អានតួអត្ថបទ
សង្រ្គាមពាណិជ្ជកម្ម

សង្រ្គាមពាណិជ្ជកម្ម៖ ពន្ធគយ​លើទំនិញ​ចិន​ចាប់​ផ្តើម​ចូល​ជា​ធរមាន​

​​សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន!  ថ្ងៃអាទិត្យ ទី១កញ្ញា គឺ​ជា​ថ្ងៃ​កំណត់ដល់​​ពេ​លចូល​ជា​ធរមាននៃ​ការ​ដំឡើងពន្ធគយ​លើទំនិញរបស់​ចិន​ ដែល​ភាគីនីមួយៗបានដាក់​រនាំងពន្ធគយ​ចំពោះគ្នា​ទៅវិញទៅមក។ ក៏ប៉ុន្តែ មុន​ពេល​ចូលជា​ធរមាន​នៃ​ច្បាប់​នេះ ភាគី​ទាំងពីរ ហាក់​បាន​បន្ទន់​ឥរិយាបថ​ចង់ជួប​​ចរចាគ្នា។

ប្រមុខរដ្ឋ​ចិន​និងអាមេរិក​
ប្រមុខរដ្ឋ​ចិន​និងអាមេរិក​ REUTERS
ផ្សាយពាណិជ្ជកម្ម

ពន្ធគយ​របស់​អាមេរិក ដែល​សម្រេច​ចិត្ត​ដាក់ដោយ​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ បាន​ចូល​ជាធរមាន គឺ​ជា​ដំណាក់​កាល​ដំបូង ចំពោះ​ទំនិញ​របស់​ចិន ដែល​ក្នុង​រង្វង់​ទឹក​ប្រាក់​១២៥ពាន់​លាន​ដុល្លារ​។ ទំនិញ​​ដែល​ត្រូវ​ជាប់​ពន្ធ​ កម្រិត​១៥ភាគរយនេះ គឺមាន​ ស្រោម​ជើង អេក្រង់​សម្រាប់បំពាក់​លើ​ទូរទស្សន៍ លើទូរសព្ទ និងលើ​អាយផេត, នាឡិកា, ប្រដាប់​ស្តាប់​សំឡេងដែល​គ្មាន​ខ្សែ ជា​ដើម។ ជា​ការ​វាយ​បក​ ចិន​បាន​ដំឡើង​ពន្ធ​លើទំនិញ​អាមេរិក​នាំចូល​ស្រុក​ចិន គឺ​ចំនួន​៥ភាគរយ ឬ​១០ភាគរយ ទៅតាម​ប្រភេទទំនិញនីមួយ​ ដែល​សរុប​ គឺឋិត​ក្នុង​រង្វង់​ទឹកប្រាក់ ​៧៥ ពាន់​លានដុល្លារ។​

ចំណែក​ដំណាក់​​បន្ទាប់​មកទៀត គឺ​ពន្ធ​គយអាមេរិក​​លើទំនិញ​ចិន មាន​ដូច​ជា កុំព្យូទ័រ ​ទូរសព្ទ​ដៃ​​ និងឧបករណ៍​ម៉ាស៊ីន​លេង​ល្បែង​ហ្គេមវីដេអូ​ ជាដើម​ ដែល​ស្ថិត​ក្នុង​​រង្វង់ទឹក​ប្រាក់ ​៣០០ ពាន់​លា​នដុល្លារ គឺ​ត្រូវ​ឡើង​ពន្ធ​ ១០ភាគ​រយបន្ថែម ហើយ​​​បើ​តាមគ្រោង ពន្ធនេះ​ គឺនឹង​ត្រូវ​ជាធរមាន​ មាន​សុពលភាព​ឱ្យ​អនុវត្ត ​នៅពាក់​កណ្តាល​ខែ​ធ្នូ​ខាងមុខ។​

ភាគី​ទាំងពីរ ទាំង​ចិន​ក្តី និងទាំង​អាមេរិក​ក្តី គឺសុទ្ធតែ​បាន​ដឹង​ច្បាស់​ណាស់ ថាការ​ជល់​គ្នារវាង​ដំរីអាមេរិកនឹង​យក្ស​ចិននេះ គឺបាន​បង្ក​​វិនាសកម្ម​នៃផល​ប៉ះពាល់ខ្លាំង​​ទៅដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំងមូល។​ ដើម្បី​ដោះស្រាយ​វិបត្តិ ប្រធានាធិបតី​អាមេរិក បាន​បន្ទន់​សម្តី កាល​ថ្ងៃចន្ទដើម​​​សប្តាហ៍​នេះ​ ក្នុងឱកាស​​ជំនួប​កំពូល​នៃ​វរប្រទេស​មាន​សេដ្ឋកិច្ច​នាំមូលទាំង៧ នៅក្នុង​ស្រុក​បារាំង​ ដោយ​លោក​ ដូណាល់ ត្រាំ បាន​បង្ហើរពាក្យ​បែប​សុទិដ្ឋិនិយម​ចង់​ជួប​ចរចា​ជាមួយ​ចិន។

ពីចំណែក​ខ្លួន ភាគី​ចិន, អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​ថ្លែង​ពី​ក្នុងថ្ងៃព្រហស្បតិ៍​កន្លងទៅ​​ថា​ «ក្នុង​ដំណាក់​កាល​នេះ ចិន​នឹង​មិន​វាយ​បកចំពោះ​ការ​ដំឡើង​ពន្ធ​យ៉ាងគំហុក​របស់​អាមេរិក​ទេ ដ្បិត​វា​នឹង​កាន់​តែ​បង្ក​ជាការ​គ្រោះធ្ងន់គំរាម​ដល់​សេដ្ឋកិច្ច​សកលលោក កាន់តែខ្លាំង»។ ចំពោះ​ចិន «ច្រកទ្វារ​ សម្រាប់​ជួប​ចរចាជាមួយ​អាមេរិក គឺ​នៅតែ​បើកចំហ​​ជានិច្ច»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ