អានតួអត្ថបទ
ហុងកុង

ប៉ូលីស​ហុងកុង​ ចាប់​ផ្ដើម​បោស​សម្អាត​ទីតាំង​ធ្វើ​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​ប្រជា​ធិបតេយ្យ

ប៉ូលីស​ហុងកុង​ ចាប់​ផ្ដើម​ដក​ប៉ារ៉ាសរ​របស់​បាតុករ​ចេញ​ពី​ផ្លូវ​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ខែ​តុលា​នេះ ​ប៉ូលីស​ហុងកុង​ បាន​ដក​ប៉ារ៉ាស​នៅ​តាម​តំបន់​មួយ​ចំនួន​ ដែល​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ ​​កាន់​កាប់​អស់​រយៈ​ពេល​ជាង​២​សប្ដាហ៍​កន្លង​មក​។ ​ការ​បោស​សម្អាត​របស់​ប៉ូលីស​នា​ពេល​នេះ ​បាន​អនុញ្ញាត​ឲ្យ​យាន​ជំនិះ​ធ្វើ​ចរាចរណ៍​បាន​ខ្លះ ​ជា​ពិសេស​នៅ​តាម​តំបន់​ពាណិជ្ជកម្ម​ធំ។ ​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​បាតុករ​មួយ​ចំនួន​នៅ​តែ​មិន​ព្រម​ចាក​ចេញ​ពី​កន្លែង​ធ្វើ​បាតុកម្ម​ និង​បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ប្រសិន​បើ​ប៉ូលីស​​​ចង់​ចាប់​ខ្លួន​ពួក​គេ​នោះ។

L'image du chef de l'exécutif hongkongais, Leung Chun-ying au milieu des manifestants dans les rues proches du siège du gouvernement le 30 septembre 2014.
L'image du chef de l'exécutif hongkongais, Leung Chun-ying au milieu des manifestants dans les rues proches du siège du gouvernement le 30 septembre 2014. REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៣តុលា ឆ្លៀត​ពេលដែល​ក្រុមបាតុករ​មួយចំនួន​អវត្តមាន​ពី​កន្លែង​ធ្វើ​បាតុ​កម្ម ប៉ូលីស​ហុងកុង​រាប់រយ​នាក់ បានចាប់ផ្ដើម​យុទ្ធនាការ​បោសសម្អាត​របាំង​ប៉ា​រ៉ា​សរ​បស់​បាតុករ ដែល​ដាក់​រាយប៉ាយ​នៅតាម​ផ្លូវ ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ហុងកុង។ បន្ទាប់ពីនោះ ប៉ូលីស​បាន​ឈរ​តម្រង់​ជួរ​គ្នា​ជាជួរៗ ការពារ​ទីតាំង​ធ្វើបាតុកម្ម​មួយផ្នែក​ដែល​ខ្លួន​ទើប​បោសសម្អាត​រួច។

បាតុករ​មួយចំនួនទៀត ដែល​នៅ​កាន់កាប់​កន្លែង​ធ្វើបាតុកម្ម​នៅឡើយ មិនបាន​ខ្វល់​ពី​ការ​បោសសម្អាត​របស់​ប៉ូលីស​នោះទេ។ ពួកគេ​ខ្វល់​តែ​ពី​ប៉ា​រ៉ា​ស និង​ទីតាំង​ដែល​ពួកគេ​កំពុង​អង្គុយតែ​ប៉ុណ្ណោះ។ ក្រុមបាតុករ​លើកឡើង​ថា ប្រសិនបើ​ប៉ូលីស​មិន​ធ្វើ​អ្វី​ពួកគេ ពួកគេ​ក៏​មិន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប៉ូលីស​វិញ​ដែរ។

ក្រុម​ប៉ូលីស បាន​គូសបញ្ជាក់ថា ការ​បោសសម្អាត​របស់ខ្លួន ធ្វើឡើង​ក្នុង​បំណង​សម្រួល​ឲ្យ​យានជំនិះ​ធ្វើ​ចរាចរណ៍​បាន មិនមាន​បំណង​រារាំង ឬ​បញ្ចប់​ការធ្វើ​បាតុកម្ម​របស់​ក្រុមអ្នកតវ៉ា​នោះឡើយ។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ប៉ូលីស​ហុងកុង​បាន​អំពាវនាវ​ឲ្យ​បាតុករ ស្ដាប់​តាម​ឱវាទ​របស់ខ្លួន និង​មិនត្រូវ​រារាំង​សកម្មភាព​សម្រួល​ចរាចរណ៍​របស់ខ្លួន​ទេ។ និង​ថា បាតុករ​ត្រូវ​ចាក​ចេញពី​កន្លែង​ដែល​កំពុងតែ​កាន់កាប់​នោះ ដោយ​សន្តិវិធី និង​មាន​របៀបរៀបរយ។

យ៉ាងណាក៏ដោយ បាតុករ​មួយចំនួន​ដែល​នៅ​កាន់កាប់​កន្លែង​ធ្វើបាតុកម្ម មិនបាន​ស្ដាប់​តាម​ការអំពាវនាវ​នេះឡើយ ហើយ​ថែមទាំង​បាន​បោះតង់​នៅ​ចំពោះមុខ​ប៉ូលីស​រាប់រយ​នាក់ ដែល​កំពុង​ឈរ​យាម​កន្លែង​ធ្វើបាតុកម្ម​ទៀតផង។ ក្រុមបាតុករ​បាន​អះអាងថា ពួកគេ​នឹងមិន​ចាក​ចេញពី​ទីតាំង​ធ្វើបាតុកម្ម​នេះឡើយ និង​បានបញ្ជាក់ច្បាស់ៗថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​ហើយ​​ប្រសិនបើ​ប៉ូលីស​ចង់​ចាប់ខ្លួន​ពួកគេ​នោះ។

សូម​រំលឹកថា ចលនា​បាតុកម្ម​នៅ​ហុងកុង បាន​កើតមាន​តាំងពី​ខែ​មុន ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​សកល​នៅ​ហុងកុង។ ការចរចា​រវាង​ក្រុមបាតុករ និង​មន្ដ្រី​ជាន់​ខ្ពស់​​ក្រុង​ហុងកុង បានទទួល​បរាជ័យ​កាលពី​សប្ដាហ៍​មុន ហើយ​ក្រុមបាតុករ​បាន​ប្ដេជ្ញា​បន្ត​បាតុកម្ម​របស់ខ្លួន​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ