ចិនបញ្ចូនទ័ពទៅព្រំដែនហុងកុង ត្រាំភ្ជាប់សង្គ្រាមពាណិជ្ជកម្មទៅនឹងវិបត្តិហុងកុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០១
នៅថ្ងៃព្រហស្បតិ៍ ទី ១៥ សីហានេះ ប៉េកាំងបានបញ្ជូនកងកម្លាំងទ័ពយ៉ាងច្រើនត្រៀមត្រា ទៅឈរជើងនៅស្តាត Shenzhen ជាប់ព្រំដែនជាមួយដែនដីហុងកុងហើយ។ ហើយក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មជាលើកដំបូង ភ្ជាប់វិបត្តិហុងកុងទៅនឹងជម្លោះពាណិជ្ជកម្ម ចិន-អាមេរិក។ បើតាមលោកត្រាំ ប៉េកាំងត្រូវដោះស្រាយវិបត្តិហុងកុង ដោយមនុស្សធម៌ បើចង់សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។
កងកម្លាំងទ័ពចិន កំពុងបង្ហាញវត្តមានយ៉ាង ត្រៀបត្រា នៅក្នុងស្តាតShenzhen ដែលស្ថិតនៅចម្ងាយតែប្រមាណមិនដល់៧គីឡូម៉ែត្រពីព្រំដែនហុងកុង និង ៥៦គីឡូម៉ែត្រពីអាកាសយានដ្ឋានហុងកុង ពោលគឺទ័ពចិនត្រូវការពេលតែ១០នាទីប៉ុណ្ណោះ អាចចេញធ្វើអន្តរាគមន៍នៅហុងកុងបានហើយ។
កម្លាំងទ័ព ទាំងកងៗ ទាំងផែន កំពុងហែជាក្បួន ហាត់រត់ ខ្លះទៀតជាកងម៉ូតូ ជិះព័ទ្ធជុំវិញស្តាត។ ក្រៅពីនោះ គេក៏សង្កេតឃើញមានក្បួនឡានកាមីញ៉ុង ព្រមទាំងកងដឹកជញ្ជូនរថពាសដែកទៀត។
កងកម្លាំងទាំងនេះ ទំនងជាទ័ពនៃកងអាវុធហត្ថចិន។ កងអាវុធហត្ថ មានបន្ទុកជាចាត់ចែងការពារសណ្តាប់ធ្នាប់សង្គម និងស្ថិតនៅក្រោមបង្គាប់របស់គណៈកម្មការយោធាមជ្ឈិមបក្ស ដែលជាស្ថាប័នដឹកនាំដោយបុគ្គលប្រធានាធិបតីស៊ី ជីនពីង ផ្ទាល់តែម្តង។
ប៉េកាំងមិនឈរអោបដៃមើលហុងកុងដាក់ដុនដាប
គេមិនដឹងអំពីមូលហេតុពិតប្រាកដ នៃវត្តមានកងកម្លាំងអាវុធហត្ថ នៅមាត់ច្រកហុងកុងនេះទេ។ គ្រាន់តែថា តាំងពីប៉ុន្មានថ្ងៃកន្លងមកនេះ ប៉េកាំង បានព្រលយ បានបង្ហោះសំដី អំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា ដើម្បីនាំសណ្តាប់ធ្នាប់មកឱ្យហុងកុង តំបន់ដែនដីដែលធ្លាប់ស្ថិតក្រោមអតីតអាណានិគមអង់គ្លេស។
បើតាមGlobal Times កងអាវុធហត្ថ ធ្វើដំណើរមកShenZhen ក្នុងក្របខ័ណ្ឌនៃសមយុទ្ធទ្រង់ទ្រាយធំ។ ឯតំណាងអាមេរិក សុំមិនបញ្ចេញឈ្មោះ បានអះអាងថាចិនពិតជាបានបញ្ជូនទ័ពទៅផ្តុំជើងនៅព្រំដែនហុងកុងមែន តែគ្មានសញ្ញាអ្វីបញ្ជាក់ថាកងពលនេះនឹងបន្តដំណើរឆ្លងព្រំដែនទេ។ ចំណែកសារព័ត៌មានរបស់បក្សកុម្មុយនិស្ថនិយម បានរៀបរាប់អំពីតួនាទីរបស់កងពលអាវុធហត្ថថា មានសមត្ថកិច្ចបង្ក្រាបការបះបោរ បង្ក្រាបកុប្បកម្ម ការប៉ះទង្គិចហិង្សា ធ្ងន់ធ្ងរ បង្ក្រាបប្រយុទ្ធប្រឆាំងនឹងការវាយប្រហារភេរវកម្ម និងហេតុការណ៍ផ្សេងៗដែលនាំប៉ះពាល់ដល់សន្តិភាពសង្គម។ បើតាមកាសែតនេះដដែល វត្តមានកងអាវុធហត្ថ ជាសារដ៏ច្បាស់សម្រាប់ក្រុមកុប្បករហើយ។ ចិនពិតជាមិនឈរអោបដៃស្ងៀមទេ ប្រសិនបើស្ថានភាពនៅហុងកុងលែងគ្រប់គ្រងបាន។ នេះជាសំដីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងឡុងដ៍។
ឃើញទាហាន មានប្រតិកម្ម
ពីមុនមកគេឮ និងឃើញមានប្រតិកម្មខ្លះដែរ ជុំវិញវិបត្តិនៅហុងកុងនេះ តែដោយគ្មានប្រើសំឡេងនិងភាសាធ្ងន់ដាក់ចិនទេ។ ប៉ុន្តែតាំងពីម្សិលមិញមក ប្រតិកម្មនយោបាយចាប់ផ្តើមកក្រើក។ បារាំង តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានស្រែកប្រកាសជំហរចង់ឃើញចិនគោរពនិងធានាលក្ខន្តិកៈស្វ័យភាពពិសេសរបស់ហុងកុង។ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ព្រមានជាលើកទីមួយ ជំរុញដោយចំៗ ឱ្យប៉េកាំងគោរពកិច្ចសន្យាជាមួយអង់គ្លេស ផ្តល់ស្វ័យភាពកំរិតខ្ពស់ឱ្យហុងកុង ដោយលម្អិតថា “សេចក្តីថ្លែងការណ៍ចិន-អង់គ្លេស ឆ្នាំ១៩៨៤ ព្រមប្រគល់ហុងកុងទៅឱ្យចិនគ្រប់គ្រងវិញ ចាប់ពីឆ្នាំ១៩៩៧ បានចែងថា ហុងក្រុងត្រូវមានប្រព័ន្ធ តុលាការ ច្បាប់ និងអំណាចប្រតិបត្តិជារបស់ខ្លួនដាច់ដោយឡែក និងមានស្វ័យភាពកំរិតខ្ពស់ លើកលែងតែវិស័យការបរទេសនិងការពារជាតិ។
លោកត្រាំ ភ្ជាប់សំណុំរឿងពាណិជ្ជកម្មទៅនឹងវិបត្តិហុងកុង
សេណារីយោចិនធ្វើអន្តរាគមន៍យោធានៅហុងកុងលេចកាន់តែច្បាស់។ ស្ថានការណ៍ក៏ចាប់ប្រែក្រលាស់ ! បើមានអន្តរាគមន៍យោធា បង្ក្រាបបាតុករប្រជាធិបតេយ្យមែន នោះស្វ័យភាពរបស់ហុងកុងនឹងកាន់តែធ្លាក់ចុះ ឬអាចត្រូវបាត់បង់តែម្តងផង។ បើស្វ័យភាពហុងកុងធ្លាក់ចុះ អាមេរិកពិតជាផលប៉ះពាល់ទៅលើភាពប្រកួតប្រជែងពាណិជ្ជកម្មនៅហុងកុង។ អ៊ីចឹងហើយបានជាលោកដូណាល់ ត្រាំ មិនអាចបិទមាត់នៅស្ងៀមបានទៀត។
ប្រឈមនឹងហានិភ័យចិនចេញធ្វើអន្តរាគមន៍យោធានៅហុងកុង លោកប្រធានាធិបតីក៏ចាប់លូកមាត់ លូកកព្រមាន និងដាក់សម្ពាធលើចិន ដោយយកសំណុំរឿងដ៏ក្តៅគគុកពីរ មកភ្ជាប់គ្នា ៖ ការទូត (វិបត្តិហុងកុង) និងសេដ្ឋកិច្ច (ការចរចាពាណិជ្ជកម្ម)។ លោកត្រាំបានព្រមានថា ចិនបាត់បង់ការងារអស់រាប់លាន ក្រុមហ៊ុនរាប់ពាន់ចាកចេញពីចិន ! ប្រាកដណាស់ដែលថាចិនត្រូវការមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ជាមួយអាមេរិក) ដូច្នេះចិនត្រូវដោះស្រាយវិបត្តិហុងកុងតាមបែបមនុស្សធម៌សិន ! នៅសារទ្វីតមួយផ្សេងទៀត លោក ត្រាំ បានលើកសរសើរលោកស៊ី ជីនពីង ថាពិតជាអាចដោះស្រាយវិបត្តិហុងកុង តាមផ្លូវមនុស្សធម៌បាន ប្រសិនបើលោកស៊ីចង់។ លោកត្រាំ បានណែនាំឱ្យលោកស៊ីជិនពីង ទៅជួបផ្ទាល់នឹងបាតុករ នោះស្ថានភាពនឹងបានធូរស្បើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ