អានតួអត្ថបទ
ជប៉ុន-វិទ្យាសាស្ត្រ

ជប៉ុន​បញ្ជូន​ផ្កាយ​រណប​កំណត់​ទីតាំង​ភូមិសាស្ត្រ ​Michibiki N°2 ​បាន​ជោគជ័យ

នៅ​ថ្ងៃ​ព្រសហ្បតិ៍​ទី១ ​មិថុនា​នេះ ​ទី​ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ​ទើប​បាន​បាញ់​បង្ហោះ ​យាន​ H-2A​ របស់​ខ្លួន​បាន​សម្រេច​ ដើម្បី​បញ្ជូន​ ផ្កាយ​រណប​កំណត់​ទីតាំង​ភូមិសាស្ត្រ ​ឈ្មោះ ​Michibiki ​ទី២ ​ទៅ​ដាក់​នៅខ្សែ​អកប៊ីត​ផែនដី។ ផ្កាយ​រណប​នេះ ​នឹង​ទៅ​បំពេញ​បន្ថែម​ ដល់​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង​ភូមិសាស្ត្រ​ដ៏ទៃ​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​ ការ​ផ្តល់​រលក​សញ្ញា​ កំណត់​ទីតាំង​ភូមិសាស្ត្រ ​មក​កាន់​ផែន​ដី ​ឲ្យកាន់​តែ​ច្បាស់ ​សុក្រិត្យ ​និង​លឿន​រហ័ស។

យាន H-2A របស់ជប៉ុន ដែលត្រូវនាំ​យក​ផ្កាយ​រណប​ Michibiki n°2 ទៅដាក់​នៅខ្សែអកប៊ិត​ ផែនដី
យាន H-2A របស់ជប៉ុន ដែលត្រូវនាំ​យក​ផ្កាយ​រណប​ Michibiki n°2 ទៅដាក់​នៅខ្សែអកប៊ិត​ ផែនដី Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​យាន​ H-2H ​ទី​៣៤​ហើយ ​ ដែល​ជប៉ុន​បាន​បាញ់​បង្ហោះ​ទៅកាន់​ខ្សែ​អកប៊ីត ​ផែនដី។ បាញ់​ចេញ​ពី​ស្ថានីយ​អាវកាស ​Tanegashima ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ជប៉ុន​ កាល​ពី​ម៉ោង​៩ និង​១៧​នាទី​ព្រឹក ​យាន​នេះ ​បាន​ទៅ​ដល់​ខ្សែ​អកប៊ីត​ដោយ​ជោគជ័យ ​ ដោយ​បាន​នាំយក​ ផ្កាយ​រណប​បច្ចេកវិទ្យា​ចុងក្រោយ ​ឈ្មោះ ​Michibiki ​ទី២។ ការ​ផលិត​ និង​ការ​បាញ់​បង្ហោះ ​ត្រូវ​បាន​ទទួ​លការ​ចូលរួម​ពី​សំណាក់ ​ ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ​(JAXA) ​និង​ក្រុមហ៊ុន​ Mitsubishi Heavy Industries។

 
ផ្កាយ​រណប ​Michibiki​ ទី២​នេះ ​និង​ទៅ​បំពេញ​បន្ថែម​ ដល់​ផ្កាយ​រណប​Michibiki ​ទីមួយ ​ដែល​បាន​បង្ហោះ​ឡើង​ទៅ​នៅ​ឆ្នាំ​២០១០ ​ហើយ​គឺ​ជា​ផ្កាយ​រណប ​ដែន​មាន​ទួនាទី​បញ្ជូន​រលក​សញ្ញា​កំណត់​ទីតាំង​ភូមិសាស្រ្ត ​រឺ​ដែល​ហៅ​ជា​ទូទៅ​ថា​ GPS។ តាម​ការ​រំពឹង​ទុក ​ ចាប់​ពី​ឆ្នាំ​២០១៨ ​ទៅ ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ ​ផ្កាយ​រណប​ថ្មី​នេះ ​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ ​ ផ្តល់​រលក​សញ្ញា​កំណត់​ទីតាំង​ភូមិសាស្ត្រ ​ក្នុង​ល្បឿន​លឿន ​និង​រូបភាព​កាន់​តែ​ច្បាស់។ ទិន្និន័យ​GPS​ ទាំង​អស់​នេះ ​នឹង​ត្រូវ​ទទួល​បាន​ នៅ​ជប៉ុន​ អូស្ត្រាលី ​និង​នៅ​មួយ​ផ្នែក​នៃ​តំបន់​អាស៊ី។

ដោយសារ​តែ ​ផ្កាយ​រណប ​Michibiki ​ស្ថិត​នៅ​ចំពី​លើ​ប្រទេស​ជប៉ុន​ ការ​បញ្ជូន​រលក​សញ្ញា ​ឬ​ទិន្នន័យ​ភូមិសាស្ត្រ​របស់​ជប៉ុន ​និង​កាន់​តែ​រហ័ស ​ច្បាស់ ​និង​សុក្រិត។ តែ​យ៉ាងណា ​ការ​បញ្ជូន​រលក​សញ្ញា ​កំណត់​ទីតាំង​ពី​ផ្កាយ​រណប​ អាច​ដំណើរ​ការ​ទៅ​បាន​ល្អ​ពេញ​លេញ ​ ​គឺ​វា​អាស្រ័យ​មួយ​ភាគ​ធំ​ ទៅ​នឹង​កត្តា​អាកាស​ធាតុ​ និង​លក្ខណៈ​សណ្ឋាន​ដី។ មួយ​វិញ​ទៀត​ គេ​ក៏​ត្រូវ​ការ​ការផ្តល់​រលក​សញ្ញា ​ពី​ផ្កាយ​រណប​ដទៃ​ផ្សេង​ទៀត​ដែរ​ ដើម្បី​អាច​កំណត់​ទីតាំង​ណាមួយ ​ប្រកប​ដោយ​សុក្រិតភាព។

តាម​ការ​រំពឹងទុក​ ការ​រីកចំរើន​ ផ្នែក​ទិន្ន័យ​កំណត់​ទីតាំង​ភូមិសាស្ត្រនេះ​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ ទីផ្សារ​ នៃ​មុខ​ជំនួញ​ ​រឺសេវាកម្ម​ជាច្រើន​ ដែល​ប្រើប្រាស់ ​ការ​កំណត់​ទីតាំង​ភូមិសាស្រ្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​សេវាកម្ម​សាធារណៈ ​ដូចជា​ការ​ដឹក​ជញ្ជូន​សាធារណៈ ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាដើម ​នឹង​ត្រូវ​រីកចំរើន​​បន្ថែម ​ ដោយសារ​តែ​ទិន្និន័យ​ភូមិសាស្ត្រ​ច្បាស់ ​និង​រហ័ស​ភ្លាមៗ។ ទិន្ន័យ​ភូមិសាស្ត្រ​ដ៏​រហ័ស​នេះ ​ក៏​អាច​ជួយ​បញ្ជូន​ព័ត៌មាន​ទៅកាន់​អ្នក​ប្រើប្រាស់ ​ជាក្រុម​ ក្នុង​ករណី​ចាប់​បាន​រលក​សញ្ញា​នៃ​ការ​រញ្ជួយ​ដី​ ​រឺ​ស៊ូណាមិ​ ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ