ហ៊ីត្លែរចូលឈ្លានពានអូទ្រីសនិងឆេកូស្លូវ៉ាគីឆ្នាំ១៩៣៨
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៦
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តពិនិត្យមើលស្ថានភាពពិភពលោកមុនសង្រ្គាមលោកលើកទី២ ដោយលើកឡើង អំពីសកម្មភាពឈ្លានពានរបស់ហ៊ីត្លែរ ទៅលើទឹកដីរបស់អូទ្រីស និងឆេកូស្លូវ៉ាគី នៅឆ្នាំ១៩៣៨។
នៅក្រោយសង្រ្គាមលោកលើកទី១ ចក្រភពអូទ្រីសហុងគ្រី ដែលចាញ់សង្រ្គាម ត្រូវដួលរលំ ហើយបែកខ្ញែកទៅជាប្រទេសផ្សេងៗគ្នា ក្នុងនោះ រួមមានប្រទេសអូទ្រីស និងឆេកូស្លូវ៉ាគីដែលមានប្រជាជនយ៉ាងច្រើនមានដើមកំណើតអាល្លឺម៉ង់។ នៅឆេកូស្លូវ៉ាគី ប្រជាជនដើមកំណើតអាល្លឺម៉ង់ភាគច្រើនរស់នៅក្នុងតំបន់ស៊ូដែត (Sudète) ឬ Sudetenland តាមភាសាអាល្លឺម៉ង់។ គឺប្រទេសទាំងពីរនេះហើយ ដែលជាចំណុចស៊ីបនៃនយោបាយវាតទីនិយមរបស់ហ៊ីត្លែរ។
នៅចុងឆ្នាំ១៩៣៧ ហ៊ីត្លែរបានដាក់ចេញនូវផែនការជា៣ដំណាក់កាល ដើម្បីវាតទីពង្រីកទឹកដីទៅទិសខាងកើត គឺដំបូងចូលឈ្លានពានអូទ្រីស ដែលជាប្រទេសកំណើតរបស់ហ៊ីត្លែរ បន្ទាប់មក ឈ្លានពានឆេកូស្លូវ៉ាគី និងដំណាក់កាលទី៣ ចូលឈ្លានពានប្រទេសប៉ូឡូញ។
មុននឹងចាប់ផ្តើមអនុវត្តផែនការនេះ ហ៊ីត្លែរបានរៀបចំចរចាចុះសន្ធិសញ្ញាចងសម្ព័ន្ធមិត្តជាមួយនឹងអ៊ីតាលី ដែលនៅពេលនោះ ជាខ្នងបង្អែករបស់អូទ្រីស។ នៅខែវិច្ឆិកា ឆ្នាំ១៩៣៧ មូសូលីនី មេដឹកនាំផ្តាច់ការអ៊ីតាលីបានទទួលយកសំណើរបស់ហ៊ីត្លែរ ហើយចូលរួមនៅក្នុងសន្ធិសញ្ញាសម្ព័ន្ធមិត្តត្រីភាគី អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។
ប្រមាណជា ៤ខែក្រោយមក ហ៊ីត្លែរក៏បានចាប់ផ្តើមអនុវត្តតាមផែនការក្នុងការលេបយកប្រទេសអូទ្រីស ដោយពីដំបូងហ៊ីត្លែរបានទាមទារឲ្យប្រមុខរដ្ឋាភិបាលអូទ្រីសតែងតាំងសមាជិកគណបក្សណាហ្ស៊ីអូទ្រីសឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល។ អធិកាបតីអូទ្រីសបដិសេធ។ ហ៊ីត្លែរក៏បានបញ្ជាឲ្យមេដឹកនាំណាហ្ស៊ីនៅអូទ្រីសធ្វើរដ្ឋប្រហារដោយប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ហើយបន្ទាប់មកស្នើជំនួយពីអាល្លឺម៉ង់។ នៅថ្ងៃទី១២មីនា ទាហានអាល្លឺម៉ង់ក៏បានចូលឈ្លានពានអូទ្រីស រួចហើយប្រកាសភ្ជាប់ប្រទេសអូទ្រីសទៅក្នុងទឹកដីអាល្លឺម៉ង់។
តបទៅនឹងអំពើឈ្លានពានរបស់ហ៊ីត្លែរ ទៅលើអូទ្រីសនេះ បារាំង និងអង់គ្លេស មិនបានធ្វើសកម្មភាពអ្វី ក្រៅតែពីធ្វើការតវ៉ាតាមផ្លូវទូតនោះទេ។ បារាំង និងអង់គ្លេស ដែលទើបនឹងងើបចេញពីសង្រ្គាមលោកលើកទី១ ហើយកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះ តែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសកុំឲ្យមានសង្រ្គាមផ្ទុះឡើងសាជាថ្មីទៀត។ អសកម្មភាពរបស់មហាអំណាចទាំងពីរនេះធ្វើឲ្យហ៊ីត្លែរកាន់តែបានចិត្ត ក៏ចាប់ផ្តើមអនុវត្តផែនការដំណាក់កាលទី២របស់ខ្លួន គឺចូលឈ្លានពានឆេកូស្លូវ៉ាគី ដោយប្រើតាក់ទិកតែមួយ ដែលហ៊ីត្លែរធ្លាប់ប្រើនៅអូទ្រីស។
នៅខែកញ្ញា ឆ្នាំ១៩៣៨ ដោយមានការជំរុញពីសំណាក់ហ៊ីត្លែរ មេដឹកនាំគណបក្សស្និទ្ធនឹងណាស៊ី នៅក្នុងតំបន់ស៊ូដែត បានទាមទារផ្តាច់តំបន់នេះ ចេញពីប្រទេសឆេកូស្លូវ៉ាគី ដើម្បីភ្ជាប់ខ្លួនជាមួយនឹងអាល្លឺម៉ង់។ រដ្ឋាភិបាលឆេកូស្លូវ៉ាគីបដិសេធ ហ៊ីត្លែរក៏បានគំរាមធ្វើសង្រ្គាម ក្នុងហេតុផលថា ដើម្បីចូលទៅការពារប្រជាជនអាល្លឺម៉ង់ ដែលរស់នៅក្នុងតំបន់នេះ។
វិបត្តិនៅឆេកូស្លូវ៉ាគីនេះហាក់ដូចជាបានដាស់អារម្មណ៍បារាំង និងអង់គ្លេស អំពីមហិច្ឆតាយោធារបស់ហ៊ីត្លែរ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត ប្រទេសមហាអំណាចទាំងពីរនេះនៅតែប្រកាន់ជំហរដូចពីមុនដដែល គឺធ្វើដូចម្តេចឲ្យតែអាចបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ បើទោះបីជាត្រូវកាត់ដីឆេកូស្លូវ៉ាគីទៅឲ្យអាល្លឺម៉ង់ក៏ដោយ។
ដើម្បីបញ្ចៀសជម្លោះជាមួយហ៊ីត្លែរ បារាំង និងអង់គ្លេស បានដាក់សម្ពាធលើឆេកូស្លូវ៉ាគីឲ្យធ្វើតាមការទាមទាររបស់អាល្លឺម៉ង់ ពោលគឺ ត្រូវកាត់យកទឹកដីមួយផ្នែកនៃតំបន់ស៊ូដែត (គឺកន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី ៥០%) យកមកដាក់បញ្ចូលក្នុងទឹកដីអាល្លឺម៉ង់ ហើយជាថ្នូរមកវិញ អង់គ្លេស និងបារាំង ធានាថានឹងការពារឯករាជ្យ និងបូរណភាពទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគី។
ឆេកូស្លូវ៉ាគីដែលមានកម្លាំងទ័ពខ្សោយ ក៏បង្ខំចិត្តទទួលយកសំណើរបស់បារាំង និងអង់គ្លេស ហើយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៣៨ នាយករដ្ឋមន្រ្តីអង់គ្លេសក៏ធ្វើដំណើរទៅជួបហ៊ីត្លែរ ដើម្បីប្រាប់អំពីដំណោះស្រាយនេះ ក៏ប៉ុន្តែ ហ៊ីត្លែរស្រាប់តែបានធ្វើការទាមទារកាន់តែច្រើនជាងមុនទៅទៀត គឺទាមទារយកតំបន់ស៊ូដែតទាំងមូល មិនមែនត្រឹមតែតំបន់ ដែលមានប្រជាជនអាល្លឺម៉ង់លើសពី ៥០% នោះទេ ហើយម្យ៉ាងទៀត ហ៊ីត្លែរទាមទារថា ឆេកូស្លូវ៉ាគីត្រូវតែកាត់តំបន់ស៊ូដែតនេះមកឲ្យអាល្លឺម៉ង់ភ្លាមៗ ដោយមិនចាំបាច់រង់ចាំឲ្យមានគណៈកម្មការអន្តរជាតិចូលមកធ្វើការកំណត់ព្រំដែនជាមុននោះទេ។
នៅឯឆេកូស្លូវ៉ាគី រដ្ឋាភិបាលបានសម្រេចកេណ្ឌកងទ័ព ដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់។ សហភាពសូវៀត ដែលជាសម្ព័ន្ធមិត្តរបស់ឆេកូស្លូវ៉ាគី ក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមធ្វើសង្រ្គាមទល់នឹងហ៊ីត្លែរដែរ។ ក៏ប៉ុន្តែ អង់គ្លេស និងបារាំង នៅតែបន្តព្យាយាមរកវិធីចរចា ដើម្បីបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ។
រដ្ឋាភិបាលអង់គ្លេសនៅតែយល់ថា ជម្លោះអាចនឹងបញ្ចប់ ប្រសិនបើឆេកូស្លូវ៉ាគីសុខចិត្តកាត់តំបន់ស៊ូដែតឲ្យទៅអាល្លឺម៉ង់ តាមការទាមទាររបស់ហ៊ីត្លែរ។ អង់គ្លេសក៏ត្រឡប់មកចរចាជាមួយហ៊ីត្លែរវិញ ហើយនៅថ្ងៃទី៣០ ខែកញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង ក៏បានចុះកិច្ចព្រមព្រៀងមួយ នៅក្នុងទីក្រុងមុយនិក ដោយគ្មានវត្តមានឆេកូស្លូវ៉ាគី ដោយព្រមព្រៀងឲ្យអាល្លឺម៉ង់ចូលកាន់កាប់តំបន់ស៊ូដែត។ ជាថ្នូរមកវិញ ហ៊ីត្លែរបានសន្យាថានឹងបញ្ឈប់ការទាមទារផ្តាច់ទឹកដីរបស់ខ្លួនតែត្រឹមតំបន់ស៊ូដែតនេះ។
បន្ទាប់មក បារាំង និងអង់គ្លេសបានប្រាប់ទៅឆេកូស្លូវ៉ាគី អំពីអ្វីដែលគេបានព្រមព្រៀងជាមួយហ៊ីត្លែរ នៅមុយនិក ដោយបញ្ជាក់ថា ប្រសិនបើឆេកូស្លូវ៉ាគីមិនព្រមប្រគល់តំបន់ស៊ូដែតទៅឲ្យហ៊ីត្លែរទេ ឆេកូស្លូវ៉ាគីនឹងត្រូវប្រឈមមុខនឹងកងទ័ពអាល្លឺម៉ង់តែម្នាក់ឯង ដោយគ្មានជំនួយពីអង់គ្លេស និងបារាំងនោះទេ។ ឆេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងហ៊ីត្លែរបាន ក៏សុខចិត្តធ្វើតាម ហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដែត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៣៨។
នៅអង់គ្លេស លោក Neville Chamberlain នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ឆ្នើមមួយ ដែលបានដោះស្រាយបញ្ចប់វិបត្តិឆេកូស្លូវ៉ាគី ដោយសន្តិវិធី ហើយបញ្ចៀសបាននូវសង្រ្គាម។ ក៏ប៉ុន្តែ នៅអាល្លឺម៉ង់វិញ ហ៊ីត្លែរបានកំណត់ក្នុងចិត្តថា សម្បទានគ្រប់យ៉ាង ដែលអង់គ្លេស និងបារាំង បានធ្វើ នៅក្នុងវិបត្តិឆេកូស្លូវ៉ាគី គឺបញ្ជាក់យ៉ាងច្បាស់ថា អង់គ្លេស និងបារាំង កំពុងតែខ្លាចអាល្លឺម៉ង់។
ក្រោយមកមិនដល់មួយឆ្នាំផង នៅខែមីនា ឆ្នាំ១៩៣៩ ហ៊ីត្លែរក៏បានចូលឈ្លានពានកាន់កាប់ទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគី ព្រមទាំងទាមទារយកទឹកដីរបស់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ក្បែរៗនោះ។
រហូតមកទល់ពេលនោះ ទើបអង់គ្លេស និងបារាំងភ្ញាក់ដឹងខ្លួនថា អ្វីដែលហ៊ីត្លែរបានសន្យា នៅទីក្រុងមុយនិក កាលពីឆ្នាំមុន គឺជាការបោកប្រាស់សុទ្ធសាធ ហើយសម្រេចថា ចាប់ពីពេលនេះទៅ ពួកគេនឹងលែងធ្វើសម្បទាន ដើម្បីផ្គាប់ចិត្តហ៊ីត្លែរដូចពីមុនទៀតហើយ។
នៅថ្ងៃទី៣១ ខែមីនា ១៩៣៩ ក្រោយពីហ៊ីត្លែរបានទាមទារផ្តាច់ទឹកដីមួយផ្នែករបស់ប៉ូឡូញ បារាំង និងអង់គ្លេស ក៏បានប្រកាសជាសាធារណៈធានាការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប៉ូឡូញ ពីការឈ្លានពានរបស់ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការប្រកាសនេះមិនបានធ្វើឲ្យហ៊ីត្លែរខ្លាចរអានោះទេ។ ហ៊ីត្លែរ ដែលធ្លាប់មើលឃើញពីជំហរទន់ជ្រាយរបស់បារាំង និងអង់គ្លេស កាលពីអំឡុងវិបត្តិនៅឆេកូស្លូវ៉ាគី ក៏បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩។ ពីរថ្ងៃក្រោយមក បារាំង និងអង់គ្លេស បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២ក៏ចាប់ផ្ទុះឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ