តើអ្វីទៅជាដើមហេតុដែលនាំឲ្យមានបញ្ហាខ្វះស្បៀងនៅទូទាំងពិភពលោក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៧
ថ្ងៃ១៦តុលានេះ គឺជាទិវាស្បៀងអាហារពិភពលោក ដែលរៀបចំធ្វើជារៀងរាល់ឆ្នាំ ដោយអង្គការ FAO ដែលជាផ្នែកមួយរបស់អ.ស.ប។ ទិវាស្បៀងអាហារពិភពលោកធ្វើឡើង ដើម្បីទាក់ទាញអារម្មណ៍សាធារណមតិអន្តរជាតិ ឲ្យគិតគូរអំពីកង្វះស្បៀងអាហារនៅលើពិភពលោក។ នៅឆ្នាំនេះ ទិវាស្បៀងអាហារពិភពលោកត្រូវបានរៀបចំធ្វើឡើង ក្រោមប្រធានបទ “ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព”។
សំណួរ-គិតជាសរុបនៅទូទាំងពិភពលោក តើមានមនុស្សប៉ុន្មានលាននាក់ ដែលរងគ្រោះដោយបញ្ហាខ្វះស្បៀង នៅក្នុងពេលបច្ចុប្បន្ននេះ?
បើតាមរបាយការណ៍របស់អ.ស.ប នៅក្នុងពេលបច្ចុប្បន្ននេះ ចំនួនមនុស្សដែលប្រឈមមុខនឹងការខ្វះស្បៀងជាប្រចាំ នៅទូទាំងពិភពលោក មានប្រហែលជា ៨៤២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៧ពាន់លាននាក់។ មានន័យថា បើគិតជាមធ្យម នៅទូទាំងពិភពលោក ក្នុងចំណោមមនុស្ស ៨នាក់ មាន ១នាក់ ជួបនឹងបញ្ហាខ្វះស្បៀង។
ក្នុងចំណោមមនុស្សទាំង ៨៤២លាននាក់ ដែលជួបនឹងបញ្ហាខ្វះស្បៀងនេះ ស្ទើរតែទាំងអស់ រស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ មានតែ ១៦លាននាក់ប៉ុណ្ណោះ ដែលនៅក្នុងប្រទេសអភិវឌ្ឍ។
សំណួរ-បើប្រៀបធៀបនឹងកាលពីមុន តើបញ្ហាខ្វះស្បៀងនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ ឬក៏មានការធូរស្រាលជាងមុន?
វាអាស្រ័យទៅតាមតំបន់។ នៅអាស៊ីប៉ាស៊ីហ្វិក និងនៅអាមេរិកឡាទីន ចំនួនប្រជាជន ដែលប្រឈមមុខនឹងការខ្វះស្បៀងមានការថយចុះ (ជាពិសេស នៅអាស៊ីប៉ាស៊ីហ្វិកថយចុះ ប្រហែលជា ៣០% ធៀបនឹង ១០ឆ្នាំមុន ដោយសារតែមានការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមប្រទេសមួយចំនួន)។ ក៏ប៉ុន្តែ នៅអាហ្វ្រិកវិញ ចំនួនមនុស្ស ដែលរងគ្រោះដោយខ្វះស្បៀង មានការកើនឡើង។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅតាមបណ្តាប្រទេសអភិវឌ្ឍ ចំនួនមនុស្ស ដែលប្រឈមមុខនឹងការខ្វះស្បៀងបែរជាមានការកើនឡើងដែរ គឺកើនឡើង ពី ១៣លាននាក់ កាលពីឆ្នាំ២០០៦ ទៅដល់ ១៦លាននាក់ កាលពីឆ្នាំ២០១២កន្លងទៅ។
សំណួរ-តើពិភពលោកទាំងមូលមានសមត្ថភាពផលិតស្បៀងគ្រប់គ្រាន់ ស្របទៅនឹងចំនួនប្រជាជនទាំងជាង ៧ពាន់លាននាក់សព្វថ្ងៃនេះដែរឬទេ?
បើយោងតាមការសិក្សារបស់អង្គការ FAO ស្បៀងសរុបដែលគេអាចផលិតបាន នៅទូទាំងពិភពលោក មានបរិមាណគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិតប្រជាជនសរុបទាំង ៧ពាន់លាននាក់បាន។ អ្វីដែលចោទជាបញ្ហា គឺនៅត្រង់ថា បរិមាណស្បៀងនេះ វាមិនដូចគ្នា នៅគ្រប់តំបន់ទេ។ កន្លែងខ្លះមានស្បៀងច្រើនលើសពីតម្រូវការ ចំណែកកន្លែងខ្លះទៀត មិនមានគ្រប់គ្រាន់តាមតម្រូវការ។
សំណួរ-តើអ្វីខ្លះ ដែលជាដើមហេតុ ដែលនាំឲ្យមានបញ្ហាខ្វះស្បៀងនេះ?
មូលហេតុមានច្រើន ក៏ប៉ុន្តែ ដើមហេតុចម្បងជាងគេ រួមមាន៖
- ភាពក្រីក្រ៖ នៅតាមកន្លែងខ្លះ ការផលិតស្បៀងមានបរិមាណគ្រប់គ្រាន់ ក៏ប៉ុន្តែ ដោយសារតែភាពក្រីក្រ ប្រជាជនមិនមានលុយ ដើម្បីទិញស្បៀងអស់ទាំងនេះមកបំពេញក្រពះគ្រប់គ្រាន់បាន។
- សង្រ្គាម៖ សង្រ្គាម ឬជម្លោះប្រដាប់អាវុធក្នុងទ្រង់ទ្រាយផ្សេងទៀត វាគឺជាដើមហេតុ ដែលនាំឲ្យមានភាពក្រីក្រ ហើយភាពក្រីក្រ ជាដើមហេតុ ដែលនាំឲ្យប្រជាជនមិនលុយអាចទិញស្បៀងមកចិញ្ចឹមជីវិតបានគ្រប់គ្រាន់។ ម្យ៉ាងទៀត សង្រ្គាម ឬជម្លោះប្រដាប់អាវុធ វាធ្វើឲ្យប៉ះពាល់ទៅដល់សកម្មភាពផលិតស្បៀង ឬសកម្មភាពដឹកជញ្ជូនស្បៀង។
- ភាពអត់ឃ្លានជាដើមហេតុនាំទៅរកភាពក្រីក្រ និងភាពអត់ឃ្លានកាន់តែខ្លាំង៖ នៅពេលដែលប្រជាជនមិនមានអាហារចិញ្ចឹមជីវិតគ្រប់គ្រាន់ វាធ្វើឲ្យសុខភាពធ្លាក់ចុះខ្សោយ ឈឺច្រើន និងគ្មានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើការ ឬរៀនសូត្រ។ ដូច្នេះ វាធ្វើឲ្យប្រជាជននៅជាប់អន្ទាក់នៃភាពក្រីក្រ និងភាពអត់ឃ្លានតទៅទៀត ឬក៏អាចកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀតក៏មាន។
- បញ្ហាអាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុធ្វើបង្កឲ្យមានគ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ឬក៏ទឹកជំនន់ ជាដើម ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការដាំដុះ។ឮ
- ការខ្ជះខ្ជាយស្បៀង៖ ក្នុងមួយឆ្នាំៗ មានស្បៀងប្រមាណជា ១ពាន់ ៣រយលានតោន (ស្មើនឹង ១ភាគ៣ នៃបរិមាណស្បៀងសរុប ដែលគេផលិតបាន) ត្រូវបាត់បង់ដោយសារការទុកដាក់មិនបានល្អ ឬដោយសារការខ្វះសមត្ថភាព ឬខ្វះការប្រុងប្រយ័ត្នក្នុងការចាត់ចែង រវាងស្តុក ការដឹកជញ្ជូន និងតម្រូវការស្បៀងជាក់ស្តែង ឬដោយសារការខ្ជះខ្ជាយ។ ប្រជាជននៅតាមបណ្តាប្រទេសអ្នកមានបោះចោលដោយខ្ជះខ្ជាយស្បៀង ប្រមាណជា ២២២លានតោន ក្នុងមួយឆ្នាំៗ ក្នុងពេលដែលនៅតំបន់ផ្សេងទៀត ប្រជាជនខ្លះស្លាប់ដោយការអត់ឃ្លាន។ គ្រាន់តែចំនួនស្បៀង ដែលគេខ្ជះខ្ជាយចោល នៅតាមប្រទេសអ្នកមាននេះ គេអាចយកទៅចិញ្ចឹមមនុស្ស ៨៤២លាននាក់ ដែលកំពុងប្រឈមមុខនឹងការខ្វះស្បៀងសព្វថ្ងៃជិតគ្រប់គ្នាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ