អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនាក់​ទំនង​ខ្មែរថៃ៖ ដំណោះស្រាយ​ដែល​មាន​តែ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចុង​សប្តាហ៍​នេះ ​កម្ពុជា និង​ថៃ​នឹង​ប្រារព្ធ​ខួន​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ខ្លួន។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​ចំណង​ទាក់ទង​រវាង​ប្រទេស​ជិតខាង​ ទាំងពីរ​បាន​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​តឹងតែង អស់​រយៈពេល​ជាង​២​ឆ្នាំ ក្នុង​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​រវាង​បាងកក និង​ភ្នំពេញ​នឹង​ត្រូវ​គេ​ប្រារព្ធ​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយ​នឹង​កិច្ច​ ខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​មុខ​របួស​ការទូត​ដ៏​ជូរចត់​ដែល​ដក់​ជាប់​ក្នុង​ ចិត្ត​រវាង​ប្រជាជាតិ​ទាំង​សងខាង។ តើ​បញ្ហា​រវាង​ខ្មែរ និង​ថៃ​ជុំវិញ​បញ្ហា​ព្រះវិហារ​បាន​ចប់​ហើយ ឬនៅ?

កម្ពុជា​​បន្ត​ការងារ​ព្រំដែន​ជាមួយ​នឹង​ភាគីថៃឡើងវិញ ប្រសិនបើ​​សភា​ថៃ​នឹង​​អនុម័ត​កិច្ចព្រមព្រៀងព្រំដែន ​នៅ​ខែ​តុលា
កម្ពុជា​​បន្ត​ការងារ​ព្រំដែន​ជាមួយ​នឹង​ភាគីថៃឡើងវិញ ប្រសិនបើ​​សភា​ថៃ​នឹង​​អនុម័ត​កិច្ចព្រមព្រៀងព្រំដែន ​នៅ​ខែ​តុលា © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ទី​១៨​ធ្នូ​នេះ​ កម្ពុជា និង​ថៃ​គ្រោង​ប្រារព្ធ​ពិធី​ដ៏​មហោឡារិក​មួយ​ដើម្បី​រំលឹក​ខួប​ទី​៦០​ឆ្នាំ នៃ​ទំនាក់​ទំនង​ការទូត​របស់​ខ្លួន​(១៩៥០-២០១០)។​ ការប្រគំ​តន្ត្រី​រួមគ្នា​មួយ ត្រូវ​គេ​គ្រោង​នឹង​ធ្វើ នៅ​ក្នុង​សាល​សន្និសីទ​ចតុម្មុខ​ដោយ​មាន​ការ​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ថៃ ផងដែរ។

ការរៀបចំ​ប្រគំ​តន្ត្រី​រួមគ្នា​រវាង​កម្ពុជា​និង​ថៃ ​និង​ការផ្សាយ​បន្តផ្ទាល់​ពី​ភ្នំពេញ​ទៅ​បាងកក​នូវ ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ​មិនមែន​ជារឿង​ចៃដន្យ​ឡើយ ​តែវា​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាំងពីរ​ក្នុង​ការ​បង្ហាញ​រូបភាព​ល្អៗ នៅ​ចំពោះ​ក្រសែភ្នែក​នៃ​ប្រជាជាតិ​ទាំង​សងខាង។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ ជាពិសេស​តាំងពី​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​ថៃ​បាន​ជួបគ្នា​ចំនួន​៤​លើក​ចុងក្រោយ​នេះ​មក។

កាលពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ដោយ​មោទនភាព​ថា ឥឡូវ​នេះ​បញ្ហា​ព្រះវិហារ​បាន​វិល​ត្រឡប់​ទៅរក​ស្ថានភាព មុន​ថ្ងៃ​១៥​កក្កដា​ឆ្នាំ២០០៨​ឡើង​វិញ​ហើយ។ ការ​អះអាង​យ៉ាង​នេះ បន្ទាប់​ពី​ភាគី​ទាំងពីរ​បាន​យល់ព្រម​ដកទ័ព​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ​រៀងៗ​ខ្លួន។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏បាន​សម្តែង​មោទនភាព​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដែល​ជា​នយោបាយ​ឈ្នះៗ​របស់​ខ្លួន​ផងដែរ។

ឥឡូវ​នេះ គឺជា​ពេលវេលា​ដែល​ភាគី​ទាំងពីរ​ត្រូវ​ថ្នាក់ថ្នម​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ ខុសពី​ពេល​មុន​ដែល​ម្នាក់ៗ​បាន​ដំឡើង​សរសៃ ក​ដាក់គ្នា​ស្ទើរតែ​ដាច់​ទៅ​ហើយ។ ការថ្នាក់ថ្នម​ចិត្ត​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​គឺជា​រឿង​មួយ ​តែការ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​រវាង​ប្រជាជាតិ​ខ្មែរ និង​ថៃ​គឺជា​រឿង​មួយ​ទៀត ពីព្រោះ​ថា ទោះតិច ឬច្រើន​ជម្លោះ​ព្រំដែន រយៈពេល​ជាង​២​ឆ្នាំនេះ​បាន​បង្កើត​ឲ្យ​មាន​អរិភាព​យ៉ាង​ខ្លាំង​រវាង​ពលរដ្ឋ​ទាំង​សងខាង។

ជាការពិត ​ប្រទេស​ថៃ​និង​កម្ពុជា​ក៏ដូចជា​កម្ពុជា និង​វៀតណាម​ដែរ​សុទ្ធតែ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់ ជាមួយ​គ្នា​ក្នុង​អតីតកាល។ ​សម្រាប់​រយៈពេល​៦០​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ព្រឹត្តិការណ៍​ពីរ​ដែល​បាន​កើតឡើង​រវាង​ខ្មែរ និង​ថៃ នៅ​ក្នុង​សំណុំរឿង​តែមួយ គឺ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះឯង។ ជម្លោះ​បាន​កើត​ឡើង​យ៉ាង​តានតឹង​ម្តង​រួច​មក​ហើយ កាលពី​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​៥០​ តែ​វា​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​កម្ពុជា​បាន​ឈ្នះក្តី នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ កាល​ពី​ខែ​មិថុនា​ឆ្នាំ១៩៦២។

ជាង​៥០​ឆ្នាំ​ក្រោយ​មក​ គឺនៅ​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ២០០៨ ​បញ្ហា​ព្រះវិហារ​បាន​កើត​ឡើង​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​គ្នា ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ទាំងពីរ​នេះ​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​តឹងតែង​ម្តងទៀត ទាំង​ផ្នែក​ការទូត និង​យោធា។ ​ឥឡូវ​នេះ​ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ក៏​ពិតមែន ​ប៉ុន្តែ​ដំណោះស្រាយ​មានតែ​រូបភាព​ប៉ុណ្ណោះ ​តែជា​ខ្លឹមសារ​វិញ​បញ្ហា​នៅ​តែ​ដដែល ពោលគឺ​ថៃ​នៅតែ​មិន​បាន​បោះបង់​ការទាមទារ​ដីខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​ឡើយ។

សំណួរ​ដែល​នៅ​តែ​ចោទ​ក្តៅគគុក​នោះគឺ​ តើ​មេដឹកនាំ​ថៃ​ណាមួយ​ដែល​នឹង​សុខចិត្ត​បោះបង់​ចោល​ការទាមទារ​ផ្ទៃដី ​៤,៦ ​គីឡូម៉ែត្រ​ក្រឡា ដែល​ពួក​ជ្រុល​និយម​ថៃ​អះអាង​ថា ជា​ដី​របស់​ខ្លួន​នោះ?​ សំណួរ​នេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​អំពី​ជម្រៅ​នៃ​បញ្ហាពិត​ប្រាកដ​រវាង​ខ្មែរ និង​ថៃ​ជុំវិញ​បញ្ហា​ព្រះវិហារ។

យ៉ាងណា​ក៏ដោយ​ ដំណោះស្រាយ​ជារូបភាព​ក៏ជា​ដំណោះស្រាយ​វិជ្ជមាន​មួយ​ដែរ ពីព្រោះ​ថា​ការប្រឈម​មុខ​ដាក់គ្នា​ខាង​យោធា​ដ៏តានតឹង រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ ភាគី​ទាំងពីរ​សុទ្ធតែ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​ជីវិត​មនុស្ស ​ពេល​វេលា ​និង​ធនធាន។ ​ដូច្នេះ​វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ជម្លោះ ដោយ​ទុកពេល​សម្រាប់​អភិវឌ្ឍ​ប្រទេស​វិញ​ទើប​ប្រសើរ​ជាង។

ប៉ុន្តែ តើភាគី​ថៃ​ពិតជា​មាន​ភាពស្មោះត្រង់ នៅ​ក្នុង​ការបញ្ចប់​ជម្លោះ​នេះដែរ​ឬទេ? ​តើភាព​ស្ងប់ស្ងាត់ នៅ​ពេលនេះ​ជា​សញ្ញា​នៃ​ការបញ្ចប់​បញ្ហា​ពិតប្រាកដ ឬ​វា​គ្រាន់តែ​ជា​ការសម្ងំ​យក​ពិសដើម្បី​បង្កើត​ព្រឹត្តិការណ៍​ណាមួយ​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ? ​សំណួរនេះ​ក៏សំខាន់​ណាស់​ដែរ ដែល​ភាគី​កម្ពុជា​មិនគួរ​ភ្លេច​ខ្លួន​ឡើយ។ សូមឲ្យ​ខួបទី​៦០​ឆ្នាំ​នៃ​ចំណង​ការទូត​ខ្មែរ និង​ថៃ​នៅពេល​នេះ​ក្លាយ​ជា​និមិត្តរូប​នៃ​ការផ្សះផ្សា​រវាង​ជាតិសាសន៍​ទាំងពីរ​ដ៏​ពិត​ប្រាកដ​មួយ កុំបី​ក្លាយ​ជា​ប្រការ​ដទៃ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ