អានតួអត្ថបទ
កម្ពុជា

គេហទំព័រ TripAdvisor៖ អង្គរវត្ត​​ជា​ប្រាសាទ​ដ៏​លេច​ធ្លោ​ជាង​គេ​នៅ​លើ​ពិភពលោក

ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ទើប​តែ​បាន​ទទួល​ពាន​រង្វាន់​ថ្មី​មួយ​ទៀត ពី​គេហទំព័រ TripAdvisor ដ៏​ល្បី​ល្បាញ​។ នោះ​គឺ​ពាន​រង្វាន់​លេខ​មួយ ជា​ប្រាសាទ​ដ៏​លេច​ធ្លោ​ជាង​គេ នៅ​លើ​ពិភពលោក World’s Number 1 Landmark នាំ​មុខ​ប្រាសាទ Machu Picchu របស់​ប្រទេស​ប៉េរូ និង​ប្រាសាទ Taj Mahal របស់​ឥណ្ឌា​ថែម​ទៀត​។ អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​បាន​សម្ដែង​ក្ដី​រំភើប​រីករាយ​ និង​បាន​ចាត់​ទុក​ពាន​រង្វាន់​នេះ​ថា​ ជា​សមិទ្ធិផល​ថ្មី​ស្រឡាង​មួយ​ទៀត ដើម្បី​សម្ដែង​ពី​ភាព​អច្ឆរិយៈ​ពិត​ប្រាកដ​នៃ​ប្រាសាទ​ខ្មែរ​។

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង សហការី
ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែនជា​លើក​ទី​១​ទេ ដែល​គេហទំព័រ TripAdvisor ផ្ដល់​ពាន​រង្វាន់​ដល់​កម្ពុជា​។ កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ គេហទំព័រ​ TripAdvisor បាន​ផ្ដល់​ចំណាត់​ថ្នាក់​ដល់​​ខេត្ត​សៀមរាប ថា​ជា​គោលដៅ​ទេសចរណ៍​លេខ​១​នៅ​អាស៊ី និង​លេខ​២​នៅ​លើ​ពិភពលោក​។ ការ​ផ្ដល់​ចំណាត់​ថ្នាក់ ក៏​ដូចជា​ពាន​រង្វាន់​របស់​គេហទំព័រ TripAdvisor ដែល​ជា​គេហទំព័រ​ដ៏​ល្បី​ល្បាញ​ខាង​ផ្នែក​ទេសចរណ៍​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ ព្រម​ទាំង​ការ​បោះ​ឆ្នោត​ពី​សំណាក់​អ្នក​ទេសចរ​រាប់​លាន​នាក់ នៅ​ទូទាំង​សកល​លោក​។

​លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​សម្ដែង​ក្ដី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ពេល​បាន​ទទួល​ដំណឹង​​​នេះ​។ បើ​តាម​លោក ហូ វណ្ឌី ពាន​រង្វាន់​ថ្មី​ពី​សំណាក់​គេហទំព័រ TripAdvisor មក​ដល់​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​នេះ គឺ​ជា​សមិទ្ធិផល​ថ្មី​ស្រឡាង​មួយ​ទៀត ដើម្បី​សម្ដែង​ពី​ភាព​អច្ឆរិយៈ​ពិត​ប្រាកដ​នៃ​ប្រាសាទ​ខ្មែរ​។ និង​ថា ពាន​រង្វាន់​ថ្មី​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រាសាទ​អង្គរ​វត្ត និង​ប្រទេស​កម្ពុជា ទៅ​ដល់​ពិភពលោក ដោយ​ឥត​គិត​ថ្លៃ​។ នេះ​បើ​តាម​លោក ហូ វណ្ឌី​។

សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​គូស​បញ្ជាក់​បន្ថែម​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរ​វត្ត និង​ខេត្ត​សៀមរាប ទទួល​បាន​ពាន​រង្វាន់ និង​ចំណាត់​ថ្នាក់​ល្អ​កម្រិត​អន្ដរជាតិ​ជា​បន្ត​បន្ទាប់​យ៉ាង​ដូច្នេះ គឺ​ដោយ​សារ​តែ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា ការ​ផ្គត់​ផ្គង់​សេវាកម្ម​ទេសចរណ៍​បាន​ល្អ​ប្រសើរ ការ​បើក​ចំហ​ជើង​មេឃ និង​ភាព​អំណោយ​ផល​នៃ​ការ​វិនិយោគជា​លក្ខណៈ​​អន្ដរជាតិ​ជា​ដើម​។

យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ជោគជ័យ​ថ្មី​នេះ លោក​ហូ វណ្ឌី ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​ចំនួន ដែល​កើត​ឡើង​នៅ​ពេល​មាន​កំនើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ បញ្ហា​អស់​ទាំង​នោះ​មាន​ជា​អាថិ៍៖ បញ្ហា​អនាម័យ បញ្ហា​សន្តិសុខ​សុវត្ថិភាព អំពើ​ពុក​រលួយ និង​បញ្ហា​បដិសណ្ឋារកិច្ច​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ