អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈូងសមុទ្រហ្គីណេ៖កំណើន​សកម្មភាព​ចោរសមុទ្រ​បាន​កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ពុធ ទី២៨ សីហា សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​យុទ្ធសាស្រ្ត​ដើម្បី​ប្រឆំាង​នឹង​កំណើន​សកម្មភាព​ចោរសមុទ្រ​នៅ​ឈូង​សមុទ្រ​ហ្គីណេ។ ឈូងសមុទ្រ​ហ្គីណេ គឺ​ជា​ឈូងសមុទ្រ​មួយ​ក្នុង​ពិភពលោក​ដែល​ការ​វាយប្រហារ​ដោយ​ចោរសមុទ្រ​បាន​និង​កំពុង​មាន​កំណើន​គួរ​ឲ្យ​ព្រួយបារម្ភ។ តាម​របាយការណ៍​ចុង​ក្រោយ​របស់​ការិយាល័យ​សមុទ្រ​អន្តរជាតិ​ឲ្យ​ដឹង​ថា ចំនួន​នៃ​ការ​វាយប្រហារ​ដោយ​ចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ​បាន​កើត​មាន​ញឹកញាប់ និង​មាន​ការ​កើនឡើង​ជាង​នៅ​កណ្តាលសមុទ្រ​នៃ​ប្រទេស​សូម៉ាលី​ទៅ​ទៀត។

ទូក​របស់​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ
ទូក​របស់​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ Photo: ONU
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ការ​វាយប្រហារ​ដោយ​ចោរសមុទ្រ​នៅ​កណ្តាល​សមុទ្រ​ក្នុង​ប្រទេស​សូម៉ាលី​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​និយាយ​ច្រើន និង​ដឹង​ឮ​ច្រើន។ រីឯ​សកម្មភាព​របស់​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ និង​ផ្សព្វផ្សាយ​ប៉ុន្មាន​ទេ។ នេះ​ពិត​ជា​រឿង​មួយ​ច្រឡំ​ធ្ងន់​ណាស់ ច្រឡំ​ធ្ងន់​ព្រោះ​ថា​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​សមុទ្រ​អន្តរជាតិ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី១៨ មិថុនា ឆ្នំា ២០១៣ ឲ្យ​ដឹង​ថា សកម្មភាព​ចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ​បាន​និង​កំពុង​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ គិត​តំាង​ពី​ដើម​ឆ្នំា ២០១៣ នេះ​មក ការ​វាយប្រហារ​លើ​នាវា​ដឹកទំនិញ ឬ​មួយ​ក៏​លើ​ស្ថានីយបូកប្រេង​ពី​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ​បាន​កើត​មាន​ចំនួន ៣១លើក។

របាយការណ៍​របស់​ការិយាល័យ​សមុទ្រ​អន្តរជាតិ​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ឆ្នំា ២០១២ កន្លង​ទៅ ការ​វាយប្រហារ​លើ​នាវា​ដឹកទំនិញ​ក្នុង​ឈូងសមុទ្រ​ហ្គីណេ​មាន​ចំនួន​ច្រើន​ជាង​នៅ​កណ្តាល​សមុទ្រ​សូម៉ាលី​ទៅ​ទៀត។ ក្នុង​ឆ្នំា ២០១០ សកម្មភាព​វាយប្រហារ​នៅ​ឈូងសមុទ្រ​ហ្គីណេ​មាន​ចំនួន ៣៩លើក តែ​នៅ​ក្នុង​ឆ្នំា ២០១២ មាន​ដល់​ទៅ ៦២​លើក។ ព័ទ្ធជុំវិញ​ដោយ​ប្រទេស​អាហ្រ្វិក​ចំនួន ៣ គឺ​នីហ្សេរីយ៉ា បេណំាង និង​ប្រទេស​តូហ្គោ ឈូងសមុទ្រ​ហ្គីណេ​ត្រូវ​បាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចាត់​ទុក​ជា​តំបន់​ដែល​មាន​កម្រិត​ហានិភ័យ​ខ្ពស់​ខ្លំាង។ ហានិភ័យ​ខ្ពស់​ខ្លំាង​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ត្រូវ​តែ​តម្លើង​ថ្លៃ​សេវ៉ា​របស់​ខ្លួន​ដោយ​ចៀសមិន​រួច។

គោលបំណង​របស់​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្កីនេ គឺ​ខុស​គ្នា​នឹង​គោលបំណង​របស់​ក្រុមចោរ​សមុទ្រ​នៅ​ឈូងសមុទ្រ​អាដេន ឬ​មួយ​ក៏​នៅ​កន្លែង​ផ្សេង​ទៀត ដូច​យ៉ាង​នៅ​សមុទ្រ​ក្នុង​ប្រទេស​សូម៉ាលី​ជា​ដើម។ នៅ​ឈូងសមុទ្រអាដេន ឬមួយ​ក៏​នៅ​សមុទ្រ​សូម៉ាលី ក្រុម​ចោរសមុទ្រ​បាន​បើក​ការ​វាយប្រហារ​លើ​នាវា​ដឹកទំនិញ ដោយ​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មំាង​ដើម្បី​ជម្រិត​ទារ​លុយ។ ក្រុមចោរ​ទំាង​នោះ​មិន​បាន​ចាប់​អារម្មណ៍​លើ​ទំនិញ​ដែល​ដឹក​នៅ​ក្នុង​កប៉ាល់​នោះ​ទេ។ តែ​នៅ​ក្នុង​ឈូងសមុទ្រហ្គីណេ​ឯណោះ​វិញ ក្រុម​ចោរសមុទ្រ​មិន​បាន​គិត​ពី​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មំាង​ទេ តែ​បាន​វាយប្រហារ​ដើម្បី​យក​ទំនិញ​ដែល​ដឹក​នៅ​ក្នុង​កប៉ាល់​នោះ។

ជាទូទៅ ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រហ្គីណេ​ច្រើន​វាយប្រហារ​លើ​ស្ថានីយ៍​បូមប្រេង ឬ​កប៉ាល់​ដឹកប្រេង​ដែល​ចម្រាញ់​រួច រួម​មាន​ប្រេងសំាង ប្រេងកាត ឬ​មួយ​ក៏​ប្រេង​ម៉ាស៊ូត​ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារងងឹត។ ក្នុង​នាម​ជា​ប្រទេស​ផលិតប្រេង​ទីមួយ​នៅ​ទ្វីបអាហ្រ្វិក​ប្រមាណ​ជា ២លានបារីល​ក្នុង​មួយ​ថ្ងៃៗ នីហ្សេរីយ៉ា​គឺ​ជា​ប្រទេស​ដែល​បាន​ទទួល​រងការ​វាយប្រហារ​ដោយ​ចោរសមុទ្រ​ខ្លំាង​ជាង​គេ​នៅ​ក្នុង​តំបន់។ តំបន់​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​ប្រេង​ធំ​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ ដូច​យ៉ាង​ក្រុមហ៊ុន​អង់គ្លេស-ហូឡង់ Shell ឬមួយ​ក្រុមហ៊ុន​អាមេរិកំាង ExxonMobil ជា​ដើម។ តាម​ការ​សង្កេត​ជា​រួម សកម្មភាព​របស់​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រហ្គីណេ​មាន​លក្ខណៈ​លឿនរហ័ស និង​ពោរពេញ​ដោយ​អំពើហិង្សា​ជា​មួយ​ក្រុមបុគ្គលិក​នៅ​ក្នុង​កប៉ាល់​ដែល​ពួក​គេ​វាយប្រហារ។

ម្យ៉ាង​ទៀត និង​ខុស​ពី​នៅ​តំបន់​ផ្សេង ដូច​យ៉ាង​នៅ​សមុទ្រ​នៃ​ប្រទេស​សូម៉ាលី ឈូងសមុទ្រ​ហ្គីណេ​មិន​ដែល​មាន​វត្តមាន​ល្បាត​ពី​ទាហាន​អន្តរជាតិ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​កប៉ាល់​ដឹកទំនិញ​នៅ​ទីនោះ​ងាយ​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​ពី​ក្រុមចោរសមុទ្រ​ណាស់។ ទន្ទឹម​គ្នា​នេះ កប៉ាល់​ដឹកទំនិញ​ទំាង​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កម្លំាងសន្តិសុខ​ឯកជន​នៅ​ចម្ងាយ​តិច​ជាង ២០គីឡូម៉ែត្រ​ពី​ឆ្នេរ​ទេ។ រីឯ​ក្រុម​ចោរសមុទ្រ​វិញ ហាក់​ដូច​ជា​បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​កាន់​តែ​ឆ្ងាយ​ពី​ឆ្នេរ រហូត​ដល់​ទៅ ២០០គីឡូម៉ែត្រ​ផង​ក៏​មាន។

គឺ​កំណើន​អសន្តិសុខ​បង្ក​ឡើង​ដោយ​ក្រុមចោរសមុទ្រ​នៅ​ឈូងសមុទ្រ​ហ្គីណេ​នេះ​ហើយ​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មាន​ក្តីបារម្ភ​ជា​ពន់ពេក។ ព្រួយបារម្ភ​ក៏​ដោយសារ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ក្នុង​តំបន់​បាន​ពឹង​ផ្អែក​សឹង​តែ​ទំាង​ស្រុង​លើ​អាជីវកម្ម​អណ្តូង​ប្រេងកាត ក៏​ដូច​ជា​សកម្មភាព​នៅ​កំពង់ផែ​របស់​ខ្លួន ដូច​ករណី​ប្រទេស​បេណំាង​ដែល​ចំណូល​សេដ្ឋកិច្ច​ចន្លោះ​ពី ៧០ ទៅ ៩០% បាន​មក​ពី​សកម្មភាព​កំពង់ផែ​របស់​ខ្លួន។

បច្ចុប្បន្ន បណ្តា​ប្រទេស​ក្នុង​ឈូងសមុទ្រ​ហ្គីណេ​មិន​បាន​ទទួល​ការ​ជួយ​គំាទ្រ​សន្តិសុខ​ពី​ខាង​ក្រៅ​ទេ។ ជា​ទូទៅ មាន​ប្រទេស​មួយ​ចំនួន​បាន​សហការណ៍​ជាមួយ​ប្រទេស​មហាអំណាច​មួយ​ចំនួន​ដូច​យ៉ាង​អាមេរិក ឬ​បារំាង តែ​ត្រឹមក្របខ័ណ្ឌ​បណ្តុះបណ្តាល​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​កិច្ចសហប្រតិបត្តិការ​ជា​កម្លំាង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួបកំពូល​ស្តីពី​ការ​ប្រយុទ្ធប្រឆំាង​នឹង​ចោរសមុទ្រ​នៅ​ក្នុង​ឈូងសមុទ្រ​ហ្គីណេ​រៀបចំ​នៅ​ក្នុង​ទីក្រុង​យុនដេ ប្រទេស​កាមេរូន​កាល​ពី​ថ្ងៃទី២៤ មិថុនា​កន្លង​មក បណ្តា​ប្រមុខ​រដ្ឋ​អាហ្រ្វិក​ទំាង ១១រូប​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់ពង្រាយ​កម្លំាងជើងទឹក​អន្តរជាតិ​នៅ​ក្នុង​ឈូងសមុទ្រ​ហ្គីណេ ដូច​នៅ​ក្នុង​ឈូងសមុទ្រ​អាដេន​ដែរ។

តែ​រហូត​មក​ដល់​ពេល​នេះ និង​ក្រៅ​ពី​ការ​ឈឺ​ឆ្អាល​របស់​សហភាព​អឺរ៉ុប​ដែល​កំពុង​ស្វែង​រក​យុទ្ធសាស្រ្ត​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ចោរសមុទ្រ​នៅ​អាហ្រ្វិកខាងលិច​នោះ តំបន់​ឈូងសមុទ្រ​ហ្គីណេ​បាន​និង​កំពុង​បន្ត​សោយរាជ្យ​ដោយ​ក្រុមចោរសមុទ្រ និង​ដែល​ប្រទេស​ពាក់ព័ន្ធ​​កំពុង​ចាត់វិធានការ​ទប់ទល់​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។ ជាក់ស្តែង ប្រទេស​នីហ្សេរីយ៉ា​បាន​ទិញ​នាវាល្បាត​ពី​ប្រទេស​ចិន។ ប្រទេស​បេណំាង និង​ហ្គីណេ​បាន​បំពាក់​នូវ​នាវា​ខា្នតតូច​ដើម្បី​ចេញ​អន្តរាគមន៍។ ការធ្វើ​យ៉ាង​ដូច​នេះ ដោយ​ប្រទេស​ទំាង​នោះ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ខ្លួន​ឯង ប្រឹងប្រែង​ជួយ​ខ្លួន​ឯង​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ