អានតួអត្ថបទ
គ្រោះអត់ឃ្លាន

FAO៖ ​របរ​កសិកម្ម​ជាលក្ខណៈ​គ្រួសារ​ជា​គន្លឹះ​ក្នុងការ​លុបបំបាត់​ភាព​អត់ឃ្លាន

អង្គការ​ស្បៀង​អាហារ​ពិភពលោក ហៅ​កាត់​ថា FAO ដែល​មាន​ទីតាំង​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​១៦​តុលា ស្តី​អំពី​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​អត់ឃ្លាន។ របាយការណ៍​នេះ បាន​ផ្តោត​ធ្ងន់​ទៅ​លើ ការ​ជួយទំនុកបំរុង​ដល់​កសិករ​ក្រីក្រ​ ដែល​មាន​ដីស្រែ​ចំការ​បន្តិច​បន្តួច ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ភោគផល គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត និង​រួច​ផុត​ពី​ភាព​អត់ឃ្លាន។  

ស្បៀងអាហារ​ប្រមាណ ៨០% នៅ​ទូទាំង​ពិភពលោក គឺ​ផលិត​ចេញ​ពី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ (FAO)
ស្បៀងអាហារ​ប្រមាណ ៨០% នៅ​ទូទាំង​ពិភពលោក គឺ​ផលិត​ចេញ​ពី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ (FAO) Laurent Correau / RFI
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក ដែល​បាន​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ មាន​គ្រួសារ​កសិករ​ក្រីក្រ​ចំនួន​ប្រមាណ​ជា​ ៥០០លាន គ្រួសារ​​ នៅក្នុង​ពិភពលោក ដែល​ធ្វើ​ស្រែ​ចំការ​ ជាមួយ​នឹង​ផ្ទៃ​ដី ដែល​មាន​ទំហំ​តិចតួច​បំផុត ចន្លោះ​ពី ១​ទៅ​ ៥ហិកតា។ ប្រជាជន​ទាំង​នោះ ដែល​សុទ្ធសឹង​តែ​ជា​កសិករ​ក្រីក្រ កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​អត់ឃ្លាន​ ដោយ​ការ​ខ្វះ​ស្បៀង​អាហារ ព្រោះ​ថា​ផល​ដែល​ពួក​គេ​ទទួល​បាន វា​មិន​គ្រប់គ្រាន់​ទៅ​តាម តំរូវ​ការ​ក្នុង​ការ​ចិញ្ចឹម​ជីវិត។

លោក​នាយក​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ បាន​មាន​ប្រសាសន៍​ថា កសិករ​ក្រីក្រ​ទាំង​នោះ មិនមែន​ជា​បញ្ហា​នោះ​ទេ តែ​ពួកគាត់​គឺ​ជា​ដំណោះ​ស្រាយ។ មាន​ន័យ​ថា ចង់​លប់​បំបាត់​ភាព​ក្រីក្រ និង​ការ​អត់ឃា្លន គឺ​ពួក​គាត់​នេះ​ឯង​ ដែល​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ដោះស្រាយ។ លោក​បន្ត​ថា យន្តការ​ពីរ​ធំៗ ដែល​អាច​ជួយ​ជំរុញ ប្រជា​កសិករ​ក្រីក្រ ឲ្យ​ទទួល​បាន​ផល​ល្អ​ប្រសើរ​ ដើម្បី​ចិញ្ចឹម​ជីវិត លុះ​ណា​តែ​ ពួកគាត់​មាន​ដើមទុន​គ្រាប់គ្រាន់ និង​មាន​ចំណេះដឹង​ច្បាស់លាស់​ក្នុង​ការ​ដាំដុះ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​កង្វះ​ដើមទុន​របស់​កសិករ កម្ចី​ឥណទាន​ខ្នាត​តូច ពី​ស្ថាប័ន​រដ្ឋ និង​ឯកជន​ គឺ​ជា​មធ្យោបាយ​តែ​មួយគត់​ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ក្រីក្រ មាន​លទ្ធភាព ពង្រីក​មុខរបរ រឺ​ចំណាយ​ទៅ​ក្នុង​ការ​ដាំដុះ​របស់​ខ្លួន។ មួយ​វិញ​ទៀត អាជ្ញាធរ​រដ្ឋ មាន​តួនាទី ផ្តល់​ប្រឹក្សា ដល់​កសិករ​ ពី​របៀប​ដាំដុះ មិន​មែន​បណ្តោយ​ឲ្យ​ពួក​គាត់​ ធ្វើ​តាម​តែ​យថាកម្ម​នោះ​ទេ។ ​រដ្ឋ​ក៏​ត្រូវ​ជំរុញ ឲ្យ​មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ លើ​វិស័យ​កសិកម្ម ព្រមទាំង​ជំរុញ​លើក​កម្ពស់​ ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ។ ទិសដៅ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក គឺ ជំរុញ​ការ​ដាំដុះ​របស់​កសិករ​ទាំងនោះ ឲ្យ​មាន​លក្ខណៈ​ទំនើប ចាក​ផុត​ពី​ការ​ដាំដុះ​ដើម្បី​បង្រ្គប់​តែ​ហូប ឈាន​ទៅ​ដល់​ការ​ប្រមូល​ផល​ដើម្បី​លក់​បន្ត។

សូម​បញ្ជាក់​ថា មាន​ប្រជាជន​ប្រហែល​ជា​៨០០លាន​នាក់ ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​ដែល​ភាគ​ច្រើន​លើស​លប់ គឺ​ជា​កសិករ​ដែល​មាន​ដីស្រែ​ចំការ​បន្តិច​បន្តួច កុំ​ថា​ឡើយ​ដាំដុះ​យក​ទៅ​លក់ សូម្បី​តែ​ហូប​មាត់​ឯង​មិន​គ្រប់ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កសិករ​ក្រីក្រ​ទាំង​នោះ ជានិច្ច​ជា​កាល​ រស់នៅ​ក្នុង​ប្រទេស​ដែល​ពុំមាន​ការ​ការពារ​ផ្លូវ​ច្បាប់​ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ដែល​ធ្វើ​ឲ្យ​ពួគ​គេ ក្លាយ​ជា​ជន​រងគ្រោះ ដោយ​ការ​រំលោភ​បំពាន​យក​ដី​ធ្លី ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​បរទេស និង​អាជ្ញាធរ ដែល​ឃប់ឃិត​ដោយ​អំពើ​ពុក​រលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ