អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កម្ពុជា និងព្រុយណេ៖ ប្រទេសអាស៊ានត្រៀម​ខ្លួនតិចតួចបំផុតចំពោះជម្ងឺរាតត្បាតសកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្ទស្សន៍សន្តិសុខសុខភាពសកល បង្ហាញចំណាត់ថ្នាក់ប្រទេស ដែល​បានត្រៀមខ្លួនល្អ ឬតិចតួចបំផុត ប្រឈម​ជាមួយភាពអាសន្ននៃ​ជម្ងឺរាតត្បាតសកលផ្សេងៗ។ ស្របពេលដែល ការត្រៀមខ្លួនជាលក្ខណៈអន្តរជាតិ របស់ពិភពលោក នៅមានកម្រិតទន់ខ្សោយនៅឡើយ, ប្រទេសកម្ពុជា និងព្រុយណេ ស្ថិតក្នុងចំណោមប្រទេស ដែលបានត្រៀមខ្លួនតិចតួចបំផុត នៅលើពិភពលោក និងស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយគេ នៅតំបន់អាស៊ាន។

លោក Bill Gates  សហស្ថាបនិកក្រុមហ៊ុនសាជីវកម្ម Microsoft
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុនសាជីវកម្ម Microsoft REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំ​២០១៤ លោក Bill Gates តាមរយៈ​បទបង្ហាញរបស់ខ្លួន នៅក្នុងកម្មវិធី TED Talk បាន​បង្ហាញ​ថា បញ្ហាអាសន្នភ្ញាក់ផ្អើលនៅថ្ងៃខាងមុខ លែងជាសង្គ្រាមទៀតហើយ តែគឺជាភាពអាសន្ននៃសន្តិសុខសុខភាពសកល ឬក៏ជម្ងឺរាតត្បាត ក៏ប៉ុន្តែ ពួកយើងនៅមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយនោះទេ។ តើពិភពលោកបាន​ត្រៀមខ្លួនល្អកម្រិតណាសម្រាប់​ជម្ងឺរាតត្បាតទាំងនេះ​ តួយ៉ាងករណី មេរោគកូរ៉ូណាវីរុស Covid-19?

ផ្អែកតាម របាយការណ៍របស់ វេទិកាសេដ្ឋកិច្ចពិភពលោក ដែល​ប្រើប្រាស់ សន្ទស្សន៍សន្តិសុខសុខភាពសកល ក្នុងបណ្ដាប្រទេសទាំង១៩៥ បង្ហាញថា សន្តិសុខសុខភាពជាតិជាមធ្យម មានភាពទន់ខ្សោយនៅឡើយ នៅជុំវិញពិភពលោក ហើយពិភពលោកយើងមិន​ទាន់បាន​ត្រៀមខ្លួនពេញលេញនោះទេ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជម្ងឺរាតត្បាតចម្បងៗ។

សន្ទស្សន៍សន្តិសុខសុខភាពសកល ប្រើប្រាស់ព័ត៌មានសាធារណៈ ដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់ប្រទេសនីមួយៗ លើពិភពលោក ក្នុងការទប់ស្កាត់ ស៊ើបអង្កេត និងឆ្លើយតបចំពោះភាពអាសន្ននៃជម្ងឺរាតត្បាតចម្បងៗ។ ប្រទេសនីមួយៗ អាចទទួលបានពិន្ទុពី ០ ដល់ ១០០ ដោយពិន្ទុ១០០ តំណាងឱ្យកម្រិតនៃការត្រៀមខ្លួនបានខ្ពស់បំផុត។ ជាអកុសល របាយការណ៍បង្ហាញថា ហានិភ័យ ឬគ្រោះថ្នាក់ពាក់ព័ន្ធជាមួយនឹងជម្ងឺជីវសាស្ត្រ ឬសុខភាពសកល បានវិវត្តន៍ក្នុងល្បឿនយ៉ាងលឿន ជាងអ្វីដែល​រដ្ឋាភិបាលនិង វិទ្យាសាស្ត្រអាចដើរតាមទាន់​។

គួររំលឹកផងដែរ កាលពី២ឆ្នាំមុន អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់​ថា ការរីករាលដាលដ៏កាចសាហាវនៃជម្ងឺណាមួយ អាចចាប់ផ្តើមនៅក្នុងប្រទេសណាមួយ នៅពេលខាងមុខដ៏ឆាប់រហ័ស ប៉ុន្តែពិភពលោកនឹងមិនទាន់ត្រៀមខ្លួនទុកជាមុនទេ។ ជាក់ស្ដែង នៅពេលបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមជាមួយមេរោគកូរ៉ូណាវីរុស Covid-19 តែម្ដង។

ក្នុងបរិបទនៃបណ្ដាប្រទេសនីមួយៗវិញ សហរដ្ឋអាមេរិកជាប្រទេសដែលបាន​ត្រៀមខ្លួនយ៉ាងល្អបំផុត លើពិភពលោក (ពិន្ទុ ៨៣,៥) តាមពីក្រោយដោយ ចក្រភពអង់គ្លេស (ពិន្ទុ ៧៧,៩) ហូឡង់ (ពីន្ទុ ៧៥,៦) អូស្ត្រាលី (ពិន្ទុ ៧៥,៥) និងកាណាដា (ពិន្ទុ ៧៥,៣)។ នៅក្នុងក្រុមនៃបណ្ដាប្រទេស​បានត្រៀមខ្លួនយ៉ាងល្អបំផុត គេអង្កេតឃើញប្រទេសតែពីរប៉ុណ្ណោះ ដែលមិន​មែនជាបស្ចិមលោក នោះគឺប្រទេសថៃ និងកូរ៉េខាងត្បូង។

ភាគច្រើននៃបណ្ដាអ៊ឺរ៉ុប រុស្ស៊ី មជ្ឈិមបូព៌ា អាស៊ី អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ត្រូវវាយតម្លៃស្ថិតក្នុងក្រុមប្រទេស “ត្រៀមខ្លួនបានច្រើន” ដែលមានពិន្ទុចន្លោះ ខណៈប្រទេសភាគច្រើនដែលស្ថិតក្នុងក្រុមប្រទេស “ត្រៀមខ្លួនបាន​តិចតួចបំផុត” គឺស្ថិតនៅទ្វីបអាហ្វ្រិក។ ប្រទេសចិន ដែលស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងរបស់មេរោគកូរ៉ូណាវីរុស Covid-19 ស្ថិតនៅលំដាប់ទី៥១ នៃចំណាត់ថ្នាក់ពិភពលោក ដោយទទួលបានពិន្ទុ៤៨,២។

ងាកមកផ្តោតលើតំបន់អាស៊ាន ថៃជាប្រទេសតែមួយគត់ ស្ថិតក្នុងក្រុមប្រទេសដែល​បានត្រៀមខ្លួនល្អបំផុត ដោយជាប់ចំណាត់ថ្នាក់ពិភពលោកលេខរៀងទី៦ មានពិន្ទុ៧៣,២។ បណ្តាប្រទេសអាស៊ាន ដែលស្ថិតក្នុងក្រុមប្រទេសទីពីរ “ត្រៀមខ្លួនបានច្រើន” រួមមាន សិង្ហបុរីមានចំណាត់ថ្នាក់ទី២៤ (ពិន្ទុ ៥៨,៧) ម៉ាឡេស៊ីមានចំណាត់ថ្នាក់ទី១៨ (ពិន្ទ៦២,២) ឥណ្ឌូណេស៊ីមានចំណាត់ថ្នាក់ទី៣០ (ពិន្ទុ ៥៦,៦) វៀតណាមមានចំណាត់ថ្នាក់ទី៥០ (ពិន្ទុ៤៩,១) និង ហ្វីលីពីនមានចំណាត់ថ្នាក់ទី៥៣ (ពិន្ទ៤៧,៦)។ សល់ពីនេះ បណ្តាប្រទេសអាស៊ាន ដែលស្ថិតក្នុងក្រុមប្រទេសទីបី “ត្រៀមខ្លួនតិចតួចបំផុត” រួមមាន ភូមា (មីយ៉ាន់ម៉ា) មានចំណាត់ថ្នាក់ទី៧២ (ពិន្ទុ៤៣,៤) ឡាវមានចំណាត់ថ្នាក់ទី៧៣ (ពិន្ទុ៤៣,១) ខណៈ កម្ពុជា និងព្រុយណេមានចំណាត់ថ្នាក់ចុងក្រោយ ដោយ​ កម្ពុជាមានចំណាត់ថ្នាក់ទី៨៩ (ពិន្ទុ៣៩,២) និង ព្រុយណេមានចំណាត់ថ្នាក់ទី១២៨ (ពិន្ទុ៣២,៦)។

ដើម្បីទទួលបានពិន្ទុជារួម កត្តាចម្បងចំនួន៦ត្រូវរាប់បញ្ចូលក្នុងការវិភាគ។ កត្តាទី១ ការបងា្ករភាពប្រកាសអាសន្ន ឬការរាតត្បាតនៃមេរោគសកល, ទី២ ការរកឃើញ និងការរាយការណ៍ មុនពេលកំណត់ សម្រាប់ការរីករាលដាលនៃការព្រួយបារម្ភជាលក្ខណៈអន្តរជាតិ, ទី៣ ការឆ្លើយតបយ៉ាងឆាប់រហ័ស និងការកាត់បន្ថយការរីករាលដាលនៃជម្ងឺរាតត្បាត, ទី៤ មានប្រព័ន្ធសុខភាពគ្រប់គ្រាន់ និងរឹងមាំដើម្បីព្យាបាលអ្នកជម្ងឺ និងការពារបុគ្គលិកសុខាភិបាល, ទី៥ ការប្តេជ្ញាចិត្តក្នុងការកែប្រែសមត្ថភាពជាតិ ថវិកានិងការប្រកាន់ខ្ជាប់នូវបទដ្ឋាននានា, និង ទី៦ ហានិភ័យជារួម និងភាពងាយរងគ្រោះរបស់ប្រទេសចំពោះការគំរាមកំហែងនៃជម្ងឺជីវសាស្ត្រ។

សរុបជារួម បើមើលជាលក្ខណៈអន្តរជាតិ ការត្រៀមខ្លួនរបស់ពិភពលោកយើង នៅមានភាពទន់ខ្សោយណាស់។ ពិន្ទុសរុបជាមធ្យម មាននៅចន្លោះពី ៤០,២ ដល់ ៥១,៩ សម្រាប់បណ្តាប្រទេសអ្នកមាន ហើយពិន្ទុជាមធ្យម កាន់តែមានកម្រិតទាប សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រ។ ស្ថានភាពនេះ ជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភខ្លាំងណាស់។ ក្នុងហេតុផលថាចំនួន និងលក្ខណៈនៃ​ជម្ងឺរាតត្បាត បានកើនឡើង អំឡុងរយៈពេល៣០ឆ្នាំកន្លងមកនេះ នុ៎ះការពន្លឿនការត្រៀមខ្លួនសម្រាប់ការរីករាលដាល របស់​ពិភពលោកទាំងមូល ក៏ដូចជារដ្ឋាភិបាលនីមួយៗ កាន់តែមានភាពចាំបាច់ និងជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ