អានតួអត្ថបទ
កម្ពុជា

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស្នើ​សុំ​ក្រសួង​ពីរ​ឲ្យ​អន្តរាគមន៍​លើ​អ្នក​ប្រើ​ពាក្យ​អសុរោះ​តាម​បណ្តាញ​សង្គម

តាម​រយៈ​លិខិត​ពីរ​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា ដែល​ប្រមាថ និង​បរិហារកេរ្តិ៍ ដល់​មន្ត្រីរាជការ។ ការ​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ទាំង​ពីរ​នេះ បាន​កើត​ឡើង​ភ្លាមៗ ក្រោយ​ពី​មាន​ការ​រឹះ​គន់ និង​ការ​ប្រើ​ប្រាស់​ពាក្យ​អសុរោះ​តាម​បណ្តាញ​សង្គម​ពី​បញ្ហា​ទឹកដី​កម្ពុជា។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​។ RFI
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ពីរ​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ដែល​មាន​ហត្ថ​លេខា​លោក ផៃ ស៊ី​ផាន បាន​ស្នើ​សុំ​ជា​លក្ខណៈ​បច្ចេកទេស​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ពី​ក្រសួង​មហា​ផ្ទៃ។ លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ស្នើ​សុំ​ពី​ក្រសួង​ពីរ​នេះ គឺ​ដើម្បី​ឲ្យ​ក្រសួង​ធ្វើ​ការបិទ​ម្ចាស់​គណនី​ណា ដែល​ប្រើ​ប្រាស់​នូវ​ពាក្យ​អសុរោះ​ប្រមាថ​មកលើ​មន្ត្រីរាជការ រួមទាំង​ថ្នាក់ដឹកនាំ​ផងដែរ។

សូម​បញ្ជាក់​ថា​ការ​ស្នើ​សុំ​របស់​លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​រូបនេះ បាន​កើត​ឡើង​ក្រោយ​ពី​មាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​នូវ​រូបភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​ប្រមាថ​មក​មន្ត្រី​រដ្ឋាភិបាល ពី​បញ្ហា​ទឹកដី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​ប្រទេស​ជិតខាង​។

លោក ផៃ ស៊ី​ផាន បានបញ្ជាក់​តាមរយៈ​លិខិត​ទាំងពីរ​នោះ​ថា ការប្រមាថ និង​ការបរិហារកេរ្តិ៍ គឺ​មិន​ស្ថិតនៅក្នុង សេរីភាព​ក្នុងការ​បញ្ចេញយោបល់​នោះឡើយ ក៏ប៉ុន្តែ​វា​ជាការ​រំលោភសិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​រង​ការប្រមាថ និង​ប្រៀត​បៀ​ន​សេចក្តីថ្លៃថ្នូរ។ តាមរយៈ​លិខិត​របស់លោក​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ស្នើសុំ​ឲ្យ​ក្រសួង​នេះ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​វាយប្រហារ​ប្រមាថ និង​បរិហារកេរ្តិ៍​ទៅលើ​មន្ត្រីរាជការ តាមរយៈ​បណ្តាញ​សង្គម។

យ៉ាងណាមិញ​លោក អ៊ូ វីរៈ ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម បាន​បញ្ជាក់ថា​ការលើកឡើង​របស់លោក​ផៃ ស៊ី​ផាន ពី​ការប្រើ​ពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ គឺ​មិនមាន​ភាព​ច្បា​ល់លា​ស់ ឬ​មិនមាន​និយមន័យ​ច្បាស់លាស់ ហើយក៏​មិនមាន​ចែង​នៅក្នុង​ច្បាប់​ច្បាស់លាស់​ផងដែរ។ លោក​បញ្ជាក់ថា​ចំពោះ​ការអនុវត្ត​ច្បាប់​តាម​ការស្នើ​របស់លោក​ផៃ ស៊ី​ផាន មិនមែនជា​បញ្ហា​នោះទេ ប៉ុន្តែ​ការអនុវត្ត​នោះ​ត្រូវ​ធានា​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ​ផងដែរ។

លោក​បាន​បន្ថែមថា​បច្ចុប្បន្ន​នេះ​ពិតជា​មាន​អ្នក​ប្រមាថ ឬ​ប្រើពាក្យ​អសុរោះ​តាម​បណ្តាញ​សង្គម​ច្រើន​មែន ហើយ​គួរតែមាន​កម្រិត និង​ចែង​ក្នុង​ច្បាប់​ឲ្យ​បានច្បាស់លាស់។ ម្យ៉ាងវិញទៀត ការដាក់ទោស​ទាន់​ចំពោះ​អ្នក​ជេ​ប្រមាថ​មិនគួរ​ធ្វើឡើង​ដោយ​ច្បាប់ព្រហ្មទណ្ឌ​នោះទេ តែ​គួរតែ​កំណត់​ក្នុង​ច្បាប់រដ្ឋប្បវេណី និង​ផាក​ពី​ន័យ​ចំពោះ​ការប្រើ​ពាក្យ​អសុរោះ​ប្រមាថ ឬ​បរិហារកេរ្តិ៍។

កញ្ញា សន រ៉ា​ម៉ា​ណា អ្នកស្រាវជ្រាវ និង​ជាម​ន្ត្រី​សម្របសម្រួល​គំរោង​សិទ្ធិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រសិន​មានការ​ចាត់វិធានការ​ដូចនេះ​មែន ហើយ​ស្រប​នឹង​ច្បាប់​របស់​កម្ពុជា​ចែង​បែប​ទូលាយ ឬ​មិន​ច្បាស់លាស់ នោះ​វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​មួយចំនួន ដែល​បញ្ចេញមតិ​រិះគន់​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នកអនុវត្ត​ច្បាប់ ដាក់ទោស​បុគ្គល ដែល​ប្រើពាក្យ​អសុរោះ ប្រមាថ ដោយ​ទោសឧក្រិដ្ឋ វា​គឺជា​រឿង​ហួសហេតុ​ពេក​ចំពោះ​ការ​ចា​ត​វិធានការ​ច្បាប់​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ