អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ការ​ដាក់​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​នៅ​ឆ្នាំ១៨៦៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់​ដំណើរ​ដើមរឿង ដែល​នាំ​ឲ្យ​កម្ពុជា​​ត្រូវ​ធ្លាក់ក្រោម​​អាណាព្យាបាល​បារាំង នៅ​ឆ្នាំ​១៨៦៣។

ព្រះបាទ​នរោត្តម ដែល​បាន​ចុះហត្ថលេខា​ដាក់​កម្ពុជា ក្រោម​អាណាព្យាបាល​បារាំង នៅ​ឆ្នាំ​១៨៦៣
ព្រះបាទ​នរោត្តម ដែល​បាន​ចុះហត្ថលេខា​ដាក់​កម្ពុជា ក្រោម​អាណាព្យាបាល​បារាំង នៅ​ឆ្នាំ​១៨៦៣
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ អាណាចក្រ​ខ្មែរ ដែល​ធ្លាប់​តែ​ជា​​មហាអំណាច​ដ៏ធំមួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្លាក់ចុះ​ទន់ខ្សោយ​ឥតឈប់ ហើយ​ដែនដី​ក៏​ចេះតែ​រួញ​តូចទៅៗ ដោយសារ​តែ​ការ​លេបត្របាក់​ពី​ប្រទេស​ជិតខាង គឺ​សៀម នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាងកើត។ មិនតែ​ប៉ុណ្ណោះ ទឹកដី​ដែល​នៅ​សេសសល់​របស់​នគរ​ខ្មែរ ក៏​មិន​មានឯករាជ្យ​ពេញលេញ​នោះដែរ ដោយ​ត្រូវ​សៀម និង​អាណ្ណាម​ផ្លាស់គ្នា​គ្រប់គ្រង​ជានគរ​ចំណុះម្តងម្នាក់ៗ ស្ទើរតែ​ជាប់ជាប្រចាំ។

នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម ដែល​បានកាត់យក​​ទឹកដី​កូសាំងស៊ីន ឬ​កម្ពុជាក្រោម ពី​នគរ​ខ្មែរ​រួចទៅហើយ ដោយ​​ថែមទាំង​បាន​ត្រួតត្រា​ស្តេចខ្មែរ​ជា​នគរ​ចំណុះ​ថែមទៀត ប៉ុន្តែ​ ​នៅ​មិនអស់​ចិត្ត ក៏​មាន​គម្រោង​ចង់​យក​កាត់យក​នគរ​ខ្មែរ​ទាំងមូល​យក​ទៅ​ធ្វើ​ជា​ទឹកដី​ខ្លួនឯង។

នៅ​ឆ្នាំ​១៨៣៤ អាណ្ណាម​បាន​លើក​បន្តុប​ក្សត្រិយ​មួយ​អង្គព្រះនាម អង្គម៉ី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​អង្គចន្ទ ឲ្យ​ឡើង​មក​គ្រងរាជ្យ​ជា​មហាក្សត្រ​ខ្មែរ រួចហើយ​បាន​ចាត់​វិធានការ​គ្រប់យ៉ាង ដើម្បី​ព្យាយាម​បំបាត់​ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។

ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម ដោយ​ឥតរើសមុខ។ ឆ្លៀត​ក្នុង​ឱកាស​​ចលាចលនោះ មន្រ្តី​ខ្មែរ​ក៏​បាន​ឯកភាព​គ្នា ទៅ​សុំ​អន្តរាគមន៍​ពី​សៀមឲ្យ​មក​ជួយ​វាយបណ្តេញ​អាណ្ណាម និង​លើក​អ្នកអង្គម្ចាស់ ​អង្គឌួង ដែល​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ពី​រាស្រ្ត ឲ្យ​ឡើង​សោយរាជ្យ ជំនួស​អង្គម៉ី។

ក្រោយ​ពី​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​អស់​ជាច្រើន​ឆ្នាំ នៅ​ឆ្នាំ​១៨៤៥ នគរ​ខ្មែរ សៀម និង​អាណ្ណាម​បាន​ចរចា​គ្នា​បញ្ចប់​សង្រ្គាម ហើយ​​ទាំង​សៀម និង​ទាំង​អាណ្ណាម​សុទ្ធតែ​បាន​ទទួល​យល់ព្រម​​ឲ្យ​ព្រះបាទ​អង្គឌួង ឡើងគ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ។ ក៏ប៉ុន្តែ នៅ​ពេលនោះ នគរ​ខ្មែរ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​​ពី​សំណាក់​​ស្តេច​សៀម និង​អាណ្ណាម ហើយ​​​សូម្បីតែ​ការ​ធ្វើ​រាជាភិសេក​របស់​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៧ ក៏​​ត្រូវ​បាន​ធ្វើឡើង ​នៅ​ចំពោះមុខ​តំណាង​​ស្តេច​នៃ​នគរ​ជិតខាង​ទាំងពីរ​នេះ​ដែរ។

ដែនដី​កូសាំងស៊ីន​ ដែល​ត្រូវ​បាន​នគរ​អាណ្ណាម​ដណ្តើម​កាន់កាប់​កាល​ពីមុន នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាណ្ណាម​ដដែល ហើយ​ខេត្ត​ទាំង ២១ នៃ​ដែនដី​កូសាំងស៊ីន​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសាវៀតណាម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ ចំណែក​​នៅ​ប៉ែក​ខាង​លិចវិញ ​ខេត្ត​មួយ​ចំនួន​ រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែល​ត្រូវ​​សៀម​ដណ្តើម​យក​ទៅ​កាន់កាប់​ពីមុន​មក​នោះ ក៏​បន្ត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សៀម​ជា​បន្ត​ទៀត។ លើស​ពីនេះ​ទៅទៀត សៀម​បាន​បង្ខំ​ឲ្យ​ព្រះបាទ​អង្គ​ឌួង​ចុះ​កិច្ចព្រមព្រៀង​​ទទួលស្គាល់​ការកាត់​ខេត្ត​ពីរ​ទៀត​ឲ្យ​ទៅ​សៀម គឺ​ខេត្ត​ម្លូព្រៃ និង​ទន្លេរ​រពៅ។

ក្រោយ​ពី​បាន​ឡើងគ្រងរាជ្យ ព្រះបាទ​អង្គឌួង​ទ្រង់យល់​ច្បាស់​ក្នុង​ចិត្ត​​ថា ទាំង​នគរ​សៀម និង​នគរ​​អាណ្ណាម​សុទ្ធតែ​នាំគ្នា​បន្ត​ចិញ្ចឹម​ចិត្ត​ចង់​លេបត្របាក់​យក​នគរ​ខ្មែរ ហើយ​ដោយ​​​បារម្ភ​ថា នៅ​ក្រោយ​ពេល​ព្រះអង្គ​សោយទិវង្គត​ទៅ នគរ​ខ្មែរ​អាច​នឹង​​ត្រូវ​សៀម និង​អាណ្ណាម​ពុះចែក​គ្នា ព្រះអង្គ​ក៏​មាន​ព្រះរាជតម្រិះ​ចង់​ស្វះស្វែង​រក​កិច្ចការ​ពារ​ពី​ចក្រភព​បារាំង។ ចក្រភព​បារាំង ដែល​ក្រោយ​ពី​ចាញ់​សង្រ្គាម​ទល់​នឹង​អង់គ្លេស នៅ​ឥណ្ឌា បាន​ចាប់ផ្តើម​​ងាក​មក​ផ្តោត​​លើ​ការ​ពង្រីក​ដែន​អាណានិគម នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

នៅ​ឆ្នាំ​១៨៥៣ ព្រះបាទ​អង្គឌួង បាន​ផ្ញើ​រាជសារមួយច្បាប់ ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​អំណោយ​យ៉ាង​ច្រើន​ផង ទៅកាន់​អធិរាជ​ណាប៉ូឡេអុង ទី៣ (ត្រូវ​ជា​ក្មួយ​របស់​ណាប៉ូឡេអុង​ បូណាប៉ាត) ដើម្បី​ស្នើ​សុំ​ចង​ភ្ជាប់​សម្ព័ន្ធមិត្ត​​ជាមួយ​ចក្រភព​បារាំង។
 

រូបគំនូរ​បង្ហាញ​អំពី​អធិរាជ​​បារាំង ណាប៉ូឡេអុង​ទី៣
រូបគំនូរ​បង្ហាញ​អំពី​អធិរាជ​​បារាំង ណាប៉ូឡេអុង​ទី៣

នៅ​ឆ្នាំ​១៨៥៥ បេសកជន​បារាំង​ប្រចាំ​ស្រុកចិន និង​ស្រុក​សៀម​ ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny)​ បាន​ទទួល​បញ្ជា​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣ ឲ្យ​រៀបចំ​ចុះ​កិច្ចព្រមព្រៀង​ភ្ជាប់​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​នគរ​ខ្មែរ តាម​សំណើ​របស់​​ព្រះបាទ​អង្គឌួង។ ក៏ប៉ុន្តែ មុននឹង​ទៅ​​​នគរ​ខ្មែរ ដឺម៉ុងទីញី បាន​ធ្វើ​ដំណើរ​កាត់​តាម​នគរ​សៀម ហើយ​បាន​ធ្លោយ​មាត់​ប្រាប់​សៀម អំពីគម្រោងមក​ចុះ​សន្ធិសញ្ញា​​សម្ព័ន្ធភាព​ជាមួយ​នឹង​នគរ​ខ្មែរ។ ដឹង​អំពី​រឿងនេះ ស្តេច​សៀម​បាន​ចាត់​មន្រ្តី​ម្នាក់​ឲ្យ​ក្លែងខ្លួន​ជា​អ្នក​ដំណើរ​ធម្មតា ហើយ​ចុះ​កប៉ាល់​​ជាមួយ ដឺម៉ុងទីញី ដើម្បី​ឃ្លាំ​តាម​មើល​ដំណើរ​របស់​ ដឺម៉ុងទីញីផង និង​ដើម្បី​នាំសារ​មក​ថ្វាយ​ព្រះរាជាខ្មែរ​ផង ដើម្បី​គំរាម​កុំ​ឲ្យ​ព្រះអង្គ​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង។

ពេល​ធ្វើ​ដំណើរ​មកដល់​ស្រុកខ្មែរ ដឺម៉ុងទីញី បាន​ប្រព្រឹត្ត​កំហុសឆ្គង​មួយទៀត គឺ​លោក​មក​ស្នាក់​នៅ​ត្រឹម​ខេត្តកំពត​ប៉ុណ្ណោះ ដោយ​​មិន​បាន​​ធ្វើ​ដំណើរ​ទៅដល់​​រាជធានី​ឧត្តុង្គ ដើម្បី​ជួប​ព្រះរាជា​ខ្មែរ​ដោយ​ផ្ទាល់​នោះទេ តែបែរ​ជា​ចាត់​បុព្វជិត​កាតូលិក​ម្នាក់​ឲ្យ​ជា​តំណាង​ទៅ​ចូល​គាល់​ព្រះបាទ​អង្គឌួង​ទៅវិញ។

ណាមួយ​ភ័យខ្លាច​រងការ​វាយប្រហារ​ពី​សំណាក់​នគរ​សៀម ណាមួយ​ទៀត មើលឃើញ អំពី​​ចរឹកខ្ជីខ្ជា​របស់​មន្រ្តី​បារាំង ដែល​មិនគួរ​ឲ្យ​ទុកចិត្ត​ថា​ បារាំង​ពិតជា​​នឹង​អាច​ជួយការពារ​ខ្មែរ​ពី​ការវាយប្រហារ​របស់​សៀម​បាន​ ព្រះបាទ​អង្គឌួង ក៏​បាន​បដិសេធ​មិន​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង ហើយ​លែង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​បារាំង​តទៅទៀត។

រហូតដល់​ឆ្នាំ​១៨៥៨ នៅ​ក្រោយ​ពេល​ឃើញ​បារាំង​​បញ្ជូន​ទ័ព​មក​វាយ​​លុក​លើ​​អាណ្ណាម​ នៅ​កូសាំងស៊ីន ទើប​ព្រះបាទ​អង្គឌួង​ចាប់ផ្តើម​ពិចារណា​ចង់​ទាក់ទង​បារាំង​ម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវ​ធ្លាក់​ព្រះកាយ​ប្រឈួន និង​សោយ​ទិវង្គត នៅ​ឆ្នាំ​១៨៦០ ហើយ​បុត្រា​ច្បង​របស់​ព្រះអង្គ ឈ្មោះ អង្គវតី ក៏​បាន​ឡើង​មក​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ ដោយ​យក​ព្រះនាម​ថា ព្រះបាទ​នរោត្តម។

នៅ​ឆ្នាំ​១៨៦២ បារាំង​បាន​ឈ្នះសង្រ្គាម​​នៅ​វៀតណាមខាងត្បូង ដោយ​ដណ្តើម​យក​ទឹកដី​កូសាំងស៊ីន​មក​គ្រប់គ្រង​ជា​អាណាខេត្ត​របស់​បារាំង។ មួយឆ្នាំ​ក្រោយ​មក​ទៀត ទេសាភិបាល​បារាំងនៅ​កូសាំងស៊ីន បាន​បញ្ជូន​តំណាង​ម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យ​ទៅ​ចូល​គាល់​ព្រះបាទ​នរោត្តម នៅ​រាជធានី​ឧត្តុង្គ។ ក្រោយ​ពី​បាន​ឮបន្ទូល​របស់​ព្រះបាទ​នរោត្តម​ដែល​ថា ព្រះអង្គ​មិនចង់​នៅ​រណបសៀម លោក​ឌូដារ ដឺឡាក្រេ​ ក៏​បាន​​ស្នើ​ឲ្យ​ព្រះអង្គ​ដាក់​កម្ពុជា​​ឲ្យ​ស្ថិតក្រោម​អាណាព្យាបាល​បារាំង ដោយសន្យា​ថា បារាំង​នឹង​ការពារ​កម្ពុជា​ឲ្យ​រួចផុត​ពី​ការត្រួតត្រា​របស់​នគរ​សៀម និង​អាណ្ណាម។ ព្រះបាទ​នរោត្តម​យល់ព្រម ហើយ​បាន​ក៏​បាន​ចុះ​សន្ធិសញ្ញា​ទទួល​យក​អាណាព្យាបាល​បារាំង នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​១៨៦៣។

ក្រោយ​ពី​បារាំង​បាន​ដាក់​អាណាព្យាបាល​លើ​កម្ពុជា នគរសៀម​ក៏​បាន​បញ្ជូន​កេតនភណ្ឌ ដែល​រួមមាន​ទាំង​ព្រះខ័ណ្ឌរាជ្យ​ផងយក​មក​ឲ្យ​ស្តេច​ខ្មែរ​វិញ ហើយ​ព្រះបាទ​នរោត្តម​ក៏​បាន​ទទួល​រាជាភិសេក​ជាផ្លូវការ នៅថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​បាន​រើរាជធានី​ចេញ​ពី​ឧត្តុង្គ មក​តាំង​នៅ​ភ្នំពេញ។

នៅ​អាណ្ណាម​ឯណោះវិញ បារាំង ដែល​បាន​យក​កូសាំងស៊ីន​ធ្វើ​ជា​អាណាខេត្ត​របស់​ខ្លួន​រួចទៅហើយ​នោះ បាន​​ប្រើ​កម្លាំង​ទ័ព​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ទៅ​កាន់​ទឹកដី​ប៉ែក​កណ្តាល និង​ប៉ែក​ខាង​ជើង​នគរ​អាណ្ណាម​ជា​បន្ត​ទៀត។ នៅទីបំផុត នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​យក​នគរ​អាណ្ណាម​ទាំងមូល​យក​មក​ដាក់​ក្រោម​អាណាព្យាបាល​បារាំង គឺ​ទាំង​ភូមិភាគ​កណ្តាល ដែល​គេហៅថា អាណ្ណាម និង​ភូមិភាគ​ខាងជើង​ជាប់​ព្រំដែន​ចិន ដែល​គេ​ហៅថា តុងកឹង។

នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​យប់ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​១៨៨៤ នៅ​កម្ពុជា បារាំង​បាន​បង្ខំ​ឲ្យ​ព្រះបាទ​នរោត្តម ឡាយ​ព្រះហស្តលេខា​​លើ​អនុសញ្ញា​ថ្មី​មួយទៀត ដើម្បី​ប្រគល់​រាល់​កិច្ចការ​​ផ្ទៃក្នុង​នគរ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​បារាំង​ជា​អ្នក​គ្រប់គ្រង បន្ថែម​ពីលើ​វិស័យ​ការពារជាតិ និង​កិច្ចការបរទេស ដែល​បាន​ព្រមព្រៀង​គ្នា ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣។ ការបះបោរ​ប្រឆាំង​នឹង​បារាំង​ក៏​បាន​ចាប់ផ្ទុះឡើង ចាប់ពី​ចុងឆ្នាំ​១៨៨៤ រហូត​ដល់​ដើម​ឆ្នាំ​១៨៨៧។

ក្រោយ​ពី​មាន​ការ​បះបោរ​នេះ បារាំង​ក៏​បាន​ប្រគល់​អំណាច​ខ្លះៗ​ទៅ​ឲ្យ​ព្រះរាជា​ខ្មែរ​វិញ ព្រមទាំង​បាន​ចាត់ចែង​ឲ្យ​មាន​គណៈ​​រដ្ឋមន្រ្តី ព្រមទាំង​រដ្ឋបាល​សាធារណៈ​ខ្មែរ​ឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់​ជាន់ខ្ពស់​បារាំង (Résident supérieur) ព្រមទាំង​រ៉េស៊ីដង់​បារាំង​ នៅតាម​ខេត្ត​ចំនួន ៤ គឺ​ កំពត កំពង់ធំ ក្រចេះ និង​ពោធិសាត់ នៅតែ​មាន​អំណាច​ច្រើន​ ក្នុង​កិច្ចការ​រដ្ឋបាល​​របស់​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ