អានតួអត្ថបទ
កម្ពុជា

លោកហោ ណាំហុង​ជួប​កងទ័ព មុន​ចាកចេញ​ទៅ​ទីក្រុង​ឡាអេ

នៅ​ពាក់​កណ្តាល​ខែ​មេសា​ក្រោយ​នេះ ​ប្រតិភូ​ទទួល​បន្ទុក​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ទីក្រុង​ឡាអេ​​នឹង​ចេញ​ដំណើរ​ទៅ​តុលាការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ ដើម្បី​ចូលរួម​ក្នុង​សវនាការ​ផ្ទាល់មាត់​ជា​សាធារណៈ ដែល​ត្រូវ​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩ មេសា។ ប្រតិភូ​កម្ពុជា​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង និង​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹម​ហុង។

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

មុន​ចាកចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court for Justice) លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​បាន​ទស្សនកិច្ច​តំបន់​ព្រំដែន​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ មីនា​ម្សិលមិញ។ នៅ​ទីនោះ​ហើយ​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយ​រៀបរាប់​រម្លឹក​សារថ្មី​នៃ​ទំនាស់​ព្រំដែន​កម្ពុជា ថៃ ហើយ​ដែល​ចុងក្រោយ​ លោក​ប្រមុខ​ការទូត​បាន​សន្និដ្ឋាន​ថា វា​ជា​ការ​ចិញ្ចឹម​ចិត្ត​របស់​ភាគី​ថៃ​​តាំង​ពី​ដើម​រៀង​មក​ក្នុង​ការ​ដណ្តើម​យក​ប្រាសាទព្រះវិហារ​ពី​កម្ពុជា។ ការ​អះអាង​ថា ភាគី​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ព្យាយាម​ឈ្លាន​ពាន​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន​នេះ ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​នាយឧត្តមសេនីយ៍​ហ៊ីង ប៊ុនហៀង​ដែល​បាន​ថ្លែង​សុន្ទរកថា​ទទួល​ស្វាគមន៍​ប្រតិភូ​ក្រសួង​ការបរទេស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដែរ ដោយ​បាន​លើក​ឡើង​នូវ​សកម្មភាព​ឈ្លានពាន និង​ញុះញង់​មួយ​ចំនួន​របស់​យោធា​ថៃ​​ ដើម្បី​រាយការណ៍​ប្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​រៀបរាប់​ប្រាប់​កងទ័ព​នៅ​ព្រំដែន​ព្រះវិហារ​អំពី​បេសកម្ម​របស់​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ខែ​មេសា​ក្រោយ​នេះ​ថា វា​ជា​ការ​បកស្រាយ​ចុងក្រោយ​របស់​ភាគី​កម្ពុជា និង​ថៃ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សាជំនុំជម្រះ​តុលាការ​អន្តរជាតិ​ មុន​នឹង​តុលាការ​នេះ​សម្រេច​ថា «នឹង​សម្រេច​បកស្រាយ ឬ​មិន​បកស្រាយ​សាលក្រម​ថ្ងៃ​ទី​១៥ មិថុនា​១៩៦២» ដែល​ជា​បណ្តឹង​របស់​កម្ពុជា។ លោក​វ៉ា គឹម​ហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​អំពី​ក្តី​សង្ឃឹម​របស់​​កម្ពុជា​ក្នុង​ការ​ទទួល​ជ័យជំនះ​នៅ​ក្នុង​រឿង​ក្តី​នេះ។

ក្រោយ​ពី​ការ​ទាមទារ​កាន់កាប់​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​រដ្ឋាភិបាល​លោក​អាប់ភីស៊ីត ដែល​គ្រាន់​តែ​ចង់​បាន​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ថៃ​នោះ កម្ពុជា​បាន​​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ ស្នើ​សុំ​អោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ស្តីពី​ប្រាសាទ​ព្រះវិហារ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ថៃ​អាវ​លឿង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​ប្រកាស​មិន​ទទួល​ស្គាល់​សាលក្រម​តុលាការ​ឡាអេ​ឡើយ ប្រសិន​បើ​តុលាការ​នេះ​សម្រេច​សេចក្តី​យ៉ាង​ណា​ដែល​ធ្វើ​អោយ​បាត់បង់​ប្រយោជន៍​របស់​ប្រទេស​ថៃ​នោះ។

តុលាការ​អន្តរជាតិ​នឹង​បើក​សវនាការ​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា​ក្រោយ​នេះ ហើយ​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ចូលរួម​ក្នុង​សវនាការ​ផ្ទាល់មាត់​ជា​សាធារណៈ​នោះ។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើកទឹកចិត្ត​អោយ​កងទ័ព​កម្ពុជា​ត្រៀម​លក្ខណៈ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​ការ​បង្ក​ហេតុ​ ឬ​ការ​ឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ