អានតួអត្ថបទ
បច្ចេកវិទ្យា-ព័ត៌មានវិទ្យា

អាណាចក្រ​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ទាំង​៤ « GAFA » ​កំពុង​ត្រូវ​គេ​ចង្អុរ​មុខ​កាន់តែ​ខ្លាំង

Google Apple Facebook Amazon ​(GAFA) ​គឺជា​ក្រុមហ៊ុន​យក្ស​ទាំង​បួន ​ដែល​កំពុង​តែ​ក្តោប​ក្តាប់​ទីផ្សារ​បច្ចេកវិទ្យា​ពិភព​លោក។ ក្រុមហ៊ុន​យក្ស​ទាំង​បួន​នេះ ​កំពុង​តែ​ត្រូវ​គេ​រិះគន់​ចង្អុរ​មុខ ​កាន់តែ​ខ្លាំង​ឡើង​ ពី​សំណាក់ ​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​អាជ្ញាធរ​សាធារណៈ ​ថា​បាន​ក្តោបក្តាប់​ទីផ្សារ​ផ្តាច់មុខ​តែ​ម្នាក់​ឯង​ ព្រម​ទាំង​បាន​ជះ​ឥទ្ធិពល​អាក្រក់ ​ទៅដល់​មតិ​សាធារណៈ​ទូទៅ​ទៀតផង​ តាម​រយៈ ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ បំភ័យ​និង​បំផ្លើស ​នៅ​តាម​បណ្តាញ​អ៊ីនធើនែត។

អាណាចក្រ Gafa :  Google Amazon Facebook Apple
អាណាចក្រ Gafa : Google Amazon Facebook Apple Photo : Montage/RFI
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​យក្ស​ទាំង៤​ Google​ Appel​ Facebook ​និង ​Amazon ​ដែល​គេ​ហៅ​កាត់​ថា ​GAFA ​គឺ​ជា​អាណាចក្រ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធើនែត ​ព្រមទាំង​លំហូរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ដែល​កើត​ចេញ​ពី​បច្ចេកវិទ្យា​នេះ។ ជាមួយ​នឹង​ទឹក​ប្រាក់ ​៨០០​ពាន់​លាន​ដុល្លារ​ Appel ​គឺជា​ក្រុមហ៊ុន​ ដែល​មាន​ធន​មូលប័ត្រ ​ច្រើន​ជាង​គេ​បំផុត ​នៅ​លើ​ផ្សារ​ហិរញ្ញវត្ថុ​។ ចំណែក​ក្រុមហ៊ុន​ Alphabet ​ដែល​ជា​ក្រុមហ៊ុន​មេ ​របស់​ Google ​មាន​ធន​មូលប័ត្រ ​ប្រមាណ​ជា​៦៥០​ពាន់​លាន​ដុល្លារ។

ជារៀង​រាល់​ខែ ​មនុស្ស​ប្រមាណ​ជា​២ពាន់​លាន​នាក់​ ចូល​ទៅ​បើក​មើល​គណនី​Facebook ​របស់​ខ្លួន ​ដែល​ការ​នេះ ​ញ៉ាំង​ឲ្យ​Facebook ​អាច​ប្រមូល​ប្រាក់​បាន​រាប់រយ​លាន ​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ គ្រាន់តែ​នៅ​សហរដ្ឋ​អា​មេរិកមួយ​ Google​ ក្តោបក្តាប់​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​លើ​អ៊ីនធើនែត ​ដល់​ទៅ ​៣ភាគ៤។ ចំណែក ​Amazon ​បាន​វាទ​ទី​យក​ទីផ្សារ​លក់​ទំនិញ​គ្រប់មុខ​ តាម​អ៊ីនធើនែត ​បណ្តាល​ឲ្យ​ហាង​ទំនិញ ​ឬ​អ្នក​លក់​ដូរ​តូចតាច​ តាម​ផ្លូវ​ លែង​មាន​អតិថិជន។

ក្រុមហ៊ុន​ទាំងនេះ ​កាន់តែ​ធំ ​កាន់តែ​មាន​ឥទ្ធិពល។ អាជ្ញាធរ​អឺរ៉ុប​ បាន​ចាប់​ផ្តើម​ចាត់​វិធានការ ​លើ​ក្រុមហ៊ុន​ Google​ ពីបទ​បំពាន​អំណាច​លើ​ទីផ្សារ​តែ​ម្នាក់​ឯង។ លើស​ពី​នេះទៀត​ ក្រុមហ៊ុន​ធំៗ ​ទាំង​បួន​នេះ ​ក៏ត្រូវ​បាន​អាជ្ញាធរ​អឺរ៉ុប​ ចោទ​ប្រកាន់ ​ថាបាន​គេច ​មិន​បង់​ពន្ធ ​ឲ្យ​សក្តិសម​ទៅ​នឹង​ចំណូល ​ដែល​ខ្លួន​រក​បាន​ទេ។ ការ​ចង្អុរ​មុខ​រិះគន់ ​ក្រុម​ហ៊ុន​យក្ស​ទាំងនេះ ​មិនមែន​តែ​ទៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះទេ​ តែ​គឺ​ស្ថិត​នៅ​លើ​ចរិក​លក្ខណៈ ​នៃ​ការ​រកស៊ី ​របស់​ក្រុមហ៊ុន​ទាំង​នោះ។

មនុស្ស​ម្នា​ជាច្រើន ​បាន​ចោទ​ថា​ ក្រុមហ៊ុន​ទាំងនោះ ​បាន​ធ្វើ​គ្រប់​យ៉ាង ​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ប្រើប្រាស់ ​ហើយ​និង​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពី​អ្នក​ប្រើប្រាស់។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​ ២៥​កញ្ញា ​បង្ហាញ​ថា ​ប្រជាជន​អាមេរិក​ ៧៥% ​គិត​ថា​ជីវិ​តប្រចាំថ្ងៃ​របស់​ពួក​គេ ​បាន​រង​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នេះ។ ហើយ​ក្នុង​ចំណោម​នេះ ​៥៣%​ជឿ​ថា ​គឺ​ជា​ឥទ្ធិពល​អាក្រក់។ លោក​ Bill Galston​ អតីត​ទីប្រឹក្សា​លោក ​Bill Clinton ​បាន​លើកឡើង​ថា​ ក្រុមហ៊ុន​យក្ស​ទាំង​៤​នេះ ​មាន​អំណាច​អាច​ធ្វើផ្គរ​ធ្វើ​ភ្លៀង​បាន​ ហើយ​អាច​ប្រើ​ឥទ្ធិពល​ធ្វើ​ឲ្យ​រដ្ឋាភិបាល ​ដើរតាម​ផល​ប្រយោជន៍​របស់​ពួក​គេ​ទៀតផង។ បញ្ហា​នេះ ​គឺ​ជា​គ្រោះថ្នាក់​ ដល់​លទ្ធិ​ប្រជាធិបតេយ្យ។

យ៉ាងណាមិញ ​ ក្រុមហ៊ុន ​Facebook ​កំពុងតែ​ត្រូវ​គេ​ចោទ ​ថាបាន​លក់​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​ ទៅឲ្យ​ភ្នាក់ងារ​រុស្ស៊ី ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស់ ​ដែល​ឈាន​ទៅ​បំភ័ន្ត​មតិ​សាធារណៈ ​កាល​ពី​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ប្រព័ន្ធ ​Algorithme ​ដែល​Facebook ​ប្រើ ​ដើម្បី​វាយ​លុក ​ផ្សាយ​ពាណិជ្ជកម្ម ​ឬ​សារ​នានា ​ទៅតាម​ទំនោរ​និយម​ របស់​អ្នក​ប្រើ​ម្នាក់ៗ ​ត្រូវ​បាន​គេ​ជឿថា​បាន​អនុញ្ញាតិ​ឲ្យ ​ក្រុម​មនុស្ស​មួយ​ចំនួន​ យក​ទៅ​ប្រើ​ប្រាស់ ​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ផ្សេង​ ដូច​ជា​ការ​ពន្យុះ​ចរន្ត​គំនិត​ប្រកាន់​ពូជសាសន៍​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ