អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​រវាង​មហាអំណាច​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​ក្នុង​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ជូនលោក​អ្នកស្តាប់ អំពី​ការ​​ប្រកួតប្រជែងគ្នា រវាង​ប្រទេស​មហាអំណាច​អឺរ៉ុប ក្នុងការ​ពង្រីក​ដែនដី​អាណានិគម នៅ​ចន្លោះ​ពី​សតវត្សរ៍​ទី១៦ រហូត​ដល់​សតវត្សរ៍​ទី២០។

រូបគំនូរ​បង្ហាញ​អំពី​កងទ័ព​បារាំង​ចូល​កាន់កាប់​ខេត្ត​ត្រាត​របស់​នគរ​សៀម នៅ​ក្នុង​ឆ្នាំ​១៩០៤
រូបគំនូរ​បង្ហាញ​អំពី​កងទ័ព​បារាំង​ចូល​កាន់កាប់​ខេត្ត​ត្រាត​របស់​នគរ​សៀម នៅ​ក្នុង​ឆ្នាំ​១៩០៤
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​សតវត្សរ៍​ទី​១៦ ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប បាន​ប្រជែង​គ្នា ក្នុងការ​ពង្រីក​ដែនដី​អាណានិគម​របស់​ខ្លួន នៅ​ស្ទើរតែ​គ្រប់ទីកន្លែង នៅ​ទូទាំង​ពិភពលោក។ មហាអំណាច​អាណានិគម​អឺរ៉ុប​ដំបូង​គេ គឺ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ ហើយ​បន្ទាប់​មក​ទៀត មាន​ហូឡង់ បារាំង និង​អង់គ្លេស។

ព័រទុយហ្កាល់ និង​អេស្ប៉ាញ​បាន​ចាប់ផ្តើមពង្រីក​​អាណានិគម​ នៅ​ក្នុង​ទ្វីបអាមេរិក នៅ​ក្រោយ​ពេលដែល ​គ្រូស្តូហ្វ កូឡុំ បាន​រកឃើញ​ទ្វីបនេះ នៅ​ចុង​សតវត្សរ៍​ទី​១៥។ អាណានិគម​របស់​អេស្ប៉ាញ និង​ព័រទុយហ្កាល់ នៅ​ទ្វីបអាមេរិក​ បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ ដោយ​គេឃើញ​ថា បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់ នៅ​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន ចាប់តាំង​ពី​ម៉ិចស៊ិក រហូត​ទៅដល់​អាហ្សង់ទីន សុទ្ធសឹង​ជា​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ ចំណែក​ប្រេស៊ីលវិញ ដែល​មាន​ដែនដី​លាតសន្ធឹង​ស្ទើរតែ​ពាក់កណ្តាល​ទ្វីប​អាមេរិក​ឡាទីន គឺ​ជា​ប្រទេស​និយាយ​ភាសា​ព័រទុយហ្កាល់។

សូមអាន៖ ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ កូឡុំ នៅចុង​សតវត្សរ៍​ទី១៥

អាណានិគម​របស់​ព័រទុយហ្កាល់​ត្រូវ​បាន​ពង្រីក​រហូត​ទៅដល់​តំបន់​អាហ្វ្រិក និង​អាស៊ី។ ក៏ប៉ុន្តែ ក្រោយ​មក មហាអំណាច​អឺរ៉ុប​ផ្សេងទៀត​ ដូចជា ហូឡង់ បារាំង និង​អង់គ្លេស ជាដើម ក៏​បាន​លេចមុខ​​​ឡើង​ដែរ ហើយ​​នៅទីចុងបញ្ចប់ ការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​បាន​កើតមាន​ឡើង​ រវាង​មហាអំណាច​​អឺរ៉ុប​ដ៏ធំ​ពីរ គឺ​បារាំង និង​អង់គ្លេស។ ការប្រកួតប្រជែង​គ្នា ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ទៅជា​សង្រ្គាម​រវាង​មហាអំណាច​ទាំងពីរ នៅ​ចន្លោះ​ពី​ឆ្នាំ​១៧៥៦ ដល់​ឆ្នាំ​១៧៦៣ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាម​៧ឆ្នាំ”។

នៅទីបំផុត បារាំង​ត្រូវ​ទទួលបរាជ័យ ហើយ​អង់គ្លេស​ក៏​បាន​ក្លាយ​ទៅជា​មហាអំណាច​អាណានិគម​ដ៏ធំ​ជាងគេ​បង្អស់ នៅលើ​ពិភពលោក។ នៅ​ទ្វីបអាមេរិក ចក្រភព​អង់គ្លេស​គ្រប់គ្រង​ទឹកដី​អាមេរិក​ខាងជើង​ស្ទើរតែ​ទាំងមូល ហើយ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ទទួល​ឯករាជ្យ ក៏​អង់គ្លេស​នៅ​បន្ត​គ្រប់គ្រង​ទឹកដី​​​មួយចំណែក​ធំ នៅ​អាមេរិក​ខាងជើង​ដែរ ជាពិសេស គឺ​ដែនដី​ដ៏ធំធេង​របស់​កាណាដា។

សូមអាន៖ សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក

នៅ​អាហ្វ្រិក អង់គ្លេស​បានកាន់កាប់​ទឹកដី​​ស្ទើរតែ​​ពាក់កណ្តាល​​ នៅ​ប៉ែក​ខាង​កើត ចាប់តាំង​ពី​អាហ្វ្រិក​ខាង​ត្បូង រហូត​ទៅដល់​អេហ្ស៊ីប ព្រមទាំង​ឆ្លងចូល​ទៅដល់​​ប៉ាឡេស្ទីន និង​ស៊ីរី។

នៅ​អាស៊ី អង់គ្លេស​កាន់កាប់​ប្រទេស​ឥណ្ឌា (ដែលមាន​ដែនដី​គ្រប់ដណ្តប់​ទៅលើ​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន និង​បង់ក្លាដែស​បច្ចុប្បន្ន) ភូមា ម៉ាឡេស៊ី ព្រុយណេ ហុងកុង អូស្រ្តាលី និង​នូវែលសេឡង់។

គិត​ត្រឹម​ដើមសតវត្សរ៍​ទី២០ អង់គ្លេស គឺ​ជា​អាណាចក្រ ដែល​មាន​ប្រជា​ជន​សរុប ប្រមាណ​ជា​ជិត ៤៦០លាននាក់ (២០% នៃ​ប្រជាជន​សរុប​នៅលើ​ពិភពលោក​នៅ​ពេលនោះ)​ និង​មាន​ផ្ទៃដី​សរុប​​រហូតដល់​ទៅជាង ៣៣លាន​គីឡូម៉ែត្រ​ក្រឡា (ប្រមាណ ២៥% នៃ​ដែនដីគោក​សរុប​នៅលើ​ពិភពលោក) លាត​សន្ធឹង​ពី​ចុង​ម្ខាង រហូត​ទៅដល់​ចុងម្ខាង​ទៀត​នៃ​ភពផែនដី។ គឺ​ជា​អាណាចក្រ​ដែល​ព្រះអាទិត្យ​មិនដែល​អស្តង្គត។

និយាយ​ពី​បារាំង​វិញ។ បើទោះបីជា​ចាញ់​សង្រ្គាម​ទល់​នឹង​អង់គ្លេស ក៏ប៉ុន្តែ បារាំង​នៅតែ​រក្សា​បាន​នូវ​ទឹកដី​អាណានិគម​យ៉ាងធំធេង​​ដែរ។ បារាំង​បន្ត​កាន់កាប់​ទឹកដី​មួយផ្នែក​នៅ​ក្នុង​ទ្វីប​អាមេរិក។ នៅ​អាហ្វ្រិក​វិញ អង់គ្លេស​កាន់កាប់​មួយ​ផ្នែក​​​នៅ​​ខាងត្បូង និង​ខាងលិច ចំណែក​ឯ​បារាំង​វិញ កាន់កាប់​​ស្ទើរតែ​ពាក់កណ្តាល​នៅ​ប៉ែក​ខាង​កើត និង​ប្រទេស​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ ពោលគឺ បណ្តា​ប្រទេស​អាហ្វ្រិក ដែល​នៅ​បន្ត​និយាយ​ភាសា​បារាំង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា លីបង់ និង​ស៊ីរី​ ត្រូវ​ស្ថិត​ក្រោម​អាណានិគម​របស់​បារាំង។

សូមអាន៖ បារាំង​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង

នៅ​ក្នុង​ទ្វីបអាស៊ីវិញ ក្រោយ​ពី​​ចាញ់​អង់គ្លេស​នៅ​ឥណ្ឌា បារាំង​នៅ​សល់​ដែនដី​អាណានិគម​តែ​នៅ​តំបន់​ឥណ្ឌូចិន​មួយ​ប៉ុណ្ណោះ។ បារាំង​បាន​ចាប់ផ្តើម​​ចូល​ធ្វើ​អន្តរាគមន៍យោធា នៅ​ឥណ្ឌូចិន ចាប់តាំង​ពី​ឆ្នាំ​១៨៥៨ ក្រោមលេសថា ដើម្បី​មក​ការពារ​បេសកជន​កាតូលិក។

នៅ​ក្នុង​អំឡុង​ពេលនោះ នគរខ្មែរ​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង ហើយ​​ប្រទេស​ជិតខាង​ រួមមាន​នគរសៀម និង​នគរ​អាណ្ណាម បាន​នាំគ្នា​ឡោមព័ទ្ធ ច្បិចយក​ទឹកដី​ខ្មែរ​​បន្តិចម្តងៗ ទាំង​នៅ​ខាង​លិច និង​ខាងកើត។ នៅ​ខាងលិច ខេត្ត​មួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី និង​ស៊ីសុផុន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​សៀម។ ចំណែក​នៅ​ខាង​កើត​ឯណោះវិញ ទឹកដី​កូសាំងស៊ីន (Cochinchine) ឬ​កម្ពុជាក្រោម ត្រូវ​នគរអាណ្ណាម​​​ដណ្តើម​កាន់កាប់​។ ប្រឈមមុខ​នឹង​​ការ​គំរាមកំហែង​ពី​ប្រទេស​ជិតខាងបែបនេះ ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​អង្គឌួង ក៏​បាន​ស្វះស្វែង​រក​ជំនួយ​ពី​បារាំង ដែល​ជា​មហាអំណាច​អាណានិគម។
 

ផែនទី​បង្ហាញ​អំពី​អាណានិគម​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹមឆ្នាំ​១៨៩៨
ផែនទី​បង្ហាញ​អំពី​អាណានិគម​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹមឆ្នាំ​១៨៩៨

សូមអាន៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យអង្គរ

នៅ​ឆ្នាំ​១៨៦២ បារាំង​បាន​ដណ្តើម​យក​ទឹកដី​កូសាំងស៊ីន​ពី​វៀតណាម​មក​កាន់កាប់ ដោយ​យក​មក​ដាក់​ជា​ទឹកដី​របស់​បារាំង បន្ទាប់​មកទៀត បាន​ដាក់​អាណាព្យាបាល​លើ​​​កម្ពុជា នៅឆ្នាំ​១៨៦៣ និង​លើ​វៀតណាម (អាណ្ណាម និង​តុងកឹង) នៅ​ឆ្នាំ​១៨៦៤ រួចហើយ​យកដែនដី​​អាណានិគម​អស់ទាំងនេះ បង្កើត​ទៅជា​សហភាព​ឥណ្ឌូចិន។

ក្រោយ​មកទៀត នៅ​ឆ្នាំ​១៨៩៨ ប្រទេសឡាវ​ក៏​ត្រូវ​បាន​បារាំង​​ដណ្តើម​យក​ពី​សៀម មក​ដាក់​ជា​ដែនដី​អាណានិគម ​ក្នុង​សហភាព​ឥណ្ឌូចិន ជាមួយ​នឹង​ទឹកដី​កូសាំងស៊ីន វៀតណាម និង​កម្ពុជាផងដែរ។

នៅឆ្នាំ​ដដែល​នោះ បារាំងក៏​បាន​ពង្រីក​ដែនដី​អាណានិគម​របស់​ខ្លួន ចេញ​ពី​តំបន់​ឥណ្ឌូចិន ចាក់​ទៅ​ទិស​ខាងជើង ដោយ​ដណ្តើម​យក​ខេត្ត​មួយ​ចំនួន នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​មក​កាន់កាប់ ដើម្បី​ប្រជែងជាមួយ​នឹង​ចក្រភព​អង់គ្លេស ដែល​កាន់កាប់​កោះហុងកុង និង​ព័រទុយហ្កាល់ ដែល​កាន់កាប់​ដែនដី​ម៉ាកាវ។

ក៏ប៉ុន្តែ នៅ​ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​ដែនដី​អាណានិគម​គ្នា​នេះ បារាំង និង​អង់គ្លេស បាន​ចុះកិច្ចព្រមព្រៀងមួយ​ ដើម្បី​បែងចែក​ដែន​ឥទ្ធិពល​គ្នា ទាក់ទង​នឹង​នគរ​សៀម។ យោងតាម​កិច្ចព្រមព្រៀង​ ចុះ​ឆ្នាំ​១៨៩៦ ​បារាំង​បាន​ព្រមព្រៀង​ជាមួយ​អង់គ្លេស​ថា​នឹង​ទុក​ឲ្យ​នគរ​សៀម​នៅជា​ប្រទេស​ឯករាជ្យ ដើម្បី​ធ្វើ​ជា​​តំបន់​ទ្រនាប់ រវាង​ដែនដី​អាណានិគម​អង់គ្លេស (​ភូមា និង​ម៉ាឡេស៊ី)​ និង​ដែនដី​អាណានិគម​បារាំង (សហភាព​ឥណ្ឌូចិន)។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ពេលនោះ នគរសៀម​​បាន​រួចផុត​ពី​អាណានិគម​របស់បារាំង និង​អង់គ្លេស។

សូមអាន៖ ប្រជាជាតិ​នៅ​ជុំវិញ​អាណាចក្រ​ខ្មែរ

ក៏ប៉ុន្តែ យោងតាម​​​កិច្ចព្រមព្រៀង​​​បារាំង-​អង់គ្លេស ឆ្នាំ​១៨៩៦​នេះ អង់គ្លេស​​បាន​កាត់យក​ខេត្ត​មួយចំនួន នៅ​ប៉ែក​ពាយ័ព្យ​នគរ​សៀម ប្រគល់​ទៅ​ឲ្យ​ភូមាវិញ ហើយ​ខេត្ត​ប៉ែក​ខាង​ត្បូង​នគរសៀម ក៏​ត្រូវ​បាន​កាត់យក​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដែនដី​ម៉ាឡេស៊ី​ផងដែរ។

ចំណែក​នៅ​ប៉ែក​ឦសាន​នៃ​នគរ​សៀម​វិញ ខេត្ត​មួយ​ចំនួន ដែល​សៀម​បាន​ដណ្តើម​យក​ពី​ខ្មែរ​ កាល​ពីមុន ត្រូវ​បាន​បារាំង​កាត់យក​មក​​ឲ្យ​ខ្មែរ​វិញ គឺ​ខេត្ត​ម្លូព្រៃ និង​ទន្លេរ​រពៅ នៅ​ឆ្នាំ​១៩០៤ និងខេត្ត​បាត់ដំបង និង​សៀមរាប នៅ​ឆ្នាំ​១៩០៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ