អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី

ទស្សនកិច្ច​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​កោះគួរីល​ខាង​ត្បូង ញ៉ាំង​ក្រុង​តូក្យូ​ឲ្យ​ឆេះ​ដុំ

តាម​កាសែត​រុស្ស៊ី Vedomosti លេខ​ថ្ងៃ២៤​សីហា​នេះ ទស្សនកិច្ច​លោក​នាយក រដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​ឯ​កោះ​មួយ នៃ​ជួរ​កោះ​គួរីល​ខាង​ត្បូង​ទាំង៤ ដែល​ក្រុង​តូក្យូ ចាត់​ទុក​ថា​នៅ​ជាប់​ក្នុង​វិវាទ​ជាមួយ​រុស្ស៊ី​នៅ​ឡើយ ប៉ុន្តែ​ដែល​ត្រូវ​ម៉ូស្គូ ចាត់​ទុក ជា របស់​ខ្លួន​ទៅ​ហើយ គឺ​អាច​បណ្តាល​ឲ្យ​លុប​ទៅ​វិញ ទស្សនកិច្ច​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន គ្រោង បំពេញ​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​នេះ។

ទស្សនកិច្ចប្រមុខរដ្ឋាភិបាលរុស្ស៊ីនៅកោះគួរីលខាងត្បូង ញ៉ាំងក្រុងតូក្យូឲ្យឆេះដុំ
ទស្សនកិច្ចប្រមុខរដ្ឋាភិបាលរុស្ស៊ីនៅកោះគួរីលខាងត្បូង ញ៉ាំងក្រុងតូក្យូឲ្យឆេះដុំ Reuters
ផ្សាយពាណិជ្ជកម្ម

ទោះ​យ៉ាង​ណា​ក្តី ក៏​ក្នុង​កំណត់​ទូត​ត​វ៉ា របស់​ក្រសួង​ការបរទេស​ជប៉ុន ប្រគល់​ជូន​ ភាគី រុស្ស៊ី មាន​និយាយ​ថា ទស្សនកិច្ច​នេះ របស់​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ​នៅ​កោះ​គួរីល គឺ​នាំ​ឲ្យ​របួស​ដល់​មនោសញ្ចេតនា ប្រជាជន​ជប៉ុន ម៉្លោះ​ហើយ​បាន​ជា លោក​ប្រមុខ​ការទូត ជប៉ុន Fumio Kishida បង្ខំ​ចិត្ត​លើក​ទៅ​ពេល​ក្រោយ​វិញ ទស្សនកិច្ច ដែល​គាត់​បាន​គ្រោង​បំពេញ នៅ​ម៉ូស្គូ នៅ​ចុង​ខែ​សីហា​នេះ ឬ នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ។

ជា​ចម្លើយ​តប​វិញ ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន ចោទ​ក្រុង​តូក្យូ ថា​ប៉ុនប៉ង សើរើ​ឡើង​វិញ តុល្យការ​នៃ​សង្គ្រាមលោក​លើក​ទី​២។ ជា​ការ​រំលឹក ស្រប​នឹង​តុល្យការ​នៃ សង្គ្រាម​នេះ ដែល​បាន​ចប់​ទៅ​នៅ​អាស៊ី ដោយ​ការ​ចុះ​ហត្ថលេខា​សុំ​ចុះ​ចាញ់​របស់​ជប៉ុន កាល​ពី ថ្ងៃទី២​កញ្ញា ឆ្នាំ១៩៤៥ កោះ​បួន​នៃ​ជួរ​កោះ​គួរីល​ខាង​ត្បូង របស់​ជប៉ុន បាន​ឆ្លង​មក​នៅ ក្រោម អធិបតេយ្យ​របស់​សហភាព​សូវៀត ហើយ​ក្រោយ​ពី​សហភាព​នេះ​រលាយ​បាត់​ទៅ គឺ​ឆ្លង មក​ជា កម្មសិទ្ធិ​សហព័ន្ធ​រុស្ស៊ី ដែល​បន្ត​កេរ្តិ៍​ពី​សហភាព​សូវៀត។

ក្រសួង​ការបរទេស​រុស្ស៊ី សង្កត់​ធ្ងន់​ថា ទឹក​ចិត្ត​ក្តៅ​ក្រហាយ​សំដែង​ដោយ​ក្រុង​តូក្យូ ចំពោះ​ទស្សនកិច្ច​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី នៅ កោះ​គួរីល​ខាង​ត្បូង គឺ​ញ៉ាំង​ឲ្យ​ក្រុង​ម៉ូស្គូ មិន​អាច​ជឿ​ឡើយ ការ​អះអាង​របស់​រដ្ឋាភិបាល​ជប៉ុន ស្តី​អំពី​ការ​គោរព​សច្ចៈធម៌​ប្រវត្តិសាស្ត្រ។ តាម​កាសែត​ដ៏​ធំ​នៅ​រុស្ស៊ី​ឈ្មោះ Vedomosti លេខ​ថ្ងៃ២៤​សីហា​នេះ ដោយ​មក​ពី​ទស្សនកិច្ច លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ នៅ​កោះគួរីល​នោះ ដែល​លើក​នេះ​ជា លើកទី៣​ទៅ​ហើយ បើ​គិត​ក្នុង​៥ឆ្នាំ​ចុង​ក្រោយ ទំនាក់ទំនង​ជប៉ុន-រុស្ស៊ី ឥឡូវ​ធ្លាក់​ចុះ​ដល់​បាត​តែ​ម្តង ម៉្លោះ​ហើយ បាន​ជា​ពួក​អ្នក​នយោបាយ​វិទូ​នាំ​គ្នា​ព្យាករណ៍​ថា គូភាគី​មុខ​ជា​នឹង​លុប​ទៅ​វិញ​ពុំ​ខាន ទស្សនកិច្ច ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន គ្រោង​បំពេញ​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំនេះ​។

ចំពោះ​រឿង​នេះ ក្រុង​ម៉ូស្គូ​ថ្លែង​ថា គ្មាន​អ្វី​នឹង​លុប​ទៅ​វិញ​ទេ ពី​ព្រោះ​គូភាគី​មិន​ទាន់​បាន សម្រប យោបល់​គ្នា​ឯណា ទៅ​លើ​កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នោះ។ ថ្ងៃ​សៅរ៍​២២​សីហា ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​រដ្ឋ​ខាង​អភិវឌ្ឍន៍​កោះគួរីល​រហូត​ដល់​ឆ្នាំ២០២៥ លោក​មេដវេដេវ បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​ឈ្មោះ Itourup រស់នៅ​ដោយ​បណ្តាជន ៨.០០០ នាក់ មាន​ផ្ទៃក្រឡា ៦.៧២៥ គ.ម.ក្រឡា​ជា​កោះ​ធំ​ជាង​គេ ក្នុង​ចំណោម​កោះ៤​នៃ​ជួរ​កោះគួរីល ខាង​ត្បូង ដែល​រុស្ស៊ី​ចាត់​ទុក​ជា​របស់​ខ្លួន​ពេញទី ប៉ុន្តែ​ដែល រហូត​មក​ទល់​សព្វថ្ងៃ ត្រូវ​ក្រុង​តូក្យូ​ហៅថា ជា ដែនដីប៉ែកខាងជើងរបស់ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ