អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ហេតុអ្វី​បាន​ជា​បេក្ខភាព​របស់​ប្រទេស​កាតា ជា​អ្នក​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​ឆ្នំា ២០២២ កំពុង​បន្ត​ចោទ​ជា​បញ្ហា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី ៤ឆ្នំា​មុន ពោល​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១០ ប្រទេស​កាតា​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហ្វីហ្វា (FIFA) បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នំា ២០២២។ តែ​តំាង​ពី​ពេល​នោះ​មក​ដល់​ថ្ងៃ​នេះ រឿងអាស្រូវ​ជុំវិញ​ការ​ផ្តល់​បេក្ខភាព​ឲ្យ​ប្រទេស​កាតា​កំពុង​បន្ត​មាន​ជា​ហូរហែ។ នៅ​ថ្ងៃទី១៦ ឧសភា​ថ្មីៗ​នេះ លោក​យ៉ូសេហ្វ ប្លាធឺ ប្រធាន​ហ្វីហ្វា​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ការ​ប្រគល់​ឲ្យ​កាតា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នំា ២០២២ គឺ​ជា « កំហុសឆ្គង » មួយ។ តែ​ទន្ទឹម​គ្នា​នេះ លោក​យ៉ូសេហ្វ​បាន​បញ្ជាក់​ថា ហ្វីហ្វា​នៅ​តែ​រក្សា​ទុក​កាតា​ឲ្យ​រៀបចំ​ដដែល ដោយ​មិន​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ទេ។ ហេតុអ្វី​បាន​ជា​បេក្ខភាព​របស់​ប្រទេស​កាតា​កំពុង​បន្ត​បំផុស​ឲ្យ​មាន​រឿង​អាស្រូវ​ខ្លំាង​ម្ល៉េះ?

លោក​ Sepp Blatter ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​អន្តរជាតិ FIFA
លោក​ Sepp Blatter ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​អន្តរជាតិ FIFA Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​បំាង​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ពីធី​រៀបចំ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នំា ២០១៤ នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ដោយឡែក សម្រាប់​ការ​រៀបចំ​នៅ​ក្នុង​ប្រទេស​កាតា​ឯណោះ​វិញ គេ​ត្រូវ​រង់ចំា​ចំនួន ៨ឆ្នំា​ទៀត ពោល​គឺ​នៅ​ឆ្នំា ២០២២។ តែ​បញ្ហា​នៅ​ត្រង់​ថា ៨ឆ្នំា​មុន​នឹង​កាតា​ចាប់​ផ្តើម​ធ្វើ​ជា​ម្ចាស់ផ្ទះ រឿង​អាស្រូវ​ជុំវិញ​ការ​ផ្តល់​បេក្ខភាព​ឲ្យ​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន និង​កំពុង​បន្ត​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល ពិសេស​ជុំវិញ​លក្ខខណ្ឌ​ស្រពិចស្រពិល​មួយ​ចំនួន​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA=ហ្វីហ្វា) បាន​បោះឆ្នោត​ឲ្យ​ប្រទេស​កាតា​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១០។ នៅ​ទីបំផុត​នា​ពេល​ថ្មីៗ​នេះ គឺ​រូបលោក​ប្រធាន​ហ្វីហ្វា យ៉ូសេហ្វ ប្លាធឺ ផ្ទាល់ខ្លួន​តែ​ម្តង​ដែល​បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ការ​ប្រគល់​ឲ្យ​កាតា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នំា ២០២២ គឺ​ជា « កំហុសឆ្គង » មួយ។

តាម​ពិត​ទៅ ការ​ផ្តល់​ឲ្យ​ប្រទេស​អារ៉ាប់​មួយ​នេះ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​មិន​បាន​ចោទ​ជា​បញ្ហា​អ្វី​ទេ ព្រោះ​ថា កាតា​ជា​ប្រទេស​អ្នកមាន​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​ដ៏​ប្រជាប្រិយ​មួយ ដូច​យ៉ាង​កីឡាបាល់ទាត់​ពិភពលោក​រៀងរាល់ ៤ឆ្នំា​ម្តង។ បើ​អ៊ីចឹង​សួរ​ថា ហេតុអ្វី​បាន​ជា​នៅ​ពេល​នេះ គ្រប់​គ្នា​ចេះ​តែ​បន្ត​លើក​យក​រឿង​បេក្ខភាព​របស់​ប្រទេស​កាតា​មក​និយាយ​ធ្វើ​អី​ទៀត ម៉េច​ក៏​មិន​ទុក​ឲ្យ​កាតា​បន្ត​ការងារ​សាងសង់​ពហុកីឡាដ្ឋាន​របស់​ខ្លួន​ទៅ?។ កន្លង​មក​មាន​ការ​លើក​ឡើង​ថា ប្រទេស​អារ៉ាប់​អ្នកមាន​មួយ​នេះ​ជា​ប្រទេស​ក្តៅ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៤០ ទៅ ៥០អង្សា​នៅ​ក្នុង​រដូវក្តៅ ពោល​គឺ​ចំ​រដូវ​ដែល​កាតា​ត្រូវ​រៀបចំ​ពិធី​ប្រកួត​កីឡាបាល់ទាត់ពិភពលោក។

ត្រង់​ចំណុច​នេះ ហ្វីហ្វា​ក៏​បាន​ដឹង​ដែរ តែ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​មួយ​នេះ​នៅ​តែ​បាន​បោះឆ្នោត​ឲ្យ​ប្រទេស​កាតា​ដដែល និង​ដែល​លោក​ប្រធាន​ហ្វីហ្វា​បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ជា​លក្ខណៈ​ទូទៅ​ថា មនុស្ស​យើង​ម្នាក់ៗ​បាន​ធ្វើ​ខុស​ច្រើន​ណាស់​នៅ​ក្នុង​ជីវិត។ តាម​រយៈ​ពាក្យ​សម្តី​នេះ​នំា​ឲ្យ​គេ​យល់​បាន​ថា មិន​គួរ​ណា​ហ្វីហ្វា​សម្រេច​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សីតុណ្ហភាព​រហូត​ដល់​ទៅ ៥០អង្សា​នោះ​ទេ។ បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ កំហុស​ត្រូវ​បាន​គេ​ទម្លាក់​លើ​ហ្វីហ្វា​ទំាង​ស្រុង តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា រឿងរ៉ាវ​ប្រគល់​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ឆ្នំា ២០២២ ឲ្យ​ប្រទេស​កាតា​បាន​បង្កប់​ជ្រៅ​ដោយ​រឿង​នយោបាយ​ទៅ​វិញ។

លោក​ប្រធាន​ហ្វីហ្វា​បាន​ចង្អល់​ចំ​មុខ​ប្រទេស​បារំាង និង​អាល្លឺម៉ង់​ថា ជា​អ្នក​ដែល​បាន​ប្រើ​ឥទ្ធិពល​នយោបាយ​ដើរ​បបួល​គេ​ឯង​ឲ្យ​បោះឆ្នោត​គំាទ្រ​បេក្ខភាព​របស់​ប្រទេស​កាតា​កាល​ពី ៤ឆ្នំា​មុន។ លោក​ប្រធាន​ហ្វីហ្វា​មិន​បាន​និយាយ​ពី​ការ​ទិញ​សន្លឹក​ឆ្នោត​របស់​ប្រទេស​បារំាង និង​អាល្លឺម៉ង់​ទេ តែ​លោក​បាន​លើក​ឡើង​ពី​ការ​ដែល​ទីក្រុង​ប៉ារីស និង​ប៊ែរឡំាង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពី​ប្រទេស​កាតា ពិសេស​កិច្ចសន្យា​ទាក់ទង​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កាតា​ដើម្បី​ត្រៀម​រៀបចំ​ពិធី​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ឆ្នំា ២០២២។ ជា​ចម្លើយ​តាម​វិញ​ដោយ​មិន​បង្អែរបង្អង់ ទីក្រុង​ប៉ារីស និង​ប៊ែរឡំាង​បាន​ច្រានចោល​ភ្លាមៗ​ចំពោះ​ការ​លើកឡើង​របស់​ហ្វីហ្វា និង​ថា អ្វី​ដែល​ប្រធាន​ហ្វីហ្វា​បាន​និយាយ​នោះ គឺ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​ទេ។

ក្រៅ​ពី​ចំណោទ​ជុំវិញ​បញ្ហា​អាកាសធាតុ និង​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​បារំាង និង​អាល្លឺម៉ង់ ក៏​គេ​សង្កេត​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កាតា​កំពុង​ប្រឈម​នឹង​ការ​រិះគន់ ទិតៀន ពិសេស​ក្នុង​បញ្ហា​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស​ដែល​កំពុង​ធ្វើ​ការងារ​សាងសង់​ពហុកីឡាដ្ឋាន​នៅ​ក្នុង​ប្រទេស​កាតា។ សូម​ជម្រាប​ជូន​ថា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ឆ្នំា ២០២២ ប្រទេស​កាតា​បាន​នំា​ពលករ​បរទេស​យ៉ាង​ច្រើន​សម្បើម​ចូល​ក្នុង​ទឹកដី​ខ្លួន​ដើម្បី​​សាងសង់​ពហុកីឡាដ្ឋាន និង​រចនាសម្ព័ន្ធ​ផ្សេងៗ​ដូច​យ៉ាង​សណ្ធាគារ ផ្លូវថ្នល់ ឬ​ផ្លូវដែក។ ប្រទេស​កាតា​មាន​ប្រជាជន​សរុប​តែ ២លាននាក់​ប៉ុណ្ណោះ តែ​ចំនួន​ពលករ​បរទេស​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កាតា​មាន​រហូត​ដល់​ទៅ ១លាន ៣សែន​នាក់ និង​ដែល ៨០% មក​ពី​ទ្វីបអាស៊ី ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា ស្រីលង្កា នេប៉ាល់ និង​បង់ក្លាដែស។

កាតា​ជា​ប្រទេស​អ្នកមាន តែ​ពលករ​បរទេស​នៅ​កាតា​ត្រូវ​បាន​គេ​ប្រើ​ដូច​ទាសករ និង​ទទួល​បាន​ប្រាក់ខែ​តិចតួចបំផុត ពោល​ប្រមាណ​ជា ១៥០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ពលករ​បរទេស​ត្រូវ​បាន​ថៅកែ​កិបកេង និង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​បាន​ការ​ហួសកម្លំាង ក្រោម​កម្តៅថ្ងៃ ៥០អង្សា។ មាន​ពលករ​បរទេស​រាប់រយ​នាក់​បាន​ចោល​ជីវិត​នៅ​កាតា​ដោយសារ​តែ​ធ្វើ​ការ​ហួសកម្លំាង។ តែ​ប្រឈម​មុខ​នឹង​ការ​រិះគន់ រដ្ឋាភិបាល​កាតា​បាន​ប្រកាស​ពី​វិធានការ​មួយ​ចំនួន​ដើម្បី​បង្កើន​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស និង​សន្យា​ថា បំពាក់​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ពហុកីឡាដ្ឋាន​នីមួយៗ​ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​សីតុណ្ហភាព​ស្ថិត​ចន្លោះ​ពី ២៦ ទៅ ២៨អង្សា​នៅ​ក្នុង​ថ្ងៃ​ប្រកួត​កីឡាបាល់​ទាត់​ពិភពលោក​នៅ​ឆ្នំា ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ