដៅចោទដោយ សហរដ្ឋថ្មី គឺធានា​សន្តិសុខ​រួម និង​ការអភិវឌ្ឋន៍​រដ្ឋ​ទាំងពីរ។ ក្នុង​ន័យ​នេះ​ បេឡារុស ដែល​ជា​ទឹកដី​ខាង​លិច​បង្អស់​របស់​សហភាព​សូវៀត​បច្ចុប្បន្ន ក្រោយ​ពី បក្ស​សម្ព័ន្ធ​អូតង់ ចេះ​តែ​វាតទី​មក​ទិស​ខាង​កើត​ព្រំដែន​បេឡារុស ស្រាប់​តែ​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ខាង​កើត​របស់​អង្គការ​យោធា​បស្ចិម​លោក​នេះ នៅ​ត្រង់​ប្រទេស​ប៉ូឡូញ និង ៣​ប្រទេស​តំបន់​បាល់ទិក គឺ លីទុយអានី ឡេតូនី អេស្តូនី។ ដូច្នេះ សម្រាប់​រុស្ស៊ី បេឡារុស ក្លាយ​ជា​រណសិរ្ស ជួរមុខ នៃ​សហរដ្ឋ​ថ្មី ប្រឈម​ផ្ទាល់ នឹង​អូតង់ ហើយ​សម្រាប់​បេឡារុស​វិញ រុស្ស៊ី​ជា​រណសិរ្ស ជួរ​ក្រោយ​យ៉ាង​កក់​ក្តៅ។ ម៉្លោះហើយ បាន​ជា​តាមរយៈ​សហរដ្ឋ​ថ្មី រុស្ស៊ី និង បេឡារុស មាន ប្រព័ន្ធ​ការពារ​ដែន​អាកាស​រួម នៅ​ជាប់​នឹង​ដែន​អាកាស​អូតង់​តែម្តង។ តាម​មុខ​ព្រួញ​នេះ រុស្ស៊ី​មាន​មូលដ្ឋាន​កង​អាកាស​ខ្លួន ប្រចាំ​នៅ​លើ​ដែន​ដី​បេឡារុស រួច​នា​ពេល​ចុង​ក្រោយ ទៅ​តាម​សំណូម​លោក​ប្រធានាធិបតី​បេឡារុស Loukachenko រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​យោធា​បន្ថែម​ទៀត​ទៅ​ទី​នោះ ដើម្បី​បង្ការ​ជាមុន ទល់​នឹង​លំហាត់​សឹក​កាន់​តែ​ញឹកញយ របស់​អូតង់ នៅ​តំបន់​នោះ លំហាត់​ក្រោម​លេស​ថា​ការពារ​ទល់​នឹង​ការគំរាម ពី​ខាង​រុស្ស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ ពី “ធាតុ​ពិត​ឈ្លានពាន” ចំពោះ​អ៊ុយក្រែន។

រីឯក្នុងន័យជួយជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បេឡារុស រុស្ស៊ី​លក់​ឧស្ម័ន​ធម្មជាតិ ទៅ​ឲ្យ​ដៃ​គូ​នេះ​របស់​ខ្លួន​ក្នុង​ឋានៈ​ជា “គ្នា​ឯង” គឺ​តាម​ថ្លៃ​ដូច​តម្លៃ​ក្នុង​ស្រុក​រុស្ស៊ី​អញ្ចឹង តែ ១៦៨​ដុល្លារ ក្នុង​១.០០០ម ហើយ ចាប់ពី​ថ្ងៃ​១​មករា​ខាង​មុខ​ទៅ គឺ​ចុះ​ដល់​១៥៥​ដុល្លារ យោង​ទៅ​តាម​តម្លៃ​ប្រេង​ដែល​បន្ត​ចុះ​ថ្លៃ​លើ​ទីផ្សារ​ពិភពលោក។ ជាការប្រៀបធៀប សម្រាប់​អ៊ុយក្រែន ដែល​សន្មត់​ថា​ជា​ “គ្នា​គេ” តម្លៃ​ឧស្ម័ន​រុស្ស៊ី ឥឡូវ ទោះ​ចុះ​ទាប​ក្តី គឺ ៣៧៨​ដុល្លារ​ឯណោះក្នុង​១.០០០ម

គួរនិយាយថា ទំនាក់ទំនង​រវាង​ប្រមុខ​រដ្ឋ​រុស្ស៊ី និង​បេឡារុស មិនមែន​ចេះ​តែ​រលូន​ឡើយ ទោះបី​រដ្ឋ​ទាំងពីរ ស្ថិត​ក្នុង​រដ្ឋ​សហភាព​ក្តី ហើយ​ទោះបី​រុស្ស៊ី​រមែង “យកចិត្ត” តាម​ផ្លូវ​ផ្តល់​ហិរញ្ញប្បទាន ក្រាស់ក្រែល​ក្រៃ ដល់​បេឡារុស​ក្តី ដោយសារ​ស្ថានភាព​ប្រទេស​នេះ អនុគ្រោះ​សម្រាប់​រុស្ស៊ី។ យ៉ាងណាមិញ លោក Loukachenko ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​បេឡារុស ២០​ឆ្នាំ​ជាប់​មក​ហើយ ឈរ​លើ​គោលជំហរ មិនមែន​តាម​លំនាំ​រុស្ស៊ី​ឡើយ ឧទាហរណ៍​មិន​ព្រម​ទទួល​ស្គាល់​ដែនដី​អបគម​របស់​ហ្ស៊កហ្ស៊ី អាប់ខាហ្ស៊ី និង អូសេទី​ខាង​ត្បូង ជា​រដ្ឋ​ឯករាជ្យ ដូចក្តី​ប្រាថ្នា​ចង់​បាន​របស់​រុស្ស៊ី​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក​Loukachenko ថែម​ទាំង​ថ្កោលទោស​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ទាំង​ថ្លែង​ចំអក​តាម​សម្តី​គាត់ អំពី សាធារណរដ្ឋ​ស្វ័យ​ប្រកាស ដូណេត និង លូហ្កាន់ ស្អីណា។

ប៉ុន្មានថ្ងៃមុន លោក Loukachenko ថែម​ទាំង​បញ្ជា ​ឲ្យ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​គយ នៅ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី ដំណើរការ​ឡើង​វិញ ប៉ុស្តិ៍​​បែប​នេះ ត្រូវ​បាន​រុះរើ​ចេញ​តាំង​ពី​ឆ្នាំ​២០១១ ក្រោយពី​មាន​បង្កើត​ឡើង ជា​សហភាព​ឥត​ពន្ធ​គយ ដែល​មាន​រុស្ស៊ី បេឡារុស និង កាហ្សាក់ស្ថាន ជា សមាជិក ព្រោះ​គាត់​ក្តៅ​ក្រហាយ​នឹង​រុស្ស៊ី​ដែល​ចោទ​បេឡារុស​ថា លង់​ខ្លួន​ដើរ​តួ ជា​ស្ពាន​ចម្លង​ចូល​ក្នុង​ប្រទេស​រុស្ស៊ី នូវ​គ្រឿង​បរិភោគ​ណា​របស់​ពួក​ប្រទេស​សហភាព​អឺរ៉ុប ដែល​ជាប់​ក្នុង​បម្រាម ហាម​ប្រាម​របស់​ម៉ូស្គូ ជា​ចម្លើយ​បក​ទៅ​វិញ​ពី​ខាង​ម៉ូស្គូ​ទល់​នឹង​ទណ្ឌកម្ម​ពួកគេ​ប្រឆាំង​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ