អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​បុរស​ល្អ បំផុស​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ប្តេជ្ញា​ចិត្ត​ទប់​ស្កាត់​ហិង្សា​លើ​ស្ត្រី និង​កុមារ

កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​នានា និង​សិស្សា​នុសិស្ស ប្រមាណ​ជាង ៤០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១០​កក្កដា​នេះ បាន​នាំ​គ្នា​ដង្ហែរ​ក្បួន​យុទ្ធនាការ​ «បុរស​ល្អ» ចុង​ក្រោយ​ នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។ ជា​យុទ្ធនាការ សម្រាប់​ឆ្នាំ ២០១៤-២០១៥​ ដែល​សំដៅ​បំផុស​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ ព្រោះ​ថា​​សមត្ថកិច្ច​របស់​កម្លាំង​ប្រដាប់​អាវុធ មាន​ឥទ្ធិពល​ក្នុង​សង្គម​។​

ស្លាកសញ្ញាយុទ្ធនាការបុរសល្អនៅកម្ពុជា។
ស្លាកសញ្ញាយុទ្ធនាការបុរសល្អនៅកម្ពុជា។ @PYD
ផ្សាយពាណិជ្ជកម្ម

 

យុទ្ធនាការ​ «បុរសល្អ» ដែល​ផ្តោត​សំខាន់​លើការ​ចូលរួម​របស់​កងកម្លាំ​ប្រដាប់​អាវុធ សម្រាប់​ឆ្នាំ ២០១៥ បាន​បញ្ចប់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ១០កក្កដានេះ ក្នុង​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ជា​យុទ្ធនាការ ក្រោម​ការ​ដឹក​នាំ​ពី​ក្រសួងកិច្ចការ​នារី និង​សម្រួល​សម្រួល​ពីអង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា PYD។

អ្នក​ស្រី គឹម ធីតា​កល្យាណី ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ PYD បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​ចូលរួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​យុទ្ធនាការ «បុរសល្អ» នេះ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ សារៈ​សំខាន់ ព្រោះ​ថា​កង​កម្លាំង​ប្រដាប់​អាវុធ ជា​ក្រុម​មួយ​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម ជា​ក្រុម​មួយ ដែល​អាច​បញ្ឃប់​អំពើ​ហិង្សា និង​បញ្ច្រាប​ស្មារតី គោរព​យេនឌ័រ រវាង​ស្ត្រី និង​បុរស។

ទោះបីជាយ៉ាងណា អ្នក​ស្រី គឹម ធីតាកល្យាណី បាន​បញ្ជាក់​ថា ទោះ​ជា​មាន​យុទ្ធនាការ​បំផុស​ស្មារតីបុរស​គោរពសិទ្ធិ​ស្រ្តី និង​កុមារ តាំង​ពី​ឆ្នាំ ២០១១​ក៏​ដោយ​ ប៉ុន្តែ​អំពើហិង្សា​លើ​ស្ត្រី ហាក់​មិន​បាន​ថមថយ​ច្រើន​នោះ​ទេ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ មិន​ថម​ថយ ដោយ​សារ​បុរសមួយ​ចំនួន នៅតែ​មិនព្រម​​ផ្តល់​តំលៃ​ដល់​ស្ត្រី។ ដូច្នេះ​ហើយ ទើប​អ្នក​ស្រី គឹម ធីតាកល្យាណី បន្តថា ការ​ផ្តល់​តំលៃ​ឲ្យ​ស្ត្រី គឺ​ជា​កត្តា​ប្រ​កាស​អាសន្ន ដែល​គ្រប់​សាលា​រៀន គួរតែ​បង្រៀន​សិស្ស​ប្រុស តាំង​ពី​វ័យ​ក្មេង ឲ្យ​ស្គាល់ពី​យេនឌ័រ រវាងស្ត្រី​ និង​បុរស។ លើស​ពី​នេះ បុរស​ខ្លួន​ឯង ក៏​គួរ​ធ្វើ​ជា​បុរស​ល្អ ចូល​រួម​គោរពសិទ្ធិ​ស្ត្រី​ផង​ដែរ។

គួរជម្រាប​ជូនថា យុទ្ធនាការ «បុរសល្អ» ដែល​រៀប​ចំ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​រៀប​ចំ​ឡើង ​ក្នុង​ខេត្ត​ចំនួន ៦ និង​ក្រុង​តា​ខ្មៅ តាំង​ពី​ឆ្នាំ ២០១៤​។ គោល​ដៅ​សំខាន់​របស់​យុទ្ធនាការ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈពី​យេនឌ័រ ​លើក​កម្ពស់ការ​ចូលរួម​របស់​បុរស ក្នុង​ការ​ទប់​ស្កាត់​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី។ លើក​កម្ពស់​តួនាទី​វិជ្ជមាន និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត ក្នុងជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។ និង​លើក​កម្ពស់​គ្រួសារ​គំរូ ដោយ​បុរស និង​ស្ត្រី​ ធ្វើ​ការ​រួមគ្នា ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​សង្គម របស់ប្រទេស​កម្ពុជា​៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ