អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង-អូស្ត្រាលី ទំនាក់ទំនង​ដែល​ឆ្ងាយ​ទាំង​ចិត្ត ឆ្ងាយ​ទាំង​កាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង​ កំពុង​ស្ថិត​​នៅ​តំបន់​ប៉ាស៊ីហ្វិក ពេញ​មួយ​សប្តាហ៍​នេះ​។ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ជំនួប​កំពូល​ហ្សេ ២០ កាលពី​ចុង​សប្តាហ៍​ នៅ​ថ្ងៃ​អង្គារ​និង​ពុធ​នេះ លោក​ហ្វ្រង់ស័រ​ ហូឡង់ ត្រូវ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ម្តង​ នៅ​ដែនដី​នាយ​សមុទ្ទ​បារាំង​នូវែលកាលីដូនី (La Nouvelle Calédonie) និង​នៅ​​​អូស្ត្រាលី។ នេះ​ជា​ទស្សនកិច្ច​រដ្ឋ​​ដំបូង​ និង​មិន​ធ្លាប់​មានឡើយ​​សម្រាប់​ប្រធានាធិបតី​បារាំង នៅអូស្ត្រាលី។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott  និង​ប្រធានាធិបី​តីបារាំងលោក  François Hollande
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott និង​ប្រធានាធិបី​តីបារាំងលោក François Hollande REUTERS
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​ នៅ​ឆ្ងាយ​ណាស់​សម្រាប់​​បារាំង ដល់​ទៅ​១៥០០០​គីឡូម៉ែត្រ ! ចំពោះ​អូស្ត្រាលី​វិញ ដ៏​ដូចគ្នា បារាំង​​នៅ​ឆ្ងាយ​​ខ្លាំង​ណាស់ ! ឆ្ងាយ​ហៅ​មិន​ឮ មើល​មិន​ឃើញ សឹង​និយាយ​បាន​ថា​ អូស្ត្រាលី​មិនស្គាល់​ប្រទេស​ ឬ​នយោបាយ​បារាំង​ មិន​រាប់​ថា​​ជា​ប្រទេស​ធំ ជា​មហាអំណាច​មួយ​នៅ​លើ​លោកដូច​ ចិន សហរដ្ឋ​អាមេរិក ឬ​រុស្ស៊ី ដែល​អូស្ត្រាលី​ស្គាល់​រត់​មាត់នោះ​ទេ។ សម្រាប់​ពលរដ្ឋ​អូស្ត្រាលី​ជា​ទូទៅ​គេ​ស្គាល់​បារាំង តាម​តែ​រយៈ​ ការប្រកួត​កីឡា​ប្រណាំង​កង់ Tour de France ស្រាក្រហម ហ្វ្រូម៉ា ឬ​ម្ហូប​ឆ្ងាញ់ ...

 
ហេតុ​អ្វី​បារាំង​និង​អូស្រ្តាលី​មាន​គម្លាត​នឹង​គ្នា​ខ្លាំង​ម្ល៉េះ ? ក្នុង​សម័យ​សង្គ្រាម​លោក​អូស្ត្រាលី​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ជួយ​សង្គ្រោះ​បារាំង​ដែរ​ទេ​តើ ?!

ចំណង​ភ្ជាប់​បារាំង​និងប្រទេស​ដ៏​ក្មេង​ខ្ចី​អូស្ត្រាលី មាន​ចារ​ជាប់​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​។ កាលណោះ​អូស្ត្រាលី​បាន​បញ្ជូន​ទាហាន​មក​ជួយបារាំង​​ប្រមាណ​៣០ម៉ឺន​នាក់​ ក្នុង​នោះ​៤៦០០០​នាក់​បាន​ស្លាប់​ចោល​ឆ្អឹង​លើ​ទឹក​ដី​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង​។ អនុស្សាវរីយ៍ និង​ការ​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជន​ពលី​​អូស្ត្រាលី​ មាន​ដិត​ដាម​ជាប់​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។ ទេសចរប្រវត្តិសាស្ត្រ​អូស្ត្រាលី​ច្រើន​បាន​ធ្វើ​​ដំណើរ​កំសាន្ត​សំដៅ​តែ​ភាគជើង​បារាំង​ ដែល​ធ្លាប់​ជា​សមភូមិ​ក្តៅ​នៃ​សង្គ្រាម​លោក។

គិត​ត្រឹម​ដល់​ចំណុច​នេះ អូស្ត្រាលីនិង​បារាំង​ មាន​ចំណង​ឈាម​នឹង​គ្នា​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​នៅទីក្រុង​ប៉ារីស បាន​ពន្យល់​ថា​ សង្គ្រាម​លោក​លើក​ទី​មួយ​ជា​ចំណែក​មួយ​នៃ​ការ​ស្ថាបនា​អត្តសញ្ញាណ​ជាតិ​អូស្ត្រាលី ឱ្យ​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ពិតៗ។

ប៉ុន្តែ​ជាមួយ​នឹង​ចំណង​​ប្រវត្តិសាស្ដ្រ ​​ប្រទេស​ទាំង​ពីរបាន​ឆ្លង​កាត់​​ភាព​រកាំ​រកូស នា​រយៈ​​ពីរ​​បី​ទសវត្សរ៍​ចុងក្រោយ​នេះ​ រហូត​​​​​មើល​មុខ​គ្នា​ស្ទើរ​មិន​ចំ ភាព​តាន​តឹងផ្នែក​ការទូត​​បាន​ឡើង​ដល់​កំពូល​។ ម្យ៉ាង​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ចែក​​​កោះ​នូវែលកាលីដូនី នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ និងម្តង​​ទៀត នៅ​ឆ្នាំ​១៩៩៥។ បារាំង​ក្រោម​អាណត្តិ​ ​លោក​ Jacques Chirac ជា​ប្រធានាធិបតី បាន​​ធ្វើ​ការ​បាញ់​សាក​ល្ប​ង​នុយក្លេអ៊ែរ​ នៅ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក ត្រង់​ម្តុំ​កោះ​Mururoa ក្រោម​ក្រសែ​ភ្នែក​ក្តៅក្រហាយ​និង​ប្រឆាំង​របស់​អូស្ត្រាលី។ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ក៏​ត្រជាក់​ល្ហឹម​តាំង​ពេល​នោះ​មក។

២០​ឆ្នាំកន្លង​ អូស្ត្រាលី​ទំនង​ជា​អាច​រំសាយ​កំហឹង​បាន​ខ្លះ​ហើយ ! នៅថ្ងៃ​នេះ លោក ហ្វ្រង់ស័រ​ ហូឡង់ បានផ្តល់​កិត្តិយស​ដល់ប្រទេស​ដែន​ទ្វីប​​ដ៏​ធំ​មួយ​ ​​ ដោយ​អញ្ជើញ​ទៅ​អូស្ត្រាលី​ ក្នុង​ក្របខ័ណ្ឌ​​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ ​ដែល​ប្រធានាធិបតី​បារាំង​មិនធ្លាប់​ធ្វើ​ពី​មុន​មក​ទេ។

ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​ស្នាក់​នៅ​ក្នុងប្រទេស​អូស្ត្រាលី លោក​ហ្វ្រង់ស័រ​ ហូឡង់ បាន​ជួប​សន្ទនា​ជាមួយ​នឹង​​នាយក​រដ្ឋមន្ត្រី និង​បាន​ឧទ្ទិស​ទស្សនកិច្ច​នេះ​យ៉ាង​ធំធេង​​ដល់​​ខួប​១០០​ឆ្នាំ​នៃ​ការ​​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​មួយ ព្រមទាំង​ដឹក​នាំ​​គណៈប្រតិភូ​ ជា​អ្នកជំនួញ ជា​ម្ចាស់​ក្រុមហ៊ុន​សហគា្រស​ធំៗ​របស់​បារាំង​ជា​ច្រើនរូប​​ទៅ​ជាមួយ​ផង។

ពី​ពោះ​​នៅក្នុង​​វិស័យ​សេដ្ឋកិច្ច ទំនាក់ទំនង​ពាណិជ្ជកម្ម​បារាំង​-អូស្ត្រាលី ​មាន​តិច​តួច​ស្តួង​ស្តើង​ខ្លាំង​ណាស់។ មាន​បណ្តា​ជន​បារាំង​មិន​តិច​ជាង​៦​ម៉ឺន​នាក់​បាន​ជ្រើសរើស​តាំង​លំនៅ​ដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី។​ វត្តមាន​របស់​ពួក​គេ ​មិន​គួរ​ត្រូវ​មើល​រំលង​ឡើយ ប៉ុន្តែ​ដោយ​ហេតុ​រយៈ​ចម្ងាយ​ឆ្ងាយ​ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​​បារាំង​អូស្ត្រាលី​មាន​ទំហំ​មិន​ដល់៤ពាន់​លាន​អឺរ៉ូ​ផង​ក្នុង​មួយឆ្នាំ។ បារាំង​នាំចេញ​ទៅ​អូស្ត្រាលី​ច្រើន​ជាង​នាំ​ចូល ដូច្នេះ​វា​ច្បាស់​ណាស់​ ដែល​ថា​ប៉ារីស​​មាន​ចេតនា​ពិត​ចង់​ខិត​ចូល​ឱ្យ​កាន់​តែ​ជិត​ប្រទេស​ដ៏​ធំ​ជាង​គេ​ក្នុង​តំបន់​អូសេអានី តាម​រយៈ​ចរន្ត​ការទូត​សេដ្ឋកិច្ច​នោះ។

អូស្រ្តាលី​មិន​ស្គាល់​វិបត្តិ​ទេ ! សេដ្ឋកិច្ច​ មាន​កំណើន​ មាន​ជាប់​រហូត​ឥត​ដាច់ តាំង​ពី​២៥​ឆ្នាំ​មក។ ជាមួយ​អត្រា​កំណើន​សេដ្ឋកិច្ច​​​ប្រមាណ ៦% ក្នុង​មួយ​ឆ្នាំៗ តើ​ធ្វើ​ដូចម្តេច​មិន​ឱ្យ​អឺរ៉ុប​ដ៏​ចំណាស់​ ដើរអូសជើង មួយ​នេះ​ស្រមៃ​ចង់​រស់​ក្បែរ​​ទៅកើត ?! សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន​សហគា្រស​បារាំង​ប្រមាណ​​ជាង​៣០០​បាន​ទៅ​ឈរ​ជើង​រក​ស៊ី​​នៅអូស្ត្រាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ