អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ផ្តល់​អំណាច​អោយ​អាជ្ញាធរ​ទន្លេសាប​បន្ត​បង្ក្រាប​បទល្មើស​ជលផល

រាជរដ្ឋាភិបាល​​កម្ពុជា​ផ្តល់​អំណាច​អោយ​អាជ្ញាធរ​ទន្លេសាប​បន្ត​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ជំហាន​ទីបី។ ក្នុង​ជំហាន​ទីបី​នេះ អាជ្ញាធរ​បឹង​ទន្លេសាប​មាន​តួនាទី​តាមដាន ទប់ស្កាត់​ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នេសាទ​ ដែល​អាច​កើត​មាន​ឡើង​ជាថ្មី​នា​ពេល​ខាង​មុខ ជាពិសេស​បទ​ល្មើស​ដែល​កើត​ឡើង​ពេលយប់។

លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប។
លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​មាន​សិទ្ធិ​បន្ត​តាមដាន ទប់ស្កាត់​ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ជលផល​អនាធិបតេយ្យ​នៅតាម​​បឹង​ទន្លេសាប។

នេះ​គឺ​ជា​ខ្លឹមសារ​លិខិត​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ចុះ​ហត្ថលេខា​កាល​ពី​ម្សិលមិញ ​ផ្ញើ​ជូន​​​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក។ លិខិតនេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ទន្លេសាប​​ និង​ស្ថាប័ន​​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​មួយ​ចំនួន​ធំ​ ក្នុង​ជំហាន​ទី​១​ និង​ទី​២​ នា​ពេល​កន្លងមក។

ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​សរសេរ​ថា ក្នុង​ជំហាន​ទីបី​នេះ អាជ្ញាធរ​បឹង​ទន្លេសាប​មាន​កាតព្វកិច្ច​បង្ក្រាប​បទល្មើស​ជលផល​ដែល​អាច​នឹង​កើត​ឡើង​ជា​ថ្មី​ នា​ពេល​ខាង​មុខ ជាពិសេស​បទល្មើស​កើត​ឡើង​ពេលយប់។

លិខិត​បាន​បន្ត​ទៀត​ថា ដរាបណា​បទល្មើស​អនាធិបតេយ្យ​នៅ​បឹង​ទន្លេសាប​នៅតែ​កើត​មាន នោះ​ បទ​បញ្ជា​លេខ​០១​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចុះ​ថ្ងៃ​ទី​២២​ខែ​ឧសភា​ នៅតែ​មាន​សុពលភាព​ក្នុង​ការ​អនុវត្ត​ដដែល។

បទ​បញ្ជា​លេខ​០១​របស់​លោក ហ៊ុន សែន បាន​បញ្ជា​អោយ​មាន​ការ​រុះរើ​​​សំណង់​មួយ​ចំនួន ដូចជា សម្រាស់ ធ្នស់ ព្រួល​ និង​សំណង់​​កាត់​ទទឹង​ទន្លេ ស្ទឹង ព្រែក អូរ​ និង​បឹងបួ ​នៅ​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​នឹង​បឹងទន្លេសាប រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ​និង​ខេត្ត​កណ្ដាល។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ថា សំណង់​ទាំង​នោះ​បាន​បង្ក​ឧបសគ្គ​ធំ​ៗ​ចំនួន​៤។ ទី១ បង្ក​បញ្ហា​ដល់​ការ​ធ្វើ​ចរាចរណ៍​ជលយាន​គ្រប់​ប្រភេទ។ ទី២ បង្ក​បញ្ហា​ដល់​របប​ជលសាស្ត្រ។ ទី៣ បង្ក​បញ្ហា​ដល់​បន្លាស់ទី​មច្ឆជាតិ​គ្រប់​ប្រភេទ​ និង​ទី​៤​ បង្ក​អោយ​មាន​ការ​គោក​រាក់​យ៉ាង​ឆាប់​រហ័ស​ដល់​ទន្លេ ស្ទឹង ព្រែក​ និង​បឹងបួ។

នា​ពេល​កន្លងមក អ្នក​នេសាទ​តូចតាច ​និង​មន្ត្រី​ជលផល​តែងតែ​ផ្តល់​ទិន្នន័យ​ខុសគ្នា ​ចំពោះ​តួលេខ​ផល​ត្រី​នៅក្នុង​ប្រទេស​កម្ពុជា។ អ្នក​នេសាទ​តូចតាច​បាន​និយាយ​ប្រាប់​ថា ផល​ត្រី​នៅក្នុង​ទន្លេមេគង្គ ​និង​ទន្លេសាប​មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ប៉ុន្តែ​ មតិ​នេះ​តែងតែ​ទាត់ចោល​ដោយ​មន្ត្រី​ជលផល។

យុទ្ធនាការ​បង្ក្រាប​បទល្មើស​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ដើម្បី​ការពារ​ព្រៃលិចទឹក​ និង​ដើម្បី​ការពារ​ធនធាន​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​ ប៉ុន្តែ​ យុទ្ធនាការ​នេះ​គួរ​ត្រូវ​បាន​គេ​ធ្វើ​មុន​នេះ​បន្តិច​ទើប​ជា​ការប្រសើរ​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ