អានតួអត្ថបទ
ជប៉ុន

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រឆាំង​នឹង​នយោបាយ​នុយក្លេអ៊ែរ​របស់​បក្ស​​ឯង

អតីត​នាយក​រដ្ឋមន្ត្រី​ស្តាំ​និយម​របស់​ជប៉ុន លោក ​កូអ៊ីហ្ស៊ូមី (Koizumi) ដែល​នៅ​ក្នុង​គណបក្ស​ជាមួយ​នឹង​លោក​ស្ហ៊ីនហ្សូ អាបេ (ជា​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច) បាន​បង្ហាញ ដោយ​ចំហ និង​ដោយ​ត្រង់ៗ ​នូវ​ជំហរ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ ក្នុងពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន កំពុង​តែ​ព្យាយាម​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ជប៉ុន ទៅ​បរទេស។

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ
រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ ៧១​ឆ្នាំ ជាអតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦ លោក កូអ៊ីហ្ស៊ូមី ក៏​ដូចអ្នក​នយោបាយ​សេរីនិយម​ផ្សេងទៀត​ក្នុង​ជួរ​បក្ស​ដែរ ធ្លាប់​ជា​អ្នក​ការពារ​ថាមពល​នុយក្លេអ៊ែរ និង​ជាមគ្គុទេសក៍​​ដ៏​ចំណាន​ម្នាក់​របស់​លោក ស៊ីនហ្សូ​អាបេ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក កូអ៊ីហ្ស៊ូមី បាន​ផ្លាស់​ប្តូរ​ជំហរ​១៨០° ចាត់​ទុក​ការ​ប្រើប្រាស់​​ថាមពល​រំពឹង​លើ​នុយក្លេអ៊ែរ​ ជាទង្វើ​ “គ្មាន​ទំនួល​ខុសត្រូវ”។ ថ្វីដ្បិត​តែ​លោក​បដិសេធ​មិន​សហការ​ជាមួយ​នឹង​បក្ស​សង្គម​ប្រជាធិបតេយ្យ​ជា​ប្រឆាំង​មែន​ ប៉ុន្តែ​លោក កូអ៊ីហ្ស៊ូមី ដែល​លែង​មាន​តួនាទី​នយោបាយ​ទៅ​ហើយ​នោះ អាច​នឹង​ធ្វើ​សកម្មភាព​ ជំរុញ​មតិ​សាធារណៈ​ឱ្យពុះ​កញ្ជ្រោល​ឡើង​ប្រឆាំង​នយោបាយ​នុយក្លេអ៊ែរ​​របស់​រដ្ឋាភិបាល​។

តាមការពិត​ជំហរ​បញ្ច្រាស​ទិស​របស់​ឥស្សរជន​នយោបាយ​ស្តាំ​និយម​នេះ មិន​ជា​ខុស​ឆ្ងាយ​ពី​គោលការណ៍​ដើម​​​របស់​បក្ស​សេរីប្រជាធិបតេយ្យ​ ដែល​ដឹកនាំ​ដោយ​លោក​ស៊ីនហ្សូ​អាបេ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយ​មូលហេតុ​សេដ្ឋកិច្ច និង​ដោយ​ហេតុ​តែ​ការ​​​ស្រោច​ស្រង់​ប្រទេស​ឱ្យ​មាន​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​នោះ ទើប​លោក​ស៊ីនហ្សូ​អាបេ មិន​ត្រឹម​តែ​ចង់​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ប្រតិករ​នុយក្លេអ៊ែរ​ ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​បាន​និង​កំពុង​​ព្យាយមា​ស្វែង​រក​ទីផ្សារ​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅ​ជុំ​វិញពិភពលោក​ទៀត​ផង។

ជា​ប្រតិកម្ម​ លោក ស៊ីនហ្សូ អាបេ បាន​តបថា នៅ​​ក្នុង​កាលៈទេសៈបច្ចុប្បន្ន​ ជប៉ុន​​មិន​អាច​សន្យា​បំបាត់​នុយក្លេអ៊ែរ​បាន​ឡើយ ! សូម្បី​តែ​កូន​ប្រុស​ផ្ទាល់​របស់លោក កូអ៊ីហ្ស៊ូមី ដែល​គេ​មើល​ឃើញ​ថា​ជា​អនាគត​អ្នក​ដឹកនាំ​ជប៉ុន​ផង​នោះ​ ក៏​មិន​បាន​គាំទ្រ​ជំហរ​របស់​ឪពុក​ ដោយ​សំអាង​​ថា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​របស់​ពលរដ្ឋ​ជប៉ុន។ គ្រួសារ​ទាំង​មូល​បាន​ទទួល​ស្គាល់​ថា​លោក កូអ៊ីហ្ស៊ូមី​ មានគិត​អ្វី​​និយាយនោះ សូម្បី​តែ​កំពុង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រីក៏​ដោយ។ តែ​លោក កូអ៊ីហ្ស៊ូមី មិន​មែន​មនុស្ស​ទី​មួយ​ដែល​បង្ហាញ​ជំហរ​​ប្រឆាំង​នឹង​​នយោបាយ​នុយក្លេអ៊ែរ​​ទេ ភរិយា​ផ្ទាល់​របស់​លោក ស៊ីនហ្សូ​អាបេ​ ក៏​ធ្លាប់​សម្តែង​​មតិ​ប្រឆាំង​ជា​សាធារណៈ​ដែរ​កាលពី​ប៉ុន្មាន​ខែ​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ