អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ហុងកុង

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ធ្វើ​អន្តរាគមន៍​លើ​សំណុំ​រឿង​ធ្វើ​បាប​អ្នក​បំរើ​តាម​ផ្ទះ

សំណុំ​រឿង​ធ្វើ​បាប​អ្នក​បំរើ​ឥណ្ឌូណេស៊ី​​ ពី​សំណាក់​ថៅកែហុងកុង​ បាន​ឡើង​ដល់​ត្រចៀក​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ ប្រធានាធិបតី​ បាន​សន្យា​​ ដោយ​ផ្ទាល់​ រក​យុត្តិធម៌​ជូន​​ជន​រងគ្រោះ​។ ចំណែក​ខាង​ហុងកុង​វិញ​ ប៉ូលិស​ក៏​ផ្តើម​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដោយ​បានធ្វើ​ដំណើរ​មក​ឥណ្ឌូណេស៊ី ដើម្បី​សាក​សួរ​​ និង​សម្ភាសន៍​ជាមួយ​ជន​រងគ្រោះ​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរនៅ​​​កោះ​Java ប្រទេស​ឥណ្ឌូណេស៊ី។

នាង​ Erwiana Sulistyaningsih អ្នក​បំរើ​តាម​ផ្ទះ​នៅហុងកុង​កំពុង​សម្រាក​ព្យាបាល​​ក្រោយ​ពី រត់​គេច​ខ្លួន​​ពី​ការ​ធ្វើ​បាប​របស់​ម្ចាស់​ផ្តះ
នាង​ Erwiana Sulistyaningsih អ្នក​បំរើ​តាម​ផ្ទះ​នៅហុងកុង​កំពុង​សម្រាក​ព្យាបាល​​ក្រោយ​ពី រត់​គេច​ខ្លួន​​ពី​ការ​ធ្វើ​បាប​របស់​ម្ចាស់​ផ្តះ © Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ធ្វើ​ដំណើរ​មក​ឥណ្ឌូណេស៊ី​ ប៉ូលិស​ហុង​កុង​បានឃាត់​ខ្លួនស្ត្រី​ជា​​ម្ចាស់​ផ្ទះ​ ​ ដែល​នាង​ Erwiana Sulistyaningsih អ្នក​បំរើ​ឥណ្ឌូណេស៊ី​ធ្វើ​ឱ្យ​ នៅព្រលាន​យន្តហោះ​ ក្នុង​​ពេល​​ប៉ុន​ប៉ង​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ។ មាន​អាយុ​៤៤ឆ្នាំ ស្ត្រី​ជា​ថៅកែនេះ ទំនង​ជា​ត្រូវ​ជាប់​សង្ស័យ​ថា​បាន​ធ្វើ​បាប​​អ្នក​បំរើ​ក្នុង​ផ្ទះម្នាក់​ទៀត។

 
នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប៉ូលិស​ហុង​កុង​បាន​ចាប់​ផ្តើម​សាក​សួរ​ជន​រងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​នៅឡើយ។ មាន​អាយុ​ ២៣​ឆ្នាំ នាង Erwiana Sulistyaningsih បាន​​សហការ​យ៉ាង​ពេញ​ទំហឹងជាមួយ​ប៉ូលិស រៀប​រាប់​តាំង​ដំណើរ​ទៅ​ដល់​ហុង​កុង ការធ្វើ​ទារុណកម្ម របស់​ម្ចាស់​ផ្ទះ​មក​លើ​អ្នក​បំរើ និង​ការងារ​ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។ មិន​តែប៉ុណ្ណោះ នាង​សុខចិត្ត​​ធ្វើ​ដំណើរ​ទៅ​ហុងកុង​ដើម្បី​បំភ្លឺ​​តុលាការ​ប្រសិន​បើ​ចាំ​បាច់ និង​ប្រសិន​បើ​ស្ថាន​សុខភាព​អនុញ្ញាត។ នេះ​បើ​តាមការ​អះអាង​របស់​ប៉ូលិស​​ហុងកុង​ ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​កោះ​Java។ គេ​ក៏​ឃើញមាន​អ្នក​ទទួល​ខុសត្រូវ​ក្នុង​​​ក្រសួង​ការងារ​ហុងកុង ធ្វើ​ដំណើរ​មក​ជួប​ជនរង​គ្រោះ​នៅ​ផ្ទាល់​នឹង​កន្លែង​ដែរ។

សំណុំ​រឿង​ធ្វើ​បាប​អ្នក​បំរើ​តាម​ផ្ទះ​នេះ មិន​បញ្ចប់​ត្រឹម​ណេះ​ទេ លោក​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី Susilo Bambang Yuthoyono បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ហុងកុង និង​បាន​ទូរស័ព្ទ​មក​ឪពុក និង​រូប​នាង​ជា​ជន​រងគ្រោះ​ផ្ទាល់ ដើម្បី​លើក​ទឹក​ចិត្ត ដោយ​សន្យា​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​រក​យុត្តិធម៌​ជូន​ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ការព្យាបាល​ជំងឺ។

​ហុងកុង​អតីត​ដែន​ដី​អាណានិគមន៍​អង់គ្លេស​ ​ មាន​​ពលកម្ម​​​បំរើ​ការងារ​តាម​ផ្ទះ​ប្រមាណ​ជាង​បី​សែន​នាក់ ភាគ​ច្រើនជា​ជន​ជាតិ​​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ ថ្វី​បើ​ជាទូទៅ ហុងកុង​ មាន​ការ​ការពារ​សិទ្ធិ​បុគ្គលិក​តាម​ផ្ទះ​​ខ្លាំង​ជាង​បណ្តាប្រទេស​អាស៊ី​ភាគ​ខាង​ត្បូង​មែន ប៉ុន្តែ​​ការ​រិះគន់​​មាន​កាន់​តែ​ច្រើន​ឡើងៗ​ ចំពោះ​ករណី​ម្ចាស់​ផ្ទះ​ធ្វើ​បាប​អ្នក​បំរើ។ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅថ្មីៗ​នេះ អ្នក​បំរើ​រាប់​សិប​ពាន់នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ ហែ​ញត្តិទៅ​ប្រគល់​ឱ្យ​មេប៉ូលិស​ហុង​កុង​ផ្ទាល់ ដើម្បី​ទាមទារ​ការ​បើក​អង្កេត​ត្រឹម​ត្រូវ​លើ​ករណី​នាង​ Erwiana Sulistyaningsih ដែល​មាន​សំណាង​អាច​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ