អានតួអត្ថបទ
កម្ពុជា

អគ្គីសនី​កម្ពុជា EDC បដិសេធ​ថា​មិន​បាន​កែ​ច្នៃ​នាឡិកា​ស្ទង់

អគ្គីសនី​កម្ពុជា EDC បដិសេធ​ថា​មិន​បាន​កែ​ច្នៃ​នាឡិកា​ស្ទង់ ដូច​ការ​ចោទ​ប្រកាន់ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទេ​។ ការ​បង្កើន​ថាមពល​អគ្គីសនី ក៏​ត្រូវ​បាន​ស្ថាប័ន​ផ្គត់ផ្គង់​អគ្គីសនី​តែ​មួយ​គត់​នៅ​កម្ពុជា​នេះ ច្រាន​ចោល​ផង​ដែរ​។ បើ​តាម​អគ្គីសនី​កម្ពុជា ការ​ប្រើ​ប្រាស់​ថាមពល​អគ្គីសនីច្រើន​នា​ពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ គឺ​បណ្ដាល​មក​ពី​បរិយាកាស​ក្ដៅ​។

អគ្គិសនី​កម្ពុជា
អគ្គិសនី​កម្ពុជា @EDC Facebook
ផ្សាយពាណិជ្ជកម្ម

ការ​​ប្រើ​ប្រាស់​ថាមពល​ច្រើន​នៅ​ក្នុង​ខែ​ក្ដៅ ធ្វើ​ឲ្យ​ថ្លៃ​អគ្គីសនី​ប្រចាំ​ខែ​របស់​ប្រជាពលរដ្ឋ​កើន​ឡើង​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក កែវ រតនៈ ដែល​ជា​អគ្គនាយក​អគ្គីសនី​កម្ពុជា​។ លោក កែវ រតនៈ អះអាង​ថា ការ​ប្រើ​ប្រាស់​ច្រើន​បែប​នេះ កើត​មានឡើង​ជា​រៀង​រាល់​ឆ្នាំ មិន​មែន​ទើប​តែ​កើត​មាន​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ​។ ប៉ុន្តែ​ហេតុផល​ដែល​ធ្វើ​ឲ្យ​មាន​ការ​រអ៊ូ​រទាំ ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​យក​វិក័យបត្រ​ខែ​ក្ដៅ ទៅ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​ត្រជាក់​។ លោក​បាន​ស្នើ​ឲ្យ​សាធារណជន​ផ្ទៀង​ផ្ទាត់​វិក័យបត្រ​ខែ​ក្ដៅ​ឆ្នាំ​នេះ ទៅ​នឹង​ខែ​ក្ដៅ​ឆ្នាំ​មុន ទើបត្រឹម​ត្រូវ​។

 

​ចំពោះ​​ការ​​ចោទ​ប្រកាន់ថា EDC កែ​ច្នៃ​កុងទ័រ​ភ្លើង​និង​បង្កើន​ថាមពល​អគ្គីសនី លោក កែវ រតនៈ​ បាន​ច្រាន​ចោល​ទាំង​ស្រុង​​។ បើ​តាម​លោក កែវ រតនៈ គ្រប់​កុងទ័រ​ភ្លើង​ឬ​នាឡិកា​ស្ទង់ សុទ្ធ​តែ​មាន​ប្លុមបេ​ពី​រោងចក្រ​ផលិត​ពី​ក្រៅ​ប្រទេស​ទាំង​អស់ ហើយ​ប្លុមបេ​នេះ មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​អគ្គីសនី​ជា​ដាច់​ខាត​។ លោក​ថា អគ្គីសនី​កម្ពុជា គ្មាន​ប្រយោជន៍​អ្វី​ទៅ​​កេង​ប្រវ័ញ្ច​ពី​ប្រជាពលរដ្ឋ ដើម្បី​តែ​ជាប់​ទោស​ខ្លួន​ឯង​នោះ​ទេ​។

ទាក់ទង​ទៅ​នឹង​បញ្ហា​កុងទ័រ​ភ្លើង ឬ​នាឡិកា​ស្ទង់​នេះ​ដែរ ប្រសិន​បើ​ប្រជាពលរដ្ឋ​រក​ឃើញ​ថា ប្លុមបេ​របស់​នាឡិកា​ស្ទង់​បាន​ដាច់ ឬ​ប្រសិន​បើ​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី លោក កែវ រតនៈ បាន​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជា​ប្រញាប់​ទៅ​ភ្នាក់ងារ​របស់​អគ្គីសនី​កម្ពុជា ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្មី​។

ជាការ​កត់សម្គាល់ ការពន្យល់​បក​ស្រាយ​របស់​​​អគ្គិសនីកម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពីប្រជាពលរដ្ឋទាំងនៅរាជធានី​ភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ត្អូញត្អែរជាបន្តបន្ទាប់ ពី​រឿងនាឡិកាស្ទង់អគ្គិសនីដើរលឿនខុសប្រក្រតី​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​​តំលៃ​បង់​ភ្លើង​ប្រចាំខែ កើន​ឡើង​ទ្វេ​ដង​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ