អានតួអត្ថបទ
អវកាស

Goodbye Philae ! អ្នកវិទ្យាសាស្ត្រ​ផ្តាច់រលក​សញ្ញារវាង ​Philae ​និង​​យាន​Rosetta

លាហើយ​ Philae ! ​ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​បាន​សរសេរ ​ នៅ​លើ​ទំព័រ​Tweeter ​របស់​បេសកកម្ម​អវកាស ​Philae​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​២៦​ កក្កដា។ អ្នក​វិទ្យាសាស្ត្រ ​នៃ​បេសកកម្ម​នេះ ​ បាន​សម្រេច​កាត់ផ្តាច់​ចរន្ត​ រលក​សញ្ញា​ទំនាក់​ទំនង​រវាង​យាន​Rosetta ​និងរ៉ូបូ​Philae ​ដើម្បី​រក្សា​ថាមពល​ដែល​​មាន​សេសសល់​របស់​យាន​Rosetta ​ទុក​ដើម្បី​ធ្វើ​បេសកកម្ម​ចុងក្រោយ​របស់​ខ្លួន ​ឲ្យ​ដល់​ដំណាច់​ខែ​កញ្ញា។ ​ចាប់​ពីពេល​នេះ​ទៅ ​គឺ​គេ​គ្មាន​សង្ឃឹម​ថា​បាន​ទទួល​ដំណឹង​ពី ​រ៉ូបូ ​Philae ​ដែល​សំចត​ខ្លួន​នៅលើ​បំណែក​ផ្កាយ ​Tchouri ​ទៀត​ទេ។

រ៉ុបូPhilae ពេល​ដែលចុះចតលើ​បំណែក​ផ្លាយ​Tchouri បន្ទាប់ពីបាន​​ផ្តាច់ខ្លួនចេញ​ពីយាន​​Rosetta
រ៉ុបូPhilae ពេល​ដែលចុះចតលើ​បំណែក​ផ្លាយ​Tchouri បន្ទាប់ពីបាន​​ផ្តាច់ខ្លួនចេញ​ពីយាន​​Rosetta ESA/ATG medialab
ផ្សាយពាណិជ្ជកម្ម

លោក  Andreas Schuetz  អ្នកនាំពាក្យ​ក្រុម​ការងារ​អវកាស​អាល្លឺម៉ង់ ​ដែល​មាន​ចំណែក​ក្នុង​បេសកកម្ម​Philae​ បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង ​កាល​ពី​ថ្ងៃ​ទី​២៧​កក្កដា​ថា ​ក្រុម​ការងារ​នៃ​បេសកកម្ម​ បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​រលក​សញ្ញា​ រវាង​យាន​Rosetta ជាមួយ​នឹង​រ៉ូបូ Philae ​ចាប់​ពីថ្ងៃ​ពុធ​ទី​២៧ ​កក្កដា​ទៅ។ ផ្តាច់​រលកសញ្ញា​ជាមួយ​ Philae​ មាន​ន័យ​ថា ​ចាប់ពី​ពេល​នេះ​ទៅ ​គេ​នឹង​លែង​បាន​ទទួល​ដំណឹង​អ្វី​ទាំងអស់​ពី​រ៉ូបូនេះ។

 
ចំណែក​លោក ​ Philippe Gaudon ​ប្រធាន​គម្រោង​អវកាស​នៃ​ក្រុម​ការងារ​បារាំង​ បាន​បញ្ជាក់​ថា ​ក្រុម​ការងារ​នៃ​បេសកកម្ម​Philae ​បាន​សម្រេច​បិទ​អង់តែន​របស់​យាន​Rosetta ​ដែល​​មាន​ទួនាទី​ចាំចាប់​រលក​សញ្ញា ​ពី​រ៉ូបូ​Philae ​ហើយ​នេះ​គឺ​ជា​សេចក្តី​សម្រេច​ដោយ​មាន​ការ​យល់ស្រប​ពី​លោក ​Patrick Martin ​ ​ដែល​ជា​ប្រធាន​បេសកកម្ម​Philae​ផងដែរ។

មូលហេតុ​នៃការ​ផ្តាច់​រលក​សញ្ញានេះ​ ត្រូវ​បាន​ក្រុម​ការងារ​អវកាស​អឺរ៉ុប ​ប្រាប់ថា​ដោយសារ​តែ​យាន​ Rosetta ​កំពុង​តែ​បាត់បង់​ថាមពល​បន្តិច​ម្តងៗ ​ ដោយសារ​តែ​យាន​នេះ​បាន​ហោះទៅ​ ​កាន់តែ​ឆ្ងាយ​ពី​ពន្លឺ​ព្រះអាទិត្យ ​ដែល​ធ្វើ​ឲ្យ​វា​មិនអាច​ស្រូប​យក​ពន្លឺ​ព្រះអាទិត្យ ​ ដើម្បី​បំលែង​ជា​ថាមពល​បាន​គ្រប់គ្រាន់។ បច្ចុប្បន្ន​យាន ​Rosetta ​នេះ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ជា​៥២០ ​លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ​ ហើយ​កំពុង​តែ​វិលនៅ​ជុំវិញ​បំណែក​ផ្កាយ​ឈ្មោះ ​Tchouri

ក្រុម​ការងារ​បាន​សម្រេច​ធ្វើ​ដូចនេះ​​ ដើម្បី​រក្សា​ថាមពល​ដែល​នៅ​សេសសល់​សម្រាប់​ឲ្យ​យាន ​Rosetta ​ចុះ​ចត​ជា​ចុងក្រោយ​នៅ​លើ​បំណែក​ផ្កាយ​Tchouri ​នៅ​ថ្ងៃ​ទី៣០ ​កញ្ញា។ មុន​នឹង​បញ្ចប់​បេសកកម្ម ​ និង​លា​ជា​រៀង​រហូត​ យាន​ Rosetta ​នឹង​ថត​រូប​​ពី​ភិនភាគ ​និង​ធ្វើ​ការ​គុណគូរ​ វាស់វែង ​បែប​វិទ្យាសាស្ត្រ ​ស្តីពី​បំណែក​ផ្កាយ​Tchouri។ ចំណែក​រ៉ូបូ ​Philae​ បាន​បាត់​ដំណឹង ​លែង​ផ្តល់​រលក​សញ្ញា​តាំងតែ​ពី​ថ្ងៃ​ទី​៩កក្កដា។

សូម​បញ្ជាក់​ថា ​បេកកម្ម​នៃរ៉ូបូ​Philae​ ដែល​បញ្ជូន​ទៅ​ដោយ​យាន​Rosetta ​គឺ​ធ្វើ​ឡើង​ដើម្បី​ស្រាវជ្រាវពី​ការ​កកើត​ដំបូង​នៃ​ចក្រវាឡ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ទៅលើ​បំណែក​ផ្កាយ​Tchouri ​ ព្រោះ​បំណែក​ផ្កាយ​ប្រភេទ​នេះ​ គឺ​បង្កប់​ដោយ​ធាតុផ្សំ​ដំបូង​គេ​បង្អស់​នៃ​ចក្រវាឡ ​មុន​នឹង​មាន​បំណែក​ផ្ទុះ​ជា​ភព​ផ្សេងៗ។ យាន​Rosetta​បាន​ធ្វើ​ដំណើរ​រយៈពេល​១០​ឆ្នាំ​ដើម្បីនាំ​រ៉ូបូ​Philae ​ទៅជួប​នឹង​បំណែក​ផ្កាយ​Tchouri។ បេកកម្ម​របស់​យាន​Rosetta ​និង ​រ៉ូបូ​ Philae គឺ​ជា​ជោគជ័យ​ដ៏​ធំ​របស់​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប ​ក៏ដូច​ជា​សម្រាប់​មនុស្សជាតិ​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ