អានតួអត្ថបទ
រុស្ស៊ី-ប៉ាឡេស្ទីន

ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៃ​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​នៅ​រុស្ស៊ី

ទស្សនកិច្ច​នេះ​ចាប់​ផ្តើម​ពី​ជំនួប​របស់​លោក Mahmoud Abbas ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ ថ្ងៃ​នេះ​ដដែល លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ក៏​ជួប​ចរចា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ។ ជា​លទ្ធផល ទស្សនកិច្ច​តាម​ដែល​ស្ថានទូត​ប៉ាឡេស្ទីន​នៅ​ម៉ូស្គូ​ប្រកាស​ឲ្យ​ដឹង នឹង​មាន​ចុះ​ឯកសារ​ទ្វេភាគី​មួយ​ចំនួន។

លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas
លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas Reuters/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ពត៌មាន​វិមានក្រេមឡាំង​បាន​ផ្សាយ​ដំណឹង​ថា ក្នុង​ជំនួប​ថ្នាក់​ប្រមុខរដ្ឋ លោក Mahmoud Abbas និង​លោកពូទីន​ពិភាក្សា​ទៅ​លើ​ទិដ្ឋភាព​គន្លឹះៗ​នៃ​ទំនាក់ទំនង​ប៉ាឡេស្ទីន រុស្ស៊ី​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​យ៉ាង​ល្អិតល្អន់​ជុំវិញ​ទស្សនវិស័យ​នៃ​ដំណោះស្រាយ​ជម្លោះ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ព្រម​ទាំង​ជុំវិញ​ចង្កោម​បញ្ហា​ប្រកប​ដោយ​បច្ចុប្បន្នភាព​នៃ​ស្ថានការណ៍​នៅ​តំបន់។ នៅ​តាម​មុខព្រួញ​នេះ គូភាគី​ដូច​សព្វ​មួយ​ដង​អញ្ចឹង ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានការណ៍​នៅ​ដើមបូព៌ា និង​ភូមិភាគ​ខាងជើង​ទ្វីប​អាហ្វ្រិក។

ថ្ងៃ១៣ មេសា​នេះ​ដែរ លោក​ប្រមុខរដ្ឋអំណាច​ប៉ាឡេស្ទីន​ធ្វើ​កិច្ចចរចា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ឌ្មីទ្រី មេដវេដេវ។ ទាក់ទង​នឹង​ជំនួប​នេះ អង្គភាព​ពត៌មាន​រដ្ឋាភិបាល​រុស្ស៊ី​ផ្សាយ​ដំណឹង​ថា លោក​នាយករដ្ឋមន្ត្រី​មេដវេដេវ និង​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លើក​យក​ទៅ​ពិនិត្យមើល បញ្ហា​ជា​គ្រឹះមូលដ្ឋាន​នៃ​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​វិនិយោគ វប្បធម៌ មនុស្សធម៌ ព្រមទាំង​ពិភាក្សា​ទៅ​លើ​បញ្ហា​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ។

មិន​តែ​ប៉ុណ្ណោះ តាម​ដែល​ឯកអគ្គរដ្ឋទូត​ប៉ាឡេស្ទីន​ប្រចាំ​នៅ​ក្រុង​ម៉ូស្គូ លោក Fayed Moustafa បាន​ថ្លែង​ទៅ​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី Interfax លោក​ប្រធាន​រដ្ឋអំណាច​ឡេស្ទីន​នឹង​ត្រូវ​ទទួល​ជួប​សន្ទនា​ដោយ​ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្ស​រុស្ស៊ី សម្តេចសង្ឃ Kirill និង​ប្រមុខ​សាសនា​អ៊ីស្លាម​នៅ​រុស្ស៊ី សម្តេចសង្ឃ Gainutdin។ តាម​សម្តី​អ្នកការទូត​ប៉ាឡេស្ទីន ជា​លទ្ធផល​ទស្សនកិច្ច​នឹង​មាន​ចុះឯកសារ​ទ្វេភាគី​មួយ​ចំនួន​បែប​យ៉ាង កិច្ចព្រមព្រៀង​ប៉ុន្មាន​ច្បាប់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ។ ជាអាទិ៍ គឺ​កិច្ចព្រមព្រៀង​ស្តីអំពី​សហប្រតិបត្តិការ​រវាង​ក្រសួង​អភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួង​ទូរគមនាគមន៍ និង​ក្រសួង​ហិរញ្ញវត្ថុ។

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​បុរីSochi នៅ​ឯ​មាត់​សមុទ្រខ្មៅ ជាទី​ដែល​ក្នុង​ឆ្នាំ​មុន មាន​ប្រព្រឹត្ត​ទៅ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ធ្លាក់​ទឹកកក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ