អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី

នាយករដ្ឋមន្រ្តី​ជប៉ុន​សន្យា​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​រុស្ស៊ី

លោក​ស្ហ៊ីន​ហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​លើកឡើង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​មាន​បំណង​ចង់បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​រុស្ស៊ី តាមរយៈ​ដំណោះស្រាយ​សមស្របមួយ ដែល​ភាគី​ទាំងពីរ​​អាច​ទទួលយក​បាន​ ហើយ​ឈាន​ទៅ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា។ ការចុះ​សន្ធិសញ្ញា​សន្តិភាព​ដែល​អូសបន្លាយពេល​តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២មក។

លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ចំពោះ​មុខ​បណ្តាជន​ជប៉ុន ដែល​ទាមទារ​ឲ្យ​រុស្ស៊ី​ប្រគល់​កោះពីរ នៅ​គួរីល​មក​ឲ្យ​ជប៉ុនវិញ
លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ចំពោះ​មុខ​បណ្តាជន​ជប៉ុន ដែល​ទាមទារ​ឲ្យ​រុស្ស៊ី​ប្រគល់​កោះពីរ នៅ​គួរីល​មក​ឲ្យ​ជប៉ុនវិញ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

គិត​រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ជប៉ុន និង​រុស្ស៊ី ដែល​ជា​អតីត​គូសត្រូវ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី២ នៅ​មិនទាន់​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា​នៅឡើយទេ។ ប្រទេស​ទាំងពីរ​នេះ នៅ​ជាប់មាន​ជម្លោះ​ព្រំដែន​នឹងគ្នា ទាក់ទង​នឹង​ប្រជុំកោះ​គួរីល។

ប្រជុំកោះ​គួរីល​នេះ ធ្លាប់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ក៏ប៉ុន្តែ នៅ​ពេល​សង្រ្គាម​លោក​លើកទី២​ជិត​បញ្ចប់ ជប៉ុន​ចាញ់​សង្រ្គាម ហើយ​កងទ័ព​រុស្ស៊ី (អតីត​សហភាព​សូវៀត) ក៏​បាន​វាយលុក​ដណ្តើម​កាន់កាប់​ប្រជុំកោះ​គួរីលនេះ។ មកទល់នឹង​សព្វថ្ងៃ​នេះ ប្រជុំកោះ​គួរីល​ទាំងមូល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី ប៉ុន្តែ ជប៉ុន​​ទាមទារ​យក​កោះ​ពីរ នៅ​ចុងខាងត្បូង​នៃ​ប្រជុំកោះ​គួរីល​នេះ​ពី​រុស្ស៊ី​មកវិញ។ ជម្លោះ​ដណ្តើម​កោះ​នេះ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​ជប៉ុន និង​រុស្ស៊ី មិន​ទាន់​អាច​ចុះ​សន្ធិសញ្ញា​សន្តិភាព​នឹងគ្នា តាំង​ពី​បញ្ចប់​សង្រ្គាម​លោក​លើកទី២​មក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​តាមទូរស័ព្ទ លោក​បាន​ប្រាប់​​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន អំពី​ឆន្ទៈ​របស់​លោក​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែនជាមួយ​គ្នា។ គឺ​ជា​ដំណោះស្រាយ​សមស្របមួយ ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា ហើយ​បើក​ផ្លូវ​ទៅ​ចរចា​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា ដើម្បី​បញ្ចប់​ជាផ្លូវការ​នូវ​អារិភាព​នៃ​សង្រ្គាម​លោក​លើកទី២។

យើងឃើញ​ថា ជំហរ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​ជាមួ​យ​រុស្ស៊ី​នេះ មើលទៅ មាន​លក្ខណៈទន់ភ្លន់ ខុសស្រឡះ​​​ពី​ជំហរ​ចំពោះ​ជម្លោះ​ព្រំដែន​ជាមួ​យ​ចិន។

ចាប់តាំង​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ លោក​ស្ហ៊ីនហ្សូ អាបេ តែងតែ​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាប់រហូត​ថា ប្រជុំកោះ​សេនកាគូ ដែល​ចិន​ហៅ​ថា ទៀវយូ គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ជប៉ុន ដែល​មិន​អាច​ចរចា​ជាមួយចិន​បាន​ជា​ដាច់ខាត។ ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន​នេះ ធ្វើ​ឲ្យ​នាវា និង​យន្តហោះ​របស់​ចិន និង​ជប៉ុន ជួប​ប្រឈមមុខ​គ្នា​ជារឿយៗ។

កាល​ពីថ្ងៃ​អង្គារ អាជ្ញាធរ​ជប៉ុន​បាន​អះអាង​ថា នាវាចម្បាំង​របស់​ចិន​មួយ​គ្រឿង​បាន​ប្រើ​រ៉ាដា សម្រាប់​កំណត់​គោលដៅ​បាញ់ ចាប់ទៅលើ​នាវា​របស់​ជប៉ុន។ ជា​សកម្មភាព ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ចាត់ទុកថា​ជា​ទង្វើ​បង្កហេតុ​ប្រកប​ដោយ​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ