អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ពិធីស្បថ​ចូល​កាន់មុខតំណែង​ប្រធានាធិបតី​របស់​លោក​ ដូណាល់ ត្រាំ​ ចំណាយ​ទឹកប្រាក់​អស់​ប៉ុន្មាន?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីបំផុត​ លោក​ ដូណាល់​ ត្រាំ​ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​ ៤៥ ក្រោយ​ពីបាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ ទី​២០​ មករា​កន្លង​ទៅ​នេះ​។​ ការ​ស្បថ​ចូល​កាន់​អំណាច​ គឺ​ជា​ប្រពៃណី​ដ៏​ចំណាស់​មួយ​ក្នុង​ឆាក​នយោបាយ​អាមេរិក​ចាប់តាំង​ពីឆ្នាំ​១៧៨៩​ មក​ម្ល៉េះ។​ ជាទូទៅ​ ពីធី​ស្បថ​នេះ​គ្រាន់​តែ​ត្រូវ​ការ​វត្តមាន​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ ព្រះគម្ពីមួយ​ក្បាល​ និង​សំដី​ស្បថ​ដែល​មាន​ពាក្យ​ពេចន៍​តែ ៣៥ ម៉ាត់​ប៉ុណ្ណោះ។ ប៉ុន្តែ កម្មវិធី​នេះ​ចំណាយ​លុយ​ច្រើន​ដោយសារ​តែមានកម្មវិធី​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ ​បើ​ប្រៀបធៀប​នឹង​កម្មវិធី​ស្បថ​របស់​ប្រធានាធិបតី​មុនៗ​ កម្មវិធី​របស់​លោក​ប្រធានាធិបតី​ថ្មី ដូណាល់​ ត្រាំ ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា​ ចំណាយ​ថវិការ​ខ្ពស់​ជាង​គេ។ ​តើ​នរណា​គេ​ជា​អ្នក​រ៉ាប់រង​ការ​ចំណាយ​នេះ?​

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក
លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ការ​គ្រោង​ទុក​ ថ្ងៃទី​២០​ មករា​ វេលា​ម៉ោង​ ១២ រសៀល​ លោក​ ដូណាល់​ ត្រាំ បាន​ចូល​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវ​ការ​ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥។ ដូច​តាម​ប្រពៃណី​ ក្បួន​ដង្ហែ​ចម្ងាយ​ ៣ គីឡូម៉ែត្រ​នៅ​លើ​ដង​វិថី​ Pennsylvania ត្រូវ​បាន​ចាប់​ផ្តើម​ ដោយ​បាន​ចេញ​ដំណើរ​ពី​វិមាន​កាពីតូល​ឆ្ពោះ​ទៅ​កាន់​សេតវិមាន។ សំរាប់​ឆ្នាំ​នេះ​ មាន​មនុស្ស​ចំនួន​តែ​ ៨ ពាន់​ប៉ុណ្ណោះ​បាន​ចូល​រួម​ក្នុង​ពិធី​ក្បួន​ដង្ហែរ​នេះ។

កម្មវិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​​នេះ​ក៏​មាន​អម​ដោយ​កម្មវិធី​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀតផង​ដែរ។​ មាន​ជា​អាទិ​ដូចជា៖​ ការរាំកំសាន្ត​ ការ​ប្រគុំ​តន្រ្តី​ កា​ពិសាភោជនីយ​អាហារ​ពេល​ល្ងាច​ និង​ជំនួប​បង្កើត​ទំនាក់​ទំនង​រវាង​សមាជិក​ខុទ្ទកាល័យ​ថ្មី​ និង​ក្រុម​អ្នក​ជំនួញ​ជាដើម។

 
ដោយ​សារ​តែ​មាន​​មនុស្ស​ចូលរួម​ទស្សនា​រាប់​សែន​ ឬ​លាន​នាក់នៅ​លើ​ទីលាន​ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​ បន្ទុក​ចំណាយ​លើ​ផែ្នក​សន្តិសុខ​ក៏​កាន់​តែឡើង​ខ្ពស់​ផង​ដែរ។ ​បើ​តាម​សារព័ត៌មាន​អាមេរិក​ជាច្រើន​ កម្មវិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​លោក​ ដូណាល់​ ត្រាំ ​ចំណាយ​ថវិកា​អស់​ ២០០ លាន​ដុល្លារ។

សារព័ត៌មាន​ The New York Times យល់​ឃើញ​ថា​ តួលេខ​នេះ​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្រ្តនៃ​កម្មវិធីពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។​ប៉ុន្តែ តួលេខ​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ត្រួសៗ​តែ​ប៉ុណ្ណោះ ព្រោះ​ការ​ថវិកា​ចំណាយ​លើ​កម្មវិធី​ផ្សេងៗ​ គឺ​ត្រូវ​បាន​បែងចែក​អោយ​ទៅ​គណៈកម្មាធិការ​ផ្សេងៗខុសគ្នា។

ថវិការ​​ចំណាយ​នេះ​មាន​មួយ​ផ្នែក​ជាបន្ទុក​របស់​រដ្ឋាភិបាល​អាមេរិក​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា។​ ចំណែក​មួយ​ផែ្នក​ធំ​ទៀត​ គឺបាន​មក​ពី​ការ​រៃអង្គាស​ពី​សំណាក់​សប្បុរស​ជន​ និង​ក្រុមហ៊ុន​ឯកជន​នានា។​ មែនទែនទៅ​ គណៈកម្មាធិការ​ពិសេស​មួយ​របស់​សភា​ Congrès ជា​អ្នក​រ៉ាប់​រង​ការ​ចំណាយ​មួយ​ផែ្នក​តូច។​​ តួយ៉ាង​ដូចជា​ធានា​ការ​ចំណាយ​លើ​ការ​តំឡើង​វេទិកា​កិត្តិយស​ ការ​តុប​តែង​លំអ​ និង​ការ​រៀបចំ​ពិធី​ស្បថ។

ការ​ចំណាយ​នេះ​ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន​៦ លាន​ដុល្លារ។ ​ប៉ុន្តែ ការ​ចំណាយ​ធំ​ជាង​គេ​បង្អស់​ គឺ​ផែ្នក​សន្តិសុខ។​ កង​ទាហាន​ និង​នគរបាល​ចំនួន​ ២ ៨០០ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។​ មួយ​ផែ្នក​នៃ​ទីក្រុង​នេះ​ត្រូវ​បាន​បិទ​ពុំ​អោយ​មាន​ចរាចរណ៍​។​ គ្រាន់​តែ​សាលាក្រុង​វ៉ាស៊ីងតោន​តែ​ម្នាក់​ឯង​បាន​ចំណាយ​ប្រាក់​បដិភាគ​ចំនួន​ ៣០ លាន​ដុល្លារ​។​ សំរាប់​ផែ្នក​សន្តិសុខ​នេះ​ ការ​ចំណាយ​សរុប​ គឺ​រហូត​ទៅ​ដល់​ ១០០ លាន​ដុល្លារ។

​គណៈកម្មាធិការ​រៀបចំ​ពិធី​នេះ​ក៏បាន​ទទួល​ប្រាក់​ចំនួន​ ៩០ លាន​ដុល្លារ​ផង​ដែរ​ពី​សប្បុរស​ជន​ ​និង​ក្រុមហ៊ុន​ឯកជន​នានា។​​ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ចំនួន​ទឹកប្រាក់​ឯកជន​កើនឡើង​សន្ធឹក​សន្ធាប់​បែប​នេះ។​ ពោល​ គឺ​ខ្ពស់​ជាង​ស្ទើរ​តែ​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ទឹក​ប្រាក់​រៃអង្គាស​ពី​ឯកជន​ដែល​លោក​ បារ៉ាក់​ អូបាម៉ា​ បាន​ទទួល​សំរាប់​ចំណាយ​លើ​កម្មវិធី​ស្បថ​ចូល​កាន់​មុខ​តំណែង។ រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ចំពោះ​ចំនួន​ និង​​អត្ត​សញ្ញាណ​សប្បុរស​ជន​ដែល​បាន​បរិច្ចាក​ថវិការដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ។​ គណៈកម្មាធិការ​រៀបចំ​ពិធី​មាន​ពេល​ ៩០ ថ្ងៃ​ក្រោយ​កម្មវិធី​ស្បថ​នេះ​ ដើម្បី​ប្រកាស​របាយការណ៍​ចំណូល​ចំណាយ។

ជាពិសេស​ គណៈកម្មាធិការ​នេះ​មាន​កាតព្វ​កិច្ច​ចាំបាច់​ត្រូវ​បញ្ចេញ​ឈ្មោះ​សប្បុរស​ជន​ និង​ក្រុមហ៊ុន​ឯកជន​ នានាដែល​បាន​បរិច្ចាក​ប្រាក់។​ ប៉ុន្តែ​ជា​បណ្តោះ​អាសន្ន​ គេបាន​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ឯកជន​ខ្លះៗ​ហើយ​ ក្នុង​នោះ​មានដូចជា៖​ ក្រុមហ៊ុនផលិត​យន្តហោះ​ Boeing, ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ AT&T, ក្រុមហ៊ុន​ប្រៃសណីយ៍​ UPS, ធនាគារ JPMorganChase, ធនាគារ​ Bank of America និង​ក្រុមហ៊ុន​ជំនាញ​ផែ្នក​គណនី​-ហិរញ្ញវត្ថុ​ Deloitte។​ តាមពិត​ទៅ គ្មាន​ច្បាប់​ពិសេស​ណា​មួយ​ឡើយ​ ក្នុង​ការ​គ្រប់​គ្រង​ ឬ​ឃ្លាំមើល​ការ​រៃ​អង្គាស​ប្រាក់​សំរាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នេះ​ឡើយ។​ ប៉ុន្តែ ខុទ្ទកាល័យ​លោក​ ដូណាល់​ ត្រាំ បាន​ហាម​ឃាត់​ដាច់ខាត​​មិន​អនុញ្ញាត​អោយ​ពួក​អ្នកធ្វើ​ lobby ឬ​និយាយ​បែប​សាមញ្ញ​ជា​ភាសា​ខ្មែរ​ថា​ក្រុម​អ្នក​រត់ការ​ ចូលរួម​បរិច្ចាក​ប្រាក់។

ក្រុមហ៊ុន​ឯកជន​នានា​មាន​សិទ្ធិ​បរិច្ចាក​ប្រាក់​រហូត​ដល់​ ១​ លាន​ដុល្លារ។ ចំណែក​សប្បុរស​ជន​ជា​បុគ្គលវិញ​​មាន​សិទ្ធិ​អាច​បរិច្ចាក​ប្រាក់​គ្មាន​កំណត់។ បើ​តាម​សារព័ត៌មាន​ The New York Times សប្បុរស​ឯកជន​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​ភ្ញៀវ​ពិសេស​ ឬ​គេ​ហៅ​ថា​ភ្ញៀវ​ VIP ដែល​មាន​វត្ត​មាន​នៅ​លើ​វេទិកា​កិត្តិយស។​ លើស​ពីនេះ​ ភ្ញៀវ​ទាំងនេះ​នឹង​ត្រូវ​ចូល​រួម​ក្នុង​វិធី​ពិសេសៗ​មួយ​ចំនួន​ទៀត​ពេញ​មួយ​សប្តាហ៍​តែ​ម្តង​ ដើម្បី​ជួប​ពិភាក្សា​ ឬ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​សមាជិក​ខុទ្ទកាល័យ​ថ្មី។​ ប៉ុន្តែ គេ​រៀបចំ​ជំនួប​នេះ​ជា​លក្ខណៈ​ឯកជន​អោយ​ឆ្ងាយ​ពីភែ្នក​សាធារណៈជន​ទូទៅ។

​ប្រសិន​បើ​មាន​លុយ​នៅ​សេស​សល់​ក្រោយ​ការ​ចំណាយ​សព្វ​គ្រប់​ គណៈកម្មាធិការ​និមួយៗ​មាន​សិទ្ធិ​ចាត់​ចែង​លុយ​សល់​ទាំង​នោះ​។​ សំរាប់​ក្រុមការងារ​លោក​ប្រធានាធិបតី​ថ្មី ដូណាល់​ ត្រាំ​ លុយ​នៅ​សេស​សល់​នឹង​ត្រូវ​យក​ទៅ​បរិច្ចាក​អោយ​សមាគម​ ឬ​អង្គការ​សប្បុរសធម៌។​ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ថា​អង្គការ​ណា​ខ្លះ​នឹង​ទទួល​បាន​លុយ​ដែល​នៅ​សេស​សល់​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ